បុគ្គលិកក្រុមហ៊ុន​ភូមិ​វប្បធម៌ខេត្ត​សៀមរាប​​​ បន្ត​នាំគ្នា​​តវ៉ា​ ក្រោយ​​​ចរចា​​ច្រើន​​ដង​​​​​គ្មាន​ដំណោះស្រាយ

0:00 / 0:00

បុគ្គលិក​មួយ​ចំនួន នៃ​ក្រុមហ៊ុន​ភូមិ​វប្បធម៌​កម្ពុជា​ នៅ​ខេត្ត​សៀមរាប​​​ នាំ​គ្នា​​​បន្ត​​អង្គុយ​​​តវ៉ា ទាមទារ​​ នៅ​ខាង​មុខ​ក្រុមហ៊ុន រក​ដំណោះស្រាយ​វិវាទ​ការងារ​ ក្រោយ​​​​ពេល​ការ​​​​​ចរចា ​​ច្រើន​​ដង​ហើយ​ នៅ​​តែ​​​​​គ្មាន​លទ្ធផល​។ ក្រុមបុគ្គលិក ទទូច​ឲ្យ​​ និយោជក​នៃ​ក្រុមហ៊ុន​ឯកជន​មួយ​នេះ ចេញ​មុខ​អន្តរាគមន៍ និង​​ចរចា​ដោយ​ផ្ទាល់ ​ទើប​ឆាប់​មាន​ដំណោះស្រាយ។

គ្រូ​របាំ​សៀក​ពត់​ខ្លួន នៃ​ក្រុមហ៊ុន​ភូមិ​វប្បធម៌​កម្ពុជា លោកស្រី មុំ ស្រី​ភ័ក្រ ​អះអាង​ថា ​​ការ​​​​ចរចា​គ្នា ធ្វើ​ឡើង​​ច្រើន​ដង​ហើយ តាំង​ពី​មាន​ការ​តវ៉ា​ ចាប់​ពី​ថ្ងៃ​ទី​១៤ សីហា​មក​ ដោយ​មាន​ការ​សម្រប​សម្រួល​ពី​អាជ្ញាធរ​ ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​មិន​ព្រម​​ទទួល​យក​សំណើ​​របស់​បុគ្គលិក​ឡើយ​។

អ្នក​គ្រូ​របាំ​សៀក​​រូប​នេះ ឲ្យ​ដឹងទៀត​ថា ខាង​ក្រុមហ៊ុន តែង​តែ​​​យក​ឡាន​ទឹក ឡាន​ដឹក​​សំរាម និង​ឡាន​ពន្លត់​អគ្គីភ័យ​ យក​ចត​លើ​ផ្លូវ​ ​បាំង​កន្លែង​តវ៉ា ​របស់​កម្មករ ​ហើយ​ខាង​​ក្រុម​ហ៊ុន បាន​​​បិទ​​ទ្វារ​​របង​ក្រុមហ៊ុន​ ពី​ម៉ោង​១២​យប់ មក​ត្រឹម​​ម៉ោង​៦​កន្លះ​ល្ងាច​​វិញ។ ការ​ប្ដូរ​ម៉ោង​បិទ​ទ្វារ​របង​នេះ បណ្ដាល​​​ឲ្យ​បុគ្គលិក​​ស្នាក់​​នៅ​ក្នុង​ក្រុមហ៊ុន​ ពិបាក​ក្នុងការ​ចេញ​ចូល​​​​កន្លែង​ស្នាក់​នៅ​ជាង​មុន ហើយ​អ្នក​គ្រប់​គ្រង​​ក្រុម​ហ៊ុន​ បាន​​ដាក់​គំនាប​បុគ្គលិក ដែល​ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន​​មិន​​ឲ្យ​​ចេញ​តវ៉ា ​ ដោយ​​​​បង្គាប់​​​ឲ្យ​បុគ្គលិក​ទាំង​នោះ​​ ផ្ដិត​មេដៃ ​ប្ដឹង​បុគ្គលិក ​​​​កំពុង​តវ៉ា​ខាង​ក្រៅ​ថា ញុះញង់​ និង បង្ក​អសន្តិសុខ ​​ជាដើម៖ « ខ្ញុំ​សូម​សំណូម​ពរ ដល់​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់ ជួយ​មាន​ដំណោះស្រាយ ឬ​ក៏​ជួយ​រក​វិធី​​ណា ដើម្បី​ជួយ​ដល់​កម្មករ ដែល​កំពុង​តវ៉ា ព្រោះ​ថា ពួក​ខ្ញុំ​តវ៉ា​ហ្នឹង សុទ្ធ​តែ​អ្នក​អត់ អ្នក​ខ្សត់​​ អ៊ីចឹង​ណា​បង ហើយ​តាម​ធម្មតា គឺ​ព្យាយាម​តវ៉ា ដើម្បី​​ទាមទារ​សិទ្ធិ​ក្នុង​ការ​​ធ្វើ​ការ​​ងារ​របស់​ពួក​ខ្ញុំ ​ជា​សិទ្ធិ​ស្រប​​នឹង​ច្បាប់។ កុំ​ឲ្យ​មាន​ការ​ជិះជាន់ កុំ​ឲ្យ​មាន​ការ​គាប​សង្កត់ ពី​អ្នក​ដែល​គ្រប់គ្រង​ ( ក្រុមហ៊ុន )​ ភូមិ​ហ្នឹង វា​ជា​ការ​មិន​ត្រឹមត្រូវ »

ភូមិ​វប្បធម៌​ គឺ​ជា​ឈ្មោះ​​រមណីយដ្ឋាន​ទេសចរណ៍​ឯកជន​មួយ ស្ថិត​​​តាម​បណ្ដោយ​ផ្លូវ​ជាតិ​​លេខ៦ ​នៅ​ភូមិ​​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប។ រមណីយដ្ឋាន​ឯកជន​នេះ បើក​​ដំណើរ​ការ​១៧​ឆ្នាំ​មក​ហើយ ដោយ ​មាន​​ការ​សម្ដែង​របាំ​​ប្រពៃណី និង​ការ​តាំង​ពិព័រណ៍ ​សម្ភារៈ​​ទាក់ទង​នឹង​​វប្បធម៌​ខ្មែរ។​​

ផ្សាយផ្ទាល់​៖​ នៅថ្ងៃទី២៦ ខែសីហា​ ២០២០​ នេះ​...Posted byon

​ក្រុមបុគ្គលិក ​ដែល​​កំពុង​តវ៉ា មាន​​ចំនួន៧២នាក់ ហើយ​​​នេះ​គឺជា​លើក​ទី១​​ ដែល​ ក្រុម​អ្នក​សម្ដែង​របាំ នាំ​គ្នា​​តវ៉ា។ វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ភូមិ​វប្បធម៌​នេះ កើត​ឡើង​​ ដោយ​សារ​ មាន​ការ​បញ្ឈប់​បុគ្គលិក​ខ្លះ​ និង​កាត់​លុយ​ឈ្នួល កាត់​លុយ​អត្ថប្រយោជន៍​របស់​បុគ្គលិក​គ្រប់​ផ្នែក​ ក្រោម​ហេតុផល​ក្រុមហ៊ុន ជួប​​វិបត្តិ​ ដោយ​សារ​ជំងឺ​កូវីដ-១៩។

បុគ្គលិក ទាមទារ​៣​ចំណុច គឺ​​ឲ្យ​ និយោជក​ចរចា​ ចេញ​មុខ​ជាមួយ​សហជីព​ ដោយ​ភាព​ស្មោះត្រង់​ ទាមទារ​ឱ្យ​និយោជក​ កុំ​បិទ​ផ្នែក​​ការិយាល័យ​សិល្ប: និង​​រក្សា​តួនាទី​របស់​និយោជិត​ក្នុង​ផ្នែក​នេះ​ ដោយ​គ្មាន​ការផ្លាស់ប្តូរ និង​ទាមទារ​ឱ្យ​និយោជក​សង​ប្រាក់​ឈ្នួល និង​ប្រាក់​ថ្លៃ​អាហារ​ប្រចាំ​ខែ ដែល​ក្រុមហ៊ុន​បាន​កាត់​ពី​បុគ្គលិក​​​កន្លង​មក។

អាស៊ីសេរី មិន​​អាច​សុំ​ការ​បញ្ជាក់​រឿងនេះ​ ពី​ខាង​ភាគី​តំណាង​ក្រុមហ៊ុន​ភូមិ​វប្បធម៌​កម្ពុជា​បាន​ទេ នៅ​ថ្ងៃ​ទី​២៦ សីហា។ ប៉ុន្តែ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុម​ហ៊ុន​ភូមិ​វប្បធម៌​កម្ពុជា អ្នកស្រី លឹម សុភ័ក្រ និង​​អនុប្រធាន​​គ្រប់​គ្រង​ទូទៅ លោក ទូច សុជាតិ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក កាល​ពី​ថ្ងៃ​ទី២៤​ថា​ មូលហេតុ​នៃ​​វិវាទ​នេះ​ គឺ​ដោយសារ​​ក្រុម​ហ៊ុន​ធ្លាក់​ចំណូល​​​ ព្រោះ​វិបត្តិ​ជំងឺ​កូវីដ-១៩។

តំណាង​ក្រុមហ៊ុន​​ អះអាង​ទៀត​​ថា ក្រុមហ៊ុន​មាន​​កម្មករ​និយោជិត​សរុប​​ជាង​បីរយ (៣០០)នាក់ នឹង​ត្រូវ​រក្សា​ទុក​ការងារ​ដដែល ដោយ​គ្មាន​បំណង​កាត់​បន្ថយ​បុគ្គលិក​ទេ ​តែ​ខាង​​ក្រុម​ហ៊ុន​សម្រេច​កាត់​​ប្រាក់​​​ឈ្នួល​មក​នៅត្រឹម​​ប៉ែតសិប​ភាគរយ (៨០%)​វិញ​ ហើយ​កាត់​បន្ថយ​ម៉ោង​ការងារ​ពី ៨ម៉ោង មក​ឲ្យ​ធ្វើការ​​ត្រឹម​៦ម៉ោង​កន្លះ​ក្នុង​មួយ​ថ្ងៃ។

តំណាង​ក្រុមហ៊ុន​ដដែល​ អះអាង​ទៀត​ថា បុគ្គលិក​ភាគច្រើន​ បាន​យល់ស្រប​ លើកលែង​តែ​កម្មករ​និយោជិត​ជាង ៤០នាក់ ដែល​មិនព្រម។ ទោះជាយ៉ាងណា ភាគី​​និយោជក​បញ្ជាក់ថា​ នៅ​តែ​រក្សា​ជំហរ​​ចរចា ​​ជា​បន្ត​បន្ទាប់ ដើម្បី​រក​ដំណោះ​ស្រាយ​​ឱ្យបាន​ឆាប់​បំផុត។ ជុំវិញ​វិវាទ​នេះ អាស៊ីសេរី​ មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ប្រធាន​មន្ទីរ​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ខេត្ត​សៀមរាប លោក ចាន់ សុខុមចិត្តា បាន​ទេ នៅ​ថ្ងៃ​ទី២៦ សីហា ដោយសារ​លោក​មិន​ទទួល​ទូរស័ព្ទ។

