ប៉ូលិសមូលដ្ឋាននៅរាជធានីភ្នំពេញជាច្រើននាក់ បានចុះទៅជំរឿនស្រង់ស្ថិតិនៅទីស្នាក់ការកណ្ដាលរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅព្រឹកថ្ងៃទី៣ កញ្ញា។ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ចាត់ទុករឿងនេះថាជាការគំរាមកំហែងបំភិតបំភ័យដល់អង្គការសង្គមស៊ីវិល ដើម្បីទប់ស្កាត់កុំឱ្យចូលរួមតស៊ូមតិស្វែងរកយុត្តិធម៌សង្គមបន្តទៀត។
អ្នកស្រី អ៊ុក ឆាយ៉ាវី ថ្លែងថាប៉ូលិសសង្កាត់ចាក់អង្រែ និងអាជ្ញាធរមូលដ្ឋានចំនួន៥នាក់ បានចុះដល់ទីស្នាក់ការកណ្ដាលសមាគមគ្រូបង្រៀនរបស់អ្នកស្រីនៅរាជធានីភ្នំពេញ សួររកឯកសារចុះបញ្ជិកាបើកសមាគម និងសួរពីធ្វើការងារអ្វីខ្លះជាដើម។ អ្នកស្រីនិយាយថា នេះជាការគំរាមកំហែងបំបាក់ស្មារតីអ្នកស្រី ធ្វើឱ្យភ័យខ្លាច ដើម្បីកុំឱ្យនាំគ្នាចូលរួមធ្វើបាតុកម្មតវ៉ាទាមទារឱ្យតុលាការដោះលែងប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន និងអ្នកទោសមនសិការដ៏ទៃទៀត។ អ្នកស្រី បញ្ជាក់ថា អ្នកស្រីនៅតែប្រកាន់ជំហរចូលរួមសម្ដែងមតិរកយុត្តិធម៌សង្គមដោយមិនមានការរាថយឡើយ៖ «ខ្ញុំសុំអំពាវនាវដល់សហការីខ្ញុំទាំងអស់ ក៏ដូចជាលោកគ្រូ អ្នកគ្រូ ជាពិសេសពលរដ្ឋទាំងអស់ សូមកុំមានការព្រួយបារម្ភគ្រាន់តែយើងធ្វើអំពើល្អ។ សូមឱ្យយើងនាំគ្នាក្រោកឈរឡើងដើម្បីអំពើល្អទាំងអស់គ្នា កុំឱ្យយើងផ្ដេកផ្ដួលទៅតាមអ្វីដែលជាការគំរាមកំហែងតាមរូបភាពណាមួយដល់ពួកយើងទាំងអស់គ្នាឱ្យសោះ។ ការតស៊ូគឺគង់តែបានសម្រេចទេ។»
អ្នកស្រីឱ្យដឹងថា អាជ្ញាធរបានត្រឡប់ទៅវិញនៅព្រឹកថ្ងៃទី៣ កញ្ញា បន្ទាប់ពីបុគ្គលិករបស់អ្នកស្រីបានប្រគល់ឯកសារចុះបញ្ជិការបើកសមាគមជូនមន្ត្រីទាំងនោះ។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា លោកពុំទាន់ទទួលព័ត៌មានជុំវិញពីការចុះជំរឿននៅការិយាល័យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនេះនៅឡើយទេ៖ «បាទករណីហ្នឹងខ្ញុំអត់បានទទួលព័ត៌មានផងព្រោះអ្វីដែលខ្ញុំទទួល គឺមានតែព័ត៌មាន២គឺខាងមន្ទីរព័ត៌មានចុះត្រួតពិនិត្យទីតាំងដែលអត់មានច្បាប់អនុញ្ញាតហ្នឹង។ ទី២ទាក់ទងទៅហ្នឹងយុវជន២នាក់ដែលគាត់បង្ហោះសារនៅក្នុងហ្វេសប៊ុករបស់អង្គការមាតាធម្មជាតិ មានតែប៉ុណ្ណឹងទេ»។
ពាក់ព័ន្ធបញ្ហាបំបាក់ស្មារតីសមាគមគ្រូបង្រៀននេះ ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា ប្រសិនបើពុំមានដីកាពីតុលាការទេអាជ្ញាធរមិនអាចចុះឆែកឆេរ ឬធ្វើជំរឿននៅការិយាល័យអង្គការសង្គមស៊ីវិលណាមួយបានឡើយ ពីព្រោះអង្គការសង្គមស៊ីវិលបានចុះបញ្ជិកានៅក្រសួងមហាផ្ទៃបំពេញការងារដោយស្របច្បាប់។ លោកចាត់ទុករឿងនេះថា ជាការគំរាមកំហែងដល់អង្គការសង្គមស៊ីវិលមិនអាចបំពេញការងារប្រកបដោយវិជ្ជាជីវៈ៖ «ពីព្រោះថាអត់មានមាត្រាណាមួយនៃច្បាប់អង្គការសមាគម ដែលតម្រូវឱ្យប៉ូលិសចុះធ្វើការជំរឿនឬចុះឆែកឆេររកឯកសារឬក៏តម្រូវឱ្យធ្វើអីផ្សេងទៀតគឺអត់មានទេ។ នៅក្នុងច្បាប់អង្គការសមាគមយើងដឹងទាំងអស់គ្នាហើយគ្រាន់តែ អង្គការសមាគមហ្នឹងទៅចុះបញ្ជីហើយហ្នឹងធ្វើរបាយការណ៍ប្រចាំឆ្នាំទៅឱ្យក្រសួងមហាផ្ទៃតែប៉ុណ្ណឹងទេអត់មានអីឱ្យសមត្ថកិច្ចនៅក្នុងមូលដ្ឋានទៅធ្វើជំរឿនធ្វើអីគឺអត់ទាន់មានទេ។ អីចឹងគឺជាការរំលោភគោលការណ៍ច្បាប់ហើយធ្វើបែបហ្នឹង។»
កន្លងទៅប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី បានដឹកនាំក្រុមគ្រូបង្រៀនយុវជនខ្មែរថាវរៈ និងកម្មករជាច្រើននាក់តវ៉ាទាមទារឱ្យតុលាការដោះលែងលោក រ៉ុង ឈុន និងអ្នកទោសមនសិការចំនួន៦នាក់ជាបន្តបន្ទាប់ ។ អ្នកស្រីត្រូវជនសង្ស័យធាក់ម៉ូតូឲ្យដួលបណ្តាលឲ្យអ្នកស្រី របួសធ្ងន់ធ្ងរ ក្រោយពេលដែលអ្នកស្រីដឹកនាំការតវ៉ាឲ្យដោះលែង លោក រ៉ុង ឈុន។តុលាការបានចោទប្រកាន់ លោក រ៉ុង ឈុន និងអ្នកទាំង៦នាក់ ពីបទ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ អ្នកស្រី អ៊ុក ឆាយ៉ាវី ចាត់ទុកការចោទប្រកាន់នេះថា ជារឿងអយុត្តធម៌មិនអាចទទួលយកបានឡើយ ហើយអ្នកស្រីគ្រោងប្រមូលគ្នាសម្ដែងមតិស្វែងរកយុត្តិធម៌ជូនអ្នកទាំងនោះនាពេលខាងមុខបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
