ស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃជូនដំណឹងថារដ្ឋាភិបាលថៃបានសម្រេចឱ្យពលករ ដែលមានឯកសារស្នាក់នៅ និងអស់សុពលភាពអាចបន្តរហូតដល់ចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១។ សេចក្ដីជូនដំណឹងរបស់ស្ថានទូតខ្មែរនៅប្រទេសថៃផ្សព្វផ្សាយកាលពីថ្ងៃទី៣១ ខែសីហាឱ្យដឹងថា ពលករខ្មែរចំនួន ៤ប្រភេទនឹងទទួលបានការបន្តសុពលភាពនេះ។
ពលករក្រុមទី១ ជាអ្នកទៅធ្វើការមានកិច្ចសន្យាការងាររយៈពេល ៤ឆ្នាំ ហើយចប់កិច្ចសន្យាចាប់តាំងពីខែមីនាដល់ខែតុលាឆ្នាំ២០២០។ ក្រុមទី២ ក្រុមដែលនិយោជក ឬថៅកែចាស់ឈប់ជួល ប៉ុន្តែមិនទាន់បានការងារថ្មី។ ក្រុមទី៣ គឺក្រុមដែលធ្លាប់បានបន្តសុពលភាពឯកសាររួចហើយ។ ពលករក្នុងក្រុមទាំង ៣ នេះ ត្រូវអនុញ្ញាតអោយបន្តស្នាក់នៅបណ្ដោះអាសន្នរហូតដល់ខែមករាឆ្នាំ២០២១ ហើយនិយោជកត្រូវនាំពលករទៅបន្តទិដ្ឋាការ និងប័ណ្ណអនុញ្ញាតការងារឱ្យបានមុនថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។ ចំពោះពលករក្រុមទី៤ គឺពលករដែលចូលមកធ្វើការព្រឹកវិលល្ងាច និងតាមរដូវ តាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។ ពួកគេត្រូវបានអនុញ្ញាតឱ្យស្នាក់នៅ និងធ្វើការបណ្ដោះអាសន្នរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។ ប៉ុន្តែក្នុងអំឡុងពេលនេះ ដើម្បីទទួលបានការអនុញ្ញាតឱ្យស្នាក់នៅ និងធ្វើការរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ និយោជក ឬតំណាងនិយោជក ត្រូវនាំពលករទៅដំណើរការដាក់ពាក្យស្នើសុំបន្ត ទិដ្ឋាការស្នាក់នៅ និងបណ្ណអនុញ្ញាតការងារឱ្យបានរួចរាល់អោយបានមុនថ្ងៃ៣១ ខែតុលា ឆ្នាំ២០២០។
ស្ថានទូតអោយដឹងទៀតថាប្រសិនបើពលករមានចម្ងល់លើបញ្ហានេះ អាចទាក់ទងទៅកាន់ស្ថានទូតតាមរយៈហ្វេសប៊ុកផេក ឬលេខទូរស័ព្ទ ០៩៨ ០៩២ ៥៩ ០៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។