ពលរដ្ឋ និង​សកម្មជន គាំទ្រ​សកម្មភាព​របស់​ក្រុម​យុវជន​ដែល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន

ដោយ ហេង រស្មី
2020-08-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​យុវជន​ដែល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន កាល​ពី​ថ្ងៃ​ទី៥ ខែ​សីហា ឆ្នាំ២០២០។
ក្រុម​យុវជន​ដែល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន កាល​ពី​ថ្ងៃ​ទី៥ ខែ​សីហា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

ក្រុម​ពលរដ្ឋ កម្មករ និង​សកម្មជន គាំទ្រ​សកម្មភាព​ក្រុម​យុវជន​តវ៉ា​ទាមទារ​ឲ្យ​ដោះ​លែង​លោក រ៉ុង ឈុន ព្រោះ​លោក រ៉ុង ឈុន គ្មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ក្រុង​ភ្នំពេញ​នោះ​ទេ។ ជាមួយគ្នា​នេះ ក្រុម​ពលរដ្ឋ​ថ្កោលទោស​ទង្វើ​បង្ក្រាប​របស់​អាជ្ញាធរ ដោយ​ចាត់ទុកជា​ការ​រឹតត្បិត​សិទ្ធ​សេរីភាព​របស់​ប្រជាពលរដ្ឋ។

កម្មករ​រោង​ចក្រ​វ៉ាយអូលែ​ត (VIOLET APPAREL CAMBODIA CO,.LTD) លោកស្រី ចាន់ ម៉ាលីណា ឱ្យ​ដឹង​ថា លោកស្រី​គាំទ្រ​សកម្មភាព​របស់​ក្រុម​យុវជន​ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​លោក រ៉ុង ឈុន។ លោកស្រី​ថា លោក រ៉ុង ឈុន ជា​អ្នកការពារ​សិទ្ធិមនុស្ស ដែល​ហ៊ាន​បញ្ចេញមតិ​ការពារ​ប្រយោជន៍ជាតិ និង​ទឹកដី​របស់​ខ្លួន តែ​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ ចាប់​ឃុំខ្លួន និង​ចោទប្រកាន់​ទាំង​អយុត្តិធម៌៖ «ឲ្យតែ​មាន​អ្នកណា​ដែល​ស្ម័គ្រចិត្ត​ជួយ​កម្មករ ជួយ​ប្រជាជន រៀង​រើ​បម្រះ​តិច គាត់​គិតតែពី​ចាប់​អញ្ចឹង អ៊ីចឹង​ដឹង​មាន​ន័យ​ស្អីៗ ទេ មិនបាច់​ចាំ​បោះឆ្នោត មិនបាច់​មាន​ធ្វើ​ស្អីៗ គាំទ្រ មាន​បក្ស​ស្អីៗ មក​ទេ ឲ្យ​មានតែ​គាត់​ហ្មង​ទៅ បើ​ងាក​ចាប់ៗ ចឹង ហើយ​គាត់​គិតតែពី​គាត់​ត្រូវ​រហូត​ចឹង។ បើ​តាម​ពួក​ខ្ញុំ​គិត​ថា គាត់​ចាប់​ហ្នឹង​ដោយសារ​អី ដោយសារ​គាត់​ខ្លាច​កម្មករ​ហ្នឹង​បះបោរ កម្មករ​ហ្នឹង​គាំទ្រ ដូច​ថា បើសិនជា​ចាប់​គាត់​មួយ​ទៅ កម្មករ​អត់មាន​នរណា​ហ៊ាន​បះបោរ ស្អីៗ ក៏​គ្មាន​ហ៊ាន​តវ៉ា គាត់​បញ្ជា​ទៅ​ណា​ទៅ​ហ្នឹង តាមតែ​ចិត្ត​គាត់​ចង់​បញ្ជា»

ចំណែក ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ លោក ម៉ាត់ វណ្ណ​នី យល់ឃើញ​ថា ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន ជា​រឿង​នយោបាយ។ លោក​គាំទ្រ​សកម្មភាព​របស់​ក្រុម​យុវជន​ចំពោះ​ការ​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង លោក រ៉ុង ឈុន បើ​ទោះបីជា​មានការ​បង្ក្រាប និង​ការរំលោភ​សិទ្ធិមនុស្ស​ពី​រដ្ឋាភិបាល​កម្ពុជា។ លោក​ស្នើ​ដល់​គ្រប់​គណបក្ស​នយោបាយ​គួរ​ចូលរួម​ឈឺឆ្អាល​អំពី​ភាព​អយុត្តិធម៌​ដែល​កើតមាន​ជាបន្តបន្ទាប់​នេះ៖ «ខ្ញុំ​គឺ​គាំទ្រ​ពេញទំហឹង​សម្រាប់​ការចូលរួម​នេះ។ វា​ជា​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ណាស់​អានេះ បើ​យោង​តាមច្បាប់​រដ្ឋធម្មនុញ្ញ​មាត្រា ៣៥ បាន​ន័យ​ច្បាស់​ហើយ។ អាជ្ញាធរ​អត់មាន​អី​ប្រកែក​រួច​ទេ ពីព្រោះ​ថា ការ​ធ្វើ​របស់​យុវជន​ហ្នឹង វា​អនុលោម​ទៅ​តាម​ច្បាប់ ប៉ុន្តែ​អ្នក​កំហុស​ឆ្គង​នេះ គឺ​អាជ្ញាធរ​ទេ ដែល​ការ​បង្ក្រាប​អី​ហ្នឹង ត្រូវ​យកលេស​អី​សព្វបែបយ៉ាង​ហ្នឹង អា​ហ្នឹង​យើង​មើល​ឃើញ​ទាំង​អស់​គ្នា​ហើយ យើង​ឃើញ​ថា មាន​រូបភាព​នយោបាយ​ជា​ដដែលៗ ហ្នឹង។ អា​ហ្នឹង​ដោយសារ​អី ដោយសារតែ​គាត់​ភ័យខ្លាច​ប្រជាពលរដ្ឋ​គេ​ខឹង​សម្បារ។ គេ​ចាំតែ​ថ្ងៃណាមួយ​ដែលគេ​មាន​ឱកាស​ហ្នឹង​គេ​នឹង​ងើប​ធ្វើការ​តវ៉ា ទាមទារ​សិទ្ធ​សេរីភាព គេ​ទាមទារ​អា​សន្លឹកឆ្នោត​ដែល​បាត់បង់​ទៅវិញ​នោះ អា​ហ្នឹង​ចង់​ ឬ​មិន​ចង់ អាជ្ញាធរ​គាត់​អនុវត្ត​តាម​បែប​នយោបាយ​ហើយ»

ស្រដៀងគ្នា​នេះ យុវតី​មួយ​រូប​នៅ​រាជធានី​ភ្នំពេញ កញ្ញា យិន ម៉ូលីនី ឲ្យដឹង​ថា កញ្ញា​គាំទ្រ​ការ​តវ៉ា​របស់​ក្រុម​យុវជន និង​ថ្កោលទោស​ការ​បង្ក្រាប និង​ការ​បៀតបៀន​របស់​ក្រុម​អាជ្ញាធរ​មក​លើ​យុវជន និង​ពលរដ្ឋ​ផ្សេង​ទៀត ដែល​ទាមទារ​ឲ្យ​ដោះ​លែង​លោក រ៉ុង ឈុន៖ «ខ្ញុំ​មិន​គាំទ្រ​សម្រាប់​វិធានការ​ដែល​ខាង​សមត្ថកិច្ច​គាត់​ចាត់ការ​មក​លើ​ក្រុម​អ្នក​ទាមទារ​នោះ​ឡើយ ខ្ញុំ​សូម​ស្នើសុំ​ទៅ​ខាង​រាជរដ្ឋាភិបាល ក្រុម​សមត្ថកិច្ច​ទាំងអស់​ឲ្យ​ជួយការ​ពារ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ពេល​ទាមទារ​រក​ភាព​យុត្តិធម៌​សម្រាប់​លោក រ៉ុង ឈុន មិនមែន​មក​បំពុល​ពួក​ខ្ញុំ មិនមែន​មក​ដេញ​វ៉ៃ​ពួក​ខ្ញុំ ពីព្រោះ​ពួក​ខ្ញុំ​មិន​មែន​បាន​ទៅ​សម្លាប់​មនុស្ស មិនមែន​បាន​ទៅ​ប្លន់​ដី​ប្រជា​ពលរដ្ឋ​ទេ។ សូមឲ្យ​ខាង​អាជ្ញាធរ​មាន​ការ​ការពារ​យក​ក្ដី​ស្រឡាញ់ ដាក់​លើ​ប្រជាពលរដ្ឋ មិន​មែន​យក​ទង្វើ​ហិង្សា​យក​មក​ដាក់​លើ​ពួក​ខ្ញុំ​ឡើយ»

ដូចគ្នា​នេះ​ដែរ ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​សង្កាត់​អូរ​ចា លោក រុន ចន្ធី សោក​ស្ដាយ​ចំពោះ​របប​ក្រុងភ្នំពេញ ដែល​បង្ក្រាប​មក​លើ​អ្នក​ទាំង​ឡាយ​ណា​ដែល​ហ៊ាន​និយាយ​ការ​ពិត​អំពី​បញ្ហា​សង្គម។ លោក​ចាត់​ទុក​សកម្មភាព​របស់​ក្រុម​យុវជន ពលរដ្ឋ កម្មករ និង​សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន ថា ជា​រឿង​ត្រឹមត្រូវ​បំផុត៖ «វា​ជា​រូបភាព​មួយ​ដែល​រំលោភ​ទៅលើ​សិទ្ធិ​មនុស្ស ហើយ​នឹង​សិទ្ធិ​របស់​ពលរដ្ឋ ហើយ​បំពាន​ទៅលើ​ច្បាប់​ទាំង​អស់​ហ្នឹង។ ហើយ​អ្វី​ដែល​លោក រ៉ុង ឈុន ធ្វើ​នេះ បើ​យើង​មើល​ទៅ គឺ​ជា​រឿង​មួយ​ដែល​ល្អ​ដែល​គាត់​មាន​សកម្មភាព​ក្នុង​ការ​ទាមទារ​រក​ផល​ប្រយោជន៍​ទៅ​ដល់​កម្មករ​កម្មការិនី ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បន្ទាត់​ព្រំដែន។ ខ្ញុំ​ឃើញ​ថា ជា​រឿង​មួយ​ល្អ ព្រោះ​គាត់​បាន​ផ្សាយ​ដំណឹង បាន​ផ្តល់​ព័ត៌មាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យដឹង​អំពី​បញ្ហា​យួន​ឈ្លានពាន​ទឹកដី​ខ្មែរ ហើយ​វា​គួរ​តែ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត និង​ឲ្យ​តម្លៃ​ទៅ​លើ​គាត់ តែ​អ្វី​ដែល​យើង​ឃើញ​ទៅវិញ យើង​ឃើញ​មាន​ការ​ចាប់​ខ្លួន​នេះ យើង​ពិត​ជា​សោក​ស្ដាយ ហើយ​មិន​គួរឲ្យ​មាន​រឿង​ទាំង​នេះ​កើត​ឡើង​ជា​បន្ត​បន្ទាប់។ រាល់​ជន​ទាំង​ឡាយ​ណា​ដែល​និយាយ​ការ​ពិត ដែល​ទាក់ទង​នឹង​ផល​ប្រយោជន៍​សង្គម​ហ្នឹង ច្រើន​តែ​របប​លោក ហ៊ុន សែន ហ្នឹង​ធ្វើបាប​ជា​រឿយៗ មាន​ចាប់​ដាក់​គុក មាន​រត់​ចោល​ស្រុក ហើយ​ដូចជា​បាញ់សម្លាប់​អី​ជា​ដើម​ផ្សេងៗ នេះ​ជា​អ្វី​ដែល​យើង​សោក​ស្ដាយ»

អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​ចាប់ខ្លួន លោក រ៉ុង ឈុន កាលពី​យប់​ថ្ងៃទី៣១ កក្កដា ដោយ​ចោទ​លោក​ពី​បទ “ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ក្រោយពេល​លោក​និយាយ​រិះគន់​រឿង​ព្រំដែន​កម្ពុជា​-វៀតណាម នៅ​ខេត្ត​ត្បូងឃ្មុំ។ ពេលនេះ លោក រ៉ុង ឈុន កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស រង់ចាំ​សវនាការ​របស់​តុលាការ។

ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន នេះ បាន​ធ្វើ​ឱ្យ​ក្រុម​ពលរដ្ឋ កម្មករ និង​យុវជន​មួយ​ចំនួន ផ្ទុះ​កំហឹង ហើយ​នាំគ្នា​ប្រមូល​ផ្ដុំ​ស្រែក​តវ៉ា សុំ​ឱ្យ​តុលាការ​ដោះលែង​លោក​វិញ។ ទោះ​ជា​យ៉ាង​ណា ការ​ប្រមូល​ផ្ដុំ​ស្រែក​ទាមទារ​នេះ បាន​រង​ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​អាជ្ញាធរ​ជា​ហូរហែ។ ជា​ឧទាហរណ៍ កាល​ពី​ថ្ងៃ​ទី៥ សីហា កងកម្លាំង​សន្តិសុខ​ខណ្ឌ ៧មករា បានប្រើ​ហិង្សា​រុញច្រាន វាយ​ទាត់​ធាក់ ក្រុម​អ្នក​តវ៉ា បណ្ដាលឲ្យ​យុវតី​ម្នាក់​រង​របួស និង​ម្នាក់​សន្លប់។ ករណី​ខ្លះ​ទៀត​ក្រុម​អ្នក​តវ៉ា​ដែល​ភាគ​ច្រើន​ជា​យុវតី​អះអាង​ថា ពួក​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ​ដែល​ជា​មនុស្ស​ប្រុស​ពេញ​កម្លាំង បាន​បន្លំ​បៀតបៀន​ពួក​គេ​ទៀត​ផង។ ក្រៅពី​នេះ អាជ្ញាធរ​បាន​ចាប់​ព្រះសង្ឃ​ខ្មែរ​ថាវរៈ​ចំនួន ៨អង្គ បញ្ជូន​ទៅ​ខេត្ត​បាត់ដំបង​វិញ​ទាំង​បង្ខំ ក្រោយ​ពេល​ព្រះអង្គ​ចូលរួម​បាតុកម្ម​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​លោក រ៉ុង ឈុន។

យុវជន​មាតា​ធម្មជាតិ​កញ្ញា ឈឿន ដារ៉ាវី ដែល​សកម្ម​ក្នុង​ការ​តវ៉ា និង​ផ្សាយ​ពី​បាតុកម្ម​ទាំងនោះ​តាម​ហ្វេសប៊ុក ចាត់​ទុក​ទង្វើ​របស់​ក្រុម​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ថា ជា​ការ​បំបិទ​សិទ្ធិពល​រដ្ឋ និង​ជាសកម្ម​ភាព​កំពុង​បម្រើ​ផលប្រយោជន៍​ឲ្យ​បរទេស ច្រើនជាង​ជាតិ​របស់​ខ្លួន៖ «ពួក​យើង​នៅតែ​ព្យាយាម​ក្នុង​ការ​ដើរ ស្រែក​ដង្ហើយ​ហៅរក​យុត្តិធម៌ មិនបាន​ពី​តុលាការ​ក៏ដោយ គឺ​យើង​ទាមទារ​ឲ្យ​អន្តរជាតិ​ហ្នឹង​មើល​ឃើញ​ថា ប្រទេសខ្មែរ​យើង​គឺ​កំពុងតែ​ជួប​នឹង​ភាព​អយុត្តិធម៌ យើង​មើល​ឃើញ​ថា តុលាការ​មិន​ឯករាជ្យ ក្រសួង​យុត្តិធម៌​ក៏​យើង​មើល​ឃើញ​ថា ពិតជា​អយុត្តិធម៌​ក្នុង​ការចូលរួម​រារាំង មិន​ឲ្យ​ពួក​ខ្ញុំ​ហ្នឹង​ធ្វើការ​តស៊ូ​មតិ​ទាមទារ​រក​យុត្តិធម៌ ដើម្បី​សង្គម ដើម្បី​លោក រ៉ុង ឈុន ដែល​ជា​បុគ្គល​ស្នេហាជាតិ ការពារ​ទឹកដី​បែប​ហ្នឹង»

ទាក់ទង​នឹង​ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ជាតិ​-អន្តរជាតិ បាន​ចេញ សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ករណី​នេះ​ជា​បន្តបន្ទាប់ ដោយ​ពិនិត្យ​ឃើញ​ថា នេះ​ជា​ការរំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ។ ពួក​គេ​បន្ត​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង និង​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​នឹង​លោក រ៉ុង ឈុន ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល