យុទ្ធនាការ​បំបាត់​អំពើ​និទណ្ឌភាព មាន​អ្នក​ចូលរួម​កើន​ឡើង​ជិត ១ម៉ឺន ៩ពាន់​នាក់

ដោយ ខែ សុណង
2020-09-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផ្ទាំងរូបភាពសម្រាប់យុទ្ធនាការលុបបំបាត់វប្បធម៌និទណ្ឌភាព​នៅកម្ពុជា
ផ្ទាំងរូបភាពសម្រាប់យុទ្ធនាការលុបបំបាត់វប្បធម៌និទណ្ឌភាព​នៅកម្ពុជា
Screenshot from Change.org

យុទ្ធនាការ​បញ្ចប់​អំពើ​និទណ្ឌភាព មាន​អ្នក​ចូលរួម​ចុះហត្ថលេខា​ជិត ១ម៉ឺន ៩ពាន់​នាក់ (១៨,៧៥៤) គិត​មក​ត្រឹម​ល្ងាច​ថ្ងៃ​ទី៥ ខែកញ្ញា។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​អះអាង​ថា យុទ្ធនាការ​នេះ​មាន​សន្ទុះ​អ្នក​គាំទ្រ​ចូល​រួម​កាន់​តែ​ច្រើន បន្ទាប់​ពី​របប​ក្រុង​ភ្នំពេញ បង្កើន​ការ​ចាប់​ចង និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​កាន់​តែ​ខ្លាំង។

ក្នុង​នោះ​រួម​មាន ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន យុវជន​ខ្មែរ​ថាវរៈ និង​សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​ដាក់​ពន្ធនាគារ ​បំពាន​លើ​ក្រុម​បាតុករ​ជា​ស្ត្រី​បំបិទ​សិទ្ធ​សេរី​ភាព​របស់​ប្រជាពលរដ្ឋ​មិន​ឲ្យ​តវ៉ា ការ​ធ្វើ​ឲ្យ​បាត់​បង់​ប្រពន្ធ​អនុគ្រោះ​ពន្ធ EBA ២០% និង​ការ​គំរាមកំហែង​លើ​សង្គម​ស៊ីវិល​ជា​ដើម។

ប្រជាពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ក្នុង និង​នៅ​ក្រៅ​ប្រទេស គាំទ្រ​យុទ្ធនា​ការ​បញ្ចប់​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា​នេះ ដោយ​គ្រោង​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ប្រមាណ​កន្លះ​លាន​នាក់ ដើម្បី​ដាក់​ញត្តិ​ទៅ​តុលាការ​អន្តរជាតិ​នានា ឲ្យ​ជួយ​រក​យុត្តិ​ធម៌​ជូន​ក្រុម​ជនរងគ្រោះ​មួយ​ចំនួន ដែល​រួមមាន​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី អ្នកស្រី ពិសិដ្ឋ ពីលីកា ដែល​ជា​តារា​ភាពយន្ត និង​ជា​សាស្ត្រាចារ្យ​សាលា​វិចិត្រ​សិល្បៈ ព្រះ​តេជ​ព្រះគុណ សំ ប៊ុនធឿន លោក ជា វិជ្ជា ប្រធាន​សហជីព​កម្មករ លោក ឈុត វុទ្ធី សកម្មជន​ព្រៃឈើ និង​អ្នកសារព័ត៌មាន សកម្មជន​នយោបាយ និង​មន្ត្រី​សហជីព ព្រមទាំង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត ដែល​បាន​ស្លាប់​ដោយ​អយុត្តិធម៌ ក្រោម​របប​គ្រប់​គ្រង​របស់​លោក ហ៊ុន សែន។

ក្រៅពី​យុទ្ធនាការ​តាម​អនឡាញ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​កំពុង​រៀបចំ “សៀវភៅ​ស” ដែល​ចង​ក្រង​រឿង​រ៉ាវ​នៃ​ការ​ធ្វើ​ទុក​បុក​ម្នេញ​ និង​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​ ក្រោម​ការ​គ្រប់គ្រង​របស់​លោក ហ៊ុន សែន ផង​ដែរ។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា សៀវភៅ​ស​នេះ​នឹង​ក្លាយ​ជា​ឯកសារ​ប្រវត្តិ​សាស្ត្រ​ស្ដី​អំពី​ការ​ដឹក​នាំ​បែប​ផ្ដាច់​ការ​របស់​លោក ហ៊ុន សែន និង​ភាព​អយុត្តិធម៌​ដែល​កើត​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល