" ការចោទប្រកាន់ និងឃុំខ្លួន​យុវជន​មាតាធម្មជាតិ​៣នាក់​ ពីបទញុះញង់​ជាការបំភិតបំភ័យ​យុវជនផ្សេងទៀត​ ឲ្យលែងហ៊ាន​ធ្វើការងារ​សង្គម "

ដោយ សុជីវី
2020-09-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ពី​ឆ្វេង) កញ្ញា ភួន កែវ​រស្មី កញ្ញា ឡុង គន្ធា និង​លោក ថុន រដ្ឋា យុវជន​មាតា​ធម្មជាតិ ដែល​អាជ្ញាធរ​ឃាត់​ខ្លួន កាលពី​ថ្ងៃ​ទី៣ ខែកញ្ញា ឆ្នាំ២០២០។
(ពី​ឆ្វេង) កញ្ញា ភួន កែវ​រស្មី កញ្ញា ឡុង គន្ធា និង​លោក ថុន រដ្ឋា យុវជន​មាតា​ធម្មជាតិ ដែល​អាជ្ញាធរ​ឃាត់​ខ្លួន កាលពី​ថ្ងៃ​ទី៣ ខែកញ្ញា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក

លាការ​ក្រុងភ្នំពេញ​បាន​បញ្ជូន​សកម្មជន​មាតាធម្មជាតិ​ទាំងបីរូប​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស។ មន្រ្តី​សិទ្ធិមនុស្ស​ថា​តុលាការ​ចោទប្រកាន់​យុវជន​មាតាធម្មជាតិ​ពីបទញុះញង់​គឺជា​ការបំភិតបំភ័យ​មិនឱ្យ​យុវជន​ផ្សេងទៀត​ហ៊ាន​ធ្វើ​ការងារ​សង្គម និង​រឹតតែ​ធ្វើឱ្យ​សហគមន៍​អន្តរជាតិ​កត់សម្គាល់​ថា ​រដ្ឋាភិបាល​កំពុងតែ​បន្ត​រំលោភ​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។

ចៅក្រមស៊ើបសួរ​សម្រេច​ឃុំខ្លួន​យុវជនទាំងបីរូប​នៅ​ពន្ធនាគារ។ យុវជន​ទាំងបីរូប ដែល​សកម្ម​ក្នុងរឿង​ការពារធនធាន​ធម្មជាតិ​មាន លោក ថុន រដ្ឋា ត្រូវឃុំខ្លួន​នៅ​មណ្ឌល​អប់រំកែប្រែ​ព្រៃសទី១​ឬម១ ចំណែក កញ្ញា ឡុង គន្ធា និង កញ្ញា ភួន កែវរស្មី ត្រូវឃុំ​នៅ​មណ្ឌល​អប់រំកែប្រែ​ព្រៃសទី២​ឬម២ បន្ទាប់​ព្រះរាជអាជ្ញា លោក គុជ គឹមឡុង បាន​ចោទ​ប្រកាន់​ពួកគេ​ទាំងបីនាក់​ពីបទ «ញុះញង់​បង្កឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» តាម​មាត្រា៤៩៤ និង​មាត្រា៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី០៦ ខែកញ្ញា។

នាយករង​ទទួល​បន្ទុក​ផ្នែកឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ដែល​តាមដាន​ដំណើរ​រឿងនេះ​យល់ថា ការចោទ​ប្រកាន់​នេះ​ជា​រឿង​ធ្ងន់ធ្ងរ​សម្រាប់​យុវជន​ទាំងបីរូប ដែល​តែងតែ​សកម្ម​ក្នុងការងារ​ចូលរួម​កិច្ចការពារ​បរិស្ថាន។ លោក​បន្ត​ថា ​ការចាប់ខ្លួន ​ការចោទ​ប្រកាន់ និង​ឃុំខ្លួន​យុវជន​ទាំងបីរូប​នេះ​ក៏​ជា​ការគំរាមកំហែង បំភិតបំភ័យ​ដល់​ស្មារតី​យុវជន និង​សកម្មជន​បរិស្ថាន​ផ្សេងទៀត​ឲ្យ​បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន​ក្នុង​ការចូលរួម​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ៖ «យើង​មើល​ទៅ​ការចាប់ខ្លួន ការឃុំខ្លួន និង​ការចោទ​ប្រកាន់​ប៉ះពាល់​ធ្ងន់ធ្ងរ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ហើយ​ក៏ដូច​ការរំលោភ​សិទ្ធិមនុស្ស​ដូច​មានចែង​ក្នុងបទដ្ឋាន​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស​ជាសកល និង​រដ្ឋធម្មនុញ្ញ​យើង។»

ផ្ទុយពី​ការចោទ​ប្រកាន់​របស់​តុលាការ មន្រ្តី​សិទ្ធិមនុស្ស​រូបនេះ​យល់​ថា សកម្មជន​បរិស្ថាន ដែល​ចូលរួម​សកម្ម​ក្នុង​កិច្ចការពារ​ថែរក្សា​បរិស្ថាន​គួរត្រូវ​បាន​លើក​ទឹកចិត្ត និង​គាំទ្រ មិនត្រូវ​មាន​ការគម្រាម​កំហែង ឬ​ចាប់ខ្លួន​ទេ ព្រោះ​មិនមែន​ទង្វើ​អ្វីខុស​ច្បាប់​ទេ។ លោក អំ សំអាត ឲ្យ​ដឹង​ថា អង្គការ​លីកាដូ​បាន​ផ្ដល់​មេធាវី ដើម្បី​ជួយ​ការពារក្ដី​ដល់​យុវជន​ទាំងបីរូប​នេះ។ អាស៊ីសេរី​មិនទាន់​អាច​សុំ​ប្រតិកម្ម​តបពី លោក មេធាវី លី សុចិត្រា ដែល​ការពារក្ដី​ឲ្យយុវជន​ទាំងបីនាក់​នោះ​បាន​នៅ​ឡើយ​ទេ។

ការចាប់ខ្លួន និង​ចោទ​ប្រកាន់​ក្រុមយុវជន​អង្គការ​មាតា​ធម្មជាតិ​នេះ​គឺ​បន្ទាប់​ពី កញ្ញា ឡុង គន្ធា ប្រកាស​ថា នាង​នឹង​ធ្វើដំណើរ​ថ្មើរជើង​ចេញពី​វត្តភ្នំ​ឆ្ពោះទៅ​ភូមិគ្រឹះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ ដោយ​ស្លៀកពាក់​ពណ៌ស ដើម្បី​ស្នើសុំ​ជួបផ្ទាល់​ជាមួយ លោក ហ៊ុន សែន ពីរឿង​លុបបឹង​តាមោក។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិច ហាន់ដ្រូហ្គាន់ហ្សាលេស ដេវីតសុន (Alejandro Gonzalez Davidson) ប្រាប់ថា អង្គការ​របស់​លោក​នឹង​ប្រឹងប្រែង​រកយុត្តិធម៌​ជូន​ដល់​យុវជន​ទាំងបីរូប។ លោក​យល់ថា ការចាប់ខ្លួន​សកម្មជន​អង្គការ​មាតា​ធម្មជាតិ និង​សកម្មជន​ផ្សេង​ទៀត​នេះ គឺ​រដ្ឋាភិបាល​កំពុង​មាន​ការភ័យខ្លាច​សកម្មភាព​យុវជន​ដែល​កំពុង​ទាមទារ​ដើម្បី​ប្រយោជន៍​សង្គម៖ «ក្នុង​ពេលអនាគត​នៅពេល លោក ហ៊ុន សែន និង​គ្នាគាត់​អស់អំណាច​យើង​ប្រាកដ​ទាមទារ​យុវត្តិធម៌​ឡើងវិញ ដោយសារអី? ដោយសារ​យុវជន​អត់បាន​ធ្វើសកម្មភាព​ខុសច្បាប់​ទាល់តែសោះ​គ្រាន់​តែ​ប្រកាស​ដើរ​ទៅ​ជួប សម្ដេច ហ៊ុន សែន ក៏ចោទ​ថា​ញុះញង់។»

អាជ្ញាធរ​ឃាត់ខ្លួន​យុវជន​មាតា​ធម្មជាតិ​៣នាក់ កាល​ពី​ថ្ងៃ​ទី០៣ ខែកញ្ញា យក​ទៅ​សាកសួរ​ក្នុងពីរ​ករណី​ដាច់​ដោយឡែក​ពីគ្នា​បន្ទាប់ពី​ពួកគេ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការលុប​បឹង​តាមោក និង​យុទ្ធនាការ​ជិះកង់​ផ្សព្វផ្សាយ​អំពី​ការអភិរក្ស​កោះកុងក្រៅ​ជាដើម។ សមត្ថកិច្ច​បានបិទ​ទីតាំងស្ទូឌីយូមួយ​កន្លែង​របស់ លោក ថុន រដ្ឋា ដែល​មានទីតាំង​នៅ​ខណ្ឌពោធិ៍សែនជ័យ​រាជធានី​ភ្នំពេញ។

អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ លោក ឆាយ គឹមខឿន ធ្លាប់​បាន​ឲ្យ​អាស៊ីសេរី​ដឹងថា​ ការសម្រេច​បញ្ជូន​ក្រុមយុវជន​ទៅ​តុលាការ​នេះ​ដោយ​សមត្ថកិច្ច​រកឃើញ​ថា យុវជន​លួចបង្កើត​បន្ទប់ផ្សាយ​ព័ត៌មាន​តាម​រលក​ធាតុអាកាស និង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយគ្មាន​ច្បាប់​អនុញ្ញាត។ លោក​បន្ត​ថា ករណីមួយ​ទៀត​គឺ​ក្រុមយុវជន​ជា​សកម្មជន​បរិស្ថាន​ជ្រកក្រោម​ស្លាក​អង្គការ​មាតា​ធម្មជាតិ​ដោយ​អង្គការ​នេះ​គ្មាន​ឈ្មោះ​នៅ​ក្រសួង​មហាផ្ទៃ ដូច្នេះ​លោក​ថា អ្វី​ដែល​ពួកគេ​ធ្វើ​ជា​សកម្មភាព​ខុស​ច្បាប់។

បើទោះយ៉ាងណា​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិច ឆ្លើយ​តប​ថា ការបង្កើត​ស្ទូឌីយូរបស់​ក្រុមយុវជន ដើម្បី​ផ្សព្វផ្សាយ​ការងារ​បរិស្ថាន​តាមបណ្ដាញ​សង្គមហ្វេសប៊ុក​ប៉ុណ្ណោះ​ដោយគ្មាន​ការផ្សាយ​ព័ត៌មាន​តាម​រលក​ធាតុអាកាស​ដូច​សមត្ថកិច្ច​ចោទ​ប្រកាន់​នោះ​ទេ។

ក្រុមយុវជន​អង្គការ​មាតា​ធម្មជាតិ​តែងតែ​ធ្វើ​វីដេអូ​បង្ហោះ​តាម​បណ្ដាញសង្គម​ពី​ការបំផ្លាញ​បរិស្ថាន អំពើ​ពុករលួយ និង​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ ទន្លេ ការរក្សា​ទុក​ភ្លុកដំរី កុយរមាស ឆ្អឹងខ្លា និង​ស្រកា​ពង្រូល​ជាដើម។

លោក អាឡិច អះអាង​ថា បើទោះបីជា​មាន​ការចោទ​ប្រកាន់​លើ​ក្រុមយុវជន​របស់​លោក​ពេលនេះ​យ៉ាងណាក្ដី ក៏​អង្គការ​មាតា​ធម្មជាតិ​នៅតែ​បន្តធ្វើ​ការងារ​របស់​ខ្លួន​ឲ្យ​កាន់តែខ្លាំង​ថែមទៀត​ក្នុង​បុព្វហេតុ​នៃ​កិច្ចការពារ​បរិស្ថាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល