ពលរដ្ឋ​និង​​សង្គម​ស៊ីវិល​​រិះគន់​​អាជ្ញាធរ​​អនុត្ត​ច្បាប់​​គ្មាន​​ប្រសិទ្ធភាព​​ក្នុង​​ករណី​​ជនជាតិ​​ចិន​​យក​​ដី​ខ្មែរ​​ធ្វើ​ជា​​កន្លែង​​ចាប់​​ជម្រិត​

ដោយ ទីន ហ្សាការីយ៉ា
2022.01.18
Share on WhatsApp
Share on WhatsApp
ពលរដ្ឋ​និង​​សង្គម​ស៊ីវិល​​រិះគន់​​អាជ្ញាធរ​​អនុត្ត​ច្បាប់​​គ្មាន​​ប្រសិទ្ធភាព​​ក្នុង​​ករណី​​ជនជាតិ​​ចិន​​យក​​ដី​ខ្មែរ​​ធ្វើ​ជា​​កន្លែង​​ចាប់​​ជម្រិត​ សមត្ថកិច្ចខេត្តព្រះសីហនុ​ឃាត់ខ្លួន​ជន​ជាតិ​ចិន ៤ នាក់ពាក់ព័ន្ធបទល្មើសឧក្រិដ្ឋនៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។
រូប៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

ពលរដ្ឋ​និង​សង្គម​ស៊ីវិល​រិះគន់​​អាជ្ញាធរ​របប​លោក​ ហ៊ុន សែន​ អនុវត្ត​ច្បាប់​ធូរ​រលុង​បណ្តែត​បណ្តោយ​​ឱ្យ​ក្រុម​ឧក្រិដ្ឋ​ជនជនជាតិ​ចិន​​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​យក​ទឹក​​ដី​​ខ្មែរ​ធ្វើ​ជា​កន្លែង​អាជីវកម្ម​ចាប់​ជម្រិត​ពលរដ្ឋ​ និង​បង្ខាំង​ជនបរទេស​ឱ្យ​ធ្វើ​ការឆបោក​តាម​ប្រព័ន្ធ​អ៊ី​ធឺ​ណេត​ (Internet)​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ម្ចាស់​ស្រុក​ធ្ងន់ធ្ងរ​។ ពួក​គេ​យល់​ថា​ មូល​ហេតុ​ដែល​ក្រុម​ជនជាតិចិន​ធ្វើ​សកម្ម​យ៉ាង​អនាធិបតេយ្យ​កន្លង​មក​នេះ​ ដោយ​សារ​តែ​អាជ្ញាធរ​ប្រព្រឹត្ត​អំពើ​ពុករលួយ​និង​​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ​លើ​ក្រុម​ឧក្រិដ្ឋ​ជន​។

ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ព្រួយបារម្ភ​ពី​ចំណាត់​ការ​របស់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ដែល​អនុវត្តច្បាប់​ធូរ​រលុង​លើ​ជនជាតិ​ចិន​ដែល​បាន​បង្ក​អសន្តិ​សុខ​សង្គម​ យក​ទឹក​ខ្មែរ​ធ្វើ​ជា​កន្លែង​ឆបោក​ជម្រិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីធឺណែត​ (Internet)​ និង​បាញ់​បោះ​នៅ​តាម​ទីសាធារណៈ​ដោយ​សេរី​នៅ​កម្ពុជា​។ ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ រិះ​គន់​​ថា​ អាជ្ញាធរ​មិន​ចាត់​វិធាន​ការ​ឱ្យ​បាន​ម៉ឺង​ម៉ាត់​លើ​ជនជាតិ​ចិន​ ទើប​ធ្វើ​ឱ្យ​ក្រុម​ឧក្រិដ្ឋ​ជន​ហ៊ាន​ធ្វើ​សកម្មភាព​កាន់​តែ​អាក្រក់​ ដោយ​យក​ទឹក​ដី​ខ្មែរ​ជា​ទី​កន្លែង​​​បើក​​អាជីវកម្ម​ខុស​ច្បាប់​តាម​ទំនើង​ចិត្ត​។

