ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​ដោយ​រឿង​នយោបាយ​មិន​សប្បាយ​ចិត្ត​នឹង​ធ្វើ​បុណ្យ​ភ្ជុំ​បិណ្ឌ​ដោយ​សមាជិក​កំពុង​ជាប់​ឃុំ

ដោយ សេក បណ្ឌិត
2020-09-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នគរបាល​កំពុង​ដណ្ដើម​យក​ក្រដាស​បដា​ ដែល​សមាជិក​ក្រុម​គ្រួសារ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ តវ៉ា​ទាមទារ​តុលាការ​ឱ្យ​ដោះលែង​ប្ដី និង​ឪពុក​របស់​ពួក​គាត់​ពី​ការ​ឃុំឃាំង​វិញ។
នគរបាល​កំពុង​ដណ្ដើម​យក​ក្រដាស​បដា​ ដែល​សមាជិក​ក្រុម​គ្រួសារ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ តវ៉ា​ទាមទារ​តុលាការ​ឱ្យ​ដោះលែង​ប្ដី និង​ឪពុក​របស់​ពួក​គាត់​ពី​ការ​ឃុំឃាំង​វិញ។
រូប៖ ពលរដ្ឋ

ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​ដោយ​រឿង​នយោបាយ​បង្ហាញ​អារម្មណ៍​ថា ម្នាក់ៗ ហាក់​មិន​សប្បាយ​ចិត្ត​នឹង​ការ​ធ្វើ​បុណ្យ​ភ្ជុំបិណ្ឌ​ដូច​ឆ្នាំ​មុនៗ ឡើយ ដោយសារ​បុណ្យ​ភ្ជុំ​បិណ្ឌ​​នៅ​ឆ្នាំ​នេះ​ពួក​គេ​បាត់បង់​សមាជិក​គ្រួសារ​​សំខាន់ ព្រោះត្រូវ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​គ្រួសារ​ពួក​គេ​ដាក់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ និង​ការ​បញ្ចេញ​មតិ​ពាក់ព័ន្ធ​នឹង​យុត្តិធម៌​សង្គម។

រដូវ​បុណ្យ​បុណ្យ​ភ្ជុំបិណ្ឌ គឺ​ជា​បុណ្យ​សំខាន់​មួយ​ក្នុង​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ ដែល​ពលរដ្ឋ​តែងតែ​ប្រារព្ធ​មិន​សូវ​ដែល​ខកខាន​ឡើយ។

ជារៀងរាល់​ឆ្នាំ​ពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី ទោះ​បី​នៅ​ជិត ក៏​ឆ្ងាយ​យ៉ាង​ណា​ក្តី ក៏​ស្កាត់​ជួប​គ្នា ដើម្បី​ធ្វើ​បុណ្យ​ដោយ​ក្ដី​សប្បាយ​រីករាយ​ដែរ។

ដោយឡែក ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​ដោយ​រឿង​នយោបាយ និង​ការ​បញ្ចេញ​មតិ​ពាក់ព័ន្ធ​នឹង​យុត្តិធម៌​សង្គម​​ភាគ​ច្រើន​មិន​បាន​ចូលរួម​ប្រារព្ធ​បុណ្យ ភ្ជុំ-បិណ្ឌ នៅ​ឆ្នាំ​នេះ​ឲ្យ​បាន​ពេញលេញ​នោះ​ទេ ដោយសារ​ខ្វល់ខ្វាយ​ខ្លាំង​នឹង​សមាជិក​កំពុង​ជាប់​ឃុំ​ ដែល​ពួក​គាត់​ចាត់​ទុក​ថា ជា​ការ​ចាប់​ចង​យក​ទៅ​ដាក់​គុក​ឲ្យ​ព្រាត់​ប្រាស់​គ្រួសារ​ទាំង​អយុត្តិធម៌​បំផុត នៅ​មុន​ពិធី​បុណ្យ​ចូល​មក​ដល់។

លោកស្រី សេង ចាន់ថន ជា​ភរិយា​របស់​លោក ស៊ុន ធន់ ជា​មន្ត្រី​ថ្នាក់​មូលដ្ឋាន នៃ​គណបក្ស​ប្រឆាំង​ប្រចាំ​ខេត្ត​កំពង់ធំ ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​កាល​ពី​ពេល​ថ្មី​នេះ បាន​បង្ហាញ​អារម្មណ៍​​សោកសៅ​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ។

លោកស្រី​មានប្រសាសន៍ថា រូប​គាត់ និង​កូន បាន​ទៅ​វត្ត​ធ្វើ​បុណ្យ​ខ្លះ​ដែរ តែ​មិន​បាន​ច្រើន​វត្ត ឬ​ដង​ដូច​រាល់​ឆ្នាំ​ឡើយ ព្រោះ​រវល់​ធ្វើ​បាយ​ម្ហូប​ទៅ​សួរ​សុខ​ទុក្ខ​ប្ដី​នៅ​ពន្ធនាគារ​ព្រៃ​ស ឲ្យ​បាន​មុន​ភ្ជុំបិណ្ឌ​ផង និង​ខ្វះខាត​ថវិកា​ផង តែ​រឿង​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​គាត់​គ្មាន​អារម្មណ៍​ហ្នឹង​ន​នៅ​ក្នុង​ខ្លួន​សោះ​ឡើយ​​ក្នុង​ការ​ធ្វើ​បុណ្យ​ទាន​ឡើយ។

លោកស្រី​បន្ត​ថា បើ​ទោះ​ជា​បាន​ទៅ​ធ្វើ​បុណ្យ​ក៏​ពិត​មែន ក៏​ទៅ​ទាំង​ឈឺ​ចាប់​​ដោយសារ​ប្តី​ជាប់​ឃុំ​ទាំង​អយុត្តិធម៌​ មិន​បាន​មក​ចូលរួម​ធ្វើ​បុណ្យ​រួម​គ្នា​ជាមួយ​សាច់​ញាតិ បងប្អូន កូន ប្រពន្ធ ដូច​រាល់​ឆ្នាំ​នោះ​ឡើយ៖ «និយាយ​ទៅ​សោក​ស្ដាយ​បំផុត​តែ​ម្ដង… គេ​គ្រប់​គ្នា​មាន​គ្រួសារ​ទៅ​វត្ត​ជួបជុំ​គ្នា សប្បាយ​រីករាយ តែ​ចំណែក​ខ្ញុំ មាន​អារម្មណ៍​មួយ ឈឺចាប់ មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ ហើយ​ពួក​យើង​ស្រណោះ​គាត់​ ចង់​ឲ្យ​គាត់​មក​ចូលរួម​ជាមួយ​ពួក​យើង​ដែរ»

លោក ស៊ុន ធន់ ជា​គ្រូ​បង្រៀន និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី១ មិថុនា ឆ្នាំ២០២០។ តុលាការ​បាន​ចោទ​លោក​ពី​បទ​​​​​​រួម​គំនិត​ក្បត់​ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ និង​ញុះញង់​មិន​ឲ្យ​យោធា​ស្ដាប់​បង្គាប់។

ចំណែក​ភរិយា​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា គឺ​លោកស្រី ប៉ាត់ រស្មី វិញ លោកស្រី ក៏​មាន​អារម្មណ៍​ចាប់​ខ្លាំង​ណាស់​ដែរ ដោយ​រដូវ​បុណ្យទាន​មក​ដល់ បែរ​ជា​បាត់​មុខ​ប្ដី​ជា​ទី​ស្រឡាញ់ ដោយ​ត្រូវ​គេ​ចាប់​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​ទៅ​វិញ។ ភាព​សប្បាយ​រីករាយ​ដែល​ធ្លាប់​កើត​មាន​ពេល​ទៅ​ធ្វើ​បុណ្យ​ដាក់​ទាន​រួម​គ្នា ទៅ​លេង​ស្រុក​កំណើត​ជួប​ជុំ​បង​ប្អូន​ជីដូន​ជីតា ដូច​រាល់​ដង​នោះ គឺ​ត្រូវ​រលាយ​បាត់​អស់​នៅ​ឆ្នាំ​នេះ៖ «ខ្ញុំ​អត់​ទាន់​បាន​ទៅ​វត្ត​ទេ ណា​មួយ​អារម្មណ៍​អត់​ចង់​ទៅ​ដែរ ព្រោះ​ពិបាក​ចិត្ត​ពេក ដោយ​ធ្លាប់​មាន​គាត់​ទៅ​ជាមួយ​យើង​នៅ​ក្បែរ​យើង​ពេល​បុណ្យទាន​បាន​ជួបជុំ​គ្នា។ តែ​ឆ្នាំ​នេះ​អត់ ខ្ញុំ​មាន​អារម្មណ៍​ឈឺ​ចាប់​ណាស់»។

លោកស្រី​ឲ្យ​ដឹង​ទៀត​ថា មកដល់ពេលនេះ រូប​គាត់​អត់​ទាន់​ដែល​បាន​ទៅ​ជួប​មុខ​ប្ដី​នៅ​ពន្ធនាគារ​ម្ដង​ណា​ឡើយ និង​មិន​បាន​ទៅ​ធ្វើ​វត្ត​ធ្វើ​បុណ្យទាន​អ្វី​នឹង​គេ​ឡើយ ព្រោះ​មាន​អារម្មណ៍​អត់​សប្បាយ​ចិត្ត ម្យ៉ាង​គាត់​នៅ​ជាប់​រវល់​មើល​កូន​តូច​អាយុ​ទើប​បាន ៧ខែ​ប៉ុណ្ណោះ៖ «ខ្ញុំ​មាន​ការ​សោក​ស្ដាយ​មែនទែន ដែល​ប្តី​ជាប់​ពន្ធនាគារ​ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ ពេល​នេះ​ខ្ញុំ​មាន​តែ​ការ​ឈឺចាប់ ដូច​ដឹង​ស្រាប់​ហើយ​ថា របប​នេះ​ពិត​ជា​ពិបាក​មែនទែន»

លោក ថុន រដ្ឋា ជា​សកម្មជន​នៃ​ក្រុម​យុវជន​មាតា​ធម្មជាតិ ត្រូវ​អាជ្ញាធរ​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី៣ ខែ​កញ្ញា ដោយ​សមត្ថកិច្ច​ចោទប្រកាន់​ ពី​ការ​បង្កើត​ស្ទូឌីយ៉ូ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​ខុស​ច្បាប់​អនុញ្ញាត​បញ្ចេញ​ព័ត៌មាន​ពី​ក្នុង​ប្រទេស​ទៅ​ក្រៅ​ប្រទេស។

ដោយឡែក លោក រ៉ុង វិជ្ជា ក្មួយ​ប្រុស​បង្កើត​របស់ លោក រ៉ុង ឈុន ក៏​មាន​ការ​សោក​ស្ដាយ​ដែរ ដែល​តុលាការ​មិន​បាន​ដោះលែង លោក រ៉ុង ឈុន ​ឲ្យបាន​ក្រៅ​ឃុំ​បណ្ដោះអាសន្ន តាម​ការ​ស្នើសុំ​របស់​មេធាវី និង​ក្រុម​គ្រួសារ ដើម្បី​ឲ្យ​គាត់​បាន​ចូលរួម​ធ្វើ​បុណ្យ​ទាន​ជាមួយ​ក្រុម​គ្រួសារ និង​សហការ​ រក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​ជុំវិញ​រឿង​ក្ដី​ចោទ​ប្រកាន់​រូប​លោក​នោះ «ចំពោះ​យើង​ជា​សាច់​ញាតិ​ពិត​ជា​មាន​ការ​លោក​ស្ដាយ ហើយ​ចង់​ឲ្យ​គាត់​បាន​មក​នៅ​ក្រៅ​ឃុំ​ជួប​ជុំ​គ្រួសារ​បាន​ធ្វើ​បុណ្យ​ធ្វើ​ទាន​រួម​គ្នា ដូច​ជា នៅ​ក្នុង​ពិធី​បុណ្យ ភ្ជុំបិណ្ឌ​ជា​ដើម ពីព្រោះ​អ្វីៗ ដែល​លោក​គ្រូ រ៉ុង ឈុន បាន​ធ្វើ គឺ​មិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ»

លោក រ៉ុង ឈុន ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា​ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាល​ពី​​យប់​ថ្ងៃ​ទី៣១ ខែ​កក្កដា។ ការ​ចាប់​ខ្លួន​នេះ ដោយសារ​តែ​លោក​​និយាយ​អំពី​បញ្ហា​កសិករ​ខ្មែរ​បាត់​ដី​នៅ​តាម​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម នៅ​ខេត្ត​ត្បូងឃ្មុំ។

ចំណែក​ក្រុម​គ្រួសារ​របស់​អ្នក​ជាប់​ឃុំ​ដទៃ​ទៀត ក៏​បាន​បង្ហាញ​អារម្មណ៍​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ។

ទោះ​បី​យ៉ាង​ណា​ក្តី លោកស្រី សេង ចាន់ថន ជា​ភរិយា​របស់​លោក ស៊ុន ធន់ អំពាវនាវ ឲ្យ​គ្រួសារ​អ្នក​ជាប់​ឃុំ​ទាំង​អស់​ខិតខំ​ថែ​រក្សា​សុខភាព​ឲ្យ​បាន​ល្អ និង​ពង្រឹង​ស្មារតី​ឲ្យ​បាន​រឹងមាំ ដើម្បី​តស៊ូ​មតិ​ទាមទារ​រក​យុត្តិធម៌​បន្ត​ទៀត នៅ​ក្រោយ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​បាន​បញ្ចប់៖ «ខ្ញុំ​សូម​ផ្ដែផ្ដាំ​ទៅ​ពួក​គាត់​ទាំង​អស់​គ្នា​ឲ្យ​តស៊ូ​ឡើង សូម​អត់ធ្មត់​តស៊ូ​ទៅ​មុខ ហើយ​ទៅ​វត្ត​ធ្វើ​សូម​ក្រុម​គ្រួសារ​មាន​សេចក្ដី​សុខ​ទាំង​អស់​គ្នា»

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល