អ្នកឃ្លាំមើលកម្ពុជាលើកឡើងថា កម្ពុជាអាចនឹងបាត់បង់តំបន់ប្រាសាទតាមាន់ធំទាំងស្រុង ទៅកាន់ភាគីថៃ ប្រសិនបើកម្ពុជានៅតែបន្តចរចាទ្វេភាគីជាមួយថៃ ដូចករណីនៅកោះគជ់ដែរ តាមរយៈការតាំងមូលដ្ឋានយោធា រដ្ឋបាលសាធារណៈ និងការអភិវឌ្ឍន៍ក្នុងតំបន់នោះ។ ពួកគាត់ថា មេដឹកនាំកម្ពុជាគួរតែលើកយកសំណុំរឿងនេះ ប្ដឹងទៅតុលាការអន្តរជាតិ ដូចករណីនៅប្រាសាទព្រះវិហារ ដើម្បីកុំឱ្យប្រទេសទាំង២ មានអរិភាព និងប្រឈមមុខផ្នែកយោធាដាក់គ្នា។
អ្នកឃ្លាំមើលកម្ពុជាលើកឡើងថា ពួកគាត់មិនគាំទ្រឱ្យកម្ពុជា និងថៃ ដោះស្រាយបញ្ហាវិវាទព្រំដែននៅ ប្រាសាទតាមាន់ធំ ដោយប្រើប្រាស់កម្លាំងយោធាឡើយ ប៉ុន្តែ ពួកគាត់ក៏មិនទុកចិត្តរដ្ឋាភិបាលកម្ពុជា នៅក្នុងការចរចាទ្វេភាគីជាមួយថៃដែរ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២១ ខែកុម្ភៈ ថា កម្ពុជាកាន់តែបាត់បង់ឥទ្ធិពល នៅក្នុងតំបន់ប្រាសាទតាមាន់ធំ និងតំបន់មួយចំនួនទៀតនៅលើភ្នំដងរែក ខណៈប្រទេសថៃ បានបង្ហាញពីគោលជំហរកាន់តែច្បាស់ ដោយចាត់ទុកតំបន់ជម្លោះនេះថា ជាទឹកដីរបស់ខ្លួនទៅហើយ។ លោក អ៊ុំ សំអាន បន្តថា ដើម្បីដោះស្រាយបញ្ហាព្រំដែននេះ កម្ពុជាមិនអាចចរចាជាលក្ខណៈទ្វេភាគីជាមួយថៃឡើយ ដោយកម្ពុជា ត្រូវស្វែងរកកិច្ចអន្តរាគមន៍ក្នុងរឿងនេះ ពីស្ថាប័នតុលាការអន្តរជាតិ ផ្អែកលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ ១៩០៧ ស្ដីពីការកំណត់ព្រំដែនឥណ្ឌូចិន ដែលកម្ពុជាកាលនោះ ស្ថិតក្រោមអាណានិគមបារាំង។
លោក អ៊ុំ សំអាន៖«ប្រាសាទតាមាន់តូច តាមាន់ធំ និងតាក្របី ហ្នឹង ប្រៀបដូចជារងើកភ្លើង ដែលអាចឆាបឆេះបានគ្រប់ពេល។ ប្រសិនបើអូសបន្លាយកាន់តែយូរ សេដ្ឋកិច្ចកម្ពុជាយើងមានភាពទន់ខ្សោយជាងថៃ បើគិតតាមផ្នែកយោធា ក៏យើងទន់ខ្សោយជាងថៃ បើចំនួនទ័ព ហើយនឹងប្រជាពលរដ្ឋ ក៏តិចជាងថៃ។ អ៊ីចឹងឥទ្ធិពលនយោបាយ និងយោធា សុទ្ធតែខ្សោយជាងថៃ បើអូសបន្លាយយូរ គឺអាចបាត់ប្រាសាទទាំងបីហ្នឹង ទៅថៃតែម្ដង»។
ការថ្លែងរបស់លោក អ៊ុំ សំអាន មន្ត្រីបក្សប្រឆាំង ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផៃថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) បានប្រកាសពីគម្រោងធ្វើទស្សនកិច្ចមកកម្ពុជា នៅក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីពិភាក្សាជាមួយមេដឹកនាំកម្ពុជា អំពីបញ្ហាវិវាទនៅតំបន់ប្រាសាទតាមាន់ធំ និងបញ្ហាការឆបោកតាមអ៊ីនធឹណិត។
ហេតុអ្វីបានជាជម្លោះនៅប្រសាទនេះកម្រើកឡើងវិញ?
