សមត្ថកិច្ចខេត្តព្រះសីហនុ និងនៅក្នុងទីក្រុងភ្នំពេញចាប់ខ្លួនជនជាតិចិនចំនួន ៣៣នាក់នៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកៗ ពីគ្នាពាក់ព័ន្ធនឹងចាប់ជំរិតទារប្រាក់ និង ដាក់ថ្នាំសណ្ដំទៅលើជនជាតិចិនដូចគ្នាដើម្បីទារប្រាក់ពីជនរងគ្រោះចំនួន៦ម៉ឺនដុល្លា។
ស្នងការនគរបាលខេត្តព្រះសីហនុលោក ជួន ណារិន មានប្រសាសន៍ថា សមត្ថកិច្ចចាប់ខ្លួនជនជាតិចិនចំនួន៤នាក់នៅក្នុងសណ្ឋាគារមួយកន្លែង មានទីតាំងនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោយពីលោក បានទទួលពាក្យបណ្តឹងថា មានរងគ្រោះម្នាក់ត្រូវជនសង្ស័យដាក់ថ្នាំសណ្ដំដើម្បីជំរិតទារប្រាក់។
លោកនិយាយថា ជនសង្ស័យបានដាក់ថ្នាំសណ្តំ ក្នុងស្រាបៀដើម្បីអោយជនរងគ្រោះផឹក រួចហើយនៅពេលដែលមានស្មារតីបាត់ការចងចាំ។ ជនសង្ស័យបានបង្ខំឲ្យជនរងគ្រោះវេរលុយពីគណនីរបស់ខ្លួនមក តាមបណ្ដាញសង្គមវីឆាត ទៅឲ្យជនសង្ស័យ ដែលមានទឹកប្រាក់ជាង ៦ម៉ឺនដុល្លា៖ « យើងបានទទួលបណ្ដឹង យើងស្រាវជ្រាវទៅបានឃាត់ខ្លួនជាបន្តបន្ទាប់ ហើយយើងបំពេញនីតិវិធី ហើយថ្ងៃនេះយើងបញ្ជូនទៅតុលាការ » ។
សមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឡី ហួរ ស៊ៀន( Lie Hua Sen) ភេទប្រុស អាយុ ៣៩ឆ្នាំ ធ្វើជាកម្មករសាងសង់ បានមកស្នាក់នៅ សង្កាត់៣ ក្រុងព្រះសីហនុ។ ចំណែកជនរងគ្រោះទាំងបួននាក់មានអាយុពី ២១ រហូតដល់ ៤១ឆ្នាំ ដែលពួកគេជាអ្នកធ្លាប់ស្គាល់ជនរងគ្រោះ។
ព្រះរាជអាជ្ញារងខេត្តព្រះសីហនុ លោក ហួត វិចិត្រ ប្រាប់អាស៊ីសេរីថា ចៅក្រមស៊ើបសួរបានសម្រេចចោទប្រកាន់ជនសង្ស័យទាំង៤នាក់ពីបទ«លួច» តាមមាត្រា ៣៥៣ និង៣៥៦ នៃក្រមព្រហ្មទណ្ឌ។
លោកនិយាយថា លោកចៅក្រមស៊ើបសួរនៅថ្ងៃទី១៣ សីហានេះ នឹងបន្តសាកសួរជនសង្ស័យបន្ថែមទៀតមិននឹងសម្រេចចេញដីកាបង្គាប់ឃុំខ្លួននៅក្នុងពន្ធនាគារខេត្តព្រះសីហនុ។
ទាក់ទិននឹងបញ្ហាជនជាតិចិននេះដែរ នៅក្នុងទីក្រុងភ្នំពេញឯណោះវិញកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីថ្ងៃទី១២ សីហាបានឆ្មក់ចូលក្នុងសណ្ឋាគារមួយក្នុងសង្កាត់ចតុមុខ ហើយចាប់ខ្លួនជនជាតិចិនចំនួន២៩នាក់ ក្រោយពីសង្ស័យថា ពួកគេធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ជនជាតិចិនដូចគ្នាមិនបានសម្រេច។
សមត្ថកិច្ចមិនបានបញ្ជាក់ថា ជនសង្ស័យបានជំរិតទារប្រាក់ប៉ុន្មានពីជនរងគ្រោះនោះទេ ដោយនិយាយថា កំពុងសាកសួរនៅឡើយ។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក អេង ហ៊ី តាមទូរស័ព្ទតែលោកមិនលើកទូរស័ព្ទ។
សមត្ថកិច្ច ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ កក្កដា បានចាប់ខ្លួនជនជាតិចិនចំនួន ១១នាក់ក្រោយពីពួកគេបានចាប់បុរសជនជាតិចិនដូចគ្នាម្នាក់ បង្ខាំងទុកដើម្បីជំរិតទារប្រាក់មិនបានសម្រេច ចំនួន៣០ម៉ឺនដុល្លារ ពីក្រុមគ្រួសារជនរងគ្រោះនៅក្នុងប្រទេសចិន។
កាលពីឆ្នាំ២០១៩ សមត្ថកិច្ចខេត្តព្រះសីហនុក៏បានចាប់បញ្ជូនខ្លួនជនជាតិចិនចំនួន ១២៧នាក់ទៅកាន់ប្រទេសចិនវិញ ក្រោយពីបានចាប់ខ្លួនពាក់ព័ន្ធនឹងការចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត។
របាយការណ៍នៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនជាតិចិន ត្រូវបានចាត់ទុកថា ជាជនបរទេស ដែលបានចូលមកក្នុងប្រទេសកម្ពុជា ហើយបានប្រព្រឹត្តបទល្មើសច្រើនជាងគេ ក្នុងចំណោមជនបរទេសដទៃទៀត ដែលករណីបទល្មើសសរុបចំនួន ៣២៤ករណី នៅឆ្នាំ២០១៩។ ចំនួននេះ បានកើនឡើងជិត ៥០ករណី ធៀបទៅនឹងឆ្នាំ២០១៨៕