ពលរដ្ឋ​ខ្មែរ​ និង​សកម្មជនបក្ស​សង្គ្រោះ​ជាតិ​ធ្វើបាតុកម្ម​ទាមទារ​​រដ្ឋាភិបាល​កាណាដា​​ឱ្យ​ជួយ​ដោះលែង​លោក រ៉ុង ឈុន

0:00 / 0:00

ប្រជាពលរដ្ឋ​ខ្មែរ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កាណាដា (Canada) ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​កាណាដា​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើម្បី​ដោះលែង​មេដឹកនាំ​សហជីព​លោក រ៉ុង ឈុន និង​អ្នកទោស​មនសិការ​ដទៃ​ទៀត។ ឆ្លើយ​តប​ការ​ទាមទារ​នេះ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​យល់ថា ការ​ធ្វើបាតុកម្ម​នេះ គឺ​ធ្វើ​ឱ្យ​អ្នក​ចូលរួម​ខាតបង់​ពេល​វេលា​ហើយ​លោក​អះអាង​ថា រដ្ឋាភិបាល​កាណាដា គ្មាន​សិទ្ធិ​អំណាច​អ្វី​មក​ដាក់​បន្ទុក​លើ​រដ្ឋាភិបាល​កម្ពុជា​ឡើយ។

ក្រុម​បាតុករ​ដែល​រួម​មាន​ទាំង​ព្រះសង្ឃ​ផង​នោះ​បាន​លើក​ទង់ជាតិ​កម្ពុជា លើក​បដា និង​ស្រែក​ទាមទារ​តវ៉ា​នៅ​ទីក្រុង​ម៉ុងរ៉េអាល (Montreal) ខេត្ត​គីប៊ិច (Quebec) ប្រទេស​កាណាដា (Canada) កាល​ពី​ថ្ងៃ​ទី៣០ សីហា ដោយ​ហៅ​លោក ហ៊ុន សែន ថា ជា​ជន​ផ្ដាច់ការ និង​ស្នើ​រដ្ឋាភិបាល​ប្រទេស​កាណាដា​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ឲ្យ​គោរព​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ព្រមទាំង​ដោះលែង​លោក រ៉ុង ឈុន និង​អ្នក​ទោស​មនសិការ​ទាំង​អស់​ឲ្យ​មាន​សេរីភាព​ឡើងវិញ។

​អ្នក​រៀបចំ​បាតុកម្ម​ម្នាក់​និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ឧ​ត្ត​មានជ័យ​លោក ម៉ោញ សារ៉ាត់ ឱ្យ​អាស៊ី​សេរី​ដឹង​ថា បាតុកម្ម​នេះ​មាន​អ្នកចូលរួម​ជិត​២​០​០​នាក់​។ លោក​ថា គោលបំណង​សំខាន់​គឺ​ក្រុម​បាតុករ​ស្នើ​ទៅ​រដ្ឋាភិបាល​ប្រទេស​កាណាដា​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ា​រី​ស​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ឱ្យ​ងាក​មក​គោរព​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ឡើងវិញ​។​ ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ ​បន្ត​ថា​ ​រដ្ឋាភិបាល​គួ​រដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​ដូច​បណ្ដា​ប្រទេស​សេរី​មួយ​ចំនួន​បាន​ធ្វើ​៖ « សំណូមពរ​បី​ទីមួយ​គឺ​ធ្វើការ​ប្ដេជ្ញា​ចិត្ត​ដើម្បី​ដាក់ទណ្ឌកម្ម​ទាំងឡាយ​ ​គឺ​ដាក់ទណ្ឌកម្ម​កា​ទូត​ ​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ ​និង​ការ​ដាក់ទណ្ឌកម្ម​ទិដ្ឋាការ​ជាបឋម​ ​ប៉ុន្តែ​យើង​ចង់​ឃើញ​ប្រទេស​កាណាដា​ហ្នឹង​ឈាន​ទៅដល់​ទៅដល់​ការ​បង្កក​ទ្រព្យសម្បត្តិ​របស់​ឧក្រិដ្ឋជន​ទាំងឡាយ »

​លោក​ ម៉ោ​ញ​ ​សារ៉ាត់​ ឱ្យ​ដឹង​ដែរ​ថា​ ​ក្រៅពី​ទាមទារ​នេះ​ ​បាតុករ​ក៏បាន​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​កាណាដា​ដែរ​។​

