កម្ពុជា​-​ជប៉ុន​នឹង​បើក​ការ​ហោះ​ហើរ​​ឡើងវិញ​នៅ​ខែ​ក្រោយ

មេដឹកនាំ​កម្ពុជា និង​ជប៉ុន បាន​ព្រមព្រៀង​បើក​ការហោះហើរ​ចេញចូល ប្រទេស​ទាំងពីរ​ឡើងវិញ នៅ​ខែ​ក្រោយ។

លិខិត​របស់​ក្រសួងការបរទេស​កម្ពុជា ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២២​សីហា ថា រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក លោក ម៉ូតេហ្គី តូស៊ីមីត្សឹ (Motegi Toshimitsu ) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមព្រៀងគ្នា នៅ​ក្នុង​ជំនួប​មួយ​កាលពី​ថ្ងៃ​ទី​២២ សីហា បើក​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ចេញ ចូល​ប្រទេស​ទាំងពីរ​ឡើងវិញ តែ​ស្ថិតនៅ​ក្នុង​លក្ខខណ្ឌ ទាំង​ពលរដ្ឋ​ជប៉ុន និង​ពលរដ្ឋ​កម្ពុជា ត្រូវតែ​ធ្វើ​ចត្តាឡឺស័ក​ដោយ​ខ្លួនឯង​រយៈពេល ១៤​ថ្ងៃ​សិន ទើប​អាច​ដើរ​ហើយ​នៅ​ទី​សាធារណៈ​បាន។

ក្រៅពី​ព្រមព្រៀងគ្នា​បើក​ឲ្យ​ពលរដ្ឋ​ប្រទេស​រៀងៗ​ខ្លួន ធ្វើដំណើរ​ចេញចូល​កម្ពុជា ជប៉ុន​នេះ លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា និង​ជប៉ុន ក៏​ព្រមព្រៀង​ចរចា​គ្នា ដើម្បី​កាត់បន្ថយ​ការ​រឹតត្បិត​សម្រាប់​អ្នកជំនួញ ប្រទេស​ទាំងពីរ ដែល​ធ្វើដំណើរ​ក្នុង​រយៈពេល​ខ្លី សម្រាប់​ចូល​ដល់​ប្រទេស​កម្ពុជា និង​ប្រទេស​ជប៉ុន។

គិត​ចាប់​តាំង​ពី​ជំងឺ​កូ​វីដ​១៩ ផ្ទុះឡើង​ខ្លាំង​មក កម្ពុជា បាន​រឹតត្បិត និង​បិទ​ការ​ហោះ​ហៅ​ប្រទេសជាតិ​ច្រើន​លើ​ពិភពលោក រួម​ទាំង​ប្រទេស​នៅ​ក្នុង​តំបន់​ផង លើកលែងតែ​ប្រទេស​ចិន​ប៉ុណ្ណោះ ដែល​រដ្ឋាភិបាល​មិនបាន​បិទ ការ​ហោះ​នោះ ទោះបីជា​ជំងឺ​កូវីដ​១៩ ផ្ទុះ​ចេញ​ដំបូង ពី​ទីក្រុង​វូហាន ប្រទេស​ចិន​ក្ដី។

សម្រាប់​ជប៉ុន​វិញ លោក រដ្ឋមន្ត្រីការបរទេស​ជប៉ុន​ឲ្យ​សារព័ត៌មាន Japan times ដឹង​ថា ជប៉ុន​នឹង​បន្ធូរបន្ថយ ការ​រឹតត្បិត​ធ្វើដំណើរ​នេះ ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត​លើ​ពិភពលោក ក្នុង​នោះ រួម​ទាំង​ប្រទេស​នៅ​អាស៊ាន​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។