រដ្ឋាភិបាល​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​គោរព​ច្បាប់​ចរាចរណ៍ និង​ទប់​ស្កាត់​ការ​រាលដាល​នៃ Covid-១៩ ក្នុង​អំឡុង​ពេល​ឈប់​សម្រាក ៥ថ្ងៃ

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន​ អំពាវនាវ​ឱ្យ​ប្រជា​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​​ និង​ការ​ពារ​ខ្លួន​ប្រយ័ត្ន​ឆ្លង​ជំងឺ​កូវីដ-១៩ ក្នុង​ពិសេស​ក្នុង​ដំណើរ​កម្សាន្ត​ ទៅ​កាន់​ទី​រមណីយដ្ឋាន​នានា ក្នុង​ឱ​កាស​ឈប់​សម្រាក​ប្រាំ​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី១៧ ដល់​ថ្ងៃ​ទី២១ ខែ​សីហា​ ជា​ថ្ងៃ​ឈប់​សម្រាក​ជំនួស​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​​នោះ។ ទន្ទឹម​គ្នា​នេះ គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ក៏​បាន​ចេញ​សេចក្តី​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ​ត្រូវ​ពាក់​មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹម​ត្រូវ​ មិន​ត្រូវ​បើក​បរ​ហួល​ល្បឿន​កំណត់​ មិន​ត្រូវ​បើក​បរ​ក្នុង​ពេល​ស្រវឹង​ ត្រូវ​គោរព​សិទ្ធិ​អាទិភាព​ក្នុង​ការ​បើក​បរ​ និង​ត្រូវ​ពាក់​ខ្សែ​ក្រវាត់​ជានិច្ច​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​យាន​យន្ត ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដង​ផ្លូវ និង​ផាក​ពិន័យ​ធ្ងន់ធ្ងរ​តាម​ច្បាប់។

នៅ​ថ្ងៃ​ដំបូង​នៃ​ថ្ងៃ​ឈប់​សម្រាក​នេះ គេ​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​មិន​សូវ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​តំបន់​ទេសន៍​នានា ច្រើន​កុះករ​ដូច​ឆ្នាំ​កន្លង​មក​នោះ​ទេ ដោយ​អ្នក​ខ្លះ អះអាង​ថា បារម្ភ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ-១៩ និង​ខ្លះ​ខ្វះខាត​ជីវភាព​ក្នុង​ពេល​វិបត្តិ​ជំងឺ​កូវីដ។ ចំណែក​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​តំបន់​ទេសចរណ៍​មួយ​ចំនួន ហាក់​មិន​សូវ​មាន​ការ​ប្រុងប្រយ័ត្ន​ពី​ជំងឺ​កូវីដ​ និង​រក្សា​គម្លាត​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ។

ប្រធាន​សមាគម​មគ្គុទ្ទេសក៍​អង្គរ ខៀវ ធី បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​​ឈប់​សម្រាក​រយៈ​ពេល ៥ថ្ងៃ​នេះ​អាជ្ញាធរ​ក្រុង​សៀម​រាប​ បាន​រៀប​សណ្ដាប់​ធ្នាប់ និង​រៀប​ចំ​ឲ្យ​មាន​សំ​ភារៈ​ការពារ​ជំងឺ​កូវីដ-១៩ គ្រប់​ទី​កន្លែង​កម្សាន្ត​ទូទៅ​ក្នុង​ក្រុង​ និង​ភោជនីយដ្ឋាន​នានា​ផង​ដែរ​ លើក​លែង​តែ​ទី​កន្លែង​កម្សាន្ត​ឯកជន​ និង​អាហារដ្ឋាន​ឯកជន​តូច​ៗ​មួយ​ចំនួន​ មិន​មាន​ការ​រៀប​ចំ ​ការពារ​ជំងឺ​កូវីដ-១៩​ឲ្យ​បាន​សមរម្យ​នោះ​ទេ៖ «ពិធី​ឈប់​សម្រាក​បុណ្យ​សង​ចូល​ឆ្នាំ​នេះ មាន​រក្សា​ដាក់​គម្លាត​សុវត្ថិភាព ពាក់​ម៉ាស់ ពាក់​របាំង​មុខ​ការពារ ហើយ​ដាក់​ថ្នាំបាញ់​សម្អាតជា​សាធារណៈ​ដែរ។ ប៉ុន្តែ​វា​ស៊ីសង​លើ​​បុគ្គល​ទេ បុគ្គល​ខ្លះអត់​ចង់​ប្រើ ប៉ុន្តែ​បើ​ចូល​ក្នុង​ហ្សូន (zone) ដូច​ថា ផ្សារ​ ជិះទូក​កម្សាន្ត​តាម​មាត់​ស្ទឹង គឺ​ត្រូវ​តែ​អនុវត្ត​វិធាន​ការពារ​ហ្នឹង»។

គិតត្រឹមថ្ងៃទី១៧ ខែសីហា អ្នក​ផ្ទុក​ជំងឺ​កូវីដ​នៅ​កម្ពុជា មាន​ចំនួន​សរុប ២៧៣នាក់ ក្នុង​នោះ​មាន​​អ្នក​ជា​សះ​ស្បើយ​មាន​ចំនួន ២៣៨ ចំណែក ​អ្នក​សម្រាក​ព្យាបាល​មាន​ចំនួន ៣៥នាក់៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។