ក្រុម​កម្មករ​ប្រមូល​សំរាម​ស៊ីនទ្រី​​មិន​ព្រម​ចូល​ធ្វើ​ការ ទោះ​បី​ជា​មាន​ដំណោះ​ស្រាយ​ពី​​សាលា​ក្រុង​ផ្ដល់​ឲ្យ​ក៏​ដោយ

ដោយ ជាតិ ចំណាន
2020-10-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បុគ្គលិក​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ីនទ្រី ខេមបូឌា (CINTRI Cambodia) ប្រមាណ ១ពាន់​នាក់ បន្ត​ការ​តវ៉ា​នៅ​ថ្ងៃ​ទី៥ ខែតុលា ទាមទារ​ឲ្យ​ថៅកែ​ក្រុម​ហ៊ុន​​ទូទាត់​ប្រាក់​បញ្ចប់​កិច្ច​សន្យា​ការងារ​មុន​កាល​កំណត់។
បុគ្គលិក​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ីនទ្រី ខេមបូឌា (CINTRI Cambodia) ប្រមាណ ១ពាន់​នាក់ បន្ត​ការ​តវ៉ា​នៅ​ថ្ងៃ​ទី៥ ខែតុលា ទាមទារ​ឲ្យ​ថៅកែ​ក្រុម​ហ៊ុន​​ទូទាត់​ប្រាក់​បញ្ចប់​កិច្ច​សន្យា​ការងារ​មុន​កាល​កំណត់។
រូប៖ កម្មករ

ក្រុម​កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន​ស៊ីនទ្រី​ជាង​១​ពាន់​នាក់ សម្រេច​ចិត្ត​មិន​ចូល​ធ្វើ​ការ​ តាម​ការ​អំពាវនាវ​របស់​សាលា​រាជធានី​ភ្នំពេញ​វិញ​ទេ ដោយសារ​តែ ពួកគេ​នៅ​តែ​រក្សា​ជំហរ​ទាមទារ​លក្ខខណ្ឌ​ការងារ​៥​ចំណុច ពី​ក្រុមហ៊ុន​និង​អាជ្ញាធរ​ឲ្យ​បាន​ជា​មុន​សិន ទើប​ពួកគេ​ចូល​ធ្វើ​ការ​វិញ។

ប្រធាន​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​នៃ​ក្រុមហ៊ុន ស៊ីនទ្រី លោក កៅ សុខវ៉ាត ប្រាប់​អាស៊ី​សេរី​ នៅ​រសៀល​ថ្ងៃ​ទី៧ ខែ​តុលាថា ក្រុម​កម្មករ​ប្រមូល​សំរាម​ប្ដូរ​ចិត្ត​មិន​ចូល​ធ្វើ​ការ​វិញ ក្រោយ​ពួក​ពួកគេ​​ភ័ន្តច្រឡំ​ចំពោះ​ដំណោះស្រាយ​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​ចេញ​មុខ​សម្រប​សម្រួល​រឿង​នេះ។

លោក​បន្ត​ថា មូល​ហេតុ​ដែល​កម្មករ​មិន​ចូល​ធ្វើ​ការ​វិញ​នេះ ដោយ​សារ​តែ​ដំណោះស្រាយ​របស់​ពួក​គាត់ ៥ចំណុច​ដែល​ទាមទារ​ក្នុង​ពេល​ធ្វើ​កូដកម្ម​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​ទទួល​បាន​ពី​ខាង​ភាគី​ក្រុមហ៊ុន និង​សាលា​រាជធានី​ភ្នំពេញ​នៅ​ឡើយ។

