តុលាការ​ក្រុង​ភ្នំពេញ​ សម្រេច​ឃុំ​ជនជាតិ​ចិន​ចំនួន ២៩​​នាក់​ពាក់ព័ន្ធ​ជំរិត​ទារ​ប្រាក់​

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរ​បាល​ជាតិ​ លោក​ ឆាយ គឹមឃឿន សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​ចិន​ចំនួន ២៩​នាក់​ពាក់​ព័ន្ធ​ នឹង​សំណុំ​រឿង​ចាប់​ជំរិត​​ទារ​ប្រាក់​ទៅ​លើ​ជនជាតិ​ចិន​ដូច​គ្នា​កាល​ពី​ថ្ងៃ​ទី១២​ សីហា​កន្លង​ទៅ។ លោក​និយាយ​ថា​ នៅ​ថ្ងៃទី១៩ សីហា​ តុលាការ​ក៏​សម្រេច​ឃុំ​ខ្លួន​ ​ជនជាតិ​ចិន​ ៣​នាក់​ផ្សេងទៀត​ជាប់ពាក់ព័ន្ធ ​ធ្វើ​ឲ្យ​ស្ត្រី​ជនជាតិ​វៀត​ណាម​ម្នាក់​បង្ខំ​ចិត្ត​រត់​ចេញ​ពី​អគារ​កម្ពស់​៥​ជាន់​បណ្ដាល​ឲ្យ​ធ្លាក់​ចុះ​មក​ក្រោម​ រហូត​ដល់​រង​របួស​ជា​ទម្ងន់។​

អ្នក​នាំពាក្យ​អគ្គស្នង​ការ​នគរ​បាល​ជាតិ​ លោក​ ឆាយ គឹមឃឿន​ ប្រាប់​អាស៊ី​សេរី​ថា​ ជនជាតិ​ចិន​ទាំងអស់​សរុប​ចំនួន​ ​៣២ ​នាក់​ ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ «​ចាប់ជំរិត​ និង​គំរាម​យក​ប្រាក់​» និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់​ដើម្បី​ជំរិត​ទារ ប្រាក់​​ ហើយ​តុលាការ​បាន​ចេញ​ដីកា​សម្រេច​ឃុំ​ខ្លួន​ ជនជាតិ​ចិន​ទាំង​នោះ​នៅ​ក្នុង​ពន្ធនាគារ​ដើម្បី​រង់ចាំ​ជំនុំជម្រះ​ទោស៖ « អត់​ទាន់​ចាប់​ខ្លួន​បាន​ទេ​ ជនជាតិ​ចិន ​៣​នាក់​ផ្សេង​ទៀត​នោះ​ យើង​កំពុង​ស្វែង​រក​ចាប់​ខ្លួន​។ដោយ​ឡែក​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​ហើយ​។​ចោទ​ប្រកាន់​ពី​បទ​ ចាប់​ជំរិត​ គំរាម​យក​ប្រាក់​។ ក៏ប៉ុន្តែ​ការ​ចោទ​ប្រកាន់​ជា​ដីកា​ ឃុំខ្លួន​ទេ​ នៅ​ពេល​សវនាការ​​គេ​ចោត​ប្រកាន់​យ៉ាងណា​នោះ​ សំខាន់​ទៅ​លើ​ភស្តុតាង​ដែល​យើង​ប្រមូល​បាន​ដែល​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ដាក់​បន្ទុក​ទៅ​លើ​បទ​ល្មើស »

កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​កាល​ពី​ថ្ងៃ​ទី១២​ សីហា​ កន្លង​ទៅ​នេះ​បាន​ឆ្មក់​ចូល​ក្នុង​សណ្ឋាគារ​មួយ​​ក្នុង​សង្កាត់​ចតុមុខ​ ហើយ​ចាប់​ខ្លួន​ជនជាតិ​ចិន​ចំនួន​២៩​នាក់​ ក្រោយ​ពី​សង្ស័យ​ថា ពួក​គេ​បាន​ធ្វើ​សកម្មភាព​ចាប់​ជំរិត​ទារ​ប្រាក់​ជនជាតិ​ចិន​ដូច​គ្នា​មិន​បាន​សម្រេច។

ដោយ​ឡែក​នៅ​ក្នុង​សំណុំ​រឿង​ជនជាតិ​ចិន​ដូច​គ្នា​នេះ​ដែរ​ សមត្ថកិច្ច​កំពុង​ស្វែង​រក​ចាប់​ខ្លួន​ជន​សង្ស័យ​ជនជាតិ​ចិន​ ៣នាក់​ផ្សេង​ទៀត​ក្រោយ​ពី​បាន​ចាប់​ស្រ្តី​ជនជាតិ​វៀតណាម​ម្នាក់​យក​ទៅ​បង្ខាំង​ទុក​ដើម្បី​ជំរិត​ទារ​ប្រាក់​ និង​រំលោភ​សេពសន្ថវៈ។

សមត្ថកិច្ច​និយាយ​ថា​ ជនជាតិ​ចិន​សរុប​​មាន​គ្នា​ចំនួន​៦​នាក់​ជាប់​ទាក់​ទិន​ នឹង​ការ​បង្ខាំង​ស្ត្រី​ជនជាតិ​វៀតណាម​ជំរិត​ទារ​ប្រាក់​ និង​រំលោភ​សេពសន្ថវៈ​។ប៉ុន្តែ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​៣​នាក់​ នៅ​សល់​៣​នាក់​ទៀត​កំពុង​រត់​គេច​ខ្លួន។​

ការ​ចាប់​ខ្លួន​ជនជាតិ​ចិន​ទាំង​៣​នាក់​នេះ​បាន​កើត​ឡើង​ក្រោយ​ពី​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ដែល​សង្ស័យ​ថា​ ជា​ស្ត្រី​កំណាន់​របស់​ជនជាតិ​ចិន​ បាន​សម្រេច​ សម្រូត​ចុះ​តាម​បង្អួច​​ពី​លើ​អគារ​ មាន​កម្ពស់​៥​ ជាន់​មាន​ទី​តាំង​នៅ​ ផ្សារ​ថ្មី​ទី៣​ ខណ្ឌ​ដូន​ពេញ​ ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើ​បាប​ និង​កេង​ប្រវ័ញ្ច​ ផ្លូវ​ភេទ​ពី​ជនជាតិ​ចិន​ទាំង​​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។