ព័ត៌មានសំខាន់ៗចំនួន១៥ដែលលោកអ្នកនាងគួរអាននៅថ្ងៃចុងសប្តាហ៍នេះ

១. អាស៊ាននឹងក្លាយជាកូនអុករបស់ចិន បើមិនរួមគ្នាពង្រីកទំហំពាណិជ្ជកម្មនាំចេញផលិតផលទៅចិន

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ​លើក​ឡើង​ថា ក្នុង​ក្របខណ្ឌ​អាស៊ាន​-​ចិន បណ្ដា​ប្រទេស​អាស៊ាន​មាន​ទំហំ​ពាណិជ្ជកម្ម​តូច ហើយ​ការនាំចេញ​ផលិតផល​ទៅកាន់​ប្រទេស​ចិន​មិន​ទាន់​មាន​លក្ខណៈ​ទូលំទូលាយ​នៅ​ឡើយ​។ អ្នកជំនាញ​ដដែល​ព្រមាន​ថា បើ​ប្រទេស​អាស៊ាន​ទាំងអស់​គ្មាន​ការ​ពង្រឹង​កត្តា​ផលិតកម្ម​ក្នុង​ក្របខណ្ឌ​អាស៊ាន​រួមគ្នា​ឱ្យ​រ៉ឹង​មាំ​ទេ​នោះ គឺ​ប្រជាជាតិ​អាស៊ាន​ទាំងមូល​គ្រាន់តែ​ទីផ្សារ​របស់​ចិន ដោយ​មិនមែន​ជា​ប្រទេស​នាំចេញ​ផលិតផល​នាំចេញ​ទៅ​ប្រទេស​ចិន​ឡើយ​។ ការ​លើកឡើង​នេះ ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឱ្យ​អាស៊ាន​-​ចិន ពង្រីក វិសាលភាព​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ទូលំទូលាយ និង​ស៊ីជម្រៅ​ថែមទៀត។

អានព័ត៌មានបន្ថែម... Opens in new window ]

1faa5e6c-1667-45d2-9fcb-bcba16740f9e.jpeg
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ថ្លែង​សុន្ទរកថា​ ក្នុងកម្មវិធីពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៩ តាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃទី​១៦ កញ្ញា ២០២២។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

២. លោក ហ៊ុន សែន ថា ទោះ​លោក​ឈប់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ ក៏​លោក​នៅ​តែ​អាច​បញ្ជា​នាយករដ្ឋ​មន្ត្រី​បាន​ដែរ

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន អះអាងថា ទោះលោក​ឈប់​ធ្វើ​នាយករដ្ឋមន្រ្តី ក៏ លោក​នៅ​តែ​មាន​សិទ្ធិ​បញ្ជា​នាយករដ្ឋមន្រ្តីថ្មី និង​រដ្ឋ​មន្ត្រី​ដដែល។ លោកព្រមាន​ថា​ បើ​អ្នក​ទាំង​នោះ មិន​ស្ដាប់​តាម​លោក​ លោក​នឹង​ដក​ដំណែង​ចោល។ អ្នក​វិភាគ​និង​មន្ត្រី​បក្ស​ប្រឆាំង​យល់​ថា ការ​ថ្លែង​របស់​លោក ហ៊ុន សែន បែប​នេះ ជា​ការ​ទទួល​ស្គាល់​ថា កូនប្រុស​លោក គឺ​លោក ហ៊ុន ម៉ាណែត ដែល​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្តវេន​ពី​ឪពុក​នោះ ជា​មនុស្ស​ក្មេង​ខ្ចី​គ្មាន​ស្នាដៃ ទើប​លោក ហ៊ុន សែន ឈរ​នៅ​ពី​ក្រោយ​តាម​ការពារ​ដូច្នេះ។
អានព័ត៌មានបន្ថែម ...

33ba59c7-c17e-4f26-a377-7c17422784b6.jpeg
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងវេទិការជួបជុំរវាងប្រមុខថ្នាក់ដឹកនាំជាមួយ ប្រជាពលរដ្ឋដែលរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុក SPM

. សាលាឧទ្ធរណ៍​ភ្នំពេញ​តម្កល់​សាលក្រម​ផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង​ជាង​១០​នាក់​ដាក់​ពន្ធនាគារ​ ៥​ឆ្នាំ ​ដដែល

ក្រុម​គ្រួសារមេធាវី​ការពារក្តីនិង​មន្រ្តីសិទ្ធិមនុស្ស​ចាត់​ទុក​ការ​សម្រេច​សាលាឧទ្ធរណ៍​ភ្នំពេញ​លើសំណុំរឿង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ជាង​១០​នាក់​ថាជា​រឿង​អយុត្តិធម៌​ចំពោះ​អ្នក​អនុវត្ត​សិទ្ធិសេរីភាព​ក្នុងសង្គម​ប្រជាធិបតេយ្យ។ ការ​រិះគន់​នេះគឺ​បន្ទាប់​ពី​តុលាការ​ជាន់​ខ្ពស់​មួយនេះ​បាន​តម្កល់​សាលក្រម​ផ្តន្ទាទោស​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​លើ​សកម្មជន​ទាំង​នេះ​ទុកជា​បាន​ការ​ដដែល ​នៅ​ថ្ងៃ១៣ ខែកញ្ញា។

អានព័ត៌មានពិស្តារ ....

7784ce23-4460-4183-abc9-97c549be42e3.jpeg
សកម្មជនគណបក្សសង្គ្រោះជាតិពេលទៅដល់សាលាឧទ្ធរណ៍ភ្នំពេញកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។ រូប៖ ពលរដ្ឋផ្តល់ឱ្យ

. ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​២​នាក់ កោសក់​មុខ​ព្រះអង្គដងកើ បួង​សួង​សុំ​ឲ្យ​តុលាការ​ដោះ​លែង​ប្ដី

ប្រពន្ធ​សកម្មជន​គណបក្ស​ប្រឆាំង​ជាង​ដប់​នាក់ (១០នាក់) បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ព្រះអង្គដងកើ ខាង​មុខ​ព្រះ​បរមរាជវាំង ដើម្បី​ធ្វើពិធី​កោសក់​ដល់​ប្រពន្ធ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​២​នាក់ គឺ​ប្រពន្ធ លោក ញ៉ែម វាន លោកស្រី ពៅ សារ៉ន និង​ប្រពន្ធ​លោក យឹម សារ៉េត គឺ​លោកស្រី អ៊ុក ចន្ធី។

នៅក្នុង​ពិធិកោសក់​នេះក្រុម​ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះជាតិបាន​បួងសួង​សុំ​ឱ្យ​ព្រះអង្គ​ដងកើ ​​បន្ទន់​ចិត្ត​ដល់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល និងតុលាការ ដោះលែងប្ដី​របស់​ពួកគាត់​ឱ្យ​មាន​សេរីភាព​វិញព្រោះប្ដី​របស់​ពួកគាត់​មិន​បាន​ប្រព្រឹត្តិ​អំពើក្បត់​ជាតិឬ​ញុះញង់​អ្វី​ឡើយ។ លោកស្រី អ៊ុក ចន្ធី បន្ថែមថា ការកោសក់​នេះក៏មាន​គោលបំណង​ស្នើសុំ​ឱ្យរដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង អន្តរាគមន៍​បញ្ជូន​ប្ដី​របស់​លោក​ស្រី​មក​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃសក្នុង​ក្រុង​ភ្នំពេញ​វិញព្រោះ​ក្រុម​គ្រួសារ​របស់​លោក​ស្រី​លំបាក​ទៅ​សួរ​សុខ​ទុក្ខ​ប្ដីដោយ​ត្រូវ​ចំណាយ​ទាំង​ពេល​វេលានិង​ប្រាក់​កាស​ច្រើន។
អានព័ត៌មានបន្ថែម....

