សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ចាប់​ខ្លួន​ជនជាតិ​ចិន​៣នាក់​ទៀត ករណី​ប្រើ​កាំភ្លើង​បាញ់​បោះ​សេរី

0:00 / 0:00

ខណៈ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​ជនជាតិ​ចិន​ចំនួន ៥នាក់ ពាក់ព័ន្ធ​នឹង​ការ​ផឹកស៊ី​ប្រើប្រាស់​អាវុធ​បាញ់បោះ​ដោយ​ខុស​ច្បាប់​នៅ​រាជធានី​ភ្នំពេញ សមត្ថកិច្ច​នៅ​ឯ​ខេត្ត​ព្រះសីហនុ​ឯណោះ បាន​ចាប់​ខ្លួន​ជនជាតិ​ចិន​ចំនួន​៣​នាក់​ផ្សេង​ទៀត ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​បាញ់បោះ​ដូចគ្នា​នេះ។ ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល លើកឡើង​ថា បញ្ហា​ជន​បរទេស ជាពិសេស​ជនជាតិ​ចិន ប្រើប្រាស់​អាវុធ​បាញ់បោះ​អនាធិបតេយ្យ កំពុង​បង្ក​ជា​ក្ដី​បារម្ភ​ចំពោះ​បញ្ហា​សុវត្ថិភាព​របស់​ពលរដ្ឋ។

សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២១ ខែ​កុម្ភៈ បាន​សម្រេច​ឃុំ​ខ្លួន​ក្រុម​ជនសង្ស័យ​ជា​ជនជាតិ​ចិន ចំនួន៥ នាក់ ពី​បទ «ហិង្សា​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​ជួញ​ដូរ​អាវុធ​ខុសច្បាប់» ពាក់ព័ន្ធ​នឹង​ករណី​ជនជាតិ​ចិន មួយ​ក្រុម​ប្រើ​អាវុធ​ប្រភេទ អាកា (AK) ចំនួន​២ដើម និង​អាវុធ​ខ្លី​ចំនួន១ដើម បាញ់​ចំនួន​៣គ្រាប់ ស្ថិត​នៅ​មជ្ឈមណ្ឌល​រតនៈ​សម្បត្តិ នៅ​ទល់​មុខ​នឹង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃទី១៤ ខែកុម្ភៈ។ ទន្ទឹម​នឹង​នេះ សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃទី២១ ខែ​កុម្ភៈ​បាន​ឃាត់​ខ្លួន​ជនជាតិ​ចិន​ចំនួន៣នាក់ និង​ចាប់​យក​អាវុធ​ខ្លី​ចំនួន​១ដើម និង​សម្ភារៈ​មួយ​ចំនួន​ទៀត ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ផ្ទុះ​អាវុធ​នៅ​កាស៊ីណូ និង​សណ្ឋាគារ ណាន ហៃ ក្នុង​ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ដដែល​នោះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល ហ្វេ្រសញូវ (Freshnews)។

ការផ្ទុះ​អាវុធកំពុង​បង្ក​ការ​ភ័យខ្លាច​ដល់​ពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​តំបន់​ក្វាងជូ (GWANGJU) ប្រទេស​កូរ៉េ​ខាងត្បូង លោក លួន វិបុល ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី២៣ ខែ​កុម្ភៈ​ថា ហេតុការណ៍​ផ្ទុះ​អាវុធ បង្ក​ឡើង​ដោយ​ជនបរទេស​ខាង​លើ​កំពុង​បង្ក​ការ​ភ័យខ្លាច​ដល់​ពលរដ្ឋ​រស់នៅ​មូលដ្ឋាន និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ។

លោក លួន វិបុល៖«នៅ​ពេល​ពួកគាត់​ធ្វើការ​ស៊ើបអង្កេត ឬ​ធ្វើការ​ឲ្យ​បាន​ហ្មត់ចត់​ទៅ​លើ​ករណី ដែល​ជនបរទេស​មាន​អាវុធ​ប្រើប្រាស់​លើ​ដែនដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​របស់​យើង​ហ្នឹង គឺ​នឹង​អាច​រក​ប្រភព​ឃើញ ។ កាល​ណា​ដែល​រក​ប្រភព​ឃើញ​អ្នក​ជាប់​ពាក់ព័ន្ធ​ត្រូវ​ទទួលទោស​តាម​ផ្លូវ​ច្បាប់ កាលណា ដែល​រក​ប្រភព​អ្នក​ជាប់​ពាក់ព័ន្ធ​ឃើញ​ហើយ​យក​មក​ផ្ដន្ទាទោស នោះ​នឹង​កាត់​បន្ថយ​រឿង​អសន្តិសុខ​នៅ​ក្នុង​ស្រុក​ខ្មែរ ប្រជាពលរដ្ឋ​ក៏​គាត់​សប្បាយ​ចិត្ត ភ្ញៀវ​ទេសចរ​អន្តរជាតិ ក៏​នឹង​អាច​ទៅ​លេង​ស្រុក​ខ្មែរ​បាន​ច្រើន»។

