ក្រុម​យុវជន​ខ្មែរ​ថាវរៈ បារម្ភ​ពី​សុខភាព​យុវជន ហ៊ុន វណ្ណៈ ដោយសារ​លោក​ប្ដេជ្ញា​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ក្នុង​ពន្ធនាគារ

សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ ព្រួយបារម្ភ​ពី​ស្ថានភាព​សុខភាព​របស់​លោក ហ៊ុន វណ្ណៈ ដោយសារ​តែ​លោក​បាន​ ធ្វើ​កូដកម្ម​បង្អត់​អាហារ​តាំង​ពី​ថ្ងៃ​ទី១៣ សីហា ដើម្បី​បង្ហាញ​សាធារណជន និង​រដ្ឋាភិបាល​ថា ពលរដ្ឋ​ដែល​រងគ្រោះ​នូវ​ភាព​អយុត្តិធម៌ គឺ​លំបាក​ជាង​មនុស្ស​អត់អាហារ​ទៅទៀត។ ក្រុម​យុវជន​ថា មន្ត្រី​ពន្ធនាគារ​មិន​អនុញ្ញាត​ឱ្យ​ពួក​គេ ចូល​សួរសុខទុក្ខ​យុវជន​រូប​នេះ​នៅឡើយ​ទេ ព្រោះ​អាជ្ញាធរ តម្រូវ​លោក ហ៊ុន វណ្ណៈ នៅ​ដាច់ដោយឡែក​រយៈពេល ១៤ ថ្ងៃ​សិន​ ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ-១៩ ចូល​ក្នុង​ពន្ធនាគារ។

សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ ព្រះ​តេជគុណ កើត សារ៉ាយ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ១៦ ខែសីហា​ថា លោក ហ៊ុន វណ្ណៈ ធ្លាប់​បាន​ប្ដេជ្ញា​ចិត្ត​តាំងពី​មុន​ពេល​ជាប់​ឃុំ​មក​ម្ល៉េះ​ថា ប្រសិនបើ អាជ្ញាធរ​ចាប់ខ្លួន​ពួក​លោក ដោយ​គ្រាន់តែ​ទាមទារ​រក​យុត្តិធម៌​នោះ​ពួក​លោក​ នឹង​ធ្វើ​ពហិការ​បង្អត់​អាហារ ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព ដោយសន្តិវិធី។ ព្រះ​តេជគុណ កើត សារ៉ាយ មាន​ថេរៈ​ដីកា​បន្ត​ថា ជាក់​ស្ដែង​ លោក ហ៊ុន វណ្ណៈ បាន​បង្អត់​អាហារ​ខ្លួនឯង រយៈ​ពេល ២ថ្ងៃ​រួចមក​ហើយ​ នៅ​ពេល​ឃុំ​ខ្លួន​ក្នុង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ មុន​បញ្ជូន​ទៅ​ពន្ធនាគារ កាលពី​ព្រលប់​ថ្ងៃ​ទី ១៤ ខែសីហា។ ព្រះអង្គ ព្រួយបារម្ភ​ថា លោក ហ៊ុន វណ្ណៈ អាច​នឹង​បន្ត​ធ្វើ​កូដកម្ម​បង្អត់​អាហារ​នៅ​ក្នុង​ពន្ធនាគារ ដែល​ធ្វើឲ្យ​សុខភាព​របស់​លោក​ទ្រុឌទ្រោម។ ទោះ​យ៉ាងណា​ក្ដី ព្រះអង្គ​បន្ត​ថា មក​ទល់​ពេលនេះ​ នៅ​មិនទាន់​ទទួល​ដំណឹង ពី​លោក ហ៊ុន វណ្ណៈ​នៅឡើយ​ទេ ព្រោះ​មន្ត្រី​ពន្ធនាគារ មិន​អនុញ្ញាត​ឱ្យ​ពួក​គេ​ចូល​ជួប សូម្បីតែ​មេធាវី៖ «អ្វី​ដែល​យើង​សោកសង្រេង​ជាងគេ​គឺ អយុត្តិធម៌​សង្គម ជាពិសេស ពួក​គាត់​មាន​អារម្មណ៍​ថា​ ខ្លួនឯង​មិន​ធ្វើខុស​ ធ្វើ​ដើម្បី​ប្រជាជាតិ​ បែរជា​ប្រជាជាតិ​របស់​ខ្លួន​ឯង ជា​អ្នក​ចាប់​ឃុំឃាំង​អ៊ីចឹង​វិញ​ គាត់​មាន​អារម្មណ៍​ថា វា​វេទនា​ជាង​ការ ដែល​ខ្លួន​ឯង​ អត់​បាយ​ទៅ​ទៀត។ ខ្ញុំ​មើល​ឃើញ​ថា ហ្នឹង​ជា​រឿង​មួយ​ដែល​ ជា​ការ​តស៊ូ​មតិ​របស់​គាត់​បង វណ្ណៈ គាត់​មិន​ហូប ទឹក និង​មិន​ហូប​បាយ។ ខ្ញុំ​មើល​ឃើញ​ថា គាត់​កំពុង​អនុវត្ត​គោលការណ៍ និង​ស្មារតី​ ដែល​បាន​និយាយ​គ្នា​ហ្នឹង​ហើយ»។

