មន្ត្រី​នគរបាល​បញ្ជាក់​ថា​មិន​មាន​ករណី​ចាប់​ក្មេង​វះ​យក​គ្រឿង​ក្នុង​ទេ

ដោយ ឡេង ម៉ាលី
2017-07-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​នៃ​ក្រសួង​មហាផ្ទៃ។
អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​នៃ​ក្រសួង​មហាផ្ទៃ។
Photo: RFA

មន្ត្រី​នគរបាល​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ប្រកាស​ថា រហូត​មក​ដល់​ពេល​នេះ មិន​មាន​ករណី​ចាប់​ក្មេង​វះ​យក​ក្រលៀន ឬ​គ្រឿង​ក្នុង​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​ប្រកាស​នេះ គឺ​បន្ទាប់​ពី​ការ​ស្រាវជ្រាវ​នៅ​តាម​រាជធានី-ខេត្ត​ចំនួន​២៥ ដែល​លេច​ឮ​ព័ត៌មាន​ទាំងនេះ។

អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធិ មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា ថា ក្នុង​ចំណោម​ព័ត៌មាន​ដែល​ទទួល​បាន​ចំនួន ១៥​ករណី​ក្នុង​រយៈពេល​ជាង ២០​ថ្ងៃ ថា​មាន​ករណី​ចាប់​កូន​ក្មេង​វះ​យក​ក្រលៀន ភ្នែក ឬ​គ្រឿង​ក្នុង​ដទៃ​ទៀត​នោះ គឺ​មិន​ពិត​ទេ ហើយ​ថា​ជា​ការ​បំពុល​បរិយាកាស​សន្តិសុខ​សង្គម«គាត់​បំផុស​ថា អា​ហ្នឹង​មនុស្ស​ចាប់​ក្មេង ឥឡូវ​គេ​ចាប់​បាន​ហើយ។ ប៉ុន្តែ​តាម​ពិត ដល់​ពេល​យើង​សួរ​បញ្ហា​ទៅ​ថា ហេតុ​អី​បាន​ពីរ​នាក់​ហ្នឹង​រត់? ពីរ​នាក់​ហ្នឹង វា​មាន​ដីកា​ចាប់​ខ្លួន វា​ធ្លាប់​ប្រព្រឹត្ត​អំពើ​មិន​ល្អ វា​មាន​ដីកា​ចាប់​ខ្លួន។ អ៊ីចឹង​ដល់​ពេល​នគរបាល​ទៅ​ដល់ វា​ភ័យ ហើយ​រត់។ អា​នេះ​វា​រឿង​ផ្សេង​ទេ​តើ! ប៉ុន្តែ ណៃ ស៊ីណេង ហ្នឹង គាត់​ទៅ​បំផុស​ថា អា​ហ្នឹង​វា​ជា​ករណី​ចាប់​ក្មេង។ អា​នេះ​ចង់​ចេតនា​បំផុស​ព័ត៌មាន​មិន​ពិត ដែល​ធ្វើ​ឲ្យ​សង្គម​អសន្តិសុខ​ច្របូកច្របល់»

លោក​បញ្ជាក់​បន្ថែម​ថា ព័ត៌មាន​មិន​ពិត​អំពី​ការ​ចាប់​កូន​ក្មេង​វះ​យក​ក្រលៀន និង​គ្រឿង​ក្នុង​នេះ ទទួល​បាន​ពី​ខេត្ត
-រាជធានី​ចំនួន​១០ ហើយ​ចុង​ក្រោយ គឺ​ករណី​នៅ​ស្រុក​បារាយ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​២៩ កក្កដា ដែល​ជន​សង្ស័យ​រឿង​ចោរកម្ម ២​នាក់​ត្រូវ​អ្នក​ស្រុក​ចាប់​វាយ​ធ្វើ​បាប​ធ្ងន់ធ្ងរ ព្រោះ​សង្ស័យ​ថា​ជា​អ្នក​ចាប់​កូន​ក្មេង។ លោក​ថា ករណី​នេះ​បាន​បង្ក​ឲ្យ​មាន​អសន្តិសុខ ដោយសារ​អ្នក​លេង​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ ណៃ ស៊ីណេង (Nay Sineng) បង្ហោះ​ព័ត៌មាន​ថា ជន​ទាំង ២​នាក់​ជា​អ្នក​ចាប់​កូន​ក្មេង​វះ​យក​ក្រលៀន។

លោក ណៃ ស៊ីណេង ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កំពង់ធំ ស្រាវជ្រាវ​ឃាត់​ខ្លួន​តាម​បញ្ជា​របស់​ព្រះរាជអាជ្ញា​កាល​ពី​ថ្ងៃ​ទី​៣០ កក្កដា គឺ​មួយ​ថ្ងៃ​ក្រោយ​ពេល​ដែល​លោក​បង្ហោះ​ព័ត៌មាន​នោះ​តាម​ហ្វេសប៊ុក​ថា នៅ​ភូមិ​អណ្ដូងពោធិ៍ ឃុំ​គ្រើល ស្រុក​បារាយ មាន​ករណី​ជនជាតិ​វៀតណាម ៣​នាក់​ចាប់​កូន​ក្មេង​វះ​យក​ក្រលៀន និង​ភ្នែក ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន ២​នាក់ រត់​រួច​ម្នាក់។ ក្រោយ​ពេល​ឃាត់​ខ្លួន លោក ណៃ ស៊ីណេង សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ការ​បង្ហោះ​ព័ត៌មាន​ថា​ចាប់​ក្មេង​នោះ​ជា​ការ​យល់​ប្រឡំ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កំពង់ធំ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​លោក ណៃ ស៊ីណេង នៅ​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ក្រោម​ការ​ចោទ​ប្រកាន់​អំពី​បទល្មើស​ព្រហ្មទណ្ឌ ដែល​មាន​ចែង​ក្នុង​មាត្រា​៤២៥ នៃ​ក្រម​ព្រហ្មទណ្ឌ​ស្ដីពី​បទ​ក្លែង​ព័ត៌មាន។

មាត្រា​៤២៥ នៃ​ក្រម​ព្រហ្មទណ្ឌ​ចែង​ថា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល​ទៅ ៤​លាន​រៀល អំពើ​ផ្ដល់ ឬ​បើក​កកាយ​ព័ត៌មាន​ក្លែង ដើម្បី​ធ្វើ​ឲ្យ​ជឿ​ថា​នឹង​កើត​មាន​ឡើង​នូវ​ការ​បំផ្លិចបំផ្លាញ ការ​ធ្វើ​ឲ្យ​ទ្រុឌទ្រោម ឬ​ការ​ធ្វើ​ឲ្យ​ខូចខាត​ប្រកប​ដោយ​គ្រោះថ្នាក់​ចំពោះ​មនុស្ស។

ដោយឡែក​អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធិ សន្និដ្ឋាន​ថា ការ​ផ្សព្វផ្សាយ​អំពី​ចាប់​កូន​ក្មេង​វះ​យក​ក្រលៀន​កន្លង​ទៅ​នេះ អាច​ជា​ចេតនា​របស់​ក្រុម​ចាត់​តាំង​ណា​មួយ​ដើម្បី​ចំណេញ​អ្វី​មួយ«យើង​មិន​ដឹង​ទេ ប៉ុន្តែ​ចំពោះ​មុខ បញ្ហា​ហ្នឹង គឺ​ប៉ះពាល់​ដល់​នគរបាល​ហើយ។ ចង់ ឬ​មិន​ចង់ គឺ​វាយ​នគរបាល​អសមត្ថភាព​ហើយ។ អ៊ីចឹង​យើង​ខ្ញុំ​ត្រូវ​តែ​ចាត់​ចែង​ហើយ ហើយ​កំពុង​តែ​រក​បន្ត​ទៀត។ បើសិនជា​រក​ឃើញ​មេខ្លោង នឹង​គិតគូរ​ដោះស្រាយ​តាម​ច្បាប់។ យើង​មាន​តម្រុយ​ខ្លះ តែ​ខ្ញុំ​សុំ​មិន​បញ្ចេញ​ទេ។ (សួរ៖ រឿង​ហ្នឹង​ចូល​រឿង​នយោបាយ​ទេ?) ខ្ញុំ​មិន​ទាន់​ហ៊ាន​និយាយ​ទេ ប៉ុន្តែ​ដូច​ខ្ញុំ​និយាយ​អ៊ីចឹង​ថា គេ​ចង់​ចំណេញ​ស្អី​មួយ​គេ​ចង់​ធ្វើ​អា​ហ្នឹង»

នៅ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ប្រមាណ ១​ខែ​កន្លង​ទៅ​នេះ តែងតែ​លេច​ឮ​ព័ត៌មាន​ចចាមអារ៉ាម​អំពី​ការ​ចាប់​កូន​ក្មេង ឬ​សិស្ស​សាលា វះ​យក​គ្រឿង​ក្នុង​ជា​ហូរហែ ប៉ុន្តែ​នៅ​ពេល​នេះ ជា​ការ​បញ្ជាក់​សរុប​របស់​នគរបាល​ជាតិ ដែល​បង្ហាញ​ថា ជា​ព័ត៌មាន​មិន​ពិត។ ដោយឡែក​ករណី​កុមារី​នៅ​ខេត្ត​កំពង់ស្ពឺ លោក គៀត ច័ន្ទថារិទ្ធិ បញ្ជាក់​ថា ករណី​អ៊ំ​ចាប់​ជំរិត​ក្មួយ​យក​ប្រាក់ ៣​ពាន់​ដុល្លារ ហើយ​ករណី​កុមារី​នៅ​ភ្នំពេញ លោក​កំពុង​ស៊ើប​អង្កេត​បន្ត។ លោក​ក៏​ចាត់​ទុក​ការ​វាយ​ដំ​ជន​សង្ស័យ ជា​អំពើ​ខុស​ច្បាប់

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល