ការទាមទារនេះ គឺដើម្បីឱ្យសមស្របទៅនឹងទំនិញទីផ្សារដែលកាន់តែឡើងថ្លៃខ្ពស់ និងឱ្យបានដូចគ្នានឹងមគ្គុទ្ទេសក៍ទេសចរណ៍ភាសាដទៃទៀត ដែលបានទទួលការតម្លើងប្រាក់ថ្លៃឈ្នួលប្រចាំថ្ងៃនោះដែរ។
សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ខ្មែរ ដែលនិយាយភាសាកូរ៉េ បានព្រមានថា៖ពួកគេនឹងផ្អាកជូនភ្ញៀវដើរកំសាន្ត នៅតាមកន្លែងរមណីយដ្ឋាននានា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ ខាងមុខ ដើម្បីតវ៉ាទារឡើងប្រាក់ថ្លៃឈ្នួល ប្រចាំថ្ងៃ ប្រសិនបើសមាគមទីភ្នាក់ងារទេសចរណ៍កូរ៉េ មិនយល់ព្រមបន្ថែមឱ្យដល់ចំនួន៣០ដុល្លារ ក្នុងមួយថ្ងៃទេនោះ។
ប្រធានសមាគមទ្រទ្រង់ក្ដីសង្ឃឹម នៃមគ្គុទ្ទេសក៍ទេសចរណ៍ខ្មែរ និយាយភាសាកូរ៉េ គឺលោកប៉ឹក ថុល។ លោកបានមានប្រសាសន៍ថា៖លោកមានគំរោងជួបជជែកជាមួយសមាគមទីភ្នាក់ងារទេសចរណ៍កូរ៉េមួយចំនួន នៅថ្ងៃទី២៥ខែធ្នូខាងមុខ ដើម្បីសុំតម្លើងប្រាក់ថ្លៃឈ្នួលជូនភ្ញៀវដើរកំសាន្តប្រចាំថ្ងៃ ដល់ក្រុមមគ្គុទ្ទេសក៍ខ្មែរ។
លោក ប៉ឹក ថុល បានបញ្ជាក់ថា៖ប្រសិនបើការជួបជជែកនៅថ្ងៃទី២៥ខែធ្នូខាងមុខមិនបានលទ្ធផលទេ គឺមគ្គុទ្ទេសក៍ជនជាតិខ្មែរជាច្រើននឹងផ្អាកការជូនភ្ញៀវទេសចរណ៍ដើរកំសាន្ដ៖ «ប្រាក់ ហ្គាដ (Guide) ខ្មែរនោះ តាំងពីឆ្នាំ១៩៩៣ គឺបាន២០ដុល្លារ គឺរហូតមកដល់បច្ចុប្បន្ន ប៉ុន្តែខាងសមាគមខ្ញុំស្នើសុំឱ្យតម្លើង៣០ដុល្លារ ប៉ុន្តែលទ្ធផលនោះអត់បានសំរេច ខាងជនជាតិកូរ៉េ អត់ឱ្យ។ ផលវិបាក ដែលធ្វើការជាមួយជនជាតិកូរ៉េ ក្នុង១ថ្ងៃ ករណីខ្លះ ក៏ត្រឹមតែ១៣ម៉ោង ករណីខ្លះក៏មានដល់ទៅ១៦ម៉ោង ហើយម្យ៉ាងទៀត ទំនិញក៏ឡើងថ្លៃសព្វគ្រប់បែបយ៉ាង។»
ប្រធានសមាគមទ្រទ្រង់ក្ដីសង្ឃឹម នៃមគ្គុទ្ទេសក៍ទេសចរណ៍ខ្មែរដដែលបានបញ្ជាក់ថា៖ការទាមទារ ឱ្យក្រុមហ៊ុនកូរ៉េ តម្លើងថ្លៃឈ្នួលនោះ គឺនៅស្របពេលដែលលោកដឹងថា៖ មគ្គុទេសក៍ទេសចរណ៍ខ្មែរ និយាយភាសាផ្សេងទៀត ដូចជាភាសាថៃ បានឡើងថ្លៃ៤០ដុល្លារក្នុងមួយថ្ងៃ មគ្គុទ្ទេសក៍ភាសាចិនបានចំនួន៥០ដុល្លារ ព្រមទាំងមគ្គុទេសក៍ភាសាអង់គ្លេស និងភាសាអាល្លឺម៉ង់ ជាដើមក៏ឡើងថ្លៃដែរ។ លោក ប៉ឹក ថុល ឱ្យដឹងថា៖នៅក្នុងសមាគមមគ្គុទ្ទេសក៏ខ្មែរនិយាយភាសាកូរ៉េ គឺមានសមាជិកប្រមាណ២០០នាក់ ហើយលោកកំពុងដើរប្រមូលស្នាមមេដៃពីពួកគេ ដើម្បីធ្វើការតវ៉ារឿងនេះ។

ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានមានប្រសាសន៍ថា៖លោកធ្លាប់ចូលរួមប្រជុំ សម្របសម្រួលបញ្ហានេះ ចំនួន២-៣លើកមកហើយ ដោយខាងភាគីកូរ៉េធ្លាប់បានសន្យាថានឹងយល់ព្រមតម្លើង ប្រាក់ឈ្នួលឱ្យមគ្គុទ្ទេសក៍ជនជាតិខ្មែរ ចំនួន៣០ដុល្លារក្នុង១ថ្ងៃ។ លោក ង៉ូវ សេងកាក់ បានបញ្ជាក់ថា ប្រសិនបើរឿងនេះ នៅតែមានបញ្ហា គឺលោក មានគំរោងនឹងជួបប្រជុំម្ដងទៀត នៅដើមសប្ដាហ៍ខាងមុខ៖ «ព្រោះអាហ្នឹងវាមិនមែនជាការកំណត់របស់រដ្ឋទេ គឺជាការកំណត់រវាងឯកជន និងឯកជន គឺខ្មែរចង់សុំឡើងថ្លៃ៣០ដុល្លារ ហើយខាងកូរ៉េចង់ឱ្យ២៥ អីចឹងខ្ញុំថាឥឡូវ សម្របសម្រួលគ្នាទៅ ចាំមើលខ្ញុំជួបប្រជុំថ្ងៃច័ន្ទទៀតមើល៍។»
បច្ចុប្បន្នចំនួនភ្ញៀវទេសចរណ៍កូរ៉េ ដែលមកទស្សនាខេត្តសៀមរាបបានចំណាត់ថ្នាក់ខ្ពស់ជាងគេ ក៏ប៉ុន្តែមគ្គុទ្ទេសក៍ទេសចរណ៍ជនជាតិខ្មែរ ដែលនិយាយភាសាកូរ៉េ នៅតែអះអាងថា៖ពួកគេមិនទាន់ទទួលបានកម្រៃសមរម្យពីសេវាជូនភ្ញៀវដើរកំសាន្តនៅឡើយទេ ដោយសារតែមានជនជាតិកូរ៉េខ្លះ ឆ្លៀតដើរជូនភ្ញៀវ ដណ្ដើមការងាររបស់មគ្គុទ្ទេសក៍ខ្មែរ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក អាង គឹម អ៊ាង បានបង្ហាញឆន្ទៈថា លោកចង់ឱ្យសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ខ្មែរ ធ្វើការជួបចរចាគ្នានៅលើតុ ដើម្បីដោះស្រាយបញ្ហាជាច្រើនលើកច្រើនសារ ប្រសើរជាជាងការតវ៉ាដោយផ្អាកសកម្មភាពជូនភ្ញៀវដើរកំសាន្តនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
