ក្រុមយុវជនទាំងក្នុង និងក្រៅប្រទេសមួយចំនួន បង្ហាញការខឹងសម្បារកាន់តែខ្លាំង និងព្រមានពីការធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងរដ្ឋាភិបាលលោក ហ៊ុន សែន ដែលបានបង្ក្រាប និងចាប់ខ្លួនយុវជនដែលតវ៉ាអហិង្សាទាមទារឲ្យដោះលែងលោក រ៉ុង ឈុន។ ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ព្រមានថា ប្រសិនបើក្រុមយុវជន ហ៊ានធ្វើសកម្មភាពតវ៉ាដូចការអះអាងថា នឹងត្រូវប្រឈមមុខចំពោះមុខផ្លូវច្បាប់។
ក្រុមយុវជនទាំងក្នុង និងក្រៅប្រទេសមួយចំនួន កំពុងធ្វើចលនាកៀរគរកម្លាំងធ្វើបាតុកម្មទ្រង់ទ្រាយធំ ប្រសិនបើរដ្ឋាភិបាល មិនព្រមដោះលែងយុវជនខ្មែរថាវរៈ និងមេដឹកនាំសហជីព លោក រ៉ុង ឈុន ឲ្យមានសេរីភាពឡើងវិញទេនោះ។
សមាជិកក្រុមយុវជនខ្មែរថាវរៈរស់នៅរាជធានីភ្នំពេញ លោក វាន់ ចាន់ធឿន ថ្លែងទាំងឈឺចាប់ថា លោក នៅតែរក្សាជំហរធ្វើបាតុកម្មដដែលដោយមិនបាក់ស្បាត ឬរាថយនោះទេ ទោះបីជារដ្ឋាភិបាល ប្រើកងកម្លាំងសមត្ថកិច្ច និងកងសន្តិសុខវាយបង្ក្រាប និងចាប់ខ្លួនអ្នកតវ៉ាអហិង្សាជាបន្តបន្ទាប់ក៏ដោយ។ លោក អំពាវនាវឲ្យពលរដ្ឋរងគ្រោះដីធ្លី និងពលរដ្ឋគ្រប់និន្នាការនយោបាយចូលរួមធ្វើបាតុកម្មឲ្យបានស្រុះគ្នាទាមទារឲ្យរដ្ឋាភិបាលដោះលែងលោក រ៉ុង ឈុន និងក្រុមយុវជនខ្មែរថាវរៈដែលលោក ចាត់ទុកថា ជាអ្នកស្នេហាជាតិពិតប្រាកដ៖ « ខ្ញុំគិតថា វាដល់ពេលមិនត្រូវខ្លាចទៀតទេ ហើយខ្ញុំគិតថា ខ្ញុំអត់ខ្លាចទេ។ ខ្ញុំរង់ចាំមើលគេដោះលែង វណ្ណៈ សិន » ។
យុវជនមួយរូបទៀតជាជាងជួសជុលកាមេរ៉ាសុវត្ថិភាព រស់នៅខេត្តសៀមរាប លោក នង ធារ៉ា និយាយថា លោក កាន់តែឈឺចាប់ និងសោកស្ដាយបំផុតដែលអាជ្ញាធររដ្ឋាភិបាល ធ្វើបាបនិងចាប់ខ្លួន ក្រុមយុវជនដែលគ្រាន់តែប្រើប្រាស់សិទ្ធិសេរីភាពស្របតាមច្បាប់ទាមទារឲ្យដោះលែងលោក រ៉ុង ឈុន៖ « ខ្ញុំមានការឈឺចាប់ជាខ្លាំងពន់ពេក ហើយប្រសិនបើមានសកម្មភាពតវ៉ាណាទៀត ខ្ញុំនឹងចូលរួមឲ្យសកម្ម ដើម្បីទាមទារឲ្យមានការដោះលែងពួកគាត់ទាំងអស់គ្នា ទាំងលោកគ្រួ រ៉ុង ឈុន ទាំងលោក ហ៊ុន វណ្ណៈ និង ឈឿន ដារ៉ាវី ហើយនឹងសកម្មជនដទៃទៀត ដូចជា សកម្មជនយោបាយទាំង ១៧នាក់នោះផងដែរ » ។
រីឯក្រុមយុវជនគាំទ្រគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសមួយចំនួន ក៏ប្រកាសវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ដើម្បីចូលរួមតវ៉ាជាមួយយុវជននៅក្នុងប្រទេសផងដែរ។
យុវជន គង់ រ៉ៃយ៉ា ដែលកំពុងភៀសខ្លួននៅប្រទេសថៃ ថ្លែងថា លោកមិនអាចទ្រាំឈរមើលអាជ្ញាធរ រដ្ឋាភិបាល ធ្វើបាបយុវជនដែលស្នេហាជាតិតទៅទៀតបានទេ។ លោក ប្ដេជ្ញាចិត្តថា នឹងវិលត្រឡប់ទៅកម្ពុជាវិញយ៉ាងយូរ ៧ថ្ងៃទៀត ទោះបីជាត្រូវប្រឈមជាប់ពន្ធនាគារជាលើកទី៣ ក្ដី ដើម្បីចូលរួមតវ៉ាឲ្យអាជ្ញាធរ និងតុលាការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ និងឈប់ធ្វើទុក្ខបុកម្នេញលើអ្នកដែលមានទស្សនៈប្រឆាំងតទៅទៀត៖ « ក្នុងនាមជាយុវជនដូចគ្នាហើយពួកគាត់មួយចំនួនជាមិត្តភ័ក្ដិរបស់ខ្ញុំផង។ ខ្ញុំឈឺចាប់មែនទែនដែលទង្វើអស់ទាំងនេះ ធ្លាប់ប្រព្រឹត្តមកលើខ្ញុំដល់តែពីរដង។ ខ្ញុំគិតថា ការអនុវត្តនេះវាបំពានច្បាប់ខ្លាំងមែនទែន ដោយមិនដឹងថា គាត់យកច្បាប់អីមកសូត្រ ហើយមិនដឹងថា វាមានកំហុសកន្លែងណា។ ការអនុវត្តច្បាប់នេះវាបំពានហួសហេតុ ដែលមិនអាច ឲ្យខ្ញុំឈរមើលបាន ដូច្នេះដាច់ខាត ត្រូវតែទៅចូលរួម » ។
ជាមួយគ្នានេះ យុវជនគណបក្សសង្គ្រោះជាតិ លោក នាង សុឃុន ថ្លែងថា លោក បានត្រៀមខ្លួនរួចជាស្រេចដូចយុវជនដទៃទៀតដែរ ដើម្បីងើបឡើងប្រឆាំងនឹងអំពើអយុត្តិធម៌នៅក្នុងសង្គមកម្ពុជា។ លោកអំពាវនាវឲ្យពលរដ្ឋខ្មែរគ្រប់រូប ជាពិសេស យុវជន ងើបឡើងឲ្យបានស្រុះគ្នា ក្នុងពេលតែមួយ៖ « យើងបានសម្រេចចិត្តជាយូរណាស់មកហើយពេលវេលានឹងបង្ហាញឲ្យឃើញក្នុងពេលឆាប់ៗ ខាងមុខនេះ។ យុវជនខាងក្នុងមិនអាចឱបដៃឈរមើលយុវជន ខាងក្រៅ ហើយយុវជនខាងក្រៅមិនអាចឱបដៃឈរមើលយុវជនខាងក្នុងបានទេ ហើយយើងមិនអាចនៅប្រចាំគ្នាបានទេ យើងត្រូវតែងើបព្រមៗ គ្នាដើម្បីបញ្ចប់របបផ្ដាច់ការ បញ្ចប់អំពើនិទណ្ឌភាព និងបញ្ចប់អំពើចាប់មនុស្សដោយគ្មានកំហុស បញ្ចប់អំពើអយុត្តិធម៌នៅក្នុងសង្គមឲ្យទាន់ពេលវេលាកុំឲ្យអំពើអយុត្តិធម៌វាធ្លាក់ដល់ឈាមជ័រខ្មែរយើងបន្តទៀត » ។
យុវជនគណបក្សសង្គ្រោះជាតិមួយរូបទៀត គឺលោក វឿង សំណាង លើកឡើងថា ទង្វើឃោរឃៅរបស់អាជ្ញាធររដ្ឋាភិបាលក្នុងពេលថ្មីៗ នេះ កាន់តែដុតកំហឹង និងកាន់តែធ្វើឲ្យលោកពុះកញ្ជ្រោលបន្ថែមទៀតក្នុងការវិលត្រឡប់ទៅកម្ពុជាវិញ ទោះបីជាប្រឈមការគំរាមកំហែង និងការបាត់បង់សេរីភាពក៏ដោយ៖ « យើងសម្រេចថាយើងទៅ។ គោលដៅរបស់យើង គឺប្រទេសកម្ពុជា ដើម្បីរំដោះសិទ្ធិសេរីភាពជូនលោកគ្រួ រ៉ុង ឈុន ដែលគាត់ជាមនុស្សស្អាតស្អំ គាត់បម្រើផលប្រយោជន៍ឲ្យប្រជាជនខ្មែរ និងកម្មកររោងចក្រ។ ខ្ញុំជាយុវជនមិនអាចឈរជើងបានទេ ពេលឃើញការរំលោភសិទ្ធិមនុស្សបែបនេះ » ។
ចំណែកយុវជនដែលជាពលករនៅប្រទេសកូរ៉េខាងត្បូង លោក ឃ្លូក លៀព ប្រាប់អាស៊ីសេរីថា ការចាប់ខ្លួនលោក រ៉ុង ឈុន បានធ្វើឲ្យពួកលោកជាពលករនៅកូរ៉េឈឺចាប់ខ្លាំងរួចទៅហើយ ដូច្នេះការចាប់ខ្លួនក្រុម យុវជនដែលតវ៉ាដោយសន្តិវិធី គឺកាន់តែបន្ថែមភាពឈឺចាប់ដល់ពួកលោកបន្ថែមទៀត។ លោក អះអាងថា ពួកលោក មិនអាចឱបដៃឈរមើលទង្វើរំលោភបំពានរបស់អាជ្ញាធរបានទៀត ហើយពួកលោក នឹងព្យាយាមធ្វើបាតុកម្មតាមវិធីផ្សេងៗ ដើម្បីបញ្ចេញកំហឹងឈឺចាប់ បើពុំនោះទេ លោកអាចនឹងស្ទះទ្រូងស្លាប់៖ « របបលោក ហ៊ុន សែន កាន់តែឃោរឃៅចាប់យុវជន ចាប់យុវតី ដែលពួកគាត់ចេញមុខធ្វើបាតុកម្មស្រែកទាមទារដោយអហិង្សាដោយសន្តិវិធី បែរជាប្រើសន្តិសុខ បាតដៃទី៣ វាយដំច្រំធាក់ ហើយលួចកាបូបលួចអីគាត់ហើយបៀតបៀនកេរ្តិ៍ខ្មាសរបស់គាត់ជាក្មេងស្រីៗ ទៀត គឺនេះជាអំពើអសីលធម៌ ដែលគួរឲ្យស្អប់ខ្ពើមបំផុត ដែលយើងមិនអាចទទួលយកបានទេ។ យើងនឹងធ្វើសកម្មភាពតស៊ូមតិទោះជាក្នុងរូបភាពណាក៏ដោយ ។ដោយសារតែនៅក្នុងប្រទេសកូរ៉េ មានជំងឺកូរ៉ូណា គេហាមមិនឲ្យមានការជួបជុំគ្នាច្រើន តែយើងនៅតែគ្រោងធ្វើមហា បាតុកម្មមុខស្ថានទូតខ្មែរ ដើម្បីបង្ហាញការឈឺចាប់ របស់យុវជនខ្មែរនៅកូរ៉េ មិនអាចឈរឱបដៃមើលលោក ហ៊ុន សែន ធ្វើអ្វីតាមតែអំពើចិត្តកាន់តែឃោរឃៅខ្លាំងឡើងៗ បានទៀតនោះទេ » ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ព្រមានថា រដ្ឋាភិបាល នឹងចាត់វិធានការច្បាប់បន្តទៀត ប្រសិនបើក្រុមយុវជន ហ៊ានធ្វើសកម្មភាពតវ៉ាដូចការអះអាងរបស់ពួកគេមែន៖ « ការខឹងសម្បារការធ្វើបាតុកម្មដោយខុសច្បាប់បង្កនៅភាពចលាចល វាមិនមែនជាមធ្យោបាយស្របច្បាប់ ដែលជួយដល់ជនជាប់ចោទនោះទេ។ អ៊ីចឹងទេ ការធ្វើសកម្មភាពទាំងអស់នេះ នឹងបន្តប្រឈម និងការទទួលខុសត្រូវតាមផ្លូវច្បាប់ជាធរមាន » ។
ទាក់ទងនឹងការសកម្មភាពរបស់ក្រុមយុវជនដែលតវ៉ាឱ្យដោះលែងលោក រ៉ុង ឈុន នេះ នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព អះអាងលើហ្វេសប៊ុក (Facebook) ថា តាមច្បាប់ជាតិ និងអន្តរជាតិ អាជ្ញាធរមានកាតព្វកិច្ចធានាការពារដល់សន្តិសុខ និងសុវត្ថិភាពរបស់បាតុករ មិនមែនបង្ក្រាបដោយហិង្សា និងបៀតបៀនលើរាងកាយរបស់យុវតីទាំងនោះឡើយ។ អ្នកស្រីចាត់ទុកទង្វើទាំងឡាយរបស់អាជ្ញាធរ ដូចជា ការចាប់ខ្លួនដោយចោទប្រកាន់ពីបទញុះញង់ និងការលាបពណ៌ពួកគេជាក្រុមប្រឆាំង ជាដើមនោះ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការចូលរួមរបស់យុវជននិងផ្ទុយពីស្មារតីនៃច្បាប់បាតុកម្មដោយសន្តិវិធី ព្រមទាំងគោលការណ៍សិទ្ធិមនុស្ស។ អ្នកស្រីបន្ថែមទៀតថា រដ្ឋាភិបាលកម្ពុជាមានកាតព្វកិច្ចធានាគោរព និងការពារសិទ្ធិមនុស្ស និងត្រូវបង្កបរិយាកាសអំណោយផលដល់ពលរដ្ឋគ្រប់រូបអាចប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនដោយពុំមានការភ័យខ្លាច ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។