សមត្ថកិច្ច​ចោទប្រកាន់​ជនជាតិ​ចិន​ម្នាក់ និង​ខ្មែរ​ម្នាក់​ពី​បទ​រត់ពន្ធ​គ្រឿងញៀន​ខុសច្បាប់

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមឃឿន មាន​ប្រសាសន៍​ថា សមត្ថកិច្ច​បាន​ចោទ​ប្រកាន់​ជន​ជាតិ​ចិន​ម្នាក់ និង​ខ្មែរ​ម្នាក់​ពី​បទ​រត់ពន្ធ​ថ្នាំញៀន​ខុស​ច្បាប់។

ការ​ចោទ​ប្រកាន់​នេះ​ធ្វើឡើង​ក្រោយ​ពី​ពួក​គេ​បាន​នាំ​យក​ថ្នាំញៀន​ប្រមាណ​ជាង ២០០គីឡូ​ក្រាម​ពី​ប្រទេស​ភូមា ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ក្នុង​គោល​បំណង​នាំ​ចេញ​ទៅ​ប្រទេស​ទីបី៖ « ជនសង្ស័យ​ខ្មែរ​ម្នាក់ និង​ចិន​ម្នាក់​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ។ អ្នក​ពាក់ព័ន្ធ​ដ៏​ទៃ​ទៀត យើង​កំពុង​ស្រាវជ្រាវ​ស៊ើបអង្កេត​តាម​ចាប់​ខ្លួន និង​កំណត់​មុខសញ្ញា។ ចំពោះ​មាន​ចំនួន​ប៉ុន្មាន​នាក់​នោះ មិន​អាច​ជម្រាប​បាន​ទេ »

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក គុជ គឹមឡុង តែ​លោក​មិន​លើក​ទូរស័ព្ទ។

នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ទី៣ សីហា បាន​ឆ្មក់​ចូល​ផ្ទះ​ជួល​មួយ​កន្លែង​មាន​ទីតាំង នៅ​ខណ្ឌ​ជ្រោយចង្វា ក្រុងភ្នំពេញ បាន​ឃាត់​ចាប់​ជនជាតិ​ចិន​ម្នាក់ និង​ជនជាតិ​ខ្មែរ​ម្នាក់​ជា​មួយ​នឹង​វត្ថុ​តាង​គ្រឿងញៀន​ចំនួន ១៩៨ដុំ មាន​ទម្ងន់​សរុប​ជាង ២០០​គីឡូក្រាម ដែល​ជនសង្ស័យ​បាន​លាក់​ក្នុង​កេស​ឥដ្ឋការ៉ូ​ធ្វើពីឈើ​បន្លំ​ជា​គ្រឿង​សង្ហារិម ក្នុង​គោលបំណង​នាំចេញ​ទៅ​លក់​នៅ​ក្រៅ ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។