ពលរដ្ឋ​ម្នាក់​រស់​នៅ​ក្រុង​ប៉ោយប៉ែត​លោកស្រី ស សុជាតិ​ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១៨ ខែ​មករា​ថា​ លំហូរ​ជនជាតិ​ចិន​នៅ​ក្រុង​ប៉ោយប៉ែត​កាន់​តែ​ច្រើន​ ករណី​ជម្រិត​ទារ​ប្រាក់​ ការ​ប្លន់​ដោយ​ប្រដាប់​អាវុធ​បង្ក​ចលាចល​ប៉ះពាល់ដល់​សង្គម​ខ្មែរ​ឥត​ស្រាក​ស្រាន្ត​។ លោកស្រី​បញ្ជាក់​ថា​ ករណី​ចាប់​ជម្រិត​ឆបោក​នៅ​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់​ ដោយ​សារ​តែ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ធូរ​រលុង​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ម្ចាស់​ស្រុក​ភ័យ​ខ្លាច​និង​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​។

​ស្ត្រី​វ័យ ​៤៩ ​ឆ្នាំ​ បន្ថែម​ទៀត​ថា​ មូលហេតុ​ដែល​ជនជាតិ​ចិន​យក​ក្រុង​ប៉ោយប៉ែត​បង្កើត​អាជីវកម្ម​ឆបោក​ជម្រិត​តាម​ប្រព័ន្ធ​អ៊ីន​ធឺណែត​កាន់​តែ​ច្រើន​ ព្រោះ​ពួក​គេ​ងាយ​ស្រួល​ក្នុងការ​អូសទាញ​ពលរដ្ឋ​ខ្មែរ​ និង​ជនជាតិ​ថៃ​ចូល​មក​តាម​ច្រក​ព្រំដែន​ដើម្បី​បង្ខាំង​ខ្លួន​ពួកគេ​ក្នុង​សណ្ឋាគារ​ ឬ​តំបន់​ដែល​ក្រុម​ឧក្រិដ្ឋ​ជនចិន​រៀប​ចំ​ជា​​កន្លែង​ឆបោក​ជម្រិត​ទារ​ប្រាក់​ក្នុង​ក្រុង​ប៉ោយប៉ែត​។ លោក​ស្រី​បន្ត​ថា​ ក្នុង​ការ​បញ្ចុះ​បញ្ចូល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ និង​ជនជាតិ​ថៃ​ឱ្យ​បម្រើ​ការងារ​បោក​ប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណែត ដោយ​ក្រុម​ឧក្រិដ្ឋ​ជនជាតិ​ចិន​អូសទាញ​ដោយ​ប្រាប់​ថា​ អាច​រក​ចំណូល​រាប់ពាន់​ដុល្លា​ក្នុង​មួយ​ខែ​ ប៉ុន្តែ​ពួក​គេ​មិន​មាន​សេរីភាព​ឡើយ​ គឺ​ស្ថិត​ក្រោម​គំនាប​របស់​ក្រុម​ឧក្រិដ្ឋ​ជន​​ឱ្យ​ធ្វើ​ការ​ក្នុង​បន​ល្បែង​កាស៊ីណូ​តាម​អនឡាញ​ខុស​ច្បាប់​ ដោយ​បង្ខាំង​ខ្លួន​ពួកគេ​ឱ្យ​នៅ​មួយ​កន្លែង​ប្រៀប​បី​ដូច​ជា​អ្នក​ជាប់​ទោស​៖ ​«ក្រៅ​ពី​ករណី​បាញ់​បោះ​ ជនជាតិ​ចិន​មិន​សូវ​គោរព​សិទ្ធិ​មនុស្ស​ដែល​ជា​ម្ចាស់​ប្រទេស​ទេ​នៅ​ពេល​ដែល​ពួក​គេ​មក​នៅ​ប្រទេស​របស់​យើង​។ ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​រស់​នៅ​ទាំង​គ្មាន​ភាព​កក់​ក្ដៅ ​រឿង​ពាក់ព័ន្ធ​ទាំង​អស់​ប្រសិន​បើ​ជា​ច្បាប់​មាន​ភាព​ធូរ​រលុង​ពុក​រលួយ​ដល់​ឆ្អឹង​ពលរដ្ឋ​ម្ចាស់​ប្រទេស​ទាំង​មូល​ជួប​ហានិភ័យ​​កាន់​តែ​ច្រើន​។ ពលរដ្ឋ​រស់​សព្វ​ថ្ងៃ​សន្តិភាព​តែ​ផ្លូវកាយ​តែ​ក្នុង​ចិត្ត​រស់​នៅ​បែប​ភ័យ​ព្រួយ​លំបាក​»

