តុលាការ​ក្រុង​ភ្នំពេញ ចាប់​ផ្ដើម​សាកសួរ​ជនជាតិ​ចិន​ជាង ៣០នាក់​ពាក់ព័ន្ធ​ជំរិត​ទារ​ប្រាក់

តុលាការ​ក្រុង​ភ្នំពេញ​ចាប់​ផ្តើម​សាកសួរ​ជនជាតិ​ចិន​ចំនួន ៣៣នាក់​ពាក់ព័ន្ធ នឹង​សំណុំរឿង​ចាប់ជំរិត​ទារប្រាក់ និង​ធ្វើឲ្យ​ស្ត្រីជន​ជាតិ​វៀតណាម​ម្នាក់​បង្ខំចិត្ត​រត់ចេញ​ពី​អគារ​កម្ពស់ ៥ជាន់​បណ្ដាល​ឲ្យ​ធ្លាក់​ចុះ​មក​ក្រោម រហូតដល់​រង​របួស​ជា​ទម្ងន់។ មន្ត្រី​ជាន់ខ្ពស់​ប៉ូល​ិ​ស និយាយ​ថា សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​ជនជាតិ​ចិន ៣នាក់​បន្ថែម​ទៀត​នៅ​ក្នុង​សំណុំរឿង​នេះ។

អ្នកនាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​លោក គុជ គឹមឡុង បញ្ជាក់​ថា តុលាការ​ត្រូវ​ការ​ពេល​វេលា​ជា​ច្រើន​ថ្ងៃ​ដើម្បី​សាកសួរ​ជន​ជាតិ​ចិន​ចំនួន ៣៣នាក់ នៅ​ក្នុង​សំណុំ​រឿង​ពីរ​ដាច់​ដោយ​ឡែកៗ ពី​គ្នា។ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ថា តើ​តុលាការ​នឹង​បញ្ចប់​នីតិវិធី​សាកសួរ​របស់​ខ្លួន នៅ​ពេល​ណា​ទេ៖ « រឿង​ទាំងពីរ​បាន​បញ្ជូន​មកដល់​តុលាការ​យើង​ហើយ ខាង​ព្រះរាជអាជ្ញា​កាន់​សំណុំរឿង​កំពុង ពិនិត្យ នឹង​សាកសួរ​តាម​នីតិវិធី​នៅឡើយ។ បើ​មានការ​សម្រេច​យ៉ាងណា​ខ្ញុំ​នឹង​ជូន​ព័ត៌មាន​ទៀត »

កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​កាលពី​ថ្ងៃទី១២ សីហា កន្លងទៅ​នេះ​បាន​ឆ្មក់​ចូល​ក្នុង​សណ្ឋាគារ​មួយ​ក្នុង​សង្កាត់​ចតុមុខ ហើយ​ចាប់ខ្លួន​ជនជាតិ​ចិន​ចំនួន ២៩នាក់ ក្រោយពី​សង្ស័យ​ថា ពួក​គេ​បាន​ធ្វើសកម្មភាព​ចាប់ជំរិត​ទារ​ប្រាក់​ជនជាតិ​ចិន​ដូចគ្នា​មិនបាន​សម្រេច។

សមត្ថកិច្ច​បាន​ឲ្យដឹង​ថា ដើម្បី​ហេតុ​ដែល​នាំ​ទៅ​រក​ការ​ចាប់ខ្លួន​នេះ​ដោយសារតែ​មាន​ពាក្យ​បណ្ដឹង​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ រស់នៅ​ក្នុង​ប្រទេស​ចិន​ដែល​បាន​ប្ដឹង​មក​សមត្ថកិច្ច​កម្ពុជា​ឲ្យ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្ដន្ទាទោស​តាមច្បាប់។

ដោយឡែក​នៅ​ក្នុង​សំណុំរឿង​ជនជាតិ​ចិន​ដូចគ្នា​នេះ​ដែរ អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមឃឿន ប្រាប់​អាស៊ី​សេរី​ថា សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន ៣នាក់​ផ្សេង​ទៀត ក្រោយ​ពី​បាន​ចាប់​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​យក​ទៅ​បង្ខាំង​ទុក​ដើម្បី​ជំរិត​ទារ​ប្រាក់ និង​រំលោភ​សេពសន្ថវៈ។ លោក​និយាយ​ថា ជនជាតិ​ចិន​ទាំងអស់​មាន​គ្នា​ចំនួន ៦នាក់​ជាប់​ទាក់ទិន នឹង​ការ​បង្ខាំង​ស្ត្រីជន​ជាតិ​វៀតណាម​ជំរិត​ទារ​ប្រាក់ និង​រំលោភ​សេពសន្ថវៈ។ ប៉ុន្តែ​សមត្ថកិច្ច​ចាប់ខ្លួន​បាន ៣នាក់ នៅ​សល់ ៣នាក់​ទៀត​កំពុង​រត់​គេច​ខ្លួន៖ « បញ្ជូន​ទៅ​តុលាការ ហើយ​នៅ​ប៉ុន្មាន​នាក់​ទៀត​យើង​កំពុង​ស្វែងរក​ចាប់ខ្លួន »

