ក្រុម​យុវជន​ថាវរៈ​រក្សា​ជំហរ​ទាមទារ​ឱ្យ​ដោះ​លែង​ក្រុម​ខ្លួន​និង​លោក រ៉ុង ឈុន

0:00 / 0:00

ក្រុម​យុវជន​ថាវរៈ​នៅតែ​រក្សា​ជំហរ​ទាមទារ​ឱ្យ​មានការ​ដោះលែង​សមាជិក​ក្រុម​របស់​ខ្លួន និង​លោក រ៉ុង ឈុន ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ។ ការប្រកាស​នេះ​ខណៈ​អាជ្ញាធរ កំពុង​តាមដាន ព្រះសង្ឃ និង​យុវជន​នៃ​ថាវរៈ​ដែល​ធ្វើសកម្មភាព​ទាមទារ​កន្លង​មក។

ក្រុម​យុវជន​ថវារៈ លើកឡើង​ថា ទោះ​ពួក​គេ​កំពុង​ប្រឈម​ការ​តាម​ឃ្លាំមើល​ពី​ក្រុម​សមត្ថកិច្ច​ក្ដី ប៉ុន្តែ ពួក​គេ​នៅតែ​ព្យាយាម​រក​យុទ្ធសាស្ត្រ​ថ្មី​នៃ​ទាមទារ​ដើម្បី​កុំ​អាជ្ញាធរ​យកលេស​ចាប់ខ្លួន​ ឬ​ចោទប្រកាន់​ពួក​គេ​តាម​ទំនើង​ចិត្ត​បន្ត​ទៀត។ យុទ្ធសាស្ត្រ​ថ្មី​ដែល​ក្រុម​យុវជន​គ្រោង​ធ្វើ​នោះ​គឺ​ធ្វើ​យ៉ាងណា​ឱ្យ​ស្របតាម​ទម្រង់​ច្បាប់ និង​ជា​ការ​ទាមទារ​តាម​បណ្ដាញ​សង្គម​ជាដើម។

សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ព្រះ​តេជគុណ កើត សារ៉ាយ ឱ្យ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី១៧ ខែសីហា ទោះ​ពេលនេះ​អាជ្ញាធរ និង​មន្រ្តី​សង្ឃ​តាម​ឃ្លាំមើល​ព្រះ​តេជគុណ​យ៉ាងណាក្ដី ក៏​ព្រះអង្គ​មិន​ផ្លាស់ប្ដូរ​ឆន្ទៈ​ក្នុង​ទាមទារ​រក​យុត្តិធម៌​ជូន​សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ពី​រូប​គឺ​លោក ហ៊ុន វណ្ណៈ និង​អ្នក​នាង ឈឿន ដារ៉ាវី រួម​ទាំង​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​មេ​ដឹក​នាំ សហជីព លោក រ៉ុង ឈុន ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត​ដើម្បី​សង្គម​ជាតិ។ ព្រះ​តេជគុណ​បន្ត​ថា ពេលនេះ​ក្រុម​យុវជន កំពុង​ជជែក​ផ្លាស់ប្ដូរ​គំនិត​ពី​ផែនការ​នៃ​ទាមទារ​នេះ៖ «នៅ​តែ​ទាមទារ​ហ្នឹង​ឯង​មក​ដល់​ពេល​នេះ អាត្មា​មិន​ទាន់​ហ៊ាន​និយាយ​ថា ធ្វើ​បែប​ណា​ខ្លះ​ទេ ដោយសារ​យើង​មិន​ទាន់​បាន​សិក្សា​ច្បាស់​ថា ស្ថាប័ន​ណា​ខ្លះ​ទាក់ទង​រឿង​ហ្នឹង ហើយ​លិខិត​បែប​ណា​ខ្លះ ដែល​យើង​ត្រូវ​រៀបចំ ការ​សម្ដែង​មតិ​យើង​គួរ​ធ្វើ​បែប​ណា​ខ្លះ​នៅ​ទី​សាធារណៈ »

សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ម្នាក់ទៀត លោក វាន់ ចាន់​ធឿន ឱ្យ​ដឹង​ដែរ​ថា ពេល​នេះ​លោក​កំពុង​ត្រូវ​ក្រុម​អាជ្ញាធរ​កំពុង​តាមដាន​ដែល​យល់​ថា លោក​អាច​ប្រឈម​ការ​ចាប់​ខ្លួន ប៉ុន្តែ​លោក អះអាង​ថា លោក​នៅ​តែ​ប្រកាន់​ខ្ជាប់​នូវ​ការ​ទាមទារ​ដោយសន្តិវិធី​ឱ្យ​មាន​ការ​ដោះ​លែង​យុវជន​ដែល​ត្រូវ​ចាប់​ខ្លួន រួម​ទាំង​អ្នក​ស្នេហា​ជាតិ​ដទៃ​ទៀត៖ ««ដឹង​ថា​គេ​តាម​ខ្ញុំ គេ​តេ​មក​ប្រាប់​មុន​បង​តេ​មក​ខ្ញុំ ហើយ​ខ្ញុំ​ជំហរ​ខ្ញុំ​នៅ​តែ​ចូលរួម​តែ​ដូច​ថា​ដឹង​ហើយ យើង​ឱ្យ​ស្ងាត់​តិច ព្រោះ​ពួក​ខ្ញុំ​ធ្វើ​ឱ្យ​ស្រប​ច្បាប់»

ទាក់ទង​ជំហរ​នៃ​ការ​ទាមទារ​របស់​ក្រុម​យុវជន​ថាវរៈ​នេះ អាស៊ី​សេរី​មិន​អាច​សុំ​ប្រតិកម្ម​ពី អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ​លោក ឆាយ គឹម​ខឿន និង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន បាន​ទេ​នៅ​ថ្ងៃ​ទី១៧ ខែសីហា ដោយ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​ទទួល។

ទោះ​យ៉ាងណា អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន ធ្លាប់​ព្រមាន​ថា រដ្ឋាភិបាល នឹង​ចាត់វិធានការ​ច្បាប់​បន្ត​ទៀត ប្រសិនបើ​ក្រុម​យុវជន ហ៊ាន​ធ្វើសកម្មភាព​តវ៉ា​ដូច​ការ​អះអាង​របស់​ពួក​គេ​មែន។

ដោយឡែក ប្រធាន​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ស ម៉ូ​រី សង្កេតឃើញ​ថា ការ​ទាមទារ​របស់​យុវជន​ក្រុម​ថាវរៈ​កន្លងមក​គឺជា​អនុវត្តិ​សិទ្ធិ​សេរី​ជា​មូលដ្ឋាន សេរី​នៃ​ការ​ជួប​ប្រជុំ និង​សេរីភាព​សម្ដែង​មតិ​ដោយ​អហិង្សា​ដែល​ត្រូវ​បាន​ធា​នារ​ដោយ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ។ អ្នកឃ្លាំមើល​រូប​នេះ ជំរុញ​ទៅ​រដ្ឋាភិបាល​បង្ក​ភាព​ងាយស្រួល​ដល់​ក្រុម​យុវជន​នៅ​ពេល​ពួក​គេ​ប្រើប្រាស់​សិទ្ធិ​សេរី​នៃ​ការ​ទាមទារ​ជាបន្តបន្ទាប់​ទៀត៖ «ការ​អនុវត្ត​សិទ្ធិ​របស់​ពួក​គាត់​គ្រាន់​តែ​ជា​ការ​អនុវត្ត​ជា​មូលដ្ឋាន​សាមញ្ញ​ប៉ុណ្ណោះ​សម្រាប់​ខ្ញុំ។ ខ្ញុំ​មាន​ការ​សោក​ស្ដាយ ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ក្នុង​ចាប់​យុវជន​ថាវរៈ​ដោយ​ចោទ​ប្រកាន់​ពួក​គាត់​ពី​បទ​ញុះញង់​ជា​ដើម ហើយ​ខ្ញុំ​មើល​ឃើញ​ថា ការ​ចោទ​ប្រកាន់​នេះ​ហាក់​ដូច​ជា​មិន​សម​ហេតុផល ហើយ​មើល​ទៅ​ផ្ទុយ​អំពី​គោលការណ៍​ច្បាប់ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ហើយ និង​កតិកាសញ្ញា​ស្ដី​អំពី​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ »

លោក ស មូរី រិះគន់​ថា ក្នុង​ទាមទារ​របស់​យុវជន​ក្រុម​ថាវរៈ​កន្លង រដ្ឋាភិបាល ឬ​សមត្ថកិច្ច​បាន​ប្រើ​កម្លាំង និង​សិទ្ធិ​អំណាច​ហួស​ហេតុ និង​ខកខាន​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស។

ក្នុង​ការ​ទាមទារ​របស់​យុវជន​ក្រុម​ថាវរៈ​ឱ្យ​មានការ​ដោះលែង លោក រ៉ុង ឈុន សមត្ថកិច្ច បាន​បង្ក្រាប​ដោយ​ហិង្សា និង​បាន​ចាប់​ឃុំ​ខ្លួន​យុវជន​នៃ​ក្រុម​នេះ​ចំនួន​ពីរ​រូប គឺ​លោក ហ៊ុន វណ្ណៈ និង​អ្នកនាង ឈឿន ដារ៉ាវី ដោយ​ចោទ​ប្រកាន់​ពី​បទ ពី​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សង្គម ក្នុង​នោះ​ដែរ​ក៏​បាន​ចាប់​ខ្លួន ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័​ណ្ឌ ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។