ae30382d-092c-4554-843a-4559412e6cb8.jpeg
ប្រពន្ធ​សកម្មជន​គណបក្សប្រឆាំង​ប្រមូល​ផ្ដុំ​គ្នា​នៅមុខ​ព្រះអង្គ​ដង​កើ ខាងមុខ​ព្រះបរមរាជវាំង កោរសក់​ដើម្បី​ទាមទារ​ដោះលែង​ស្វាមី កាល​ពី​ថ្ងៃទី១៤ ខែ​កញ្ញា ឆ្នាំ​២០២២។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ



. លោក សម រង្ស៊ី ច្រាន​ចោល​ជា​ថ្មីទៀត​ចំពោះការ​ចោទ​ប្រកាន់​ថា​លោក​មាន​បំណង​កាត់​ទឹកដីខ្មែរ មួយ​ផ្នែក​នៅ​ភាគឥសាន​ ទៅ​ឱ្យ​ក្រុម​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​វៀតណាម

លោក សម រង្ស៊ី ប្រធានស្តីទី គណបក្ស​សង្គ្រោះជាតិជាថ្មី​ទៀតបាន​ច្រានចោល​ការ​ចោទ​ប្រកាន់របស់​អាជ្ញាធរនិង​តុលាការ​កម្ពុជាពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​លោកថា​មាន​បំណង​កាត់​ទឹកដី​ខ្មែរ​មួយផ្នែក​នៅ​ភាគ​ឥសានទៅ​ឱ្យ​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា​វៀតណាមនៅ​ពេល​ដែល​គណបក្សសង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត។ លោកថា អាជ្ញាធរ និង​តុលាការក្រោម​អំណាច​លោក ហ៊ុន សែន បាន​បក​ស្រាយ​បំភ្លៃសាច់រឿង​នេះ​ក្នុង​ចេតនា​នយោបាយ។

អានព័ត៌មានបន្ថែម....

68020da9-f466-441e-922e-fdff75e4ea30.jpeg
លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុអាស៊ីសេរី កាល​ពីថ្ងៃទី១៤ ខែ​កញ្ញា ឆ្នាំ​២០២២។ រូបភាព៖ RFA

. លោក កឹម សុខា ទទួល​ស្គាល់​តែ​បាតុកម្ម​អហិង្សា និង​ស្រប​ច្បាប់​នៅ​ទីលាន​ប្រជាធិបតេយ្យ

ប្រធានក្រុម​ជំនុំជម្រះ លោក​ចៅក្រម កូយ សៅ កាលពីថ្ងៃម្សិលមិញនេះ បានប្រកាស​បិទបញ្ចប់​អង្គហេតុ​ប្រទូសរ៉ាយ​ករណី​ហិង្សា​នៅ​ផ្លូវ​វេងស្រេង ស្ពានអាកាស​ស្ទឹងមានជ័យ និងនៅ​ស្ពាននាគ ​ហើយ​ក្នុង​សំណុំរឿង​របស់​ប្រធាន​គណបក្ស​ប្រឆាំង​លោក កឹម សុខា។ ទោះយ៉ាងណា មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាម​ដំណើរ​រឿង​នេះ​លើក​ឡើង​ថា នេះគ្រាន់​តែ​ជាការ​បិទ​បញ្ចប់​ចំណុច​តូច​មួយ​ក្នុង​ដំណើរ​រឿង​ដ៏វែង​អន្លាយ​ប៉ុណ្ណោះ។
អានព័ត៌មានបន្ថែម អមដោយវីដេអូ ...

bb28acee-1f53-4e01-9e3a-30f27985ecc6.jpeg
ប្រធានគណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា នៅ​ថ្ងៃ​សវនាការសាលាដំបូង​រាជធានី​ភ្នំពេញ​ ថ្ងៃទី១៤ ខែ​កញ្ញា ឆ្នាំ​២០២២។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

. គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន​៤​ជួប​ក្រសួង​មហាផ្ទៃស្នើកែលំអ​សេរីភាព​នយោបាយ

គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៤បាន​ជួប​ជា​មួយ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃនៅ​ថ្ងៃទី១៥ កញ្ញា ម្សិលមិញ​នេះ ដោយ​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ​ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្ស​ក្រៅ​រដ្ឋាភិបាល។ មន្រ្តី​សង្គម​ស៊ីវិល​ថាជំនួប​នេះ ​ជា​ការ​វិវឌ្ឍន៍​ថ្មី​មួយហើយ​ដើម្បី​ឲ្យ​បរិយាកាស​នយោបាយ​ល្អគឺទាម​ទារ​ឲ្យក្រសួង​មហាផ្ទៃ​យកចិត្តទុក​តាម​ដាន​ការងារ​លើ​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន​នៅ​មូលដ្ឋាន។
អានព័ត៌មានបន្ថែម...

2b857464-3684-4558-9e9c-523f4d740be1.jpeg
គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ចំនួន៤ ​ជួប​ប្រជុំជាមួយ​លោក សក់ សេដ្ឋា មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ពិភាក្សា​អំពី​សេរី​នយោបាយ​នៅ​កម្ពុជា នា​​ថ្ងៃ​ទី១៥ ខែកញ្ញា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុកគណបក្សឆន្ទៈខ្មែរ

. តុលាការ​ភ្នំពេញ​ជម្រះ​ក្ដី​សកម្មជន​បក្ស​ប្រឆាំង​៣៩នាក់ ​រឿងរួម​គំនិត​ក្បត់ជាតិ

សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​សវនាការ​ជំនុំជម្រះក្ដី​លើ​សំណុំរឿង​រួមគំនិត​ក្បត់​របស់​ថ្នាក់​ដឹកនាំ និង សកម្មជន​គណបក្ស​ប្រឆាំង​៣៩​នាក់ តែ​អវត្តមាន​៣៦​នាក់ កាលពី​ព្រឹក​ថ្ងៃទី១៥ ខែកញ្ញា ម្សិលមិញ។ ប៉ុន្តែប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​អ្នកស្រី អ៊ុក រ៉េតគន្ធា បានសាកសួរ​លោក គង់ ម៉ាស់ តែម្នាក់ ចំណែក​២នា​ក់​ទៀត គឺ ខាន់ ប៊ុន ផេង និងលោក វឿង សំណាង នឹងបើក​សវនាការ​សួរដេញ​ដោល​នៅថ្ងៃទី២២ ខែកញ្ញាសប្ដាហ៍​ក្រោយ​បន្ត​ទៀត។
អានព័ត៌មានបន្ថែម ...

29669704-78dc-4ed6-be58-32c8d743859e.jpeg
(ស្ដាំ) លោក គង់ ម៉ាស់ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មុន​ពេល​ជាប់ពន្ធនាគារ និង (រូបឆ្វេង) រថយន្ត​ដឹក​សកម្មជនគណបក្ស​សង្គ្រោះ​ជាតិ ដែលកំពុងជាប់ឃុំ ទៅធ្វើ​សវនាការជម្រះក្ដី​​នៅ​សាលាដំបូងរាជធានី​ភ្នំពេញ ថ្ងៃ​ទី១៥ ខែកញ្ញា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុក

. លោក ហ៊ុន សែន ថា​កំណើន​នៃកម្ដៅ​ផែនដី និង​គ្រោះធម្មជាតិ​កំពុង​មាន​ឥទ្ធិពល​ខ្លាំង
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើក​ឡើង​ក្នុងនាម​ប្រធាន​ប្តូរវេន​អាស៊ាន​ថា បប្រែ​បម្រួល​អាកាស​ធាតុ ការកើន​ឡើង​នៃ​កម្ដៅ​ផែនដី និង​គ្រោះ​ធម្មជាតិ កំពុង​លេចរូបរាង និង​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង ដែល​អាច​បង្ក​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ចរន្តសេដ្ឋកិច្ច និង​ការ​ធ្លាក់ចុះ​តម្លៃ​ផលិតផល​នៅ​លើ​សាកលលោក។ អ្នកឃ្លាំមើល​បញ្ហា​សង្គម​យល់​ថា ការលើកឡើង​របស់​លោក ហ៊ុន សែន គឺជាការ​ដាស់​តឿន​ដល់​ប្រទេស​សមាជិក​អាស៊ាន​ឱ្យ​មាន​ឆន្ទៈការពារ​ធនធានធម្មជាតិ ដើម្បីទ្រទ្រង់​លំនឹង​ផែនដី។ ទោះជា​យ៉ាងណា អ្នកស្រឡាញ់​បរិស្ថាន​មើល​ឃើញ​ថា កម្ពុជានា​រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ ភោគទ្រព្យជាតិ​រងការ​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ ជាពិសេស​ការបង្កឱ្យមាន​វិនាសកម្ម​ព្រៃឈើ​នៅកម្ពុជា​ដែល​មាន​ទំហំ​ធំធេង។

អានព័ត៌មានបន្ថែម ....

1faa5e6c-1667-45d2-9fcb-bcba16740f9e.jpeg
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

១០ . លោក ហ៊ុន សែន ជំរុញ​ឲ្យ​អាស៊ាន​ខំប្រឹង​រួមគ្នា​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ

លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​អាស៊ាន ខំប្រឹង​ធ្វើ​ការ​រួមគ្នា ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ជាសលក។ សាររបស់​ប្រធាន​អាស៊ាន​ប្តូរវេន​រូប​នេះ ធ្វើ​ឡើង​នៅក្នុង​ពិធីបើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើកទី៥៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​រៀបចំ​នៅ​ខេត្ត​សៀមរាប នៅថ្ងៃទី១៤ កញ្ញា។ អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​យល់ថា ការចង់​បាន​របល់​កម្ពុជា​នៅក្នុង​វេទិការ​តំបន់​អាស៊ាន​នេះ គ្រាន់​តែជា​សារ​នយោបាយ ហើយ​ពិបាក​នឹង​សម្រេច​បាន​បើ​គ្មាន​កិច្ច​សហការ​ផ្ទៃក្នុង​អាស៊ាន។

អានព័ត៌មានបន្ថែម...

Hun Sen at Asean commercial on 14-09-2022 at Siem Reap.jpg
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

១១ . មូល​និធិ​គ្លូនី​សំរាប់​យុត្តិធម៌ ស្នើដល់​តុលាការ​កម្ពុជា ឲ្យ​ដោះលែងកញ្ញាសេង ធារី ជាបន្ទាន់ និង​ដោយ​ឥតលក្ខខណ្ឌ

មូលនិធិគ្លូនី​សំរាប់​យុត្តិធម៌ (Clooney Foundation for Justice -CFJ) នៅថ្ងៃទី១៥ ខែកញ្ញា ស្នើដល់​តុលាការ​កម្ពុជា ឲ្យដោះលែងកញ្ញា សេង ធារី ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ ការអំពាវនាវ​នេះ ធ្វើឡើង​ក្រោយ​ដែល​របាយការណ៍​ថ្មីមួយ​ស្តីពី​ការ​ពិនិត្យ​ដំណើរការ​កាត់ក្តី (TrialWatch) ​របស់​មូលនិធិ​គ្លូនីសំរាប់​យុត្តិធម៌ បាន​ដាក់​ពិន្ទុ អេហ្វ (F) ឬ​ទាបបំផុត បន្ទាប់​ពី​បាន​រកឃើញថា ការ​កាត់​ទោស​មេធាវីខ្មែរ​អាមេរិកាំង កញ្ញា សេង ធារី ឱ្យ​ជាប់​ពន្ធនាគារ​៦​ឆ្នាំ នៅ​ក្នុង​សំណុំ​រឿង «រួមគំនិត​ក្បត់»​ ​គឺគ្មាន​ភស្តុតាង​ណាមួយ​ដើម្បី​បង្ហាញ​ថា កញ្ញា​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នោះឡើយ។ ក៏ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ តុលាការ​កម្ពុជា​បែរ​ជា​ផ្តោតទៅលើតែ​អត្ថបទ​ចុះផ្សាយ និង​រូបភាព​ដែល​ផ្សព្វផ្សាយ ក្នុង​គណនីយ​ហ្វេសប៊ុក​របស់​កញ្ញា ដែល​បាន​បញ្ចេញ​មតិគាំទ្រ ដល់ការ​ធ្វើ​មាតុភូមិនិវត្ត​របស់លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ កាលពីឆ្នាំ ២០១៩។

4.jpg
(រូបកណ្តាល) កញ្ញា សេង ធារី។

១២ . សមត្ថកិច្ច​បន្ត​ប្រើ​ហិង្សា​លើ​កូដករ​ណាហ្គវើលដ៍​ធ្វើ​ឱ្យ​កម្មករ​ម្នាក់​សន្លប់ និង​របួស​ច្រើន​នាក់

ក្រុម​កូដករ​ណាហ្គាវើលដ៍​ភាគច្រើន​ជា​នារី​ បាន​ទទួលរង​អំពើ​ហិង្សា​ពី​សំណាក់​ក្រុម​សន្តិសុខ​របស់​កាស៊ីណូ​យ៉ាង​ដំណំ​ បណ្ដាល​ឱ្យ​មាន​អ្នក​រងបួស​ និង​សន្លប់។​ ពួកគាត់​ចាត់​ទុក​ករណី​នេះ​ ជា​ទង្វើ​អមនុស្សធម៌​ ដែល​បន្ថែម​ពីលើ​ការ​រំលោភ​សិទ្ធិ​ការងារ​របស់​ម្ចាស់​ក្រុមហ៊ុន​បនល្បែង​មួយ​នេះ។ មន្ត្រី​សង្គម​ស៊ីវិល​ថា​ ក្រុមហ៊ុន​ណាហ្គាវើលដ៍​គួរ​ទទួល​យក​បុគ្គលិក​ចាស់​ឱ្យ​ចូល​ធ្វើការ​វិញ​ ដើម្បី​បញ្ចប់​ការ​ធ្វើ​កូដកម្ម​ និង​ការ​ចោទ​ប្រកាន់​ថា​ក្រុមហ៊ុន​មួយ​នេះ​មាន​បំណង​រើសអើង​សហជីព។

អាន​ព័ត៌មាន​បន្ថែម ...

cbb907bd-cb26-4d90-a554-6134a19972ee.jpeg
កូដករ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គាវើលដ៍ (NagaWorld) ដែល​រងហិង្សាពីសំណាក់អាជ្ញាធរ​រាជធានី​ភ្នំពេញ រហូត​សន្លប់ នៅ​មុខ​ក្រុមហ៊ុន នា​ថ្ងៃ​ទី១៦ ខែ​កញ្ញា ឆ្នាំ​២០២២។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

១៣ . តុលាការ​ខ្មែរ​ក្រហម គ្រោង​ប្រកាស​សាលដីកា​ប្តឹង​សាទុក្ខ​ក្នុង​សំណុំរឿង០០២ / ០២ របស់​ខៀវ សំផន នៅ​ថ្ងៃទី​២២ ខែ​កញ្ញា ខាងមុខ

អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​នៃ​តុលាការ​ខ្មែរ​ក្រហម (អ.វ.ត.ក) គ្រោង​ប្រកាស​សាលដីកា​ក្នុង​សំណុំរឿង០០២/០២ ពាក់ព័ន្ធ​នឹង​បណ្តឹង​សាទុក្ខ​របស់ ខៀវ សំផន នៅ​ថ្ងៃ​ទី២២ ខែ​កញ្ញា ខាងមុខ ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​បទប្រល័យ​ពូជសាសន៍​ដល់​ជនជាតិ​ចាម​និង​ជនជាតិ​វៀតណាម កាល​ពី​ជាង ៤០ឆ្នាំមុន។

អាន​ព័ត៌មាន​បន្ថែម ...

a871f3db-5026-4d07-b1df-51fb27e31ccc.jpeg
លោក ខៀវ សំផន នៅ​ក្នុង​សវនាការ​របស់​សាលាក្ដី​ខ្មែរក្រហម កាល​ពី​ថ្ងៃ​ទី១៧ ខែ​តុលា ឆ្នាំ២០១៣។ រូប៖ សាលាក្ដី​ខ្មែរក្រហម (ECCC)

១៤ . ក្រសួងមហាផ្ទៃ​សន្និដ្ឋាន​ថា លោក ពេជ្រ ធារ៉េត ដែល​ស្លាប់​ពេល​ប៉ូលិស​ឃុំ​ខ្លួន​សួរ​ចម្លើយ ដោយសារ​គាំងបេះដូង

សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​បាន​ចេញ​លទ្ធផល​ស៊ើបអង្កេត​ដោយ​សន្និដ្ឋាន​ថា លោក ពេជ្រ ធារ៉េត ដែល​ប៉ូលិស​ស្រុក​សង្កែ​ចាប់​ឃុំ​ខ្លួន​សួរចម្លើយ​កាល​ពី​ដើម​ឆ្នាំ​២០២១ ស្លាប់​ដោយសារ​គាំងបេះដូង​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​អំពើ​ទារុណកម្ម​ទេ។ ប៉ុន្តែ​សាច់ញាតិ​ជនរងគ្រោះ​ចាត់​ទុក​លទ្ធផល​នេះ​ផ្ទុយ​ពី​ការ​ពិត​ជាក់ស្តែង​ដែល​មិនអាច​គួរ​ជឿជាក់​បាន​ឡើយ។

អាន​ព័ត៌មាន​បន្ថែម ...

01f6d46d-27ec-46a1-975e-c20e2f2c1753.jpeg
(ស្ដាំ) លោក ពេជ្រ ធារ៉េត អាយុ ៣១​ឆ្នាំ មុន​ពេល​នគរបាល​​ខេត្ត​បាត់ដំបង នាំ​ទៅ​សួរ​ចម្លើយ​ ដោយ​ជាប់​ចោទ​ថា សម្លាប់​ប្រពន្ធ នៅ​​ថ្ងៃ​ទី៣ ខែមេសា ឆ្នាំ២០២១ និង​ (ឆ្វេង) ភ្លៅលោក ពេជ្រ ធារ៉េត មានស្នាមជាំ ក្រោយ​ពេល​ស្លាប់​នៅ​ក្នុង​ការ​ឃាត់​ខ្លួន​របស់​នគរបាល នៅ​ថ្ងៃដដែល។ រូប៖ ហ្វេសប៊ុក Leap Sovvan

១៥ . គណបក្ស​ភ្លើងទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ​កំពុង​សិក្សា​ពី​ការ​បញ្ចូល​គណបក្ស​ឆន្ទៈ​ខ្មែរ​ទៅ​ក្រោម​ឆ័ត្រ​គណបក្ស​ភ្លើងទៀន

មេដឹកនាំ​គណបក្ស​ភ្លើងទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ កំពុង​ជជែក​ពី​ការ​ដាក់​បញ្ចូល​គណបក្ស​ឆន្ទៈ ខ្មែរ​ឲ្យ​ស្ថិត​ក្រោម​ឆ័ត្រ​គណបក្ស​ភ្លើងទៀន ដើម្បី​រួម​កម្លាំង​គ្នា​ក្នុង​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ឆ្នាំ​២០២៣​ខាងមុខ​។ អ្នកឃ្លាំមើល​ការបោះឆ្នោត​ថា ការ​រួបរួម​របស់​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល ទោះ​ក្នុង​រូបភាព​បែប​ណា​ក៏​អាច​ធ្វើ​ឱ្យ​ពួកគេ​មាន​កម្លាំង​នយោបាយ​ខ្លាំង​ជាង​ការ​ធ្វើ​នយោបាយ​នៅ​ដាច់ដោយឡែក​ពី​គ្នា។

អាន​ព័ត៌មានបន្ថែម...

f9c37dc5-bfa9-4c32-9b83-22c1b1b6fbae.jpeg
រូបសញ្ញា​គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ។ រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។