ដោយ​ឡែក​ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ខេត្ត​កោះកុង​ យល់​ថា​ រដ្ឋាភិបាល​មិន​ទាន់​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​នៅ​ឡើយ​ ទើប​ធ្វើ​ឱ្យ​ក្រុម​ជន​ជាតិ​ចិន​មិន​ខ្លាច​សមត្ថកិច្ច​​កម្ពុជា​ និង​បាន​បង្ក​អសន្តិសុខ​អនាធិបតេយ្យ​ប៉ះពាល់​ដល់​ប្រទេស​ជាតិ​ទាំង​មូល​។ លោកស្រី​កត់​សម្គាល់​ឃើញ​ថា​ កម្ពុជា​ស្ទើ​ក្លាយ​ជា​ទីលាន​សម្រាប់​ក្រុម​ឧក្រិដ្ឋជន​ដែល​ហ៊ាន​ធ្វើ​សកម្មភាព​ខុស​ច្បាប់​គ្រប់​បែប​យ៉ាង​ រាប់​ទាំង​ការ​បង្កើត​រោង​ចក្រ​ផលិត​គ្រឿង​ញៀន​ ចាប់​ជម្រិត​ កាន់​កាប់​អាវុធ​ពេញៗដៃ​ ផឹក​ស៊ី​បាញ់​បោះ​​ បើក​បុក​បំផ្លាញ​ទ្រព្យ​សម្បត្តិ​តាម​សាធារណៈ​ ធ្វើ​ឱ្យ​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ស្រុក​រស់​នៅ​ទាំង​ភាព​ភ័យ​ខ្លាច​៖ «កម្ពុជា​គួរ​តែ​មើល​ប្រទេស​គេ​ដែល​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ ប្រទេស​គេ​ដែល​គោរព​ច្បាប់​ ប្រទេស​យើង​ក៍​មាន​ច្បាប់​ដែរ​។ ហេតុ​អី​បាន​ជា​អនាធិតេយ្យ​ច្រើន​ម្ល៉េះ​ខ្ញុំ​យល់​ឃើញ​ថា ​ច្បាប់​ស្រុក​យើង​នៅ​មិន​ទាន់​អនុវត្ត​បាន​តឹង​រ៉ឹង​នៅ​ឡើយ​ទេ​។ មួយ​វិញ​ទៀត​ កាល​ណា​លំហូរ​ជនជាតិ​ចិន​រស់​នៅ​យ៉ាង​អនាធិបតេយ្យ​បែប​នេះ​មិន​គួរ​ឱ្យ​ពួក​គាត់​រស់​នៅ​ទៀត​ទេ​ ព្រោះ​ស្រុក​ខ្មែរ​មិន​ទាន់​មាន​ដី​គ្រប់​គ្រាន់​សម្រាប់​ពលរដ្ឋ​ខ្មែរ​ផង​ហ្នឹង​»

ប្រតិកម្មនេះ​ ធ្វើ​ឡើង​ក្រោយ​ពី​ពួកគេ​សង្កេត​ឃើញ​ថា​កំណើន​ជនជាតិ​ចិន​ដែល​បង្ក​អសន្តិ​សុខ​សង្គម​ ដោយ​ការ​ចាប់​ជម្រិត​ឆបោក​តាម​ប្រព័ន្ធ​អ៊ីធឺណែត​ និង​បង្ខាំង​ជនជាតិថៃ​ឱ្យ​ធ្វើ​ការងារ​ក្នុង​បន់​ល្បែង​កាស៊ីណូ​ខុស​ច្បាប់​នៅតែ​កើន​ឡើង​ច្រើន​នៅ​កម្ពុជា​។ ជំនួយ​ការ​អគ្គស្នងការ​នគរបាលជាតិ​ថៃ​ លោក​ សុរា​ឆេត​ ហាក់​ផន​ (Surachate Hakparn)​ បាន​ប្រាប់​កាសែត​បាងកកប៉ុស្តិ៍​ កាល​ពី​ថ្ងៃ​ទី​៦​ ខែ​មករា​ថា​ ពលករ​ថៃ​ចំនួន ៥០២ ​នាក់​ ត្រូវ​បាន​ចាញ់​បោក​ និង​បង្ខំ​ឱ្យ​ធ្វើ​ការ​ខុស​ច្បាប់​ នៅ​តាម​ព្រំ​ដែន​កម្ពុជា-​ថៃ​​ ក្នុង​ខេត្ត​ពោធិ៍សាត់​ កោះកុង​ ខេត្ត​ព្រះសីហនុ​ និង​ក្រុងប៉ោយប៉ែត​ ត្រូវ​បាន​ជួយ​សង្រ្គោះ​ដោយ​មាន​ការ​អន្តរាគមន៍​ពី​សមត្ថ​កិច្ច​កម្ពុជា​ បាន​យល់​ព្រម​ដោះ​លែង​ពលករ​ថៃ​ទាំង​នោះ​ នៅ​ខាង​ក្រៅ​ភោជនីយដ្ឋាន​ និង​សណ្ឋាគារ​ដែល​ពួកគេ​បង្ខាំង​ឱ្យ​ធ្វើ​ការ​ខុស​ច្បាប់​។ មន្ត្រី​ប៉ូលិស​រូប​នេះ​បន្ត​ថា ​នៅ​មាន​ពលករ​ថៃ​ជាង១​ពាន់​នាក់​ផ្សេង​ទៀត​ ក៍​កំពុង​ត្រូវ​ការ​ជួយ​សង្គ្រោះ​បន្ទាន់​ដើម្បី​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​។

ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ឱ្យ​ដឹង​ទៀត​ថា​ ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​អនុវត្ត​ច្បាប់​គ្មាន​ប្រសិទ្ធភាព​លើ​ក្រុមឧក្រិដ្ឋ​ជន​ចិន​ និង​ចាត់​វិធាន​ការ​ឱ្យ​បាន​ម៉ឺង​ម៉ាត់​ទេ​នោះ​ ​ក្រុម​ជនជាតិ​ចិន​នៅ​តែ​បន្ត​ប្រព្រឹត្ត​បទល្មើស​ យក​ទឹក​ដី​កម្ពុជា​ធ្វើ​ជា​ឧបករណ៍​ពង្រីក​តំបន់​បើក​បន់ល្បែង​កាស៊ីណូ​ជា​បន្ត​បន្ទាប់​ទៀត​។ ពួកគេ​ ក៍​ព្រួយបារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ក្នុង​នាម​ជា​ពលរដ្ឋ​ម្ចាស់​ប្រទេស​ ដោយសារ​តែ​ក្រុម​ឧក្រិដ្ឋជន​ជាតិ​ចិន​ចេញ​ប្លន់​ដោយ​ប្រដាប់​អាវុធ​ចាប់​ជម្រិត​ជា​រឿយៗ​ និង​ស្នើ​ឱ្យ​អាជ្ញាធរ​​ចាត់​វិធាន​ការ​​លុបបំបាត់​​សកម្មភាព​ទាំង​នេះ​ជា​បន្ទាន់​។

វិទ្យុ​អាស៊ី​សេរី​បាន​ទាក់ទង​សុំ​ការ​បក​ស្រាយ​ជុំ​វិញ​បញ្ហា​នេះ​ពី​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​នៃក្រសួងមហាផ្ទៃលោក ​គៀត​ ច័ន្ទថារិទ្ធិ​ នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ​ប៉ុន្តែ​ទូរស័ព្ទ​ហៅ​ចូល​តែ​លោក​ចុក​ផ្ដាច់​។ ចំណែក​ឯ​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក​ ឆាយ​ គឹម​ខឿន​ ក៍​មិន​អាច​ទាក់​បាន​ដែរ​ដោយ​ទូរស័ព្ទ​ហៅ​ចូល​ជា​ច្រើន​ដង​គ្មាន​តែ​គ្មាន​អ្នក​ទទួល​។

ប៉ុន្តែ​ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ទទួល​បន្ទុក​ជន​អន្តោប្រវេសន្ត​លោក​ អេង​ លីហួ​ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា​ ជនជាតិ​ថៃ​ភាគ​ច្រើន​ពុំ​ត្រូវ​បាន​ជនជាតិ​ចិន​បង្ខាំង​ខ្លួន​ ដើម្បី​បង្ខំ​ឱ្យ​ធ្វើ​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ (Online) ​ឡើយ​ ព្រោះ​លោក​ថា កាស៊ីណូ​ក្នុង​ក្រុងប៉ោយ​ប៉ែត​មាន​ច្បាប់​អនុញ្ញាត​។ លោក​អះអាង​ថា​ ជនជាតិ​ថៃ​ដែល​ត្រូវ​បាន​បង្ខាំង​ខ្លួន​នោះ​ ពួកគេ​លួច​ឆ្លង​ចូល​មក​ធ្វើ​ការ​នៅ​កម្ពុជា​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ ទើប​អាជ្ញាធរ​កម្ពុជា​សហការ​ជា​មួយ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ពួក​គេ​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​ជា​បន្ត​បន្ទាប់​៖ «បើ​សិន​ដឹង​ថា​ មាន​ការ​ចាប់​ជម្រិត​កន្លែង​ណា​មួយ ​ខ្ញុំ​ចុះ​បង្ក្រាប​ទាន់​ពេល​។ ពាក់ព័ន្ធ​ជនជាតិ​ថៃ​ចូល​មក​ធ្វើ​ការ​ខុស​ច្បាប់​មិន​មែន​បង្ខាំង​ទេ​ បាន​ន័យ​ថា ​ពួកគាត់​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ធ្វើ​ការ​នៅ​កម្ពុជា​ដាច់ខាត​កម្លាំង​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​វិញ​។ ខ្ញុំ​គិត​ថា​ មិន​មាន​ការ​បង្ខិត​បង្ខំ​អី​ទេ​ ព្រោះ​កាស៊ីណូ​គេ​មាន​ច្បាប់​របស់​គេ​»

ជុំវិញ​ការ​លើក​ឡើង​របស់មេ​ប៉ូលិស​ផ្កាយ​មួយ​រូប​នេះ​ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)​ខេត្ត​បន្ទាយមានជ័យ​លោក​ ស៊ុំ ច័ន្ទគា​ ច្រាន​​ចោល​​ចំពោះ​ការ​លើក​ឡើង​នេះ​ ដោយ​លោក​ចាត់​ទុក​ថា​ អាជ្ញាធរ​កំពុង​គេច​វេស​ក្នុង​ការ​គ្រប់​គ្រង​ជន​អន្តោ​ប្រវេសន្ត​ឱ្យ​មាន​ប្រសិទ្ធភាព​។ លោក​មើល​ឃើញ​ថា​ ការ​បណ្តោយ​ឱ្យ​មាន​បទ​ល្មើស​និង​មាន​ក្រុម​ឧក្រិដ្ឋ​ជនចាប់​ជម្រិត​កន្លង​មក​នេះ​ ដោយ​សារ​តែ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ធូរ​រលុង​ និង​គ្មាន​ការ​ស៊ើប​អង្កេត​ស្វែង​រក​មេខ្លោង​ពាក់ព័ន្ធ​ ។ ​បន្ថែមពី​នេះ​លោក​ថា ​មាន​មន្ត្រី​មួយ​ចំនួន​បាន​ឃុបឃិត​ជា​មួយ​ជនជាតិ​ចិន​ជា​ប្រព័ន្ធ​ទើប​ធ្វើ​ឱ្យ​ពួកគេ​ប្រព្រឹត្ត​បទ​ល្មើស​ជា​បន្ត​បន្ទាប់​៖ «ធម្មតា​​ចំណុច​ដែល​សំខាន់​ អាជ្ញាធរ​មិន​សូវ​និយាយ​ទេ​ តែ​សំខាន់​យើង​បា​ន​ដឹង​ថា​ មាន​សារព័ត៌​មាន​ចុះ​ផ្សាយ​។ បើ​ជនជាតិ​ថៃ​ចូល​ធ្វើ​ការ​ខុស​ច្បាប់​ក៍​ត្រូវ​គ្រប់​គ្រង​ដោយ​ខាង​អន្តោប្រវេសន្ត​ត្រូវ​តែ​ពិនិត្យ​សម​ភាព​ទាំង​អស់​ហ្នឹង​ ព្រោះ​ស្ថិត​ក្រោម​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ពលរដ្ឋ​មាន​សុវត្ថិភាព​»

ជា​មួយ​គ្នា​នេះ ​ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ (PDP Center)​ លោក យង់ គិមអេង​ យល់​ថា​ អាជ្ញាធរ​គួរ​មាន​វិធាន​ការ​ឱ្យ​បាន​តឹង​រ៉ឹង​​ និង​​តាម​ដាន​អាជីវកម្ម​បនល្បែង​កាស៊ីណូ​មួយ​ចំនួន​ ចៀស​វាង​មាន​លួច​ប្រព្រឹត្ត​បទ​ល្មើស​ខុស​ច្បាប់​ដូចជា​ ចាប់​ជម្រិត​ឆបោក​តាម​ប្រព័ន្ធ​អ៊ី​ធឺ​ណែត​ជា​ដើម​។ លោក​ ក៍​ទាមទារ​ឱ្យ​អាជ្ញាធរ​និង​ក្រសួង​ពាក់ព័ន្ធ​តាមដាន​​តែ​ធ្វើ​យ៉ាង​ណា​គ្រប់គ្រងជនជាតិ​ចិន​ដែល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ឱ្យ​មាន​ប្រសិទ្ធភាព​ ដើម្បី​ធានា​សុវត្ថិភាព​ដល់​​ប្រជាពលរដ្ឋ​ និង​មុខមាត់​ប្រទេសជាតិ​មិន​មាន​ឈ្មោះ​កាន់​តែ​អាក្រក់​នៅ​លើ​ឆាក​អន្តរជាតិ​៖ «ការបាញ់បោះ​ ឬ​ភាព​ព្រៃផ្សៃ​ដែល​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន​វា​ជះឥទ្ធិពល​អាក្រក់​ណាស់​មិនមែន​តែ​ក្នុង​ស្រុក​ទេ​ ទាំង​ក្រៅ​ស្រុក​ទៀត​ធ្វើ​ឱ្យ​គេព្រួយ​បារម្ភ​ខ្លាច​រអា​។ អាជ្ញាធរ​ត្រូវ​តែ​គិតគូរ​ពី​វិធាន​ការ​បន្ថែម​ទៀត​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​វិធានការ​ដែល​ចាត់​ឡើង​មាន​ប្រសិទ្ធ​ភាព​»

​​​​​​​​របាយការណ៍​​ពីមន្ត្រី​ស្ថានទូត​ថៃ​ប្រចាំ​នៅ​ក្រុង​ភ្នំពេញ​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​​ខែ​មករា​ ដល់​ខែ​កញ្ញា ឆ្នាំ២០២១កន្លងទៅ​ មាន​ជនជាតិ​ថៃ​​​ជិត ​១០០​​ នាក់​ហើយ​ ​ត្រូវ​បាន​មន្ត្រី​ស្ថានទូត​​ថៃ​ជួយ​សង្គ្រោះ​ពួកគេឱ្យ​​ត្រឡប់​​ទៅ​​ប្រទេស​ថៃ​វិញ។ ​ជនជាតិ​ថៃ​ទាំង​នោះ​​​ត្រូវ​បាន​​ជនជាតិ​ចិន​​បោក ​ឱ្យ​ទៅ​​ធ្វើ​ការ​​នៅ​ក្នុង​បន​ល្បែង​កាស៊ីណូ​អនឡាញ នៅ​ខេត្ត​កំពត​ រាជធានី​ភ្នំពេញ ក្រុង​ព្រះសីហនុ និង​ខេត្ត​បន្ទាយមានជ័យ​​ ​ដោយ​​សន្យា​​នឹង​ផ្ដល់​ប្រាក់​ឈ្នួល​​​ចន្លោះ​ពី​ ៧រយ ​ទៅ ​១ពាន់​ដុល្លារ (១០០០) ​ក្នុង​​មួយ​ខែ​។ កាល​ពី​ថ្ងៃទី៦​ ខែ​មករា​ ពលករ​ថៃ​ចំនួន៥០២​នាក់​ ត្រូវ​បាន​ចាញ់​បោក​ និង​បង្ខំ​ឱ្យ​ធ្វើ​ការ​ខុសច្បាប់​ នៅ​តាម​ព្រំដែន​កម្ពុជា-​ថៃ​ ក្នុង​ខេត្តពោធិ៍សាត់​ កោះកុង​ ខេត្ត​ព្រះសីហនុ​ និង​ក្រុង​ប៉ោយប៉ែត​ អាជ្ញាធរ​ថៃ​បាន​សហការ​ជា​មួយ​អាជ្ញាធរ​កម្ពុជា​ត្រូវ​បាន​ជួយ​សង្គ្រោះ​បញ្ជូន​ទៅ​ប្រទេស​ថៃ​វិញ​។

ដោយឡែកកាលពី​ឆ្នាំ​២០២០ ​សមត្ថកិច្ច​កម្ពុជា​បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ ៥២៣​នាក់ ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​នៅ​កម្ពុជា​។ សមត្ថកិច្ច​ឱ្យ​ដឹង​ថា​ ជនជាតិ​ចិន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ភាគ​ច្រើន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ឃាតកម្ម ចាប់​ជំរិត​ទារប្រាក់ អំពើ​ហិង្សា​ ឆបោក​ ចោរ​កម្ម​ រត់ពន្ធ​ថ្នាំញៀន​ និង​ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​ជា​ដើម​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល