សមត្ថកិច្ច​បញ្ជូន​ជនជាតិ​ចិន​ពីរ​នាក់​ទៅ​តុលាការ​ក្រោយ​ពី​ធ្វើ​សកម្មភាព​លួច​លុយ​ប្រជាពលរដ្ឋ​

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរ​បាល​ជាតិ​ លោក​ ឆាយ គឹមឃឿន ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ពុធ ទី២៦ សីហា​ថា​ សមត្ថកិច្ច​បាន​កសាង​សំណុំ​រឿង​ជនជាតិ​ចិន​ចំនួន​ពីរ​នាក់​បញ្ជូន​ទៅ​តុលាការ​ហើយ​ក្រោយ​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​លួច លុយ​ប្រជា​ពលរដ្ឋ​មិន​បាន​សម្រេច។

លោក​និយាយ​ថា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជន​ជាតិ​ចិន​ចំនួន​ពីរ​នាក់ ហើយ​ពីរ​នាក់​ទៀត​បាន​រត់​គេច​ខ្លួន​បាត់ ក្រោយ​ពី​បាន​ធ្វើ​សកម្មភាព​លួច​គាស់​រថយន្ត​ ដឹក​ស្រូវ​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ព្រៃវែង​ ក្នុង​គោល​បំណង​យក​លុយ​នៅ​ក្នុង​រថយន្ត។ ប៉ុន្តែ​​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ឃើញ​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​ ទើប​អាច​ឈាន​រហូត​ដល់​ចាប់​ខ្លួន​ជន​សង្ស័យ​បាន ខណៈ​ពួក​គេ​បាន​ព្យាយាម​រត់​គេច​ពី​កន្លែង​កើត​ហេតុ។

លោក​បន្ត​ថា ជនសង្ស័យ​មាន​គ្នា​ចំនួន ៤នាក់ បាន​ជិះ​ម៉ូតូ​ចំនួន​ពីរ​គ្រឿង​ធ្វើ​សកម្មភាព​លួច​លុយ​ប្រជាពលរដ្ឋ ហើយ​ក្រោយ​មក​មាន​ជន​សង្ស័យ​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​ទៅ​បុក​ជាមួយ​រថយន្ត​របស់​សមត្ថកិច្ច​បណ្ដាល​ឱ្យ​រង​របួស ចំណែក​ពីរ​នាក់​ទៀត​សមត្ថកិច្ច​កំពុង​ស្វែង​រក​ចាប់​ខ្លួន។

សមត្ថកិច្ច​ចាប់​ខ្លួន​ជនជាតិ​ចិន​យ៉ាង​តិច​ចំនួន​ជិត​៤០​នាក់​នៅ​ក្នុង​ខែ​ សីហា​ នេះ​​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ខេត្ត​ព្រះសីហនុ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ខេត្ត​ព្រៃ​វែង ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បទ​ល្មើស​ផ្សេងៗ រួម​មាន​ការ ​ជំរិត​ទារ​ប្រាក់​ជនជាតិ​ចិន​ដូច​គ្នា​ រត់ពន្ធ​ថ្នាំ​ញៀន​ និង​លួច​លុយ​ប្រជាពលរដ្ឋ​ជា​ដើម។​

មន្ត្រី​សង្គម​ស៊ីវិល​ បារម្ភ​ថា​ វត្តមាន​ជនជាតិ​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្វើ​អោយ​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្នុង​ការ​ភ័យ​ខ្លាច​ ហើយ​ទាម​ទារ​អោយ​អាជ្ញាធរ​ពង្រឹង​សន្តិសុខ​ដើម្បី​ទប់ស្កាត់​សកម្មភាព​ផ្សេង​ៗ​ របស់​ជនជាតិ​ចិន​នៅ​ពេល​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។