អ្នក​ជំនាញ​សង្ស័យ​មាន​គេ​បង្កើត​គណនី​ក្លែងក្លាយ ដើម្បី​បំប្លែង​លទ្ធផល​ស្ទង់​មតិ របស់​អង្គការ​ខុមហ្រ្វែល រឿង​ចាប់​លោក រ៉ុង ឈុន

0:00 / 0:00

អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា សង្ស័យ​ថា មាន​គេ​បង្កើត​គណនី​ក្លែងក្លាយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ដើម្បី​ចូល​ទៅ​វាយ​លុក​លទ្ធផល​ស្ទង់​មតិ​របស់​អង្គការ​ខុមហ្វ្រែល ដែល​ស្ទង់​មតិ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក អំពី​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន។ គណនី​ក្លែងក្លាយ​ទាំង​នេះ មាន​ឥទ្ធិពល​កែប្រែ​លទ្ធផល​ស្ទង់​មតិ ពី​ខ្មៅ​ឲ្យ​ក្លាយ​ទៅ​ជា​ស​បាន​យ៉ាង​ងាយ។

អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​ព្រួយ​បារម្ភ​ពី​ការ​សងសឹក​ពី​សំណាក់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ បាន​ប្រាប់​អាស៊ី​សេរី​ថា ក្នុង​ចំណោម​គណនី ដែល​ចុច​គាំទ្រ​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន នោះ ភាគ​ច្រើន​លើសលប់​ជា​គណនី​មាន​ឈ្មោះ​ជា​បរទេស ដែល​មិន​មែន​ជា​ជន​ជាតិ​ខ្មែរ។ ឈ្មោះ​បរទេស​ទាំង​នោះ រួម​មាន Madeleine Janczewski, Staci Vitellaro, Quincy Velasquez, Meagan Calvello, Prince Delcalo ។ល។

អ្នក​ជំនាញ​រូប​នេះ បន្ត​ទៀត​ថា គេ​មិន​ពិបាក​សម្គាល់​ថា គណនី​ទាំង​នោះ គឺ​ជា​គណនី​សម្បក ដែល​បង្កើត​ឡើង​ដោយ​មនុស្ស​មួយ​ក្រុម ដែល​ក្នុង​មនុស្ស​ម្នាក់​អាច​បង្កើត ឬ​គ្រប់គ្រង​គណនី​បាន​រាប់​រយ ឬ​រហូត​ដល់​ពាន់​នោះ​ទេ ព្រោះ​ទី​មួយ​គណនី​ទាំង​នោះ គ្មាន​រូបភាព profile ឬ​មាន​ដែរ​តែ​ជា​រូប​មិន​ពិត​របស់​ម្ចាស់​គណនី​នោះ។ ជាង​នេះ​ទៅ​ទៀត បើ​គេ​ឆែក​មើល​គណនី​ហ្វេសប៊ុក​ទាំង​នោះ គេ​នឹង​ដឹង​កាន់​តែ​ច្បាស់​ថា ម្ចាស់​គណនី​ទាំង​នោះ បង្កើត​វា​គ្រាន់​តែ​ជា​សម្បក សម្រាប់​ទុក​ចុច likes ឬ​គាំទ្រ​គណនី​ហ្វេសប៊ុក​ណា​មួយ ឬ​ក្នុង​គោល​បំណង​បង្កើន​តែ​តួលេខ តែ​គ្មាន​មនុស្ស​ពិតប្រាកដ​ ដើម្បី​គ្រាន់​តែ​បោក​បន្លំ​ទិន្នន័យ​អ្នក​ប្រើប្រាស់​ប៉ុណ្ណោះ។

អ្នក​ជំនាញ​រូប​នេះ បន្ថែម​ថា ជា​ទូទៅ គណនី​ទាំង​នេះ មិន​សកម្ម​ទេ គឺ​មួយ​សប្ដាហ៍​ពេញ គណនី​គ្មាន​បង្ហោះ​អត្ថបទ ឬ​សារ​អ្វី​មួយ​ផង​ក៏​មាន។ គណនី​ច្រើន​ទៀត ទើប​តែ​ត្រូវ​បាន​បង្កើត​ភ្លាមៗ ដើម្បី​តែ​គោល​បំណង​នេះ​ឯង។

