ប៉ូលិសបានបញ្ជូនព្រះសង្ឃខ្មែរថាវរៈមួយអង្គ គឺព្រះតេជគុណ កើត សារាយ និងអនុប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក មាន ព្រហ្មមុនី ទៅឃុំខ្លួននៅពន្ធនាគារព្រៃសហើយនៅរសៀលថ្ងៃទី៧ កញ្ញា ពាក់ព័ន្ធនឹងរឿងគម្រោងដឹកនាំប្រជាពលរដ្ឋតវ៉ានៅទីលានប្រជាធិបតេយ្យស្វែងរកយុត្តិធម៌សង្គម។ មន្ត្រីសង្គមស៊ីវិល ចាត់ទុករឿងនេះ ថា ជាការគំរាមកំហែងបិទសិទ្ធិសេរីភាពសម្ដែងរបស់ប្រជាពលរដ្ឋដោយខុសច្បាប់។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី៧ កញ្ញាថា តុលាការបានចោទប្រកាន់ ព្រះអង្គ កើត សារាយ និង លោក មាន ព្រហ្មមុនី ពីបទញុះញង់ឱ្យបង្កភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ទោះជាយ៉ាងណា លោកមិនបញ្ជាក់ថា ព្រះតេជគុណ កើត សារ៉ាយ ត្រូវបានចាប់ផ្សឹក មុនបញ្ជូនទៅតុលាការ និងឃុំខ្លួនឬយ៉ាងណានោះទេ ប៉ុន្តែមេប៉ូលិសរូបនេះ និយាយដោយចោទប្រកាន់ថា ព្រះតេជគុណ កើត សារ៉ាយ មិនមែនជាព្រះសង្ឃនោះទេ។
លោកបន្ថែមទៀតថា ប៉ូលិសបានបញ្ជូនអ្នកទាំង២ទៅឃុំនៅពន្ធនាគារព្រៃសហើយ នៅរសៀលថ្ងៃទី៧កញ្ញា៖ «ដោយឡែក កើត សារាយនេះ មិនមែនលោកសង្ឃទេ លោកឯងសួរថាប៉ូលិសចាប់លោកសង្ឃនឹងវាខុសណា។ ប៉ូលិសបានឃាត់ខ្លួនហើយ និងបញ្ជូនទៅតុលាការអស់ហើយ និងបានបញ្ជូនទៅពន្ធនាគារហើយ » ។
អាជ្ញាធររបបក្រុងភ្នំពេញ និងមន្ត្រីសង្ឃ បានចូលចាប់ព្រះកាយព្រះតេជគុណ កើត សារ៉ាយ និងលោក មាន ព្រហ្មមុនី នៅក្នុងទីស្នាក់ការរបស់សមាគមនិស្សិតបញ្ញវន្តខ្មែរ ស្ថិតនៅជាប់ផ្សារស៊ីខេ(CK Market) ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៦ កញ្ញា។ ព្រះសង្ឃអង្ករនេះ និង លោក មាន ព្រហ្ម មុនី ត្រូវបានឃុំនៅស្នងការនគរបាលរាជធានីភ្នំពេញអស់មួយយប់ មុននឹងបញ្ជូនទៅសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៧ កញ្ញា។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ព្រះអង្ក កើត សារាយ និងលោក មាន ព្រហ្ម មុនី មានគម្រោងធ្វើបាតុកម្មដោយសន្តិវិធី ដើម្បីទាមទាររកយុត្តិធម៌សង្គម គឺជាសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ គឺមិនខុសច្បាប់ឡើយ។ លោក ចាត់ទុកការចាប់ខ្លួននេះ ថា ជាការគំរាមកំហែងនិងរឹតត្បិតសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋដោយខុសច្បាប់៖ «ពាក្យញុះញង់ឱ្យមានភាពវឹកវរនៅក្នុងសង្គមយើងឃើញថា ជាការចោទប្រកាន់ជាបន្តបន្ទាប់។ ប៉ុន្តែយើងឃើញថាហេតុផលនៃការចោទប្រកាន់ទាំងអស់នេះវាមិនសមទៅនឹងអង្គហេតុនៃការប្រព្រឹត្តរបស់ពួកគាត់ទេ។ បើសិនជាចេតនាដូចដែលខ្ញុំបានជម្រាប គឺអ្នកទាំងអស់បានព្យាយាមស្នើសុំច្បាប់ពីអាជ្ញាធរហើយ ហើយបើច្បាប់ផ្ដល់សិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋឱ្យមានសិទ្ធិទាមទារតវ៉ាដោយសន្តិវិធីហើយបែរជាអាជ្ញាធរមិនគោរពច្បាប់ ដោយប្រើវិធានផ្សេងៗ ចាត់វិធានការទៅលើពួកគាត់វិញ វាជាអំពើខុសច្បាប់ទៅវិញទេបាទ » ។
ការចាប់ខ្លួននេះ បន្ទាប់ពីព្រះអង្គ កើត សារាយ និងលោក មាន ព្រហ្ម មុនី មានគម្រោងដឹកនាំប្រជាពលរដ្ឋ កម្មករ និងយុវជន ចូលរួមធ្វើបាតុកម្មទាមទារឱ្យមានយុត្តិធម៌សង្គម នៅទីលានប្រជាធិបតេយ្យចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ កញ្ញា។ គម្រោងតវ៉ានេះ ដោយសារតែព្រះសង្ឃអង្គនេះ និងអ្នកទាំងនោះ មិនពេញចិត្ត ចំពោះអាជ្ញាធរចាប់ខ្លួនប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន សកម្មជននយោបាយ និងសកម្មជនសង្គមចំនួន ២៣នាក់ដាក់ពន្ធនាគារដោយអយុត្តិធម៌។ មន្ត្រីសិទ្ធិ មនុស្ស លោក ស៊ឹង សែនករុណា និយាយថា ការចាប់ខ្លួននេះនឹងធ្វើឱ្យកម្ពុជាមានឈ្មោះកាន់តែអាក្រក់នៅលើឆាកអន្តរជាតិ។លោកសូមសំណូមពរឱ្យតុលាការដោះលែងអ្នកទាំងនោះវិញ និងជំរុញឱ្យរដ្ឋាភិបាលបើកទូលាយឱ្យប្រជាពលរដ្ឋបានចូលរួមសម្ដែងមតិដោយសន្តិវិធី ដើម្បីឱ្យពលរដ្ឋបានប្រើប្រាស់សិទ្ធិសេរីភាពសម្ដែងមតិឱ្យបានពេញលេញឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។