មនុស្ស ៥នាក់បានស្លាប់ និងរងរបួស ៤នាក់ ក្នុងហេតុការណ៍រលំដងសន្ទូចសំណង់អាគារក្រុមហ៊ុន ដឹ ផាក ស៊ីធី (The park City) នៅភូមិគីឡូ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១២ សីហា។
ចៅសង្កាត់ផ្សារកណ្ដាល លោក ស្រិល អិន ប្រាប់អាស៊ីសេរីនៅមុននេះបន្តិចថា ក្រុមហ៊ុនមួយនេះបានស្ទូចផ្ទាំងថ្មធ្វើសំណង់អាគារ ទម្ងន់ប្រមាណ ៧តោន (៧.០០០) ហើយបានរំលំដងសន្ទូចធ្លាក់ចំប្រជាពលរដ្ឋដែលកំពុងអង្គុយនៅក្នុងផ្ទះរបស់គាត់ នៅជាប់ការដ្ឋានសំណង់នេះ។ លោកបញ្ជាក់ថា បច្ចុប្បន្នអាជ្ញាធរបានដឹកសាកសពទាំងនោះ តម្កល់ទុកនៅវត្តម៉ុងចិន សង្កាត់ផ្សារកណ្ដាល ដើម្បីរង់ចាំសាច់ញាតិនាំយកទៅធ្វើបុណ្យនៅផ្ទះរៀងៗ ខ្លួន។ ចំណែកអ្នករងរបួស អាជ្ញាធរបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន ស្រុកមង្គលបូរី។
លោកឱ្យដឹងថា ក្រុមហ៊ុនដែលបង្កគ្រោះថ្នាក់បណ្ដាលឱ្យពលរដ្ឋស្លាប់នេះ មានម្ចាស់ជាជនជាតិខ្មែរ ប៉ុន្តែលោកមិនស្គាល់ឈ្មោះអ្វីនោះទេ។ លោកបន្ថែមថា ក្រុមហ៊ុនបានសង់បូរីផ្ទះល្វែងសម្រាប់លក់និងជួល ហើយទើបតែសាងសង់បាន ៦បន្ទប់ប៉ុណ្ណោះ។ រហូតមកទល់ព្រលប់ថ្ងៃទី១២ សីហា អាជ្ញាធរមិនទាន់បញ្ជាក់ពីសំណងដល់ជនរងគ្រោះយ៉ាងណានៅឡើយទេ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។