ប្រធាន​សហជីព​និយោជិក​វិស័យ​ទេសចរណ៍​នៃ​ក្រុមហ៊ុន​ភូមិ​វប្បធម៌​កម្ពុជា លោក លឹម សុផា យល់​ថា បញ្ហា​ប្រឈម​​របស់​​ក្រុមហ៊ុន​ភូមិ​វប្បធម៌​ពេល​​នេះ​ មិន​ធ្ងន់ធ្ងរ​ ដល់​ថ្នាក់​​​កាត់​លុយ​​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​របស់​បុគ្គលិកឡើយ។ លោក សង្កេត​ឃើញ​ថា អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ភូមិ​វប្បធម៌ គ្មាន​ឆន្ទៈ រក​ដំណោះស្រាយ​ឲ្យ​បុគ្គលិក​ទេ ដូច្នេះ​ ប្រធាន​សហជីព​រូប​នេះ ស្នើសុំ​ឲ្យ​និយោជក​នៃ​ក្រុមហ៊ុន​ភូមិ​​វប្បធម៌​ ចូល​ដោះស្រាយ​វិវាទ​ការងារ​នេះ​ដោយ​ផ្ទាល់​ ទើប​​មាន​ដំណោះស្រាយ៖ « ខាង​និយោជក ដែល​គាត់​មាន​សិទ្ធិ​សម្រេច​ ដែល​អាច​កម្មករ​ទទួល​យក​បាន ហើយ​កម្មករ នឹង​ត្រលប់​ចូល​ធ្វើ​ការ​វិញ។ អ៊ីចឹង តែ​ប៉ិន​ហ្នឹង មិន​មាន​បញ្ហា​ការ​​ទាមទារ​បន្ត​ទៅ​ទៀត​ទេ បើ​សិន​ជា​គូរ​ភាគី យល់​ព្រម​ នូវ​អ្វី​ដែល​ខាង​និយោជក​ផ្ដល់​ឲ្យ ហើយ​ខាង​កម្មករ គិត​ថា សមរម្យ អា​ហ្នឹង​ខ្ញុំ​គិត​ថា ការ​ទាមទារ​​ដូច​ជា​គ្មាន​បញ្ហា​ទៀត​ទេ។ អា​ហ្នឹង​ ទាក់ទង​​ចំណុច​ទី​១ ហើយ​ទាក់ទង​នឹង​ចំណុច​ទី​២ យើង​ក៏​ស្នើ​ឲ្យ​សមត្ថកិច្ច​ហ្នឹង​ ថែរក្សា​នូវ​​សុវត្ថិភាព​ សណ្ដាប់​ធ្នាប់​ហ្នឹង ឲ្យ​ពួកគាត់​ចូលរួម​ ( បង្ហាញ​ )​ ការ​មិន​ពេញ​ចិត្ត​របស់​គាត់ ដោយ​សុខ​សប្បាយ ដោយ​សន្តិភាព »

ក្រុម​​កម្មករ​និយោជិត អ្នករបាំ អ្នកសម្ដែង និង​គ្រូបង្ហាត់ ក្នុង​ភូមិ​វប្បធម៌​ អះអាង​ថា ក្រុមហ៊ុន​ នៅ​មិន​ទាន់​ព្រម​​បើក​ប្រាក់​ឈ្នួល​ខែ​ចុង​ក្រោយ​ឲ្យពួក​គេនោះ ​ទេ ព្រោះ​ពួកគេ​ ​មិន​ព្រម​ទទួល​យក​ប្រាក់​ឈ្នួល (៨០ភាគរយ) តាម​​លក្ខខណ្ឌ​របស់​ក្រុមហ៊ុន។ បុគ្គលិក​ ត្អូញត្អែរ​ថា ពួកគេ​​ពិបាក​ផ្នែក​ជីវភាព​ នៅ​អំឡុង​​ការ​តវ៉ា​នេះ តែ​យ៉ាង​ណា ពួកគេ​តស៊ូ​ទាមទារ​​នៅ​មុខ​ក្រុមហ៊ុន​ ដើម្បី​​ផល​ប្រយោជន៍​​ស្រប​ច្បាប់ និង​ដើម្បី​កុំ​ឲ្យ​រង​ការជិះជាន់ និង​ការកេងប្រវ័ញ្ច​ការងារ។ ក្រុមបុគ្គលិក មិន​ទាន់​មាន​គម្រោង​ហែរ​ញត្តិ ឬ​ ផ្លាស់ប្ដូរ​រូបភាព​នៃ​ការតវ៉ា​នៅ​ឡើយ​ទេ ដោយ​រំពឹង​ថា នឹង​ទទួល​បាន​ដំណោះស្រាយ ក្នុង​ពេល​ឆាប់ៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។