លោក បញ្ជាក់​ថា ក្រុម​កម្មករ​នៅ​ចង់​តែ​បាន​ដំណោះស្រាយ​ការងារ​៥​ចំណុច​ ពី​ខាង​ក្រុមហ៊ុន​និង​​សាលា​ក្រុង​ ជាមុន​សិន ទើប​ពួកគេ​វិល​ចូល​ធ្វើការ​វិញ។ ដំណោះស្រាយ​ទាំង​នោះ​រួម​មាន ប្រាក់​បំណាច់​អតីតភាព ប្រាក់​សំណង​ជំងឺ​ចិត្ត ប្រាក់​ជួស​ការ​ជូន​ដំណឹង ប្រាក់​ខែ​ចុង​ក្រោយ និង​ប្រាក់​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​នៅ​សល់៖ «ចង់​និយាយ​ថា​៥​ចំណុច​ទារ​មិន​ទាន់​បាន​ទេ។ គាត់​សន្យា​ថា​បើ​មាន​ការ​បញ្ឈប់​ ការ​បិទ​ទ្វារ​ក្រុមហ៊ុន​អី​ សាលាក្រុង​នឹង​ធានា​ទូទាត់​លុយ​ហ្នឹង​មិន​ឲ្យ​ក្រុមហ៊ុន​បោះបង់​ចោល។ ខាង​ក្រុង​ជា​អ្នក​ធានា ហ្នឹង​ដដែល​ជា​ដដែល​ទេ។ ដល់​តែ​គេ​ដក​ ឬ​បញ្ឈប់​ហ្នឹង តែ​គាត់​ទារ​ឥឡូវ »

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង នៅ​ថ្ងៃ​ទី៧ ខែ​តុលា បាន​ចុះ​ទៅ​ជាមួយ​ក្រុម​កម្មករ​ប្រមូល​សំរាម​ដែល​ឈរ​តវ៉ា​មុខ​ក្រុមហ៊ុន​នៅ​ខណ្ឌ​ដង្កោ ដោយ​និយាយ​ប្រាប់​ពី​ដំណោះស្រាយ​ និង​ការ​សន្យា​របស់​សាលា​រាជធានី​ភ្នំពេញ។

ក្នុង​កំណត់​ហេតុ​នៃ​ការ​ចរចា​រក​ដោះ​ស្រាយ​វិវាទ​ការងារ​មួយ​នេះ សរសេរ​ថា សំណើ​របស់​កម្មករ​ដែល​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដោះ​ស្រាយ​ពេល​បញ្ចប់​កិច្ច​សន្យា ភាគី​ក្រុមហ៊ុន​ទទួល​ដោះ​ស្រាយ​តាម​ច្បាប់​ស្ដីពី​ការងារ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​អ្នក​ធានា​ខុស​ត្រូវ។ សាលា​រាជធានី​ភ្នំពេញ ធានា​រក្សា​ការងារ​ជូន​កម្មករ​មិន​ឲ្យ​បាត់បង់​ឡើយ ទោះបីជា​ក្រុមហ៊ុន​ស៊ីនទ្រី ដេញ​ថ្លៃ​បាន ឬ​មិន​បាន​ក៏ដោយ។ លោក ឃួង ស្រេង ក៏​ស្នើ​ឲ្យ​ក្រុម​កម្មករ​ដែល​ចេញ​ធ្វើ​កូដកម្ម​ទាំង​អស់ នាំ​គ្នា​ចូល​ធ្វើ​ការងារ​វិញ ចាប់​ពី​ថ្ងៃ​ចរចា​ផ្ដល់​ដំណោះស្រាយ​នេះ​ត​ទៅ។

អាស៊ី​សេរី​មិន​អាច​សុំ​បក​ស្រាយ​លើ​រឿង​កម្មករ​​មិន​ទទួល​យក​ដំណោះស្រាយ​នេះ​ ពី​អភិបាល​រាជធានី​ភ្នំពេញ​ លោក ឃួង ស្រេង នៅ​ល្ងាច​ថ្ងៃ​ទី​៧ តុលា​ បាន​ទេ ដោយ​លោក​ទទួល​ទូរស័ព្ទ។