ការ​ចាប់ខ្លួន​ជនជាតិ​ចិន​ទាំង ៣នាក់​នេះ​បាន​កើតឡើង​ក្រោយពី​ស្ត្រីជន​ជាតិ​វៀតណាម​ម្នាក់​ដែល​សង្ស័យ​ថា ជា​ស្ត្រី​កំណាន់​របស់​ជនជាតិ​ចិន បានសម្រេច សម្រូត​ចុះ​តាម​បង្អួច​ពីលើ​អគារ មាន​កម្ពស់ ៥ជាន់​មាន​ទីតាំងនៅ ផ្សារ​ថ្មី​ទី៣ ខណ្ឌ​ដូនពេញ ដើម្បី​គេច​ចេញពី​ការធ្វើបាប និង​កេងប្រវ័ញ្ច ផ្លូវ​ភេទ​ពី​ជនជាតិ​ចិន​ទាំងនោះ។

លោក ឆាយ គឹ​មឃឿន បាន​​ដឹង​ថា ជនរងគ្រោះ​បាន​យក​ភួយ និង​កន្សែង មក​ចង​ប្រទាក់​គ្នា​ធ្វើជា​ខ្សែ ចង​តាម​បង្អួច​ដើម្បី​គេច​ចេញពី​អគារ​ស្នាក់នៅ ប៉ុន្តែ​នៅ​ពេល​ដែល​កន្សែង​នោះ​ដាច់​បណ្ដាល​ឲ្យ​ធ្លាក់​មក​ក្រោម​រហូតដល់​មានរបួស​ធ្ងន់ ហើយ​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត្រ។

ជនជាតិ​ចិន​ក្នុង​រយៈ​ពេល​ដើម​ខែ​សីហា នេះ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ជាប់ៗ គ្នា ទាំង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ព្រះសីហនុ ដោយ​មិន​ខ្លាច​ញញើត​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា។សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី១០ សីហា​កន្លង​ទៅ ចាប់​ខ្លួន​ជនជាតិ​ចិន​ចំនួន ៤នាក់​នៅ​ក្នុង​សណ្ឋាគារ​មួយ​កន្លែង មាន​ទីតាំងនៅ​ក្នុង​សង្កាត់​លេខ៣ ក្រុង​ព្រះសីហនុ ក្រោយ​ពី​លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​ថា មាន​រង​គ្រោះ​ម្នាក់​ត្រូវ​ជន​សង្ស័យ​ដាក់​ថ្នាំ​សណ្ដំ​ដើម្បី​ជំរិត​ទារ​ប្រាក់។

សមត្ថកិច្ច​និយាយ​ថា ជនសង្ស័យ​បាន​ដាក់​ថ្នាំ​សណ្តំ ក្នុង​ស្រាបៀ​ដើម្បី​ឱ្យ​ជនរងគ្រោះ​ផឹក រួចហើយ​នៅ​ពេល​ដែល​បាត់បង់​ស្មារតី​ចងចាំ។ ជនសង្ស័យ​បាន​បង្ខំឲ្យ​ជនរងគ្រោះ​វេរ​លុយ​ចូល​ក្នុង​គណនី​សង្ស័យ តាម​បណ្ដាញ​សង្គម វីឆាត (wechat) ដែល​មាន​ទឹកប្រាក់​ជាង ៦ម៉ឺន​ដុល្លារ។

ព្រះរាជអាជ្ញា​រង​ខេត្ត​ព្រះសីហនុ​លោក ហួត វិចិត្រ ប្រាប់​អាស៊ី​សេរី​ថា តុលាការ​កាលពី​ថ្ងៃ​ទី១៣ សីហា បានសម្រេច​ឃុំ​ខ្លួន​ជនជាតិ​ចិន​ចំនួន ៤នាក់​ពី​បទ «លួច» តាម​មាត្រា ៣៥៣ និង ៣៥៦ នៃ​ក្រម​ព្រហ្មទណ្ឌ។ ការ​ចោទ​ប្រកាន់​នេះ​ធ្វើឡើង​ក្រោយ​ពេល​តុលាការ​បាន​ប្រើ​ពេលវេលា​ចំនួន​ពីរ​ថ្ងៃ​ដើម្បី​សាកសួរ​ជនជាតិ​ចិន ៤នាក់​ក្រោយពី​បាន​ដាក់​ថ្នាំ ស​ណ្តំ ទៅលើ​ជនជាតិ​ចិន​ដូចគ្នា​ដើម្បី​ជំរិត​ទារ ប្រាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។