១ . អង្គការលីកាដូ ចេញសេចក្ដីថ្លែងការណ៍ ស្នើរដ្ឋាភិបាលបិទមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ក្រោយពីរកឃើញមានមនុស្សស្លាប់ជាបន្តបន្ទាប់
អង្គការលីកាដូស្នើឱ្យរដ្ឋាភិបាលបិទមណ្ឌលសង្គមកិច្ចព្រៃស្ពឺរបស់រដ្ឋ បន្ទាប់ពីរកឃើញអ្នកជាប់ឃុំនៅក្នុងមណ្ឌលនេះបានស្លាប់ដោយសារការឃុំខ្លួនមិនត្រឹមត្រូវជាបន្តបន្ទាប់។ មន្ត្រីសង្គមស៊ីវិលយល់ថា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ គួរបិទមណ្ឌលសង្គមកិច្ចទាំងឡាយណា ដែលរំលោភសិទ្ធិមនុស្ស ដោយមានការឃុំខ្លួន និងធ្វើទារុណកម្មមនុស្ស។ អង្គការការពារសិទ្ធិមនុស្សនេះថា រដ្ឋត្រូវធានានូវសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋ ទោះពួកគេមានមុខរបរអ្វីក៏ដោយ។ អានព័ត៌មានពិស្តារ ...
២ . បេក្ខជនបោះបង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដោយសារបញ្ហាជីវភាព
បេក្ខជនដែលបោះបង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប បណ្តាលមកពីគុណភាពអប់រំនៅសាលារដ្ឋ។ មន្ត្រីសង្គមស៊ីវិលនិងអ្នកតាមដានបញ្ហាសង្គម យល់ឃើញថា កម្សោយនៃការពង្រឹងប្រព័ន្ធអប់រំ និងបញ្ហាជីវភាពគ្រូបង្រៀន ជាកត្តារារាំងដល់ការសិក្សារបស់សិស្ស។ អានព័ត៌មានពិស្តារ...
៣ . ក្រុមយុវជនបន្តជិះកង់ថ្ងៃទី២ ទាមទារឱ្យរដ្ឋាភិបាលផ្ដល់យុត្តិធម៌សង្គម
ថ្ងៃទី២ នៃយុទ្ធនាការជិះកង់ប្រវែងជាង ៣០០គីឡូម៉ែត្រពីខេត្តសៀមរាប ទៅកាន់រាជធានីភ្នំពេញ របស់ក្រុមសកម្មជនសិទ្ធិមនុស្ស បានធ្វើដំណើរដល់ព្រំប្រទល់ស្រុកស្ទោង និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំហើយ នៅរសៀលថ្ងៃទី៧ ខែធ្នូ ក្រោមការឃ្លាំមើល និងសួរនាំពីអាជ្ញាធរតាមដងផ្លូវជាហូរហែ។ យុទ្ធនាការថ្ងៃដដែលនេះ ក្រុមយុវជនផ្ញើសារទៅកាន់ រដ្ឋាភិបាលឱ្យចាប់អារម្មណ៍ ជួយជ្រោមជ្រែងយុត្តិធម៌សង្គមឡើងវិញ។ អានព័ត៌មានពិស្តារ ...
៤ . អ្នកឃ្លាំមើលថា អ្នកជំនាញនឹងចារជាប្រវត្តិសាស្ត្រចំពោះរដ្ឋាភិបាលលោក ហ៊ុន សែន ដែលបណ្តែតបណ្ដោយឱ្យមានឧក្រិដ្ឋកម្មគ្រឿងញៀន
អ្នកឃ្លាំមើល រិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ករណីជនជាតិចិនអាចដឹកជញ្ជូនសារធាតុគីមីផ្សំកែច្នៃគ្រឿងញៀន និងបើករោងចក្រផលិតនៅកម្ពុជា។ អ្នកនាំពាក្យគណបក្សកាន់អំណាចទទួលស្គាល់ថា សមត្ថកិច្ចនៃស្ថាប័នជំនាញនៅមានចន្លោះប្រហោងច្រើនក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋជនដែលដឹកជញ្ជូនសារធាតុគីមីយកមកផលិតគ្រឿងញៀននៅកម្ពុជា។ អានព័ត៌មានពិស្តារ ...
៥ . សមាគមព្រះសង្ឃខ្មែរក្រោមស្នើឲ្យអាជ្ញាធរវៀតណាមនៅខេត្តលង់ហោរអនុញ្ញាតឲ្យព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមអាចប្រតិបត្តិព្រះពុទ្ធសាសនាដោយសេរី
សមាគមព្រះសង្ឃខ្មែរក្រោមនៅអាមេរិកខាងជើង ស្នើឲ្យអាជ្ញាធរវៀតណាមនៅខេត្តលង់ហោរ អនុញ្ញាតឲ្យព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោម អាចប្រតិបត្តិព្រះពុទ្ធសាសនា ដោយសេរី និងគ្មានការធ្វើទុក្ខបុកម្នេញ។ សំណើនេះធ្វើឡើង ក្រោយពេលអាជ្ញាធរវៀតណាមបានបន្តរឹតត្បិតសិទ្ធិសេរីភាពផ្នែកសាសនារបស់ព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោម។ ក្រសួងការបរទេសអាមេរិកនៅដើមខែធ្នូនេះ បានដាក់ប្រទេសវៀតណាម ក្នុងបញ្ជីតាមដានពិសេសនៃប្រទេសដែលរំលោភនិងអនុញ្ញាតឲ្យមានការរំលោភសិទិ្ធសេរីភាពសាសនា។ អានព័ត៌មានពិស្តារ ...