ភាពចម្រូងចម្រាសរវាងកងទ័ពកម្ពុជា និងថៃ នៅប្រាសាទតាមាន់ធំ បានកើតឡើងម្ដងទៀត កាលពីថ្ងៃទី១៣ ខែកុម្ភៈ នៅពេលមានទាហាន និងពលរដ្ឋខ្មែរមួយក្រុម ដើរទស្សនានៅក្នុងបរិវេណប្រាសាទតាមាន់ធំ និងបានប្រមូលផ្ដុំគ្នាច្រៀងចម្រៀងមនសិការជាតិ គឺបទ «សុវណ្ណភូមិដីខ្មែរ»។ ខណៈនោះ ទាហានថៃមួយក្រុម ដែលឈរជើងនៅប្រាសាទតាមាន់ធំ បានរារាំងក្រុមប្រជាពលរដ្ឋខ្មែរ មិនឱ្យច្រៀងដល់ចប់នោះឡើយ ដោយបារម្ភថា ពលរដ្ឋខ្មែរនឹងប្រើប្រាស់វិធីនេះធ្វើជាភស្តុតាង ដើម្បីគាំទ្រដល់ការទាមទារទឹកដីទៅថ្ងៃមុខ។
ជម្លោះពាក្យសម្ដីនេះ មានភាពធូរស្រាលឡើងវិញ ក្រោយពេលមន្ត្រីសម្របសម្រួលបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយបើកកិច្ចប្រជុំជជែកគ្នាលើបញ្ហាការយល់ច្រឡំ បន្ទាប់ពីមេបញ្ជាការយោធាថៃ ប្រចាំភូមិភាគទី២ បានដាក់លិខិតតវ៉ាជាផ្លូវការមកកម្ពុជា តាមរយៈគណៈកម្មាធិការព្រំដែនភូមិភាគថៃ-កម្ពុជា (RBC)។
យ៉ាងណាក៏ដោយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃ លោក ភូមិថាំ វេឆាយាឆៃ (Phumtham Wechayachai) បានអះអាងថា តំបន់ប្រាសាទតាមាន់ធំ ដែលក្រុមប្រជាពលរដ្ឋខ្មែរ នាំគ្នាចូលទៅច្រៀងចម្រៀងដាស់តឿនមនសិការជាតិនេះ គឺស្ថិតនៅក្នុងទឹកដីថៃ ដែលលោកអះអាងថា មិនទាន់បោះបង្គោលព្រំដែនច្បាស់លាស់ និងបានចោទកម្ពុជា ថាជាអ្នកបង្ករឿង។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា និងលោក ឈុំ សុជាតិ ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២១ ខែកុម្ភៈ។
ក៏ប៉ុន្តែ កាលពីថ្ងៃទី១៩ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចោទគណបក្សប្រឆាំងរបស់កម្ពុជា និងថៃ ថា យកបញ្ហាព្រំដែនមកកេងចំណេញនយោបាយ និងហាមមិនឱ្យគណបក្សឆាំង លើកយកបញ្ហានេះមកនិយាយឡើយ ដោយលោកអះអាងថា អ្នកនយោបាយមិនដឹងពីបច្ចេកទេសជាងអ្នកភូមិសាស្ត្រឡើយ។
អត្ថបទដែលទាក់ទង៖
មន្ត្រីយោធាថៃដាក់លិខិតតវ៉ាមកកម្ពុជា រឿងពលរដ្ឋខ្មែរច្រៀងភ្លេងជាតិនៅប្រាសាទតាមាន់ធំ
ទោះជាបែបណាក្ដី អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ លើកឡើងថា គឺរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត និងឪពុក គឺលោក ហ៊ុន សែន ទៅវិញទេ ដែលយកបញ្ហាព្រំដែនមកធ្វើប្រជាភិថុតិ ដើម្បីកេងចំណេញនយោបាយ ជាពិសេសនៅមុនពេលបោះឆ្នោត។ លោក គឹម សុខ បន្តថា ប្រសិនបើមេដឹកនាំកម្ពុជា នៅតែបន្តយកបញ្ហានេះ ទៅចរចាជាមួយភាគីថៃ ជាលក្ខណៈទ្វេភាគីទៀតនោះ នឹងធ្វើឱ្យកម្ពុជា កាន់តែខាតបង់។
លោក គឹម សុខ៖«ចរចាទ្វេភាគីមិនកើតទេ។ ចរចារឿងកោះគជ់ កោះគជ់ថៃយក ចរចារឿងដែនសមុទ្រ ថៃដាក់ទ័ពត្រួតត្រាលើដែនសមុទ្រ។ ចរចារឿងប្រាសាទព្រះវិហារ ថៃរាលដាលយកប្រាសាទតាមាន់តូច យកទៅគ្រប់គ្រងរួមជាមួយកម្ពុជា នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី។ ដូច្នេះមិនអាចចរចាទ្វេភាគីឡើយ។ ខ្មែរចាញ់ប្រៀបពេកហើយ»។
ពាក់ព័ន្ធនឹងទំនាស់ពាក្យសម្ដីរវាងយោធាកម្ពុជា និងថៃនេះដែរ រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ លោក ភូមិថាំ បានបញ្ជាក់កាលពីថ្ងៃទី២០ ខែកុម្ភៈ ថា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត មិនបានសុំទោសថៃក្នុងករណីនេះទេ ដោយលោកបានបង្ហាញការសោកស្ដាយ។ ការចេញមកបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានរបស់ថៃបានចុះផ្សាយថា លោក ហ៊ុន ម៉ាណែត បានសុំទោសលោក ភូមិថាំ ក្នុងករណីពលរដ្ឋខ្មែរច្រៀងចម្រៀងមនសិការជាតិ នៅមុខប្រាសាទតាមាន់ធំ។
សាវតារខ្លះៗ របស់ប្រាសាទតាមាន់ធំ
ប្រាសាទតាមាន់ធំ គឺជាប្រាសាទបុរាណរបស់ខ្មែរមួយ កសាងក្នុងសតវត្សរ៍ទី១១ មានទីតាំងស្ថិតក្នុងភូមិសាស្ត្រលើភ្នំដងរែក ស្ថិតក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនថៃ នៅក្នុងខេត្តសុរិន្ទ (Surin)។ ថៃបានចាត់ទុកតំបន់នេះ ស្ថិតក្នុងទឹកដីរបស់ខ្លួន រហូតដល់ឆ្នាំ២០០៨ ក្នុងពេលដែលកម្ពុជា-ថៃ មានជម្លោះព្រំដែន នៅជិតប្រាសាទព្រះវិហារនោះ តំបន់ប្រាសាទតាមាន់ធំ បានក្លាយជាតំបន់ប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃ ជាហេតុធ្វើឱ្យមានវត្តមានកងទ័ពទាំងសងខាង បន្តឈរជើងនៅទីនោះរហូតមកដល់បច្ចុប្បន្ន។ ក្រៅពីប្រាសាទតាមាន់ធំ ភាគីថៃបានដាក់បញ្ឈរជើងនៅទីតាំងប្រាសាទតាក្របី ជាមួយទាហានខ្មែរដូចគ្នាដែរ ខណៈប្រាសាទតាមាន់តូច ត្រូវបានថៃចូលគ្រប់គ្រងទាំងស្រុង។
អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលកម្ពុជាលើកយកវិវាទព្រំដែននៅតំបន់ភ្នំដងរែក ទៅដោះស្រាយនៅតុលាការអន្តរជាតិ ដូចករណីប្រាសាទព្រះវិហារ ដែលតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ (The Hague) សម្រេចឱ្យកម្ពុជាឈ្នះក្ដីនៅឆ្នាំ១៩៦២ និងបន្តឈ្នះជាថ្មីទៀតនៅឆ្នាំ២០១៣ ហើយប្រាសាទព្រះវិហារបានស្ថិតនៅជាសម្បត្តិជាតិរបស់ខ្មែរ រហូតមកទល់សព្វថ្ងៃនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។