ប្រធានសហជីពរបស់ក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ (Naga World) មានគម្រោងខ្ចីប្រាក់ពីម្ចាស់ក្រុមហ៊ុនជាថ្មីទៀត ដើម្បីជួយដោះស្រាយបញ្ហាលំបាកក្នុងជីវភាពរស់នៅ ក្រោយដែលមានបុគ្គលិកជាច្រើន មិនទាន់បានចូលធ្វើការវិញ និងខ្លះទៀត មិនបានធ្វើការពេញម៉ោង នៅឡើយ។
ការលើកឡើងនេះ ក្រោយដែលក្រុមហ៊ុនកាស៊ីណូដ៏ធំមួយនេះ បានអះអាងថា ក្រុមហ៊ុន ចំណេញប្រាក់ចំនួន ២១លានដុល្លារ រយៈពេល៦ខែ ដើមឆ្នាំ២០២០ ខណៈដែលពិភពលោក កំពុងប្រឈមវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារការរាលដាលសកលនៃជំងឺកូវីដ១៩ (Covid-19)។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន កាស៊ីណូ ណាហ្គាវើលដ៍ (Naga World) ស្វាគមន៍ ដែលក្រុមហ៊ុនកាស៊ីណូមួយនេះ បានចំណេញប្រាក់ចំនួន ២១លានដុល្លារក្នុងអំឡុងពេល ៦ខែ ដើមឆ្នាំ២០២០ ទោះបីជាមានការបិទកាស៊ីណូអស់រយៈពេល ៣ខែ ដោយសារការរាលដាលសកលនៃជំងឺកូវីដ១៩ (Covid-19) ក៏ដោយ។
កញ្ញា ឈឹម ស៊ីថរ ប្រាប់អាស៊ីសេរី កាលពីយប់ថ្ងៃទី២៩ ខែសីហា ថា ទោះបីជាក្រុមហ៊ុនចំណេញប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ក៏ដោយ ក៏បុគ្គលិកធ្វើការជាច្រើន នៅតែប្រឈមបញ្ហាលំបាកក្នុងជីវភាពរស់នៅ។ កញ្ញាបន្តថា បុគ្គលិកនិងសហជីព មានគម្រោងខ្ចីប្រាក់ខែជាមុនសិន ពីក្រុមហ៊ុនសម្រាប់យកមកដោះទាល់នូវការខ្វះខាតប្រចាំថ្ងៃ ហើយនឹងសងទៅវិញនៅពេលបានចូលធ្វើការវិញ និងធ្វើការពេញម៉ោង៖ «ទាំងអស់គ្នាយល់ព្រមថា នឹងដាក់សំណើថ្មីមួយ ទៅខាងភាគីក្រុមហ៊ុន ស្នើសុំខ្ចីប្រាក់ខែចំនួន ១០ថ្ងៃ ហើយនឹងសងវិញ ដរាបណាបុគ្គលិកបានធ្វើការពេញម៉ោងដូចពីមុន។ ទោះជាកាស៊ីណូ បើកឡើងវិញ គឺនៅខែកក្កដា យើងធ្វើបានសម្រង់ស្ថិតិ រកឃើញថា បុគ្គលិកខ្លះធ្វើការបាន១សប្ដាហ៍ ខ្លះច្រើនបំផុត ២សប្ដាហ៍ ហើយខ្លះទៀត អត់បានធ្វើការសោះតែម្ដង»។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ប្លូមប៊ឺក (Bloomberg Daybreak) កាលពីថ្ងៃទី២៧ ខែសីហា នាយករងចាត់ចែងនៃក្រុមហ៊ុនសាជីវកម្មណាហ្គា (NagaCorp Ltd.) លោក ហ្វីលីព លី (Philip Lee) បញ្ជាក់ថា ប្រាក់ចំណេញចំនួន ២១លានដុល្លារក្នុងអំឡុងពេល៦ខែ គិតចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២០នេះ គឺភាគច្រើន បានមកការបើកល្បែងភ្នាល់ និងស្លុតម៉ាស៊ីនតែប៉ុណ្ណោះ។ លោកមិនបានបញ្ជាក់ទំហំទឹកប្រាក់សរុបក្នុងរយៈពេល៦ខែនោះទេ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី៣ ខែកក្កដា បានសម្រេចឲ្យអាជីវកម្មកាស៊ីណូ ណាហ្គាវើលដ៍ (Naga World) អាចបើកដំណើរការឡើងវិញ ក្រោយពីបានបិទអស់រយៈពេល ៣ខែមក ដោយសារវិបត្តិជំងឺកូវីត១៩ ក៏ប៉ុន្តែការអនុញ្ញាតនេះ គឺសំរាប់តែល្បែងភ្នាល់និងស្លុតម៉ាស៊ីនប៉ុណ្ណោះ។
កញ្ញា ឈឹម ស៊ីថរ ក៏បានឲ្យដឹងផងដែរថា កញ្ញានៅមានក្តីសង្ឃឹមថា ក្រុមហ៊ុនកាស៊ីណូដ៏ធំមួយនេះ នឹងគិតគូរពិចារណាអំពីស្ថានភាពលំបាករបស់បុគ្គលិក និងកម្មករ។ កញ្ញាថា កាលពីខែមិថុនាកន្លងមកនេះ នៅពេលដែលកាស៊ីណូ បិទបណ្ដោះអាសន្ន បុគ្គលិករាប់ពាន់នាក់ ក៏បានដាក់លិខិតស្នើសុំខ្ចីប្រាក់ម្តងដែរ ប៉ុន្តែក្រុមហ៊ុនឲ្យតែខ្ចី ៥ថ្ងៃប៉ុណ្ណោះ៖ «នាងខ្ញុំសោកស្ដាយ ក្នុងនាមតំណាងបុគ្គលិកដែលបានឃើញការលំបាករបស់កម្មករ ហើយដែលក្រុមហ៊ុនមិនបានយកចិត្តទុកដាក់បុគ្គលិកខ្លួនឯង។ ជាក់ស្ដែងកាលពីខែមិថុនា បុគ្គលិកជាង ៣ពាន់នាក់ បានធ្វើញត្តិស្នើសុំទៅក្រុមហ៊ុនឲ្យបន្តជួយឧបត្ថម្ភ ប្រាក់ខែ៣០ % ប៉ុន្តែជាការឆ្លើយតប ក្រុមហ៊ុនអោយខ្ចីតែ៥ថ្ងៃទេ ហើយត្រូវសងវិញនៅចុងខែដដែល»។
របាយការណ៍របស់ក្រុមហ៊ុនសាជីវកម្មណាហ្គា (NagaCorp Ltd.) បានបង្ហាញថា ក្នុងអំឡុងឆ្នាំ ២០១៩ ក្រុមហ៊ុននេះទទួលបានប្រាក់ចំណូលចំនួនជិត ២ពាន់លានដុល្លារ ($1.75b) ដែលក្នុងនោះគឺទទួលបានប្រាក់ចំណេញជិត ៥៧២លានដុល្លារ ($571.8m) ហើយក្រោយពីការបង់ពន្ធទៅរដ្ឋាភិបាលកម្ពុជា គឺនៅទទួលបានប្រាក់ចំណេញចំនួន ៥២១លានដុល្លារ($521.3m)។ ចំណែករបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានបង្ហាញផងដែរថា កម្ពុជាទទួលបានចំណូលពន្ធពីវិស័យកាស៊ីណូសរុបទូទាំងប្រទេស មានចំនួន ជាង ៥៦លានដុល្លារ ក្នុងឆ្នាំ២០១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។