៦ . លោក ហេង សួរ មន្ត្រីចិត្តឆៅដ៏មានឥទ្ធិពលក្នុងក្រសួងការងារ
មនុស្សជំនិតម្នាក់របស់លោក ហ៊ុន ម៉ាណែត កំពុងលេចមុខមាត់ខ្លាំងទាំងនៅក្នុងជួរបក្ស និងក្នុងរដ្ឋាភិបាល។ បុគ្គលម្នាក់នេះហ៊ានធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីសម្រេចគោលដៅរបស់ខ្លួន មិនថាតាមមធ្យោបាយត្រជាក់ ឬក្ដៅនោះទេ។ មនុស្សម្នាក់នេះ គឺលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ។ ធាតុពិតរបស់លោកត្រូវបានលាតត្រដាងតាមរយៈសារសំឡេងមួយរៀបរាប់អំពីគម្រោងវាយធ្វើបាប និងបង្កគ្រោះថ្នាក់ចរាចរណ៍លើពលរដ្ឋខ្មែរដែលគាំទ្រគណបក្សប្រឆាំង។
តើលោក ហេង សួរ មានប្រវត្តិយ៉ាងដូចម្ដេច? អានព័ត៌មានពិស្តារ...
៧ . សហភាពអឺរ៉ុបផ្តល់ប្រាក់ជំនួយថ្មី២លានអឺរ៉ូសំរាប់ផ្សព្វផ្សាយពីការចូលរួមនយោបាយនិងការទទួលបានព័ត៌មាន
សហភាពអឺរ៉ុប(EU)ផ្តល់ប្រាក់ជំនួយជាទឹកប្រាក់២លានអឺរ៉ូ ឬប្រមាណជិត ២លាន ១សែនដុល្លារអាមេរិកសំរាប់ផ្សព្វផ្សាយពីការចូលរួមនយោបាយនិងការទទួលបានព័ត៌មាននៅប្រទេសកម្ពុជាខណៈដែលកម្ពុជាគ្រោងរៀបចំការបោះឆ្នោតសកលនៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបអ្នកស្រី ខារមិន ម៉ូរ៉េណូ (Carmen Moreno) នៅថ្ងៃទី៧ ខែធ្នូ បានចុះកិច្ចសន្យាថ្មី២ដែលមានទឹកប្រាក់១លានអឺរ៉ូជាមួយអង្គការគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(IMS) និងទឹកប្រាក់១លានអឺរ៉ូផ្សេងទៀតជាមួយអង្គការជំនួយប្រជាជនន័រវេស(NPA) ដើម្បីគាំទ្រដល់ការលើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិនិងការចូលរួមផ្នែកនយោបាយ។ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបរូបនេះបន្តថាការទទួលបានព័ត៌មានសេរីភាពនៃការបញ្ចេញមតិនិងការចូលរួមក្នុងផ្នែកនយោបាយគឹមានសារៈសំខាន់ណាស់សម្រាប់សង្គមប្រជាធិបតេយ្យ។ អ្នកស្រីសង្ឃឹមថា គម្រោងទាំងនេះនឹងរួមចំណែកបង្កើនការយល់ដឹងបន្ថែមទៀតក្នុងចំណោមអ្នកបោះឆ្នោតអំពីសិទ្ធិនិងសេរីភាពរបស់ពួកគេក្នុងដំណើរការបោះឆ្នោតដោយសេរីនិងយុត្តិធម៌។
៨ . ប្រជាពលរដ្ឋមួយចំនួននៅខេត្តសៀមរាបប្រកបរបរធ្វើនំអាកោរត្នោតលក់រកប្រាក់ដោះស្រាយជីវភាព
ប្រជាពលរដ្ឋមួយចំនួននៅខេត្តសៀមរាបធ្វើនំអាកោរត្នោតលក់ឱ្យភ្ញៀវទេសចរដែលមកលេងកំសាន្តនៅតំបន់អង្គរដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ពួកគាត់បារម្ភខ្លាចអាជ្ញាធរជាតិអប្សរាបណ្ដេញចេញទាំងបង្ខំឱ្យរុះរើផ្ទះដែលនឹងធ្វើឱ្យពួកគាត់បាត់បង់មុខរបរនេះ។
៩ . កុមារខ្មែរដែលតាមឪពុកម្ដាយទៅធ្វើការនៅប្រទេសថៃប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត
កុមារដែលតាមឪពុកម្ដាយធ្វើការនៅប្រទេសនេះតែងតែប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតដោយសារអាណាព្យាបាលរវល់តែធ្វើការមិនសូវមានពេលមើលថែកូនឲ្យដិតដល់នោះទេ។កុមារខ្មែរតែងដើរលេងជាក្រុមជាមួយកុមារថៃ (Thai) ភូមា (Myanmar) ឡាវ (Lao) នៅតាមកន្លែងឪពុកម្ដាយពួកគេធ្វើការនិងនៅឆ្ងាយពីក្រសែភ្នែកអាណាព្យាបាលរហូតមានកុមារខ្មែរម្នាក់អាយុ១១ឆ្នាំបាត់បង់ជីវិតកាលពីពេលថ្មីៗនេះ។ មន្ត្រីសង្គមស៊ីវិលស្នើដល់ស្ថានទូតខ្មែរនៅប្រទេសថៃនិងរដ្ឋាភិបាលខ្មែរគួរតែចុះស្រាវជ្រាវលើរឿងនេះនិងអន្តរាគមន៍ទៅអាជ្ញាធរថៃជួយដល់គ្រួសារជនរងគ្រោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។