បុគ្គលិក​ក្រុមហ៊ុន​ប្រមូល​សំរាម​ ស៊ីនទ្រី​ បន្ត​តវ៉ា​ ខណៈ​ពេល​ដែល​សាលាក្រុង​ប្រកាស​ជ្រើស​រើស​បុគ្គលិក​ថ្មី​

ដោយ សុជីវី
2020-10-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បុគ្គលិក​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ីនទ្រី ខេមបូឌា (CINTRI Cambodia) ប្រមាណ ១ពាន់​នាក់ បន្ត​ការ​តវ៉ា​នៅ​ថ្ងៃ​ទី៥ ខែតុលា ទាមទារ​ឲ្យ​ថៅកែ​ក្រុម​ហ៊ុន​​ទូទាត់​ប្រាក់​បញ្ចប់​កិច្ច​សន្យា​ការងារ​មុន​កាល​កំណត់។
បុគ្គលិក​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ីនទ្រី ខេមបូឌា (CINTRI Cambodia) ប្រមាណ ១ពាន់​នាក់ បន្ត​ការ​តវ៉ា​នៅ​ថ្ងៃ​ទី៥ ខែតុលា ទាមទារ​ឲ្យ​ថៅកែ​ក្រុម​ហ៊ុន​​ទូទាត់​ប្រាក់​បញ្ចប់​កិច្ច​សន្យា​ការងារ​មុន​កាល​កំណត់។
រូប៖ កម្មករ

បុគ្គលិក​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ីនទ្រី ខេមបូឌា (CINTRI Cambodia) កើន​ដល់​ប្រមាណ ១ពាន់ (១.០០០) នាក់ ​បន្ត​តវ៉ា​​នៅ​ថ្ងៃ​ទី៥ ខែតុលា នៅ​ខាង​​មុខ​​ក្រុម​​ហ៊ុន​​ស្ថិត​​នៅ​ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ​ ដោយ​មិន​ចូល​ធ្វើការ​តាម​ការ​ព្រមាន​របស់​សាលា​រាជធានី​ភ្នំពេញ​ឡើយ។ ក្រុម​អ្នក​តវ៉ា បញ្ជាក់​ថា ការ​តវ៉ា​នេះ ក្នុង​គោល​បំណង​ទាមទារ​ឲ្យ​ថៅកែ​ក្រុម​ហ៊ុន​​ទូទាត់​ប្រាក់​បញ្ចប់​កិច្ច​សន្យា​ការងារ​មុន​កាល​កំណត់​និង​ដើម្បី​រក្សា​ស្ថិរភាព​ការងារ និង​ប្រាក់​អត្ថប្រយោជន៍​ទាំង​ ៥ចំណុច​របស់​ពួកគេ មុន​ការ​ដេញ​ថ្លៃ​ក្រុមហ៊ុន​ថ្មី​មកដល់ ។

ទោះ​យ៉ាង​ណា​ក្ដី សាលាក្រុង​ភ្នំពេញ ​នៅ​ព្រឹក​ថ្ងៃ​ទី៥ តុលា មិន​បាន​ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​ជូន​កម្មករ​នោះ​ទេ ប៉ុន្តែ​បាន​ចេញ​សេចក្ដី​ប្រកាស​ជ្រើសរើស​បុគ្គលិក​ ប្រមូល​និង​ដឹក​ជញ្ជួន​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​ជា​ច្រើន​នាក់​ ហើយ​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ចាប់​អារម្មណ៍​នឹង​ការងារ​នេះ​ប្រញាប់​ដាក់​ពាក្យ​បំពេញ​ការងារ។ ការ​ប្រកាស​របស់​សាលា​ក្រុង​ភ្នំពេញ​នេះ បន្ទាប់​ពី​កាល​ពី​ថ្ងៃ​ទី៣ តុលា  បាន​ចេញ​សេចក្ដី​ប្រកាស​ណែនាំ​ឲ្យ​ក្រុម​កម្មករ​ប្រមូល​សំរាម​ទាំង​នេះ ត្រូវ​បញ្ឈប់​ការ​ធ្វើ​កូដកម្ម ដោយ​ចោទ​ថា កុំ​យក​បញ្ហា​សំរាម​ជា​ចំណាប់​ខ្មាំង ដើម្បី​ទាមទារ​លក្ខ​ខណ្ឌ​ដែល​ខុស​ច្បាប់ ហើយ​ត្រូវ​ចូល​បំពេញ​​ការងារ​ប្រមូល និង​ដឹក​ជញ្ជូន​សំរាម​ជា​ធម្មតា​វិញ ដោយ​ទុក​ពេល​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃចន្ទ ទី៥ ខែតុលា ជា​កំហិត បើ​ពុំ​នោះ​ទេ សាលាក្រុង​នឹង​ប្រកាស​ជ្រើសរើស​កម្មករ​ថ្មី មក​ជំនួស​ការងារ​ពួក​គេ។

បុគ្គលិក​ម្នាក់​ផ្នែក​ដឹក​ជញ្ជូន​ មាន​តួនាទី​ជា​អ្នក​បើក​ឡាន​ដឹក​សំរាម​ របស់​ក្រុមហ៊ុន​ ស៊ីនទ្រី ​លោក​ ឆែម​ បូណា​​ ប្រាប់​អាស៊ី​សេរី​ថា​ បុគ្គលិក នឹង​មិន​បញ្ឈប់​ការ​តវ៉ា​នោះ​ទេ​ ប្រសិនបើ​ពួក​គេ​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​តាម​ការ​ទាមទារ។ លោក ​បន្ត​ថា​ ជា​សិទ្ធិ​របស់​សាលាក្រុង​ដែល​ប្រកាស​ជ្រើសរើស​បុគ្គលិក​ថ្មី​ជំនួស​ ប៉ុន្តែ​លោក​អះអាង​ថា​ ក្រុមហ៊ុន​ត្រូវ​តែ​ដោះស្រាយ​ដល់​កម្មករ​នូវ​ប្រាក់​បំណាច់​​​អតីត​ភាព​ការងារ ប្រាក់​សង​ជំងឺចិត្ត ប្រាក់​ជួស​ឲ្យ​ការ​ជូន​ដំណឹង ប្រាក់​ខែ​ចុងក្រោយ និង​ប្រាក់​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ដែល​នៅ​សល់ ដែល​ទឹក​ប្រាក់​កម្មករ​ត្រូវ​ទទួល​បាន​មិន​តិច​ជាង​មួយ​ពាន់​ដុល្លារ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល