យុទ្ធនាការបញ្ចប់អំពើនិទណ្ឌភាពនៅកម្ពុជា មានអ្នកចូលរួមចុះហត្ថលេខាជាង ២ម៉ឺន ២ពាន់នាក់ (២២.១២៧) គិតមកត្រឹមយប់ថ្ងៃទី២២ ខែកញ្ញា។
ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា ក្រុមការងារកំពុងរៀបចំ "សៀវភៅស" ចងក្រងរឿងរ៉ាវការធ្វើទុកបុកម្នេញ និងការ សម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ ក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន។ ព្រះតេជព្រះគុណបញ្ជាក់ថា ក្រុមការងារទើបទទួលបានអ្នកជំនាញបន្ថែមម្នាក់ទៀតមកពីសាកលវិទ្យាល័យល្បីមួយរូបនៅប្រទេសអូស្ត្រាលី ដែលនឹងទទួលខុសត្រូវលើការចងក្រងឯកសារព្រឹត្តិការណ៍បោកគ្រាប់បែកចូលហ្វូងបាតុករដឹកនាំដោយ លោក សម រង្ស៊ី ដែលកំពុងតវ៉ាទាមទាររកយុត្តិធម៌សង្គម និងទាមទារឱ្យកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ កាលពីថ្ងៃទី៣០ មីនា ឆ្នាំ១៩៩៧៖ « បើសិនជាការស្រាវជ្រាវរបស់យើងនេះមានផ្នែកណាមួយមិនទាន់ចប់ ដូច្នេះហើយប្រឹងដើរប្រដំប្រសងគ្នា អ្នកជំនាញរកបានហើយចាប់ផ្ដើមធ្វើការ អ្នកជំនាញដែលមិនទាន់រកបាននៅបន្តស្រាវជ្រាវរករហូតដល់បានគ្រប់គ្នាអស់ហើយ។ ប៉ុន្តែអាចបញ្ចប់ប្រដំប្រសងគ្នាទេ ព្រោះ ៣០មីនា មិនធំវែងទាក់ទិនសាច់រឿងច្រើនពេក ប្រៀបបានដូចជា រឿងនយោបាយរដ្ឋប្រហារឆ្នាំ១៩៩៧ ទេ ហ្នឹងធំជាងគេដែលយើងផ្ដោតអារម្មណ៍ខ្លាំងព្រោះជាសាវតារដំបូង ដែលរុញឲ្យមានរបបផ្ដាច់ការសន្តតិវង្សបែបគ្រួសារ»។
ទន្ទឹមនឹងគ្នានេះ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បញ្ជាក់ថា មានមនុស្សម្នាក់ជាអ្នកទទួលខុសត្រូវចងក្រងសាច់រឿងលោក ជា វិជ្ជា លោកបណ្ឌិត កែម ឡី លោក ឈុត វុទ្ធី ព្រះតេជព្រះគុណ សំ ប៊ុនធឿន ម្នាក់ទៀតជាអ្នកទទួលខុសត្រូវចងក្រងរឿងសម្លាប់អ្នកកាសែត សិល្បករ និងម្នាក់ទៀតជាអ្នកទទួលខុសត្រូវរឿងព្រឹត្តិការណ៍រដ្ឋប្រហារ ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ រួមទាំងក្រុមការងារត្រួតពិនិត្យឯកសារ ២នាក់ទៀតផង ដែលនឹងខិតខំចងក្រងឯកសារបិទបញ្ចប់នៅត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២០។
ប្រជាពលរដ្ឋ និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងក្នុង និងនៅក្រៅប្រទេស កំពុងបន្តចុះហត្ថលេខាគាំទ្រយុទ្ធនាការបញ្ចប់និទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ដល់ជនល្មើសនៅកម្ពុជានេះ ដោយគ្រោងប្រមូលស្នាមមេដៃប្រជាពលរដ្ឋប្រមាណកន្លះលាននាក់ ដើម្បីដាក់ញត្តិទៅតុលាការអន្តរជាតិនានា ឲ្យជួយរកយុត្តិធម៌ជូនក្រុមជនរងគ្រោះដែលបានស្លាប់ដោយអយុត្តិធម៌ ក្រោមរបបគ្រប់គ្រងរបស់លោក ហ៊ុន សែន៕