អ្នក​គ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ មាន​ប្រសាសន៍​ថា នេះ​ជា​ចំណុច​ជា​វិជ្ជមាន​មួយ​ បង្ហាញ​ឲ្យ​ឃើញ​ថា​ ទាំង​ខាង​ក្រុមហ៊ុន និង​សាលា​រាជធានី​ភ្នំពេញ​មាន​ឆន្ទៈ​ពិត​ប្រាកដ ​គិត​គូរ​​ផល​ប្រយោជន៍​ការងារ​ដល់​កម្មករ​ប្រមូល​សំរាម បើ​ទោះ​បី​ជា​មិន​ទាន់​មាន​ចំណុច​រួម​ណា​មួយ​ដែល​ក្រុម​កម្មករ​ទាមទារ​ក៏​ដោយ។

លោក​បន្ត​ថា កំណត់​ហេតុ​ចេញ​ដោយ​សាលា​រាជ​ធានី​ភ្នំពេញ​នេះ គឺ​ភស្តុតាង​ផ្លូវ​ច្បាប់​ដ៏​សំខាន់​មួយ បើក​ផ្លូវ​ឲ្យ​កម្មករ​និយោជិក​ អាច​បន្ត​ការ​ទាមទារ​ប្រាក់​អត្ថ​ប្រយោជន៍​ការងារ​របស់​ពួក​គាត់​តាម​ច្បាប់​ស្ដី​ពី​ការងារ នៅ​ពេល​មាន​ការ​ប្រែក្រឡាស់​​ពី​ភាគី​ពាក់ព័ន្ធ​ដែល​បាន​ចុះ​កិច្ច​សន្យា​នេះ៖ «រឿង​ប្រាក់​អតីត​ភាព​ការងារ​នេះ វា​អត់​បាត់​ទៅ​ណា​ទេ។ ទៅ​តាម​ផ្លូវ​ច្បាប់​គាត់​អាច​ទាមទារ​បាន។ គាត់​នៅ​តែ​បន្ត​ទាមទារ​បាន ហើយ​ជា​លុយ​របស់​គាត់​ ចង់​និយាយ​អ៊ីចឹង ជា​លុយ​របស់​គាត់។ គាត់​មិន​នៅ​ក្នុង​ពេល​ក៏​ពិត​មែន​ ក៏​ប៉ុន្តែ​នៅ​ក្នុង​លក្ខខណ្ឌ​ណាមួយ មាន​ការ​ប្រែ​ប្រួល​មាន​ការ​ផ្ដាច់​កិច្ច​សន្យា​ ដោយ​ក្រុមហ៊ុន​ស៊ីនទ្រី​ឬ​ក៏​អី។ អ៊ីចឹង​ក្រុមហ៊ុន​ហ្នឹង ត្រូវ​តែ​មាន​កាតព្វកិច្ច​ក្នុង​ការ​ទូទាត់​ត្រឹម​ត្រូវ​ទៅ​តាម​ផ្លូវ​ច្បាប់»

កាល​ពី​ថ្ងៃ​ទី៥ ខែ​តុលា សាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ជ្រើស​កម្មករ​ថ្មី​ជា​ច្រើន​នាក់​មក​ជំនួស​ក្រុម​កម្មករ​ដែល​កំពុង​តវ៉ា ដោយ​សារ​ពួក​គេ មិន​ព្រម​វិល​ទៅ​បំពេញ​ការងារ​ប្រមូល​និង​ដឹក​ជញ្ជូន​សំរាម​ឡើង​វិញ។