ក្រៅ​ពី​នេះ មាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​ទៀត បង្ហាញ​ប្រតិកម្ម​ផ្សេងៗ​គ្នា ចំពោះ​ករណី​ជនបរទេស​ជាពិសេស ជនជាតិ​ចិន​មួយ​ចំនួន មាន​កាំភ្លើង​នៅ​ក្នុង​ដៃ និង​បាញ់​បោះ​នៅ​តាម​ទី​សាធារណៈ បង្ក​ជា​ការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ ហើយ​ពលរដ្ឋ​ខ្លះ​ទៀត ថែមទាំង​បាន​ចោទ​សួរ​ថា «តើ​ជនបរទេស​ទាំង​នោះ បាន​កាំភ្លើង​មក​ពី​ណា?»។

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​អង្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅថ្ងៃទី២៣ ខែ​កុម្ភៈ។

អត្ថបទ​ដែលទាក់ទង៖

សមត្ថកិច្ច​មិន​ទាន់​រក​ឃើញ​អ្នក​លក់​កាំភ្លើង​ឱ្យ​ជនជាតិ​ចិន​បាញ់​នៅ​មុខ​ព្រលាន​យន្តហោះ​ភ្នំពេញOpens in new window ]

ពលរដ្ឋ​បារម្ភ​ថា ករណី​បាញ់បោះ​​ដោយ​ជនជាតិ​ចិន​មួយ​ចំនួន​កំពុង​ប៉ះពាល់​​កេរ្តិ៍ឈ្មោះ​កម្ពុជាOpens in new window ]

សង្គម​ស៊ីវិល​ស្នើ​ឱ្យ​ត្រួត​ពិនិត្យ​សកម្មភាព​ដឹក​ជញ្ជូន​ជន​ជាតិ​ចិន​ទៅ​ក្រុមហ៊ុន​​ជាប់​ព្រំដែន​ឡាវOpens in new window ]

បញ្ហា​ជនបរទេស​កំពុង​ក្លាយ​ជា​បញ្ហា​ស្មុគស្មាញ និង​គំរាម​កំហែង​ដល់​សន្តិសុខ និង​សុវត្ថិភាព​

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា មាន​ប្រសាសន៍​ថា បញ្ហា​ជនបរទេស អាច​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់ កំពុង​ក្លាយ​ជា​បញ្ហា​ស្មុគស្មាញ និង​គំរាម​កំហែង​ដល់​សន្តិសុខ និង​សុវត្ថិភាព​របស់​ពលរដ្ឋ។ លោក​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ឲ្យ​បង្កើន​ការ​ស្រាវជ្រាវ និង​បង្ក្រាប​បណ្ដុំ​ឧក្រិដ្ឋកម្ម ដូចជា ការ​ឆបោក​តាម​អនឡាញ ការ​រក្សាទុក និង​ជួញដូរ​គ្រឿងញៀន​ជាដើម។

លោក រស់ សុដ្ឋា៖«បញ្ហា​ទីផ្សារ​អាវុធ​ខុស​ច្បាប់​ជា​សញ្ញា​ឲ្យ​យើង​ឃើញ​ថា បញ្ហា​នេះ​នឹង​អាច​មាន​ការ​លក់ដូរ​អាវុធ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​ណា ដែល​បរទេស​អាច​ទិញ​អាវុធ​ហើយ​អាច​លាក់​ទុក​អាវុធ​នៅ​ក្នុង​ផ្ទះ​សំណាក់ ផ្ទះ​ជួល ឬ​គេហដ្ឋាន​​របស់​ពួកគេ ដែល​ជា​បញ្ហា​មួយ​ដែល​យើង​ត្រូវ​សិក្សា និង​អង្កេត​ឲ្យ​បាន​មែនទែន ព្រោះ​បញ្ហា​នេះ​វា​រឿង​បង្ក​ឲ្យ​កើត​មាន​បទ​ឧក្រិដ្ឋ​ផ្សេងៗ ឬ​អំពើ​ហិង្សា ដែល​ខុសច្បាប់​បណ្ដាល​ឲ្យ​យើង​មាន​ការ​ព្រួយបារម្ភ»។

ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឲ្យ​អាជ្ញាធរ​ស្រាវជ្រាវ​ស្វែងរក​ប្រភព​នៃ​កាំភ្លើង ដែល​ជន​សង្ស័យ​ប្រើប្រាស់​ក្នុង​ហេតុការណ៍​ផ្ទុះ​អាវុធ​ខាង​លើ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​គ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ ដើម្បី​កាត់​បន្ថយ​ហេតុការណ៍ ជនបរទេស​ប្រើប្រាស់​អាវុធ​ខុស​ដោយ​ច្បាប់ បាញ់បោះ​អានាធិបតេយ្យ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។