កម្មករ-កម្មការិនីរោងចក្រ រ៉េ សាញ ខ្លូស៊ីង (RAY SHINE CLOTHING Co,.LTD) ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ ជាង៣០០នាក់ ស្វែងរកកិច្ចអន្តរគមន៍ទៅស្ថាប័នពាក់ព័ន្ធឲ្យជួយដោះស្រាយករណីថៅកែរោងចក្ររត់ចោលក្រុមហ៊ុនដោយមិនបានទូទាត់សំណង និងប្រាក់ខែជូនពួកគេចំនួនមួយខែមកហើយ។ ចំណែកកម្មកររោងចក្រមួយទៀតស្ថិតនៅខេត្តសៀមរាប ក៏ប្រកាសបន្តតវ៉ាទៀត ខណៈក្រុមកម្មករចោទថា ថៅកែមិនបានផ្តល់ដំណោះស្រាយសមរម្យ។ មន្ត្រីសិទ្ធិការងារយល់ឃើញថា ក្រសួងការងារគួរធ្វើយ៉ាងណាជំរុញ ឬមាននីតិវិធីក្នុងការលក់ឡៃឡុងនូវសម្ភារៈនៅក្នុងរោងចក្រ ដើម្បីយកប្រាក់មកទូទាត់សងជូនកម្មករដែលកំពុងជួបការលំបាក។
តំណាងកម្មកររោងចក្រ រ៉េ សាញ ខ្លូស៊ីង (RAY SHINE CLOTHING Co,.LTD) លោកស្រី ទឹម បុប្ផា ឲ្យដឹងថា កម្មកររោងចក្រនេះ ធ្លាប់បានស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួងការងាររួចមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់មានដំណោះស្រាយណាមួយជូនពួកគេនោះទេ។ លោកស្រីបន្តថា កម្មករ-កម្មការិនីនៅរោងចក្រនេះ កំពុងជួបការលំបាកក្នុងជីវភាព ដោយពុំមានប្រាក់បង់ធនាគារ ខ្វះថ្លៃឈ្នួលបន្ទប់ ថ្លៃចាយវាយប្រចាំថ្ងៃ និងបញ្ហាខ្វះការងារធ្វើជាដើម។
តំណាងកម្មកររោងចក្រ រ៉េ សាញ ខ្លូស៊ីង រូបនេះ អះអាងថា ថៅកែបានជំពាក់ប្រាក់ខែពួកគេចាប់តាំងពីខែ កក្កដា មកហើយក្រុមកម្មករគ្រោងនឹងចេញតវ៉ានៅថ្ងៃទី២ ខែកញ្ញា ប្រសិនបើនៅតែគ្មានដោះស្រាយ។ លោកស្រី លើកឡើងថា ក្រសួងការងារបានអញ្ជើញកម្មករជួបនៅថ្ងៃស្អែកទី០២ ខែកញ្ញា ដើម្បីចចារនេះ៖ « កម្មករទាំងអស់ហ្នឹង គឺប៉ះពាល់ជាងគេ គឺជីវភាព ហើយនឹងអត់លុយបង់លុយរដ្ឋ បង់ធនាគារហ្នឹង វា២ខែហើយ ចូលខែហ្នឹងទៀតនោះ ហើយសំខាន់ជាងគេហ្នឹងវាអត់មានលុយ ចាយទៀតបងអើយ។ សព្វថ្ងៃហ្នឹងមកកូដកម្មមុខរោងចក្រតវ៉ាហ្នឹង មានតែអ្នកជួយបន្តិចៗទេ ដូចជាទឹក ដូចជា បាយកញ្ចប់អីចឹងម្នាក់បន្តិចៗចឹង បើតាមសមត្ថភាពរាល់ថ្ងៃគឺខ្ញុំអត់មានទេ ចឹងគឺខ្ញុំសុំស្នើទៅខាងលើជួយពួកខ្ញុំកម្មករនៅរោងចក្ររ៉េ សាញហ្នឹងផង » ។
រីឯក្រុមកម្មករនៅរោងចក្រមួយទៀត ស្ថិតនៅក្នុងខេត្តសៀមរាប គឺរោងចក្រ ផេកធីក (ខេមបូឌា) ខូអិលធីឌី (Pactics Cambodia Co., Ltd) នៅប្រកាសបន្តធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុន ទាមទារឲ្យថៅកែជនជាតិហុឡង់ដ៍ គោរពលក្ខខណ្ឌការងារ និងទទួលយកតំណាងសហជីព២នាក់ចូលធ្វើការវិញ។
ប្រធានសហជីពឯករាជ្យសាមគ្គីនិយោជិកនៃរោងចក្រ ផេកធីក (ខេមបូឌា) ខូអិលធីឌី (Pactics (Cambodia Co., Ltd) លោក ម៉េត រ៉ាត អះអាងថា ក្រុមហ៊ុនមិនបានផ្តល់ដំណោះស្រាយសមរម្យនោះទេ។ លោកចាត់ទុកថា ដំណោះស្រាយដែលភាគីក្រុមហ៊ុនផ្តល់ឲ្យកម្មករកាលពីថ្ងៃទី៣១ ខែសីហា គឺមានលក្ខណៈរើងអើសដល់កម្មករ-កម្មការិនី និងសហជីពរោងចក្រនេះដែលហ៊ានចេញមុខតវ៉ាទាមទារអត្ថប្រយោជន៍របស់ខ្លួន។ លោក អះអាងថា ក្រុមកម្មករនៅតែប្រកាន់ជំហរថា នឹងបន្តធ្វើកូដកម្មមុខរោងចក្រ រហូតដល់ខាងថៅកែទទួលតំណាងសហជីពចូលធ្វើការងារវិញ៖ « ខ្ញុំគិតថា ករណីហ្នឹងវាមិនមែនជាការខាតបង់អីធ្ងន់ធ្ងរទេ គ្រាន់តែទទួលយកថ្នាក់ដឹកនាំសហជីពចូលធ្វើការវិញនោះ។ កាលណាបើយើងយកថ្នាក់ដឹកនាំសហជីព ២នាក់ចូលធ្វើការវិញ ក្រុមហ៊ុនក៏ដំណើរការចង្វាក់ផលិតកម្ម ហើយក្រុមហ៊ុនក៏ទទួលបានចំណូល ហើយក៏មានអ្នកបញ្ជាទិញវិញដែរ។ យើងអាចនិយាយបានថា វាឈ្នះទាំងអស់គ្នា ទាំងកម្មករនិងនិយោជក » ។
កាលពីថ្ងៃទី៣១ ខែសីហា រោងចក្រ ផេកធីក (ខេមបូឌា) ខូអិលធីឌី (Pactics Cambodia Co., Ltd) បានចេញសេចក្ដីជូនដំណឹងដល់កម្មករនិយោជិតទាំងអស់ថា ក្រុមហ៊ុននឹងអនុវត្តការផ្តល់ប្រាក់ឈ្នួលតាមការប្រកាសរបស់ក្រសួងការងារស្ដីពីប្រាក់ឈ្នួលអប្បបរមាជូនដល់និយោជិតទាំងអស់មានដូចជា ប្រាក់ឈ្នួល ១៩០ដុល្លារក្នុង ១ខែ ប្រាក់រង្វាន់ធ្វើការងារទៀងទាត់ ១០ដុល្លារក្នុង ១ខែ ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ៧ដុល្លារក្នុង ១ខែ ប្រាក់រំលឹកអតីតភាពមុនឆ្នាំ២០១៩ និងប្រាក់បំណាច់ឆ្នាំ២០២០។ ក្រុមហ៊ុននេះ នឹងមិនផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនដល់កម្មករនិយោជិកដែលកំពុងធ្វើកូដកម្មនោះទេ។ ចំណែកករណីក្រុមហ៊ុនបញ្ឈប់ថ្នាក់ដឹកនាំសហជីព ចំនួនពីរនាក់នោះ ក្រុមហ៊ុននៅតែរក្សាជំហរបន្តដោះស្រាយតាមនីតិវិធីច្បាប់។
រោងចក្រផេកធីក (ខេមបូឌា) ខូអិលធីឌី (Pactics (Cambodia Co., Ltd) គឺជារោងចក្រ ផលិតកាបូបបុរស-ស្ត្រី ស្ពាយពីក្រោយខ្នង និងយួរដៃ ដែលនាំទៅលក់នៅទីផ្សារអឺរ៉ុប។ រោងចក្រនេះ មានកម្មករ កម្មការិនី បម្រើការសរុប ៣៣០នាក់ និងមានទីតាំងនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មានប្រសាសន៍ថា លោកសាទរចំពោះសេចក្តីជូនដំណឹងរបស់រោងចក្រផេកធីក (ខេមបូឌា) ខូអិលធីឌី (Pactics (Cambodia Co., Ltd) ដែលអនុវត្តការផ្តល់ប្រាក់អប្បរមាជូនកម្មករនិយោជិតតាមក្រសួងការងារ។ ទោះជាយ៉ាងណា លោកជំរុញឲ្យក្រសួងការងារពិចារណាធ្វើមោឃភាពនូវលិខិតដែលចេញដោយអធិការកិច្ចការងារនៃមន្ទីរការងារខេត្តសៀមរាប ដើម្បីឲ្យមន្ត្រីសហជីពទាំងពីរនាក់ បានចូលធ្វើការវិញ។ មួយវិញទៀត លោកសង្ឃឹមថា ក្រសួងការងារនឹងស្វែងរកនីតិវិធី ដើម្បីជំរុញឲ្យមានដំណោះស្រាយសម្រាប់ក្រុមកម្មករនៅរោងចក្ររ៉េ សាញ ខ្លូស៊ីង (RAY SHINE CLOTHING Co,.LTD) ដែលត្រូវបានថៅកែរត់ចោល ដោយមិនទូទាត់សំណងជូនកម្មករ។ លោកចាត់ទុកថា ករណីរត់ចោលនេះ គឺជាកំហុសធ្ងន់ធ្ងរមួយរបស់និយោជក៖ « ន័យដែលយើងប្រើប្រាស់ថា ថៅកែរត់ចោលហ្នឹងវាមិនមែនជាពាក្យច្បាប់ទេ ព្រោះកាតព្វកិច្ចក្នុងការបង្កើតក្រុមហ៊ុនមួយគឺមាននូវនីតិវិធីការចុះបញ្ជីក្រុមហ៊ុនត្រឹមត្រូវ អភិបាលកិច្ចរបស់ក្រុមហ៊ុនមុនការប្រកាសបិទនីតិវិធីនៅក្នុងការបិទសហគ្រាសអីជាដើមអញ្ចឹង។ អញ្ចឹងអាចំណុចមួយហ្នឹងហើយដែលក្រសួងហ្នឹងត្រូវតែអនុវត្តនូវវិធានការតឹងរ៉ឹងសម្រាប់និយោជកហ្នឹង។ យើងមិនអាចយកហេតុផលនៃការរត់ចោលហ្នឹង មិនគិតពីកាតព្វកិច្ចនៅក្នុងការទូទាត់ប្រាក់ឈ្នួលឲ្យកម្មករនិយោជិតទេ ហើយការមិនទូទាត់ប្រាក់ឈ្នួលឲ្យកម្មករនិយោជិតនេះ គឺជាកំហុសធ្ងន់របស់និយោជក អាហ្នឹងបើសិនជាយើងផ្អែកនៅក្នុងមាត្រា៨៣ នៃច្បាប់ស្ដីពីការងារ អាហ្នឹងគឺជាកំហុសធ្ងន់។ បើសិនអាហ្នឹងគឺជាកំហុសធ្ងន់ ក្រសួងហ្នឹងហើយ ដែលជាអ្នកមានសមត្ថកិច្ចនៅក្នុងការចាត់វិធានការអនុវត្តឲ្យបាន » ។
ក្រុមកម្មករ-កម្មការិនីទាំង ២រោងចក្រ ប្ដេជ្ញាថា ពួកគេនឹងធ្វើការតវ៉ាជាថ្មីម្តងទៀតនៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនៅខេត្តសៀមរាបបន្តទៀត ប្រសិនបើក្រសួងនៅតែមិនមានដំណោះស្រាយជូនកម្មករទេ និងដើម្បីឲ្យក្រុមហ៊ុនទទួលយកថ្នាក់ដឹកនាំសហជីពនេះចូលទៅធ្វើការវិញ និងចរចាប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជាបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។