​អ្នកចូលរួម​ធ្វើបាតុកម្ម​ម្នាក់​លោក​ ​លី​ ​ចាន់​ណេ​ន​ ​និយាយ​ក្នុង​ពេល​ទាមទារ​នោះ​ថា ការ​ចូលរួម​បញ្ចេញ​មតិ​របស់​លោក​ ​គឺ​បង្ហាញ​ការ​មិន​គាំទ្រ​នូវ​ទង្វើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​ និង​ចាប់​ចង​សកម្មជន​ព្រំដែន​និង​អ្នក​ស្នេហា​ជាតិ​ផ្សេង​ទៀត៖ « យើង​បញ្ចេញមតិ​ដើម្បី​បណ្ដេញ​ជន​ផ្ដាច់ការ​ចេញពី​ទឹកដី​របស់​យើង​ជយោ​កម្លាំង​សា​ម្គី​ ​ជយោ​លទ្ធិ​ប្រជាធិបតេយ្យ »

ស្ត្រី​អ្នកចូលរួម​ម្នាក់ទៀត​ ​ទាមទារ​ឱ្យ​មានការ​ដោះលែង​ ​លោក​ រ៉ុង​ ​ឈុន​ ​និង​ក្រុម​យុវជន​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​ចាប់ខ្លួន​ក្នុង​ពេល​ពួកគេ​តវ៉ា​ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​លោក​ រ៉ុ​ង ឈុន។ អ្នក​ទាមទារ​រូប​នេះ​ ​ស្នើ​ពលរដ្ឋ​ដែល​រងគ្រោះ​ព្រោះ​ការ​រំលោភបំពាន​ពី​រដ្ឋាភិបាល​ ​លោក​ ​ហ៊ុន​ ​សែន​ ​ងើបឡើង​ប្រឆាំង​រដ្ឋាភិបាល​ឯក​បក្ស​មួយ​នេះ៖ « ខ្ញុំ​មកនេះ​គឺ​មិន​ពេញ​ចិត្ត​លោក​ ​ហ៊ុន​ ​សែន​ ​ដឹក​នាំ​ប្រទេស​កម្ពុជា​ធ្វើ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ធ្វើ​ឱ្យ​ទឹកដី​ខ្មែរ​បាត់បង់​ហើយ​សូម​ឱ្យ​លោក​ ​ហ៊ុន​ ​សែន មេត្តា​ដោះ​លែង​ខ្មែរ​ស្នេហាជាតិ​ ​លោកគ្រូ​ រ៉ុង​ ​ឈុន​ ​បង​ប្អូន​ទាំង​អស់​សកម្មជន​សង្គ្រោះ​ជាតិ »

ទោះ​យ៉ាងណា​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ឆ្លើយ​តប​នឹង​ការ​ទាមទារ​នេះ​ថា​គ្មាន​ឥទ្ធិពល​អ្វី​មក​លើ​រដ្ឋាភិបាល​កម្ពុជា​ឡើយ។ ផ្ទុយទៅវិញ​លោក​ថា ក្រុម​អ្នក​ទាមទារ​គួរ​ផ្ដល់​តម្លៃ ឬ​មើល​ឃើញ​ពី​សមិទ្ធផល​ដែល​រដ្ឋាភិបាល​បាន​កសាង​និង​ការ​ប្រឹងប្រែង​កិច្ចការពារ​ព្រំដែន​ដោយ​សន្តិវិធី៖ « មិន​មានអី​ធ្វើអន្តរាគមន៍​កើត​ទេ យ៉ាង​ច្រើន​គ្រាន់​តែ​សួរ​នាំ​ហ្នឹង ដែល​កម្ពុជា​មាន​ពិសោធន៍​នៃ​ប្រទេស​ជា​មិត្ត​ដូច​កាណាដា​សហរដ្ឋ​អាមេរិក ដូច​អង្គការ​សហប្រជាជាតិ​ជា​ការ​ពិសោធន៍​របស់​យើង​គឺ​យើង​ឆ្លើយ​ទៅ​វិញ ពន្យល់​ទៅ​វិញ គឺ​អាទិភាព​នៃ​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​នេះ​ជា​សារ​សំខាន់។ ខ្ញុំ​មើល​ទៅ​គ្មាន​ឥទ្ធិពល​អី​ទេ »

​ទោះ​ជា​យ៉ាង​ណា​ក្ដី មន្ត្រី​គណបក្ស​ប្រឆាំង លោក ម៉ោញ សារ៉ាត់ យល់​ថា រដ្ឋាភិបាល​កាណាដា​មិន​អាច​នៅ​ស្ងៀម​ទៀត​ទេ។ លោក​បន្ត​អះអាង​ថា ក្រៅពី​ទាមទារ​នៅ​ប្រទេស​កាណាដា​ពេលនេះ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក បារាំង និង​អូស្ត្រាលី​ជា​ដើម ក៏​គ្រោង​នឹង​ធ្វើបាតុកម្ម​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​បន្ត​បន្ទាប់​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។