ក្រុមយុវជនខ្មែរថាវរៈ និងសាច់ញាតិ នាំគ្នា ចូលសួរសុខទុក្ខ លោក ហ៊ុន វណ្ណៈ អ្នកនាង ឈឿន ដារ៉ាវី និងសកម្មជនបក្សប្រឆាំងម្នាក់ទៀត គឺ កញ្ញា ស កណិកា នៅក្នុងពន្ធនាគារព្រៃស នៅថ្ងៃទី២៥ សីហា។ ក្រុមយុវជន ប្រាប់ថា អ្នកជាប់ឃុំទាំងបីនាក់ មានសុខភាពទន់ខ្សោយ ទឹកមុខស្លេកស្លាំង ជាងមុន ហើយរងការធ្វើបាប នៅក្នុងពន្ធនាគារ។
ក្រុមយុវជនខ្មែរថាវរៈ បានចែកគ្នាជា ២ក្រុម ដើម្បីចូលសួរសុខទុក្ខ លោក ហ៊ុន វណ្ណៈ នៅក្នុងមណ្ឌលកែប្រែ "ម១" និង មួយក្រុមទៀត ចូលសួរសុខទុក្ខអ្នកនាង ឈឿន ដារ៉ាវី និង កញ្ញា ស កណិកា ក្នុងមណ្ឌលកែប្រែ "ម២"។
សមាជិកក្រុមខ្មែរថាវរៈ កញ្ញា សូ មេត្តា ដែលចូលជួប លោក ហ៊ុន វណ្ណៈ ឲ្យដឹងថា លោក ហ៊ុន វណ្ណៈ មានស្មារតីរឹងមាំដដែល ប៉ុន្តែ ទឹកមុខលោក ស្លេកស្លាំង ជាងនៅក្រៅឃុំ។ កញ្ញា បន្តថា ការចូលជួប លោក ហ៊ុន វណ្ណៈ បានតែមួយភ្លែតទេ មិនដល់ ១០នាទីផង ក៏ត្រូវឆ្មាំពន្ធនាគារ បង្គាប់ឲ្យបញ្ឈប់ការសន្ទនា។
កញ្ញា ថា ការសន្ទនាគ្នានោះទៀតសោត ត្រូវមានឆ្មាំ ២នាក់ ចាំស្ដាប់ និងកត់ត្រា រាល់ពាក្យសំដី ដែលធ្វើឲ្យពួកគេទើសទាល់ និងមិនអាចសួរ ឬជជែកគ្នាអស់សេចក្ដីឡើយ។ ទោះយ៉ាងណា លោក ហ៊ុន វណ្ណៈ ផ្ដាំផ្ញើឲ្យក្រុមយុវជនខ្មែរថាវរៈ តស៊ូទៅមុខទៀត ដើម្បីធ្វើសកម្មភាពទាមទារយុត្តិធម៌សង្គម ហើយកុំបារម្ភ ខណៈលោកនៅក្នុងពន្ធនាគារ បន្តប្ដេជ្ញាចិត្តថា នឹងតស៊ូរស់នៅដោយមិនតក់ស្លុតនោះឡើយ៖ « គ្រាន់តែប្រាប់ថា ឲ្យពួកខ្ញុំរឹងមាំ បន្តធ្វើការបន្តទៀត ហើយគាត់ ក៏ខំតស៊ូរើបម្រាស់ នៅខាងហ្នុងដែរ។ គាត់អត់ព្រមចុះចាញ់ ហើយគាត់ លើកទឹកចិត្តឲ្យពួកខ្ញុំហ្នឹង ខិតខំបន្តធ្វើទៀត កុំតក់ស្លុត កុំភ័យខ្លាច។ បង្ហាញសារ បានតែប៉ិនហ្នឹង ព្រោះសន្តិសុខគេនៅខាងក្រោយហ្នឹង ដល់ពេលអ៊ីចឹង យើងនិយាយសាច់ការអ្វី អត់បានទេ»។
កញ្ញា សូ មេត្តា បន្តទៀតថា ឆ្មាំពន្ធនាគារ បានបង្កការលំបាកច្រើន ក្នុងការចូលទៅសួរសុខទុក្ខ លោក ហ៊ុន វណ្ណៈ។ កញ្ញាថា ឆ្មាំពន្ធនាគារបានដកហូតសៀវភៅធម៌ និងសៀវភៅទាក់ទងនឹងរឿងសង្គម មិនឲ្យយកចូលក្នុងពន្ធនាគារ ទុកឲ្យ លោក ហ៊ុន វណ្ណៈ អាននោះទេ។ ចំណែកម្ហូបអាហារវិញ ក៏មិនអាចយកពីខាងក្រៅទៅឲ្យអ្នកជាប់ឃុំបានដែរ គឺត្រូវទិញម្ហូប លក់ក្នុងបរិវេណពន្ធនាគារ ដែលមានតម្លៃថ្លៃ ទើបអាចផ្ញើចូលឲ្យលោក ហ៊ុន វណ្ណៈ បាន។
រី€ខាងពន្ធនាគារ "ម២" វិញ ឆ្មាំពន្ធនាគារ បានអនុញ្ញាតឲ្យយុវតីចំនួន ២នាក់ ចូលសួរសុខទុក្ខ អ្នកជាប់ឃុំ បានយូរ គឺជាង ១ម៉ោង។ ឆ្មាំពន្ធនាគារ បានអនុញ្ញាតឲ្យកញ្ញា ស កណិកា បានចេញមកជួប ក្រុមយុវជន ឯអ្នកនាង ឈឿន ដារ៉ាវី មិនអនុញ្ញាតទេ ក្រោមហេតុផលថា កំពុងស្ថិតក្នុងស្ថានភាពចត្តាឡឺស័កចំនួន ១៤ថ្ងៃ។
តែយ៉ាងណា សមាជិកក្រុមយុវជនខ្មែរថាវរៈម្នាក់ទៀត កញ្ញា ង៉ឹល ហេន ប្រាប់ថា អ្នកនាង ឈឿន ដារ៉ាវី និង កញ្ញា ស កណិការ ឃុំក្នុងបន្ទប់ជាមួយគ្នា។ កញ្ញា ង៉ឹល ហេន ឲ្យដឹងថា កញ្ញា ស កណិការ ក៏ស្លេកស្លាំងជាងមុនដែរ ហើយឧស្សាហ៍ឈឺ និងកោសខ្យល់ ក្នុងបន្ទប់ឃុំឃាំង ដោយសារក្នុងបន្ទប់នោះ មានអ្នកជាប់ឃុំ ជាឧក្រិដ្ឋជន និងអ្នកទោសគ្រឿងញៀនខ្លះ នាំគ្នាជក់បារី។
កញ្ញា ង៉ឹល ហេន បន្តទៀតថា ប៉ុន្មានថ្ងៃនេះ ឆ្មាំពន្ធនាគារ បានរឹតត្បិត កញ្ញា ស កណិការ និង អ្នកនាង ឈឿន ដារ៉ាវី ខ្លាំង មិនអនុញ្ញាតឲ្យបានចេញក្រៅបន្ទាប់ ធ្វើលំហាត់ប្រាណទេ ម្ល៉ោះហើយ ទើបពួកគេទាំងពីរនាក់ ឧស្សាហ៍ឈឺ និងស្លេកស្លាំង ជាងមុន៖ «ហើយប៉ុន្មានថ្ងៃនេះ លឺគាត់និយាយថា មានការផ្លាស់ប្ដូរអ្នកយាម។ អ្នកយាមដែលចូលមកថ្មី គឺបិទបាំងសិទ្ធិសេរីភាពរបស់គាត់មែនទែន រយៈពេល៥ថ្ងៃនេះ គឺអត់ឲ្យមានការដើរទៅណាទាំងអស់។ អត់ឲ្យចេញក្រៅបន្ទប់ ទៅហាលខោអាវអ្វីក៏អត់។ សូម្បីដាក់ជើងមកក្រៅ ក៏ដេញឲ្យដាក់ជើងចូលទៅក្នុងវិញដែរ។ ធ្វើឲ្យគាត់មានការហត់ ធ្វើឲ្យគាត់ មានសុខភាពអត់ស្រួល នៅពេលដែលយើងឃុំឃាំងនៅក្នុងបន្ទប់រយៈពេល៥ថ្ងៃ បិទជិត ហើយសូម្បីតែបាយញ៉ាំ ក៏ដាក់តាមប្រឡោះ ហើយប្រៀបធៀបជីវិតដូចទៅហ្នឹងសត្វណា រយៈពេល៥ថ្ងៃហ្នឹង។ ក្រោយមក នៅថ្ងៃនេះ គឺអ្នកដែលយាមចាស់ គេចូលត្រលប់ទៅវិញ។ អ៊ីចឹង គាត់គ្រាន់តែឃើញអ្នកយាមចាស់ហ្នឹង គាត់សប្បាយរីករាយ ថា បានសិទ្ធិសេរីភាពវិញ ខ្លះហើយ»។
ឆ្លើយតប ករណីនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា លើកឡើងថា ជាគោលការណ៍ គឺមិនអនុញ្ញាត ឲ្យអ្នកជាប់ឃុំ ជក់បារី នៅក្នុងបន្ទប់ឃុំឃាំងនោះទេ។ ប៉ុន្តែ លោក មិនប្រាកដថា នៅមណ្ឌលកែប្រែ "ម២" បានអនុវត្តបានកម្រិតណាទេនោះឡើយ ដោយលោកសន្យាថា នឹងពិនិត្យមើលករណីនេះ។
ចំណែកការអនុញ្ញាតឲ្យអ្នកសួរសុខទុក្ខ អាចចូលជួបបានរយៈពេលខ្លីនោះ មន្ត្រីនាំពាក្យពន្ធនាគាររូបនេះ ពន្យល់ថា ដោយសារ ការបារម្ភពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ទើបខាងពន្ធនាគារ កាត់បន្ថយកន្លែង សួរសុខទុក្ខអ្នកជាប់ឃុំ ម្ដង ៤នាក់ មកត្រឹមម្ដងម្នាក់វិញ ម្ល៉ោះហើយ ធ្វើឲ្យចំនួនអ្នកមកសួរសុខទុក្ខអ្នកជាប់ឃុំ មានគ្នាច្រើន ហើយត្រូវកាត់បន្ថយពេលវេលាខ្លះ។ ម្យ៉ាងទៀត ដោយសារការសួរសុខទុក្ខខ្លះ ចំថ្ងៃឈប់សម្រាក ជាដើម៖ « អ៊ីចឹង អាការណ៍រឹតត្បិត ក្នុងការជួបហ្នឹង គឺយើងអនុវត្តតាមគោលការណ៍របស់ក្រសួង ដើម្បីទប់ស្កាត់ជំងឺឆ្លងពីក្រៅ ពីព្រោះយើងអត់អាចធ្វេសប្រហែលបានទេ ហើយម្យ៉ាងវាចំពេលម្នាក់ៗ គេឈប់។ អ៊ីចឹងទៅ យើងបែងចែក យើងលៃមន្ត្រីប្រចាំការម៉ោងសូន្យ ម៉ោងអ្វីហ្នឹង វាខើច ហើយសម្រាប់ថ្ងៃធម្មតាវិញនោះ យើងរែងឲ្យស្មើគ្នាឡើងវិញ ហើយឲ្យបានជួបយូរជាងមុន។ ធ្វើម្ដេចទៅតាមគោលការណ៍ ការទប់ស្កាត់កូវីដដែរ»។
នាយករង ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស នៃអង្គការលីកាដូ លោក អំ សំអាត សង្កេតឃើញថា ក្នុងសំណុំរឿងក្ដីទាំងនេះ មានតែមេធាវីទេ ដែលទទួលបានការសន្ទនា ជាលក្ខណៈឯកជន ជាមួយកូនក្ដីក្នុងពន្ធនាគារ ឯក្រុមគ្រួសារ សាច់ញាតិ និងអង្គការសង្គមស៊ីវិល ដែលចូលទៅប្រឹក្សាផ្នែកច្បាប់ ក៏មានមន្ត្រីពន្ធនាគារ ឃ្លាំមើល និងចាំស្ដាប់ ហើយកត់ត្រាការសន្ទនាដែរ។ លោក យល់ថា ខាងពន្ធនាគារគួរតែផ្ដល់សិទ្ធិឲ្យពួកគេ អាចជជែកគ្នា ជាលក្ខណៈឯកជន និងមានពេលវេលាជួបគ្នា យូរជាងនេះ។
លោក អំ សំអាត បន្តថា ទោះជាពន្ធនាគារមានគោលការណ៍មិនជក់បារី ប៉ុន្តែករណីជាក់ស្ដែង តាមបន្ទប់ឃុំឃាំងពិតជាមានការជក់បារីពិតមែន។ លោកជំរុញឲ្យអគ្គនាយកដ្ឋានពន្ធនាគារ គួរតែពិនិត្យករណីជក់បារី តាមបន្ទប់ឃុំឃាំងឲ្យមានល្អប្រសើរជាងនេះ៖ « ជាទូទៅ ទោះបីយើងឃើញថា នៅក្នុងច្បាប់លើកលែងមេធាវី ឬក៏អ្នកដែលមានសិទ្ធិ ក្នុងការជួយទៅលើជនជាប់ចោទ ដែលអាចធ្វើជាសម្ងាត់បានក៏ដោយ ក៏ប៉ុន្តែ វាគួរតែផ្ដល់ឱកាសសម្រាប់ក្រុមគ្រួសារ ដែលគាត់ជួប អ្នកដែលជាប់គុកហ្នឹង ក្នុងការគាត់មានឱកាស ក្នុងការនិយាយដោយសេរី សួរសុខទុក្ខគ្នា ដោយសេរី។ តែជាការកត់សម្គាល់ ខ្ញុំឃើញថា រយៈពេលចុងក្រោយនេះ មែន មិនថាតែ ក្រុមគ្រួសារទេ សូម្បីតែមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនហ្នឹង ក៏នៅពេលដែលជួបសួរសុខទុក្ខអ្វីហ្នឹង ឬក៏ប្រឹក្សាយោបល់ផ្លូវច្បាប់អ្វី ក៏មានមន្ត្រីអង្គុយមើល ឬក៏ស្ដាប់ នៅហ្នឹងដែរ»។
សមត្ថកិច្ចបានចាប់ខ្លួន កញ្ញា ស កណិកា អ្នកនាង ឈឿន ដារ៉ាវី និង លោក ហ៊ុន វណ្ណៈ ក្រោយពេល ពួកគេ បានធ្វើសកម្មភាពតវ៉ាទាមទារឲ្យដោះលែង តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន នៅមុខតុលាការក្រុងភ្នំពេញ។ តំណាងអយ្យការ បានចោទ យុវជនទាំង ៣នាក់ ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម និងបទរារាំងសមត្ថកិច្ចក្នុងការឆែកឆេរកន្លែងស្នាក់នៅ។ ប៉ុន្តែក្រុមយុវជន និងអង្គការសមាគមឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា ច្រានចោលការចោទប្រកាន់នេះ ដោយអះអាងថា ពលរដ្ឋដែលរងការចាប់ខ្លួន គ្រាន់តែបានប្រើប្រាស់សិទ្ធិមនុស្សជាមូលដ្ឋាន ដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ ក្នុងការសម្ដែងឆន្ទៈ តស៊ូមតិដោយអហិង្សា។
ក្រុមអង្គការជាតិ និងអន្តរជាតិ ទាមទារឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ហើយទទូច ឲ្យតុលាការ ដោះលែងក្រុមអ្នកតវ៉ាទាំងអស់ ដោយឥតលក្ខខណ្ឌ។ ក្រុមយុវជនខ្មែរថាវរៈ ឲ្យដឹងថា អាជ្ញាធរ នៅតែបន្តធ្វើបាបពួកគេ ទោះបីជាអាជ្ញាធរចាប់ឃុំខ្លួនសមាជិកពួកគេ ចំនួនពីរនាក់ហើយក៏ដោយ ជាងនេះទៀតតុលាការបានបិទផ្ទះជួលរបស់ពួកគេ នៅខណ្ឌពោធិ៍សែនជ័យ មិនអាចឲ្យពួកគេ មិនអាចយកទ្រព្យសម្បត្តិចេញបាន ហើយត្រូវចំណាយលុយជួយផ្ទះនៅថ្មី។ បន្ថែមពីនេះ ក្រុមយុវតីទាំងនោះ អះអាងថា នៅតែមានជនស៊ីវិល មិនស្គាល់មុខ បន្តធ្វើសកម្មភាពឃ្លាំមើលពួកគេជានិច្ច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។