ប្រតិកម្ម​របស់​អ្នក​ជំនាញ​ខាង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នេះ ធ្វើ​ឡើង​ក្រោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឌឺដង​ឡង​សម្ដី​ឲ្យ​អង្គការ​ខុមហ្វ្រែល ដោយ​បបួល​ឲ្យ​ហ៊ាន​ផ្សាយ​លទ្ធផល​ស្ទង់​មតិ ដែល​ខ្លួន​បាន​ធ្វើ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក អំពី​ការ​យល់​ឃើញ​របស់​ប្រជា​ពលរដ្ឋ​ ជុំវិញ​ ករណី​ចាប់​ខ្លួន ចោទប្រកាន់ និង​ឃុំ​ខ្លួន​លោក រ៉ុង ឈុន ថា តើ​ការ​ធ្វើ​បែប​នេះ​គឺ​ជា​ការ​រំលោភ​ច្បាប់ និង​សិទ្ធិមនុស្ស ដែរ​ឬ​យ៉ាង​ណា? ការ​ស្ទង់​មតិ​នោះ ចាប់​ផ្ដើម​ធ្វើ​ពី​ថ្ងៃ​ទី៩ ខែ សីហា និង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី១៦ ខែ សីហា ដោយ​មាន​អ្នក​ចូលរួម​ជាង ១៣.៦០០ គណនី។ ក្នុង​នោះ​មាន​គណនី ៧៩% ថា ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន គឺ​មិន​រំលោភ​ច្បាប់ និង​សិទ្ធិ ទល់​នឹង ២១% ថា រំលោភ​ច្បាប់ និង​សិទ្ធិ៖ «ចាំ​មើល​អា​ខុមហ្រ្វែល​វា​ផ្សាយ​ឬ​អត់ ? ហើយ​វិទ្យុ​បរទេស​និយាយ​ភាសា​ខ្មែរ​វា​ផ្សាយ​ឬ​អត់ ? អា​ពួក​សិទ្ធិមនុស្ស​វា​ផ្សាយ​ឬ​អត់ ? អា​ពួក​អ្នក​ប្រឆាំង​វា​ផ្សាយ​ឬ​អត់ ? បើ​មិន​ហ៊ាន​ទេ ខ្ញុំ​ចាត់​ទុក​ថា​អ្នក​ឯង​ជា​តិរច្ឆាន ! តិរច្ឆាន

សំឡេង​ទះ​ដៃ​កង​រំពង ពេល​លោក ហ៊ុន សែន ថ្លែង​សារ​គំរោះគំរើយ អសុរោះ និង​ខ្វះ​សុជីវធម៌​បែប​នេះ ជា​រូបភាព​ស៊ាំ​ភ្នែក ស៊ាំ​ត្រចៀក​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​តាមដាន​ស្ដាប់​ការ​ផ្សាយ​ផ្ទាល់​សារ​របស់​លោក ហ៊ុន សែន ទៅ​ហើយ។ មន្ត្រី​របស់​លោក មាន​ទាំង​រដ្ឋមន្ត្រី និង​ឧកញ៉ា​ផង ដែល​នៅ​អង្គុយ​ហែហម​ក្រោយ​លោក ហ៊ុន សែន ទះ​ដៃ​ទាំង​ទឹក​មុខ​រីករាយ។

អ្នក​ទាំង​នេះ ក៏​ប្រហែល​ជា​បាន​ជ្រាប​ដែរ​ហើយ​ថា របប​ក្រុង​ភ្នំពេញ​ រង​ការ​រិះគន់​ជុំ​ទិស​ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ជុំវិញ​ការ​ចាប់​ខ្លួន​លោក រ៉ុន ឈុន នេះ។ អង្គការ និង​ស្ថាប័ន​ទាំង​នេះ យល់​ស្រប​គ្នា​ថា របប​ក្រុង​ភ្នំពេញ​ រំលោភ​សិទ្ធិមនុស្ស និង​រំលោភច្បាប់ ជាពិសេស រំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋ ក្នុង​ការ​បញ្ចេញ​មតិ។

ប្រទេស​ជា​ច្រើន​បាន​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន ដោយសារ​តែ​ការ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នេះ​ឯង។ សហភាព​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី១២ ខែសីហា បាន​ចាប់​ផ្ដើម​អនុវត្ត​សេចក្តី​សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ EBA ២០% ពី​កម្ពុជា ក៏​ដោយសារ​រឿង​រំលោភ​សិទ្ធិមនុស្ស​នេះ​ដែរ។

ដូច្នេះ ការ​ត្រេកអរ​នឹង​លទ្ធផល​ស្ទង់​មតិ ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​ខុមហ្រ្វែល​នេះ គ្មាន​អ្វី​អាច​ជម្រះ​ភាព​អាស្រូវ​របស់​របប​ក្រុង​ភ្នំពេញ​បាន​នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត លទ្ធផល​នៃ​ការ​ស្ទង់​មតិ ដែល​លោក ហ៊ុន សែន ប្រឹង​បបួល​គេ​ឯង​ឲ្យ​ផ្សាយ​នេះ គឺ​មិន​មែន​ជា​លទ្ធផល​ត្រឹមត្រូវ ឆ្លុះ​បញ្ចាំង​ពី​មតិ​ពលរដ្ឋ​ខ្មែរ​ពិត​ប្រាកដ​នោះ​ឡើយ។

មន្ត្រី​អង្គការ​ខុមហ្រ្វែល ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរ ព្រោះ​ខ្លាច​មាន​ការ​សងសឹក​ពី​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ បាន​ប្រាប់​អាស៊ី​សេរី​ថា តាម​ការ​ស្រាវជ្រាវ​បឋម​ទៅ​លើ​គណនី​ជា​ច្រើន បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​មន្ទិល​អំពី​ម្ចាស់​គណនី ដែល​មាន​ឈ្មោះ​ជា​បរទេស​ទាំង​នោះ។ មន្ត្រី​រូប​នេះ សង្ស័យ​ថា​​មាន​គេ​បង្កើត​គណនី​ក្លែងក្លាយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដើម្បី​ចូល​ទៅ​វាយ​លុក​លទ្ធផល​ស្ទង់​មតិ​របស់​អង្គការ​ខុមហ្វ្រែល​នេះ។

បញ្ហា​នេះ មិន​ធ្វើ​អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម លោក បណ្ឌិត សេង សារី ភ្ញាក់​ផ្អើល​នោះ​ឡើយ ព្រោះ​លោក​ថា អង្គការ​ខុមហ្វ្រែល មិន​មែន​ជា​ស្ថាប័ន​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ដែល​អាច​គ្រប់គ្រង​ទិន្នន័យ​របស់​គណនី ដែល​មិន​ស្មោះត្រង់​បាន​នោះ​ទេ។ លោក សេង សារី អះអាង​ថា លោក​គ្មាន​ភស្តុតាង ដើម្បី​ចោទ​ប្រកាន់​ទៅ​លើ​ក្រុម​អ្នក​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ថា ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​ការ​កែប្រែ​លទ្ធផល​ស្ទង់​មតិ​នេះ​ទេ ប៉ុន្តែ​លោក​ដឹង​ថា រដ្ឋាភិបាល​មាន​ក្រុម​ការងារ​ផ្នែក​ព័ត៌មានវិទ្យា​នេះ ដែល​មនុស្ស​ម្នាក់​អាច​កាន់​គណនី​រាប់​រយ​ឯ​ណោះ៖ «ខុមហ្វ្រែល​ហ្នឹង​គ្មាន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ក្រុម cyber crimes teams របស់​គេ​នោះ​ទេ។ ក្នុង​ក្រុម​របស់ cyber crimes របស់​រដ្ឋាភិបាល​នោះ បើ​ខ្ញុំ​ប៉ាន់ស្មាន​ទៅ គឺ​មាន​មនុស្ស​មិន​តិច​ជាង ១០០នាក់​ទេ ដែល​ធ្វើការ​រឿង​ហ្នឹង។ ម្នាក់​កាន់​គណនី​មិន​តិច ១ Ks ទៅ ២ Ks ទេ ( .០០០ ទៅ ២.០០០ ) ។ មានន័យថា​ម្នាក់ៗ ហ្នឹង​កាន់ accounts Facebook ប្រហែល ១ពាន់ accounts ។ ដូច្នេះ​គេ attack ( វាយប្រហារ ) តែ​មួយ​ជើង អាច​មាន​ពី ២០ - ៣០ Ks ឬ ១០០ Ks ក៏​បាន​ដែរ »

ជុំវិញ​គណនី​ក្លែងក្លាយ​នេះ លោក ហ៊ុន សែន ក៏​រង​ការ​ចោទ​ប្រកាន់ និង​រិះគន់​ថា ចំណាយ​ប្រាក់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដើម្បី​ទិញ likes ឲ្យ​ទំព័រ​ហ្វេសប៊ុក​របស់​លោក មើល​ទៅ​ឃើញ​ដូចជា​មាន​អ្នក​គាំទ្រ និង​ចូលចិត្ត​ច្រើន។

ការស្ទង់មតិរបស់អង្គការ ខុមហ្វ្រែល (Comfrel) លើ​ករណី​ចាប់​ខ្លួន​លោក រ៉ុង ឈុន។
ការស្ទង់មតិរបស់អង្គការ ខុមហ្វ្រែល (Comfrel) លើ​ករណី​ចាប់​ខ្លួន​លោក រ៉ុង ឈុន។ (រូប៖ ទំព័រ​ហ្វេសប៊ុក​ Comfrel)

កាល​ពី​ឆ្នាំ២០១៨ បើ​តាម​មេធាវី​អន្តរជាតិ​លោក រីឆាត រ៉យជើរ (Richard Rogers) ដែល​តំណាង​ឲ្យ​លោក សម រង្ស៊ី ក្នុង​ការ​ប្ដឹង​ទៅ​ក្រុមហ៊ុន ហ្វេសប៊ុក អំពី​គណនី​ក្លែងក្លាយ ​ដែល​គាំទ្រ​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន ថា​ក្រុមហ៊ុន Click Farms រក​ឃើញ​ថា ក្នុង​ចំណោម​គណនី​ជិត ១០ លាន ដែល​គាំទ្រ​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន មាន​ជិត​ពាក់​កណ្តាល បាន​មក​ពី​ការ​ទិញ មិន​មែន​បាន​មក​ពី​មនុស្ស​ចុច likes មែនទែន​នោះ​ទេ៖ «ជា​ការ​ពិត​ណាស់​ ! នរណា​ក៏​គេ​មិន​ឆ្ងល់​ដែរ ការ​ចុច " Likes" មួយ​ភាគ​ធំ​លើ​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន គឺ​បាន​មកពី​ការទិញ។ ភស្តុតាង​នេះ មាន​ក្រុមហ៊ុន​អន្តរជាតិ​មួយ ស្រាវជ្រាវ​រក​ឃើញ​ថា លោក ហ៊ុន សែន ទិញ​ការ​ចុច " Likes" ពី​ក្រុមហ៊ុន​មួយ​ឈ្មោះ Click Farms ។ ក្រុមហ៊ុន​នេះ រក​ឃើញ​ថា ចំនួន likes លើ​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន ពី​ស្រុក​ខ្មែរ​មានតែ ៤៥ % ប៉ុណ្ណោះ។ សូម្បីតែ​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​លោក ហ៊ុយ វណ្ណៈ ក៏​សារភាព​ថា បើ​លោក ហ៊ុន សែន ចង់បាន​ចំនួន likes ច្រើន​លើ​ហ្វេសប៊ុក គឺ​គាត់​អាច​ទិញ likes ទាំងនេះ​ពី​ហ្វេសប៊ុក​បាន តាម​ចិត្ត​ចង់ ព្រោះ​ជា​ការ​ពិត និង​ជាក់ស្ដែង គឺ​ហ្វេសប៊ុក​ចង់​ឲ្យ​អ្នក​ប្រើប្រាស់ ទិញ likes ។ នេះ​បាន​ន័យ​ថា រដ្ឋាភិបាល​ទទួលស្គាល់​ថា ខ្លួន​ទិញ likes ពី​ហ្វេសប៊ុក ដើម្បី​បង្ហាញ​ការ​កើន​ឡើង​នៃ​ប្រជាប្រិយភាព​លើ​បណ្ដាញ​សង្គម​នេះ »

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ឯណោះ ក៏​យល់​ស្រប​អំពី​ភាព​មិន​ស្មោះត្រង់ និង​គណនី​ក្លែងក្លាយ​ដែល​លោក ហ៊ុន សែន ប្រើ​លុយ​ដើម្បី​ទិញ​នេះ​ដែរ។ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ប្រាប់​អាស៊ី​សេរី​ថា គេ​មិន​ពិបាក​យល់​ទេ ដែល​ថា​គណនី​ដែល​គាំទ្រ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន បាន​មក​ដោយ​មិន​ស្មោះត្រង់ ព្រោះ​មាន​គណនី​រាប់​សែន នៅ​ក្រៅ​ប្រទេស ដែល​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​តិចតួច​បំផុត​រស់​នៅ បែរ​ជា​មាន​អ្នក​ចុច likes ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន រាប់​សែន​គណនី និង​ពេល​ខ្លះ​មាន​​រហូត​ដល់​ខ្ទង់​លាន​ផង។

ងាក​មក​ការ​ស្ទង់​មតិ​តាម​ហ្វេសប៊ុក ដែល​អង្គការ​ខុមហ្រ្វែល​ធ្វើ​នោះ​វិញ អ្នកស្រី​យល់​ថា គណនី​មានឈ្មោះ​ជនបរទេស ដ៏​ច្រើន​លើសលប់ ដែល​ប្ដូរ​លទ្ធផល​ពី​ស​ទៅ​ខ្មៅ​នេះ គឺ​មិន​អាច​យក​ជា​ការ​បាន​នោះ​ឡើយ។ អ្នកស្រី​បន្ថែម​ថា បើ​លោក ហ៊ុន សែន ចង់​ដឹង​ច្បាស់​រឿង​នេះ សូម​កុំ​ធ្វើ​ទុក្ខ​បុក​ម្នេញ ចាប់​ចង​ពលរដ្ឋ​ដែល​ក្រោក​ត​វ៉ា ឲ្យ​ដោះ​លែង​លោក រ៉ុង ឈុន ឬ​អ្នក​ទោស​នយោបាយ​ឯ​ទៀត​ឯ​សោះ។ ពេលនោះ លោក ហ៊ុន សែន នឹង​ឃើញច្បាស់ ថា​ពលរដ្ឋ​ពិត​ប្រាកដ​ មាន​ប៉ុន្មាន​នាក់ ដែល​មិន​ពេញ​ចិត្ត​នឹង​អំពើ​អយុត្តិធម៌ និង​រំលោភច្បាប់​ និង​សិទ្ធិពលរដ្ឋ ពី​សំណាក់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ៖ «ដូច្នេះ​មិន​អាច​ជឿ​បាន​ថា មាន​ពលរដ្ឋ​ខ្មែរ​លើសលប់​ ឯកភាព​លើ​ការ​ចាប់​ចង​លោក រ៉ុង ឈុន នោះ​ទេ »

ទោះ​បី​ជា​ការ​ស្ទង់​មតិ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក មាន​ភាព​ងាយ​ស្រួល មិន​សាំញ៉ាំ​ក៏​ដោយ ក៏​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ព្រមាន​ថា លទ្ធផល​ដែល​បាន​ពី​បណ្ដាញ​សង្គម​នេះ មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នៃ​មតិ​ប្រជាពលរដ្ឋ​នោះ​ទេ ជា​ពិសេស ក្នុង​ប្រទេស​ដែល​រដ្ឋាភិបាល ហ៊ាន​ជួល​មនុស្ស និង​ប្រើ​លុយ​ដើម្បី​បង្កើត​គណនី​ក្លែងក្លាយ ក្នុង​ចេតនា​បន្សាប​ព័ត៌មាន​ប្រឆាំង​នឹង​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។