កាល​ពី​ថ្ងៃទី ១៣ ខែសីហា អាជ្ញាធរ​ក្រុងភ្នំពេញ បង្ក្រាប​ដោយ​ហិង្សា និង​ចាប់ខ្លួន​យុវជន​ខ្មែរ​ថាវរៈ​ចំនួន ៦នាក់ ក្នុង​នោះ យុវជន ២នាក់ គឺ លោក ហ៊ុន វណ្ណៈ និង​យុវតី ឈឿន ដារ៉ា​វី ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស កាលពី​ព្រលប់​ថ្ងៃ​ទី១៤ ខែសីហា ក្រោម​បទ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម។ ចំណែក​យុវជន ៤នាក់​ទៀត ត្រូវ​បាន​អាជ្ញាធរ បង្ខំឲ្យ​ចុះ​កិច្ចសន្យា​ឈប់​ចូលរួម​តវ៉ា ឈប់​បញ្ចេញមតិ​រឿង​សង្គម និង​នយោបាយ​លើ​ហ្វេសប៊ុក (Facebook) និង​ឈប់​ផ្តល់​ព័ត៌មាន​ឲ្យ​អ្នកសារព័ត៌មាន​ជាដើម មុននឹង​ដោះលែង​ពួក​គេ​វិញ​នៅ​ព្រលប់​ថ្ងៃ​ទី១៤ សីហា។ យុវជន​ទាំង ៤នាក់ ដែល​ត្រូវ​បាន​ដោះ លែង​នោះ រួមមាន៖ កញ្ញា យ៉ង សៀងហៃ កញ្ញា ជា គន្ធីន លោក ថា ឡាវី និង​លោក ស្វាយ សំណាង។ សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ កញ្ញា ជា គន្ធីន ថ្លែង​ថា កញ្ញា​បារម្ភ​ពី​សុវត្ថិភាព លោក ហ៊ុន វណ្ណៈ​យ៉ាង​ខ្លាំង ព្រោះ​ក្នុង​ពេល​សមត្ថកិច្ច​ឃុំខ្លួន​លោក គឺ​លោក​ពហិការ​បង្អត់​អាហារ និង​ទឹក។ កញ្ញា​ ឲ្យដឹង​ដែរ​ថា​ សម្រាប់​ស្ថានភាព​សុខភាព​របស់​កញ្ញា​វិញ បាន​ធ្លាក់ខ្លួន​ឈឺ និង​កំពុង​សម្រាក​ព្យាបាល​ ក្រ​

កញ្ញា​ ឲ្យដឹង​ដែរ​ថា​ សម្រាប់​ស្ថានភាព​សុខភាព​របស់​កញ្ញា​វិញ បាន​ធ្លាក់​ខ្លួន​ឈឺ និង​កំពុង​សម្រាក​ព្យាបាល​ ក្រោយពី​អាជ្ញាធរ​ដោះ​លែង​ដោយសារ តែ​មុន​ការ​ចាប់​ខ្លួន​នោះ កញ្ញា​បាន​រង​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ពី​ក្រុម​កង​កម្លាំង​សន្តិសុខ​រាជធានី​ភ្នំពេញ ក្នុង​ពេល​ក្រុម​យុវជន​តវ៉ា​ដោយ​អហិង្សា​ទាមទារ​ឲ្យ​ដោះ​លែង​លោក រ៉ុង ឈុន៖ « ពេល​យប់​ហ្នឹង ខ្ញុំ​ស្រែក​សួរ​បង ដារ៉ាវី ហ្នឹង នៅ​ក្នុង​ហ្នឹង​ស្រែក​សួរ​ថា​ បង​វណ្ណៈ មាន​ញាំ​បាយ​ ញាំ​ទឹក​អត់​ ? មាន​ញាំង​ទឹក​អត់​ ព្រោះ​អត់មាន​បាយ​ទេ​ ហើយ​គាត់​ថា​ អត់​ញាំ​ទេ ហើយ​បន្ទាប់​មក ពេល​យក​គាត់​ចេញ គឺ​អត់បាយ​តែ​ម្ដង​គាត់​ប្រាប់​ថា គាត់​ពហិការ​អត់​ញាំ​បាយទឹក​ទេ​ គឺ​គាត់​និយាយ​អ៊ីចឹង »

រី​ឯ​ម្ដាយ​លោក ហ៊ុន វណ្ណៈ គឺ​លោកស្រី ទី ម៉ារី មាន​ប្រសាសន៍​ថា លោកស្រី​មិន​អាច​ចូល​សួរ​សុខ​ទុក្ខ​កូន​បាន​នៅ​ឡើយ​ទេ ព្រោះ​មន្ត្រី​ពន្ធនាគារ​កំពុង​ធ្វើ​ចត្តាឡឺស័ក និង​រក​ជំងឺ​កូវីដ១៩ ក្នុង​រយៈ ១៤ថ្ងៃ​សិន។ លោកស្រី​ក៏​បារម្ភ​យ៉ាង​ខ្លាំង ពី​សុខភាព​កូន​ប្រុស ព្រោះ​គាត់​មិន​ហូប​អារ​ហារ​តាំងពី​សមត្ថកិច្ច​ឃុំខ្លួន​មក៖ « ថ្ងៃ​គេ​ចាប់​ហ្នឹង ក្មេងៗ នៅ​ជា​មួយ​គាត់​ វណ្ណៈ​អត់​ញាំ​បាយ​ ទឹក​អី​ទេ​ គ្រាន់តែ​ដឹង​ប៉ុណ្ណឹង​ ដល់​ក្រោយ​មក​ទៀត អត់​ដឹង​អី​សោះ​ក្មួយ »

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ លោក នុត សាវ​នា​ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី១៦ សីហា។ ចំណែក​មេធាវី​ការពារ​ក្តី ឱ្យ​លោក ហ៊ុន វណ្ណៈ គឺ​លោក សំ សុគង់ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ក្រុម​យុវជន​ខ្មែរ​ថាវរៈ បង្ហាញ​ការ​សោក​ស្រាយ ដែល​សមត្ថកិច្ច​របប​ក្រុង​ភ្នំពេញ​បង្ក្រាប និង​ចាប់ខ្លួន​ពួក​គេ យ៉ាង​អយុត្តិធម៌។ ពួក​គេ​ចាត់​ទុក​ទង្វើ​នេះ​ថា រដ្ឋាភិបាល​កំពុង​លង់ខ្លួន លែង​ដឹង​ខុស​ត្រូវ​ធ្វើ​បាប​ពលរដ្ឋ​ខ្មែរ​ធ្វើ​ឱ្យ​ប្រទេស​ជិត​ខាង មើលងាយ​កម្ពុជា។ ពួក​គេ​អំពាវនាវ​ឱ្យ​កូនខ្មែរ ត្រូវ​ចេះ​ឈឺចាប់ ចំពោះ​ភាព​អយុត្តិធម៌​សង្គម និង​ចូលរួម​ទាមទារ ដោយ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ដែល​មាន​ចែង​ក្នុង​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។