អាជ្ញាធរខេត្តសៀមរាបចេញលិខិតបង្គាប់ឲ្យបុគ្គលិក និងសហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃសណ្ឋាគារ ឡឺ ម៉េរីឌាន អង្គរ (Le Meridien Angkor) ផ្អាកការតវ៉ារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ទី១៨ កញ្ញា ដែលចំថ្ងៃប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ។ អាជ្ញាធរដាក់បម្រាមមិនអនុញ្ញាតឲ្យមានសកម្មភាពជួបជុំប្រមូលផ្ដុំតវ៉ា កូដកម្ម ឬបាតុកម្មណាមួយឡើយ ដោយរង់ចាំរហូតដល់មានដំណោះស្រាយ ។
ក្នុងលិខិតដដែល បន្តថា អាជ្ញាធរមានសមត្ថកិច្ចកំពុងចាត់ការពិនិត្យសម្របសម្រួល និងដោះស្រាយវិវាទការងារមួយនេះ ទៅតាមនីតិវិធី ដោយស្នើដល់បុគ្គលិកកុំបន្តប្រើសិទ្ធិកូដកម្មបន្តទៀត ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងទប់ស្កាត់ការរាលដាលការឆ្លងជំងឺកូវីដ-១៩។
សមាជិកសហជីពកម្មករនិយោជិកវិស័យទេសចរណ៍ កញ្ញា ឌឿម ឆៃយ៉ា ប្រាប់អាស៊ីសេរីនៅល្ងាចថ្ងៃទី១៥ កញ្ញា ថា សហជីពយល់ស្រប និងគោរពតាមសេចក្ដីណែនាំរបស់សាលាខេត្តសៀមរាប ដោយមិនធ្វើការតវ៉ាក្នុងពេលបុណ្យភ្ជុំបិណ្ឌឡើយ។ កញ្ញាបញ្ជាក់ថាក្រោយពីបុណ្យភ្ជុំបិណ្ឌហើយ ប្រសិនបើមិនមានដំណោះស្រាយទទួលយកតំណាងសហជីព៣នាក់ចូលធ្វើការវិញ នោះក្រុមកម្មករនឹងជួបជុំគ្នាតវ៉ានៅខាងមុខសណ្ឋាគារជាថ្មីទៀត។
ចាប់តាំងពីខែកក្កដាមកដល់នេះ បើទោះបីជាមានការសម្របសម្រួលពីខាងអាជ្ញាធរជាច្រើនលើកក៏ដោយ ក៏ម្ចាស់សណ្ឋាគារ ឡឺ ម៉េរីឌានអង្គរ (Le Meridien Angkor) នៅមិនព្រមទទួលយកមេដឹកនាំ និងសកម្មជនសហជីពជាស្ត្រី ទាំង៣នាក់ឲ្យចូលធ្វើការវិញដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។