ចាប់​តាំង​ពី​ថ្ងៃ​ទី២ ខែ​តុលា រហូត​មក​ពេល​នេះ ក្រុម​កម្មករ​ប្រមូល​សំរាម​ស៊ីនទ្រី​ជាង ១ពាន់​នាក់ នៅ​តែ​បន្ត​ធ្វើ​កូដកម្ម​ទាមទារ​អត្ថប្រយោជន៍​ការងារ និង​ប្រាក់​សំណង​បញ្ចប់​កិច្ច​សន្យា​ការងារ រួម​មាន ប្រាក់​បំណាច់​អតីតភាព ប្រាក់​សំណង​ជំងឺ​ចិត្ត ប្រាក់​ជួស​ការ​ជូន​ដំណឹង ប្រាក់​ខែ​ចុង​ក្រោយ និង​ប្រាក់​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​នៅ​សល់។

ក្រុម​កម្មករ​ស៊ីនទ្រី​ជាង ១ពាន់ ២រយ​នាក់​ ក្នុង​ចំណោម​កម្មករ​ជាង ២ពាន់​នាក់ បាន​ផ្ដិត​មេដៃ​ ដាក់​ជូន​ក្រសួង​ការងារ​ជួយ​ដោះស្រាយ​បញ្ហា​ប្រាក់​ឈ្នួល និង​និរន្តរភាព​ការងារ​របស់​ពួក​គេ ក្នុង​ករណី​ក្រុមហ៊ុន​ដេញ​ថ្លៃ​ចាញ់​ក្រុមហ៊ុន​ដទៃ។

ប្រាក់​ឈ្នួល​កម្មករ​បោស​សំរាម​តាម​ផ្លូវ​ក្នុង​ម្នាក់​ គឺ​ចន្លោះ​ពី ៦០ម៉ឺន​ដល់ ៧០ម៉ឺន​រៀល។ កម្មករ​កើប​សំរាម​ទទួល​បាន​ប្រាក់​ឈ្នួល​ ចាប់​ពី ៧០ម៉ឺន​ដល់ ៨០ម៉ឺន​រៀល ហើយ​អ្នក​បើក​ឡាន​ដឹក​សំរាម​ គឺ​ទទួល​បាន​ពី ២៥០ដុល្លារ​ដល់ ៣០០ដុល្លារ។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​ការងារ​ លោក ឃុន ថារ៉ូ យល់​ថា ក្នុង​ដំណាក់កាល​នេះ សហជីព​និង​ក្រុម​កម្មករ​គួរ​ពិភាក្សា​គ្នា ហើយ​ងាក​មក​ចូល​ធ្វើការ​ជា​ធម្មតា​វិញ ដើម្បី​រក្សា​ស្ថេរ​ភាព​ការងារ​របស់​ពួក​គេ និង​បន្ត​តាម​ដាន​ព័ត៌មាន​​ដេញថ្លៃ​នៅ​ពេល​ខាង​មុខ ដែល​មាន​ក្រុមហ៊ុន​ចំនួន ៣ប្រជែង​គ្នា ក្នុង​សេវា​ប្រមូល​សំរាម​នៅ​រាជ​ធានី​ភ្នំពេញ៕

បុគ្គលិក​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ីនទ្រី ខេមបូឌា (CINTRI Cambodia) ប្រមាណ ១ពាន់​នាក់ បន្ត​ការ​តវ៉ា​នៅ​ថ្ងៃ​ទី៥ ខែតុលា ទាមទារ​ឲ្យ​ថៅកែ​ក្រុម​ហ៊ុន​​ទូទាត់​ប្រាក់​បញ្ចប់​កិច្ច​សន្យា​ការងារ​មុន​កាល​កំណត់។
បុគ្គលិក​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ីនទ្រី ខេមបូឌា (CINTRI Cambodia) ប្រមាណ ១ពាន់​នាក់ បន្ត​ការ​តវ៉ា​នៅ​ថ្ងៃ​ទី៥ ខែតុលា ទាមទារ​ឲ្យ​ថៅកែ​ក្រុម​ហ៊ុន​​ទូទាត់​ប្រាក់​បញ្ចប់​កិច្ច​សន្យា​ការងារ​មុន​កាល​កំណត់។ រូប៖ កម្មករ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល