ពលរដ្ឋ​ខេត្ត​សៀមរាប​សង្ឃឹម​តិចណាស់​ថា​ ​លុយ ១៥០លាន​ដុល្លារ​រដ្ឋ​នឹង​ធ្វើ​ផ្លូវ​មានគុណ​ភាព​ ​និង​តម្លា​ភាព

​ពលរដ្ឋ​ខេត្ត​សៀមរាប​បង្ហាញ​អារម្មណ៍​រីករាយ ក្នុង​គ្រា​ដែល​រដ្ឋាភិបាល​ ​បញ្ចេញ​កញ្ចប់​ថវិកា ១៥០លាន​ដុល្លារ ដើម្បី​កសាង​ផ្លូវ​ក្នុង​ក្រុង​សៀមរាប​ចំនួន ៣៨ខ្សែ ក៏ប៉ុន្តែ​ពួកគេ​បារម្ភ​ខ្លាចក្រែង​ការ​អភិវឌ្ឍន៍​នោះ​បង្កប់​អំពើ​ពុករលួយ និង​គ្មាន​គុណភាព។​

​ក្រុម​ពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប​ ​មាន​សង្ឃឹម​តិចណាស់​ថា​ ​រដ្ឋាភិបាល​នឹង​ ​កសាង​ផ្លូវ​ក្នុង​ក្រុង​ទេសចរ​ប្រវត្តិ​សាសន៍​មួយ​នេះ​ ​ប្រកបដោយ​ ​មាន​តម្លា​ភាព​ ​និង​មានគុណ​ភាព​ខ្ពស់​ ​ព្រោះ​បទ​ពិសោធ​កន្លងទៅ​ ​ផ្លូវ​ស្ទើរ​គ្រប់កន្លែង​ ​កសាង​ឆាប់​ខូច​ ​និង​គ្មាន​គុណភាព។​

​ការ​លើក​ឡើង​នេះ ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ផ្ញើ​សារ​ក្នុង​ទំព័រ​ហ្វេ​ស​បុក​របស់​ខ្លួន កាល​ពី​ពេល​ថ្មីៗនេះ​ថា​ ​រដ្ឋាភិបាល​បាន​ប្រើ​ថវិកាជាតិ ១៥០លាន​ដុល្លារ​ ​ដើម្បី​ស្ថាបនា​ផ្លូវ​ចំនួន​ ​៣៨ខ្សែ​មាន​ប្រវែង​ជិត ១រយ​គីឡួ​ម៉ែត្រ (៩៨,៣៤) នៅ​ក្នុង​ក្រុង​សៀមរាប។ លោក​ថា ផែនការ​អភិវឌ្ឍន៍​នេះ ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ពលរដ្ឋ​ ​ក្រោយ​ជួប​វិបត្តិ​ជំងឺ​កូវីដ១៩។

​ពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប​ ​លោក នង ធារ៉ា សង្កេតឃើញ​ថា ផ្លូវ​លំ​ក្រាល​កៅស៊ូ​ចាប់ពី​ចំណុច​ស្វាយ​ធំ​ ​ដល់​រង្វង់​មូល​រូប​កូន​ដំរី​ ​ក្នុងស្រុក​បន្ទាយស្រី​ ​ផ្លូវ​ក្រវាត់​ក្រុង​ ​និង​ផ្លូវ​ក្នុង​ក្រុង​សៀមរាប​ជា​ច្រើន​ខ្សែ​ទៀត​ ​ទើប​តែ​កសាង​ ​មិនបាន​កន្លះ​ឆ្នាំ​ផង​ ​រង​ការខូចខាត​ជា​បណ្ដើរៗ។ ឯ​ផ្លូវ​នៅ​ជុំវិញ​ប្រាសាទ​មួយ​ចំនួន​ ​ដែល​ទើប​តែ​សាងសង់​មួយរយៈពេល​ខ្លី​ប៉ុណ្ណោះ​ ​ក៏​រង​ការខូចខាត​ជា​អន្លើៗ ដែរ។ លោក​អះអាង​ថា អំពើ​ពុក​រលួយ គឺ​ជា​មូលហេតុ​ធ្វើ​ឱ្យ​ការស្ថាបនា​ផ្លូវ​គ្មាន​គុណភាព៖ « គេ​តែង​សង្កេត​ឃើញ​ ​ដូចជា​ផ្លូវ​ចេញ​ពី​ប៉ា​ដាក ឆ្ពោះ​ទៅ​បន្ទាយស្រី​ ​ឬក៏​ផ្លូវ​នានា​ក្នុង​ក្រុង​ ​តែងតែ​ធ្វើ​ផ្លូវ​ ​ខាងមុខ​ហើយ​ ​ខូច​ខាងក្រោយ។ ជាក់​ស្ដែង​គឺ​ពួកគាត់​ធ្វើ​ហើយ​ ​មិន​មាន​ ​ប្រព័ន្ធ​លូ​ត្រឹមត្រូវ​ណាមួយ​ ​ដើម្បី​បង្ហូរ​រំដោះ​ទឹក​ទេ។ ភាគ​ច្រើន​ខ្លះ​ ​ធ្វើ​ផ្លូវ​មាន​គុណ​ភាព​ ​ខ្ញុំ​មាន​សង្ឃឹម​តិចតួច​ដែល​រដ្ឋាភិបាល​ ​ធ្វើ​ផ្លូវ​មានគុណ​ភាព »

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អភិបាល​ខេត្ត​សៀមរាប លោក ទៀ សីហា និង​អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​លោក ប៉ាល់ ចន្ទតា ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល នៅ​ថ្ងៃ​ទី២៩ កញ្ញា។

ទោះ​យ៉ាងណា​​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​លោក ស៊ុន ចាន់ថុល ថ្មីៗ នេះ​បាន​ចុះ​ពិនិត្យ​គម្រោង​កសាង​ផ្លូវ​នេះ និង​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​សាលាខេត្ត​សៀមរាប​ថា លោក​នឹង​ប្រឹងប្រែង​អនុវត្ត​គម្រោង​នេះ​ឲ្យ​ទទួល​បាន​ជោគជ័យ​ដោយ​ត្រូវ​សហការ​ជាមួយ​គណៈកម្មការ​អន្តរ​ក្រសួង​ព្រមទាំង​អាជ្ញាធរ​ដែនដី និង​ភាគី​ពាក់ព័ន្ធ​ផង​ដែរ។

ពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប​ម្នាក់​ទៀត លោក ប៉ក់ ថូ មាន​សង្ឃឹម​តិចណាស់​ថា រដ្ឋាភិបាល​នឹង​កសាង​ផ្លូវ​មានគុណ​ភាព និង​ប្រើ​ថវិកា​ជាតិ​ឱ្យ​បាន​ត្រឹមត្រូវ ព្រោះ​កន្លង​ទៅ​​ការស្ថាបនា​ផ្លូវ​ក្នុង​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មួយ​នេះ មាន​រឿងអាស្រូវ​ជាច្រើន ដូចជា អំពើ​ពុករលួយ ការស្ថាបនា​ផ្លូវ​គ្មាន​គុណភាព​បណ្ដាល​ឱ្យ​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ជួប​លំបាក៖ « ជា​ ទូទៅ​ផ្លូវ​ក្នុង​ក្រុង​សៀមរាប​​អត់​មាន​គុណភាព​ទេ ដោយសារ​បញ្ហា​អំពើ​ពុករលួយ​ធ្វើ​មុខ​ខូច​ក្រោយ ធ្វើ​ក្រោយ​ខូច​មុខ​ជាហូរហែ​ដែរ ហើយ​ផ្លូវ​នៅតែ​បន្ត​ខូច ហើយ​ប្រើ​កញ្ចប់​ថវិកា​ជាតិ ដូច​ថា អត់​មានទំនុក​ចិត្ត​លើ​គុណភាព​បណ្ដោយ »

​រីឯ​អ្នក​រត់​ម៉ូតូ​កង់​បី​ក្នុង​ក្រុង​សៀមរាប​លោក វ៉ាន់ កក្កដា​ចង់​ឃើញ​ការ​អភិវឌ្ឍន៍​នេះ​ ​ត្រូវ​ឆ្លើយតប​តាម​តម្រូវ​ការ​ចាំបាច់​របស់​ពលរដ្ឋ​ដោយ​ត្រូវ​កសាង​ផ្លូវលំ​តូចៗ គ្រប់​ច្រកល្ហក​ទាំងអស់​ ​ពុំមែន​យក​ចិត្ត​ទុក​ដាក់​តែ​ផ្លូវជាតិ​ធំ​ៗ ឬ​ផ្លូវចូល​អង្គរ​នោះ​ទេ។ លោក​ថា​បច្ចុប្បន្ន​ផ្លូវ​តូច​ៗ​ជាច្រើន​ខ្សែ​ ​ខូចខាត​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុង​សៀមរាប​ជាច្រើន​ឆ្នាំ​មក​ហើយ៖ « បើ​ថា យើង​មាន​គម្រោង​ធ្វើ​ផ្លូវ គឺ​ធ្វើ​ប្រព័ន្ធ​លូ​ ​និង​ប្រព័ន្ធ​ទឹក​ប្រព័ន្ធ​ភ្លើង​ឱ្យ​ហើយ​ចាំ​យើង​ធ្វើ​ផ្លូវ​ ​បើ​ធ្វើ​ផ្លូវ​កាយ​ផ្លូវ​ដាក់​លូ​ ​ធ្វើ​លូ​ដាក់​ផ្លូវ​ខូច​ដដែល​ ​ហើយ​ចំណាយ​ថវិកា​ចោល​ខាត​ថវិកាជាតិ​ ​ផ្លូវ​ជាច្រើន​ក្នុង​ក្រុង​សៀមរាប​ ​ដែល​ធ្វើ​ហើយ​ ​មិនទាន់​ប៉ុន្មាន​ផង​ខូច​បាត់​យ៉ាង​យូរ​រយៈពេល​កន្លះ​ឆ្នាំ​។​ ​អ្នក​បង់ពន្ធ​ទៅ​ឱ្យ​ខាង​រដ្ឋ​ ​ឃើញ​ស្ថាន​ភាព​ផ្លូវ​ចង់​សប្បាយ​ចិត្ត​អត់​ទេ។ គេច​ង់​ឃើញ​ធ្វើ​ផ្លូវ​ឱ្យ​ជាប់​ដូច​នៅ​ប្រទេស​ជប៉ុន​ ​កុំ​ឱ្យ​មាន​អំពើពុករលួយ »

ទោះ​ជា​យ៉ាង​ណា​ក្ដី ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លោក វន់ ពៅ ចង់​ឱ្យ​អាជ្ញាធរ​ធ្វើ​ផ្លូវ​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​មាន​គុណភាព​ខ្ពស់ និង​តម្លា​ភាព​ ​ដើម្បី​ជួយ​ដល់​មធ្យោបាយ​សេដ្ឋកិច្ច​របស់​ពួក​គេ។ លោក​ថា​ ​នៅ​ខេត្ត​សៀមរាប ជា​តំបន់​ទេសចរ​ប្រវត្តិ​សាសន៍​ ​រដ្ឋាភិបាល​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ ​ស្ថាបនា​ផ្លូវ​ឱ្យ​ល្អ​ប្រសើរ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ និង​ស្តា រ​ប្រព័ន្ធ​សេដ្ឋកិច្ច​ពលរដ្ឋ៕