កម្មករ​រោងចក្រ SEPIA ជិត ២០០នាក់ ហែ​ក្បួន​តវ៉ា​ទៅ​ក្រសួង​ការងារ​រក​អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រឱ្យ​​ទូទាត់​ប្រាក់​ឈ្នួល​គ្រប់​ចំនួន

ដោយ ខែ សុណង
2020-08-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រារាំង​កម្មករ​រោងចក្រ SEPIA (CAMBODIA) GARMENT CO.,Ltd. នៅ​ថ្ងៃ​ទី១២ ខែ​សីហា ឆ្នាំ២០២០ មិន​ឱ្យ​ដើរ​ហែ​ក្បួន​ទៅ​ក្រសួង​ការងារ​រក​អន្តរាគមន៍​ឲ្យ​ថៅកែ​រោងចក្រ​ទូទាត់​ប្រាក់​ឈ្នួល​គ្រប់​ចំនួន។
អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រារាំង​កម្មករ​រោងចក្រ SEPIA (CAMBODIA) GARMENT CO.,Ltd. នៅ​ថ្ងៃ​ទី១២ ខែ​សីហា ឆ្នាំ២០២០ មិន​ឱ្យ​ដើរ​ហែ​ក្បួន​ទៅ​ក្រសួង​ការងារ​រក​អន្តរាគមន៍​ឲ្យ​ថៅកែ​រោងចក្រ​ទូទាត់​ប្រាក់​ឈ្នួល​គ្រប់​ចំនួន។
រូប៖ កម្មករ

កម្មករ​រោងចក្រ​សឺ​ពី​យ៉ា ជិត ២០០នាក់ នាំគ្នា​ហែ​ក្បួន​តវ៉ា​ជាថ្មី​ម្ដង​ទៀត ឆ្ពោះ​មកកាន់​ក្រសួង​ការងារ​នៅ​ថ្ងៃ​ទី១២ សីហា​នេះ ដើម្បី​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ថៅកែ​រោងចក្រ​ទូទាត់ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថ​ប្រយោជន៍ឲ្យ​ពួក​គេ​វិញ។ ការ​ហែ​ក្បួន​តវ៉ា​របស់​កម្មករ​នេះ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រារាំង​នៅ​ចំណុច មុខ​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ ដោយ​អាជ្ញាធរ​ឲ្យ​កម្មករ​ជិះ​ឡាន​ទៅ​ទាមទារ​នៅ​មុខ​ក្រសួង​ការងារ​វិញ។

តំណាង​កម្មករ​រោងចក្រ​សឺ​ពី​យ៉ា (SEPIA (CAMBODIA​) GARMENT CO​.,LTD​) លោកស្រី លឹម ប៉ាវី ឲ្យ​អាស៊ី​សេរី​ដឹង​ថា ថៅកែ​រោងចក្រ​បាន​សន្យា​បើកប្រាក់ខែ​ជូន​កម្មករ​ចំនួន ២ដង​ក្នុង​មួយ​ខែ គឺ​នៅ​ថ្ងៃ​ទី២៥ ម្តង និង​ថ្ងៃ​ទី១០ ម្តង តែ​ថៅកែ​រោងចក្រ​បាន​បើកឲ្យ​កម្មករ​តែ​ម្ដង​ប៉ុណ្ណោះ ក្នុង​មួយ​ខែ ដែល​ស្មើនឹង ៥០% ហើយ​ពុំ​ទូទាត់​សង​ប្រាក់​ដែល​នៅសល់​នោះ​ទេ។ ពួក​គេ​តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​នេះ ទូទាត់ប្រាក់​ខែ​ជូន​ពូក​គេ​ឲ្យ​គ្រប់​ចំនួន និង​ទូទាត់ប្រាក់​បំណាច់​ឆ្នាំ​ជូន​ពួក​គេ​វិញ។ ក្រុម​កម្មករ​បាន​មកដល់​ក្រសួង​ការងារ ហើយ​មន្ត្រី​ក្រសួង​ការងារ​បាន​ចេញ​មក​សួរនាំ​ជុំវិញ​វិវាទ​នេះ។

កម្មករ​រោងចក្រ​សឺ​ពី​យ៉ា (SEPIA (CAMBODIA​) GARMENT CO​.,LTD​) មួយ​រូប​ទៀត លោកស្រី សូ សា​ម៉េ​ន បាន​ត្អូញត្អែរ​ពី​ផល​លំបាក​ថា ថៅកែ​បាន​បញ្ចុះបញ្ចូល​ឲ្យ​កម្មករ​ធ្វើការ ដោយ​សន្យា​បើកប្រាក់ខែ​ពេញលេញ​ជូន​កម្មករ តែ​ដល់​ថ្ងៃកំណត់ បែរជា​មិន​បើកឲ្យ​ទៅវិញ ដោយ​យកលេស​ថា គ្មាន​ប្រាក់​សង។ លោកស្រី​បន្ត​ថា លោកស្រី​ជួប​ការ​លំបាក​ក្នុង​ជីវភាព​ជា​ខ្លាំង បន្ទាប់ពី​ថៅកែ​បើក​ជូន​កម្មករ​បាន​តែ ៥០% ហើយ​ជំពាក់​កន្លះ​ខែ ដោយ​ចាយ​មិន​គ្រប់ ជំពាក់​បំណុល​ធនាគារ គ្មាន​ប្រាប់​បង់ថ្លៃ​បន្ទប់​ជួល​ជាដើម។

លោកស្រី​សូ សា​ម៉េ​ន លើកឡើង​ទៀត​ថា កម្មករ​-កម្មការិនី​នៅ​រោងចក្រ សឺពីយ៉ា (SEPIA (CAMBODIA) GARMENT CO.,LTD​) ធ្លាប់​ដាក់​ញត្តិ​ជាច្រើនលើក​មក​ហើយ​នៅ​ក្រសួងការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ តែ​ពុំ​ឃើញ​មាន​ដំណោះស្រាយ​ជូន​កម្មករ​នោះ​ទេ៖ «

កម្មករ​ប្រមាណ ៦០០នាក់ ត្រូវ​បាន​ថៅកែ​រោងចក្រ សឺពីយ៉ា (SEPIA (CAMBODIA​) GARMENT CO​.,LTD​) ព្យួរ​ការងារ​រយៈពេល ១ខែ ចាប់​តាំង​ពី​ថ្ងៃ​ទី១៤ ខែ​មេសា ដោយ​កំណត់​ចូល​ធ្វើការ​វិញ នៅ​ថ្ងៃ​ទី១៨ ខែ​ឧសភា ហើយ​ថៅកែ​ទូទាត់ប្រាក់​ជូន​កម្មករ​តែ ៥០%ប៉ុណ្ណោះ ដោយ​ជំពាក់​ប្រាក់​ឈ្នួល​កម្មករ​កន្លះ​ខែ។ ដោយ​បារម្ភ​ខ្លាច​ថៅកែ​លួច​ដឹក​សម្ភារៈ​ចេញពី​រោងចក្រ និង​មិន​ទូទាត់ប្រាក់​ឈ្នួល​សង​កម្មករ ពួក​គេ​បាន​ធ្វើការ​តវ៉ា​ដោយ​ដេក​យាម​នៅមុខ​រោងចក្រ​អស់​រយៈពេល ៤ថ្ងៃ ជាប់គ្នា​ចាប់ពី​ថ្ងៃ​ទី១១ ដល់​ថ្ងៃ​ទី១៥ ខែ​ឧសភា។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ និង​អ្នកនាំពាក្យ​មួយ​រូប​ទៀត​នៃ​ក្រសួង​ការងារ លោក សេង សក្តា ដើម្បី​សាកសួរ​អំពី​ការ​ដោះស្រាយ​វិវាទ​ការងារ​បានទេ នៅ​ថ្ងៃ​ទី១២ សីហា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។

អ្នកគ្រប់គ្រង​កម្មវិធី​នៃ​អង្គការ​សង់​ត្រា​ល់ (CENTRAL​) លោក ឃុន ថា​រ៉ូ ថ្លែង​ថា ក្រសួង​ការងារ​ហាក់​យឺតយ៉ាវ និង​ឆក​ល្វែងក្នុង​ការ​ធ្វើ​អធិការកិច្ច​ចំពោះ​សហគ្រាស គ្រឹះស្ថាន និង​រោងចក្រ​ដែល​ខកខាន​មិនបាន​អនុវត្ត​កាតព្វកិច្ច​ក្នុង​ការ​បើកប្រាក់​ឈ្នួល​ជូន​កម្មករ។ លោក​បន្ត​ថា កន្លងមក ក្រសួង​មិនបាន​បំពេញ​កាតព្វកិច្ច​ឲ្យ​មានប្រសិទ្ធភាព តម្លាភាព ដើម្បី​ធានា​ថា កម្មករ និយោជិត​ទទួល​បាន​លក្ខខណ្ឌ​ប្រសើរ ហើយ​និយោជក​ត្រូវ​បំពេញ​កាតព្វកិច្ច​ផ្លូវច្បាប់​ក្នុង​ការ​ទទួល​ខុស​ត្រូវ​របស់​ពួក​គេ​នោះ​ទេ៖ «

ក្រុម​កម្មករ​រោងចក្រ​សឺ​ពី​យ៉ា (SEPIA (CAMBODIA​) GARMENT CO​.,LTD) បាន​យល់​ព្រម​ទទួល​យក​ប្រាក់​សំណង ៥០% ដែល​នៅសល់ ដោយ​ថៅកែ​សន្យា​នឹង​បើក​ជូន​ពួក​គេ​នៅ​ថ្ងៃ​ទី២២ ខែសីហា ខាង​មុខ​នេះ បន្ទាប់​ពី​ក្រ​សួង​បាន​ចរចា​ជាមួយ​នឹង​ភាគី​ក្រុមហ៊ុន ហើយ​និង​ចាប់​ផ្ដើម​ចូល​ធ្វើការ​វិញ​នៅ​ថ្ងៃ​ទី១៣ ខែសីហា។ ប៉ុន្តែ​ក្រុម​កម្មករ​ទុក​ពេល​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ចរចា និង​ដោះ​ស្រាយ​ជូន​ពួក​គេ​បន្ថែម​ទៀត បើ​ពុំ​នោះ​ទេ ពួក​គេ​នឹង​តវ៉ា​ជាថ្មី​ទៀត៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល