មន្ត្រីឃ្លាំមើលកម្ពុជា សម្ដែងក្តីព្រួយបារម្ភកាន់តែខ្លាំង ចំពោះវត្តមានជនអន្តោប្រវេសន៍ចិននៅកម្ពុជា។ មន្ត្រីដដែលលើកឡើងថា ក្តីបារម្ភនេះ គឺដោយសាររយៈពេលពីរឆ្នាំចុងក្រោយនេះ អាជ្ញាធរកម្ពុជា ឲ្យជនចិនហូរចូលមកប្រទេសកម្ពុជាយ៉ាងគំហុក ដែលបង្កបញ្ហាសង្គមជាច្រើន។
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា កាលពីថ្ងៃទី២៦ ខែធ្នូ ថា កំណើនជនជាតិចិន កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យខេត្តក្រុងមួយចំនួន គ្មានសណ្ដាប់ធ្នាប់ និងបង្កអសន្តិសុខ នាំឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរបរទេស និងក្នុងស្រុក នាំគ្នាភ័យខ្លាចមិនទៅលេងកម្សាន្ត ករណីដូចជាខេត្តព្រះសីហនុជាដើម។ លោកបន្ថែមថា ជនជាតិចិន នៅកម្ពុជា ក៏ធ្វើឲ្យប៉ះពាល់ដល់មុខរបរ និង ការងាររបស់ប្រជាពលរដ្ឋខ្មែរដែរ ហើយបើរបបលោក ហ៊ុន សែន នៅតែមានភាពធូរលុង ពុំមានការទប់ស្កាត់បែបនេះ មិនយូរទេប្រជាពលរដ្ឋខ្មែរ នឹងក្លាយទៅជាជនជាតិភាគតិច នៅលើទឹកដីកំណើតរបស់ខ្លួន ជាក់ជាមិនខាន៖ «បើសិនជាមិនមានវិធានការច្បាស់លាស់ ជុំវិញបញ្ហាអន្តោប្រវេសន៍នេះទេ វាអាចធ្វើឲ្យប៉ះពាល់កាន់តែធ្ងន់ធ្ងរឡើង។ ប្រទេសកម្ពុជាយើងនឹងអាច មានហានិភ័យនៅថ្ងៃណាមួយជាមិនខាន»។
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដដែលស្នើឲ្យរបបលោក ហ៊ុន សែន ត្រូវមានវិធានការទប់ស្កាត់ ចំពោះលំហូរជនអន្តោប្រវេសន៍ចិនមកកម្ពុជា ដើម្បីរក្សាសណ្ដាប់ធ្នាប់ សន្តិសុខសង្គម និង រក្សាសុវត្ថិភាពដល់ភ្ញៀវទេសចរបរទេស និងទេសចរក្នុងស្រុក រួមទាំងរក្សាមុខរបរ និង ការងារជូនពលរដ្ឋខ្មែរ។
អាស៊ីសេរី មិនទាន់អាចសុំការឆ្លើយតបពីមន្ត្រីនាំពាក្យរបបលោក ហ៊ុន សែន បាននៅឡើយទេ កាលពីថ្ងៃទី២៦ ខែធ្នូ។
កន្លងមកអាជ្ញាធរខេត្តព្រះសីហនុ ក៏ធ្លាប់បានរាយការណ៍ទៅក្រសួងមហាផ្ទៃថា វត្តមានជនជាតិចិននៅខេត្តនេះ បានបង្កបញ្ហាសន្តិសុខជាច្រើនករណី ដល់ខេត្តទេសចរណ៍មួយនេះ។ បច្ចុប្បន្នភ្ញៀវទេសចរក្នុងស្រុក បានចៀសវាងទៅលេង នៅខេត្តព្រះសីហនុ ដោយសារតែក្តីបារម្ភពីបញ្ហាសន្តិសុខ និងបញ្ហាតម្លៃបន្ទប់ស្នាក់នៅ ដែលឡើងថ្លៃខ្លាំងជាដើម។
ប៉ុន្តែ ចំពោះមេដឹកនាំរបបសព្វថ្ងៃនេះវិញ មិនឈឺក្បាលនឹងការព្រួយបារម្ភទាំងនេះទេ។ មិនតែប៉ុណ្ណោះ លោកថែមទាំងអួតសរសើរចិន មិនដាច់ពីមាត់។ លោក ហ៊ុន សែន បានសារភាពថា លោកដឹកនាំប្រទេសបច្ចុប្បន្នខិតទៅរកចិនកុម្មុយនិស្ត ព្រោះងាយស្រួលធ្វើការជាមួយ។ កាលពីខែឧសភា កន្លងទៅ លោក ហ៊ុន សែន ថែមទាំងចំអក ដល់អ្នកដែលរិះគន់ វត្តមានជនជាតិចិននៅលើទឹកដីកម្ពុជាទៀតផង។ លោកអះអាងថា ជនជាតិចិនមានវត្តមានច្រើននៅកម្ពុជា គឺដោយសារការវិនិយោគរបស់ចិនកើនឡើងតែប៉ុណ្ណោះ៖ «បើបូកទាំងវិនិយោគស្អីផង ការដ្ឋានដល់រយ អ៊ីចឹងមិនឲ្យចិនច្រើនយ៉ាងម៉េច ? ដល់តែឃើញចិនមកច្រើន មកច្រណែនចិនឯណេះទៅវិញ វាសុទ្ធតែថាកម្ពុជាដឹកនាំប្រទេសទៅជិតចិន។ ចុះបើចិនគេស្រួលជាមួយខ្ញុំ មិនឲ្យទៅជិតជាមួយគ្នាឬយ៉ាងម៉េច ?»។
ចិនស្រួលជាមួយលោក ហ៊ុន សែន មែន ប៉ុន្តែ អ្នកដែលចំណេញច្រើន គឺភាគីចិនឯណោះទៅវិញទេ ព្រោះពួកគេបាននាំអ្នកជំនាញ និងវិស្វករចិន មកអនុវត្តគម្រោងជាច្រើនរបស់ចិននៅកម្ពុជា។ ក្នុងស្ថានភាពបែបនេះ ធនធានមនុស្ស ជាពិសេសយុវជនខ្មែរ នៅតែមិនបានផលច្រើន ពីការកសាងសមត្ថភាពផ្នែកគម្រោងទាំងនោះទេ។ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន រយៈពេលជាង ៣៤ ឆ្នាំកន្លងមកនេះ លោក ហ៊ុន សែន ខ្លួនឯង ក៏ទទួលស្គាល់ថា កម្ពុជានៅតែខ្វះធនធានមនុស្ស៖ «គឺយើងខ្វះនូវមូលធនបញ្ញា។ ក្រុមហ៊ុនមកពីក្រៅប្រទេស ត្រូវបង្ខំចិត្តយកបុគ្គលិកមកពីក្រៅប្រទេស មកបម្រើការនៅក្នុងប្រទេសរបស់យើង គឺចំណាយខ្ពស់ជាង ប៉ុន្តែគេសុខចិត្តយក ព្រោះធនធានខួរក្បាលរបស់គេខ្លាំង»។
លោក រ៉ុង ឈុន ជំទាស់យ៉ាងខ្លាំង ទៅនឹងការណ៍ដែលកម្ពុជា នៅតែត្រូវយកជនបរទេស មកដណ្ដើមទីផ្សារការងារយុវជន និងពលរដ្ឋខ្មែរ។ លោកថា រាល់ទំនាក់ទំនងជាមួយបរទេសដូចជាចិននេះ កម្ពុជាត្រូវឈរលើគោលជំហរច្បាស់លាស់ ឈរលើគោលការណ៍ ដែលគិតប្រយោជន៍ជាតិជាធំ។ មន្ត្រីឃ្លាំមើលកម្ពុជារូបនេះ បន្ថែមថាទំនាក់ទំនងជាមួយចិន មើលទៅបានចំណេញប្រយោជន៍តែបក្សពួក ក្រុមរបស់លោក ហ៊ុន សែន ច្រើនជាងប្រយោជន៍ពលរដ្ឋទូទៅ៖ «បើយើងនិយាយពីច្បាប់វិនិយោគទុនវិញ អ្នកវិនិយោគទុនក៏មិនអាចយកកម្មកររបស់ខ្លួនមកតាមដូច្នេះទេ ភាគច្រើនគេយកតែអ្នកជំនាញ ចំណែកកម្លាំងពលកម្ម គេប្រើកម្លាំងពលកម្មរបស់ខ្មែរយើង។ យើងឃើញវត្តមានអន្តោប្រវេសន៍ចិនមួយចំនួន មិនមែនជាកម្មករជំនាញ ហើយក៏មិនមែនមកធ្វើជាកម្មករដែរ ប៉ុន្តែមកលេងល្បែង និងបង្កភាពអនាធិបតេយ្យ បង្កភាពអសន្តិសុខ និងបង្កបញ្ហាអសណ្ដាប់ធ្នាប់ជាដើម»។
ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បញ្ហាអសន្តិសុខ ការឆក់ប្លន់ ដេញកាប់ចាក់គ្នា ជួញដូរគ្រឿងញៀន ភាពអនាធិបតេយ្យ ការឆបោកតាមបណ្ដាញអ៊ីនធឺណិត ការបើកមុខរបរអនាចារ ការឡើងថ្លៃផ្ទះសំណាក់ និងការបាត់មុខរបររកស៊ីជាដើម ដែលពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍ចិន កើតមានពេញបន្ទុក។ បញ្ហាទាំងនេះ កើតមានច្រើនជាងគេ នៅខេត្តព្រះសីហនុ។ លោក រ៉ុង ឈុន ថាបញ្ហាទាំងអស់នេះ នឹងនៅតែបន្តកើតមានឡើង បើមិនផ្លាស់ប្ដូររបៀបដឹកនាំដូចបច្ចុប្បន្ននេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។