សង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលយកមន្ត្រីនគរបាល ដែលក្រសួងមហាផ្ទៃរកឃើញពាក់ព័ន្ធនឹងអំពើពុករលួយទៅកាត់ទោសតាមច្បាប់ ព្រោះជាសំណុំរឿងព្រហ្មទណ្ឌ ដែលមិនអាចដាក់ត្រឹមតែទណ្ឌកម្មខាងវិន័យការងារនោះទេ។ ការជំរុញនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ បានដាក់ទណ្ឌកម្មខាងវិន័យរដ្ឋបាលលើមន្ត្រីនគរបាលចំនួន ៤នាក់ ពាក់ព័ន្ធនឹងការបន្លំឯកសារ និងប្រព្រឹត្តអំពើពុករលួយ។
អ្នកឃ្លាំមើល និងសង្គមស៊ីវិល លើកឡើងថា កាលណារកឃើញកំហុសរបស់មន្ត្រីនៃស្ថាប័នរដ្ឋ ប្រព្រឹត្តអំពើពុករលួយ និងការក្លែងបន្លំឯកសារ នោះពួកគេត្រូវតែ ទទួលការផ្ដន្ទាទោសតាមផ្លូវច្បាប់ គឺមិនមែនត្រឹមតែវិន័យរដ្ឋបាល ហើយរួចខ្លួន នោះទេ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខាប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៩ ខែមីនា ថា អំពើពុករលួយ គឺជាបទល្មើសព្រហ្មទណ្ឌដែលអ្នកប្រព្រឹត្តទាំងអស់ ទោះបីជាប្រជាពលរដ្ឋ ឬមន្ត្រីរាជការក៏ដោយ ត្រូវតែប្រឈមមុខច្បាប់ដើម្បីធានាថា ការអនុវត្តច្បាប់មានភាពស្មើគ្នា ឬគ្មានស្តង់ដារពីរ។ លោកថា ការដាក់ទណ្ឌកម្មវិន័យការងារលើក្រុមមន្ត្រីនគរបាល ដែលក្រសួងមហាផ្ទៃរកឃើញកំហុសពុករលួយនោះ មិនទាន់គ្រប់គ្រាន់ទេ ពួកគេត្រូវតែប្រឈមការកាត់ទោសតាមច្បាប់។
លោក នី សុខា៖«បទល្មើសទាក់ទងនឹងអំពើពុករលួយ ដែលវាជាបទល្មើសព្រហ្មទណ្ឌ ដែលមិនអាចគ្រាន់តែធ្វើការដកតំណែង ដកតួនាទីអី ឱ្យរួចខ្លួនបានទេ គឺត្រូវតែអ្នកដែលបានប្រព្រឹត្តនូវអំពើពុករលួយទាំងអស់ ត្រូវតែមានវិធានការតាមផ្លូវច្បាប់ នៃការប្រឆាំងអំពើពុករលួយឱ្យបានត្រឹមត្រូវ ជាការដាក់វិន័យមួយ ដើម្បីពង្រឹងទៅលើវិស័យយុត្តិធម៌ឱ្យបានរឹងមាំ»។
ក្រសួងមហាផ្ទៃដាក់ទណ្ឌកម្មខាងវិន័យរដ្ឋបាល
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ បានដាក់ទណ្ឌកម្មខាងវិន័យរដ្ឋបាលលើមន្ត្រីនគរបាលចំនួន ៤នាក់ ពាក់ព័ន្ធនឹងការបន្លំឯកសារ និងប្រព្រឹត្តអំពើពុករលួយ។
ក្នុងលិខិតរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី១៤ ខែកុម្ភៈ ដែលទើបត្រូវបានផ្សព្វផ្សាយជាសាធារណៈ អធិការនៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ខេត្តស្វាយរៀង លោក សោម សារ៉ន ត្រូវបានដកតំណែង និងរងពិន័យបន្ថយឋានន្តរស័ក្ដិចំនួន ២ថ្នាក់ដោយសារការប្រព្រឹត្តអំពើពុករលួយ។ រីឯមន្ត្រីនគរបាលស្រុកស្វាយទាប ៣នាក់ទៀត គឺអធិការរងទទួលបន្ទុកផ្នែកនគរបាលយុត្តិធម៌លោក វ៉ា សំណាង នាយរង ផ្នែកអន្តោប្រវេសន៍ លោក ផាត់ ផល និងនាយរងផ្នែកនគរបាលយុត្តិធម៌ លោក កឹម ស៊ីថុន រងទណ្ឌកម្មវិន័យ ដោយការព្រមានជាលាយលក្ខណ៍អក្សរទាក់ទងនឹងការបន្លំឯកសារ។
វិធានការទណ្ឌកម្មវិន័យនេះ អនុវត្តដោយផ្អែកតាមការអង្កេតស្រាវជ្រាវលើខ្លឹមសារ គណនីហ្វេសប៊ុកឈ្មោះ បង វី (Bong Vy) ដែលបានផ្ញើចូលទំព័រហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ ការស៊ើបអង្កេតរបស់ក្រសួងមហាផ្ទៃ រកឃើញថា ពាក្យបណ្ដឹង ដែលអះអាងថា មានស្នាមមេដៃមន្ត្រីនគរបាលចំនួន ២៤ នាក់នោះ មានស្នាមមេដៃមន្ត្រីនគរបាលពិត ប្រាកដតែ ២នាក់ប៉ុណ្ណោះ គឺលោក ផាត់ ផល និង លោក កឹម ស៊ីផុន ហើយករណីបន្លំឯកសារពាក្យបណ្ដឹងនេះ ប្រព្រឹត្តដោយលោក វ៉ា សំណាង ដែលបានយកក្រដាសពុំទាន់មានខ្លឹមសារទៅឱ្យអ្នកផ្សេងទៀតផ្ដិតមេដៃ។
ចំណែកឯ អធិការស្រុកស្វាយទាបលោក សោម សារ៉ន បានប្រព្រឹត្តល្មើស ជាច្រើនករណីរាប់ចាប់តាំងពីការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យទៅកាន់មន្ត្រីក្រោមឱវាទ ដែលផ្ទុយនឹងវិន័យនគរបាលជាតិរហូតដល់បទល្មើសពុករលួយ។
លក់វត្ថុតាងនៃបទល្មើស និងសូកយកតំណែង
ក្រសួងមហាផ្ទៃឱ្យដឹងថា លោក សោម សារ៉ន បានលក់វត្ថុតាងនៃបទល្មើសគ្រោះថ្នាក់ចរាចរណ៍រួមមានរថយន្តម៉ាក Camery ឆ្លាម១គ្រឿង និងគោយន្តកែច្នៃ១គ្រឿង។ លោកបានឱ្យនគរបាលបង់ប្រាក់៥រយដុល្លារ ជាថ្នូរនឹងការតែងតាំងមុខតំណែងនិងឡើងឋានន្តរសក្ដិ។ លោកបានឱ្យអាណាព្យាបាលរបស់ជនសង្ស័យប្រើប្រាស់គ្រឿងញៀនបង់ប្រាក់២រយដុល្លារ ជាថ្នូរនឹងការដោះលែង។ លោកបានឱ្យមន្ត្រីនគរបាលបង់ប្រាក់ ៤រយដុល្លារ ក្នុងមួយបន្ទប់ ជាថ្នូរនឹងការចូលបម្រើការងារនៅក្នុងអគារថ្មី។ លោក សោម សារ៉ន ក៏ថែមទាំងបានឱ្យជនជាតិបង់ក្លាដេស្ហ (Bangladesh)ដែលឆ្លងដែនខុសច្បាប់បង់ប្រាក់ចំនួន៥ពាន់ដុល្លារ ជាថ្នូរនឹងការដោះលែង។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការសិក្សាស្រាវជ្រាវលោកសេកសុជាតិប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៩ ខែមីនា ថា ក្រសួងមហាផ្ទៃបានរកឃើញ អំពើពុករលួយមួយភាគនៃមន្ត្រីទាំងនេះទៅហើយ ហេតុនេះ លោកថា ការដាក់ទណ្ឌកម្មខាងវិន័យលើមន្ត្រីនគរបាលពីសំណាក់សាមីក្រសួង គឺជាការត្រឹមត្រូវ។ យ៉ាងណា លោកបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ មានភារកិច្ចបន្តការងារស៊ើបអង្កេតបន្ថែមទៀត ឬក៏ប្ដឹងទៅតុលាការ ឱ្យចាត់វិធានការតាមច្បាប់។
លោកសេកសុជាតិ៖«អង្គភាពប្រឆាំងអំពើពុករលួយនៅពេលដែលមានការប្រកាសជាសាធារណៈពីសាមីក្រសួងថា មានអំពើពុករលួយ ហើយបានដកតួនាទី ឬក៏មានការព្រមានហើយ គឺនៅសល់រឿងនៅត្រូវធ្វើបន្ត គឺអង្គភាពប្រឆាំងអំពើពុករលួយ ដែលមានតួនាទីប្ដឹងទៅកាន់តុលាការ ឬក៏ចាត់វិធានការទៅតាមផ្លូវច្បាប់បន្ថែម»។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺជុំវិញរឿងនេះ ពីអ្នកនាំពាក្យរងក្រសួង មហាផ្ទៃ លោក ទូច សុឃៈនិងអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយលោក សយ ច័ន្ទវិចិត្រ បានទេ នៅថ្ងៃទី៩ ខែមីនា ។
អ្នកឃ្លាំមើលលើកឡើងថា អំពើពុករលួយគឺជាមេរោគដ៏សាហាវ ដែលស៊ីរូងបំផ្លាញប្រព័ន្ធដឹកនាំប្រជាធិបតេយ្យនៅកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋកាន់តែក្រីក្រ ហើយប្រទេសទន់ខ្សោយស្ទើរតែបាត់សមត្ថភាពការពារខ្លួន។
អត្ថបទដែលទាក់ទង
{English Text Below} សេចក្ដីថ្លែងការណ៍ព័ត៌មាន សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំ ២០២៤ រាជធានីភ្នំពេញ...
Posted by Transparency International Cambodia on Monday, February 10, 2025
អង្គការតម្លាភាពអន្តរជាតិ(Transparency International) រកឃើញថា ស្ថានភាពអំពើពុករលួយនៅកម្ពុជាក្នុងឆ្នាំ២០២៤ កាន់តែធ្ងន់ធ្ងរបើធៀបនឹងឆ្នាំ ២០២៣ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ផ្ទេរតំណែងទៅឱ្យអ្នកជំនាន់ថ្មីរបស់ខ្លួន ដោយកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ១៥៨ ក្នុងចំណោម ១៨០ ប្រទេស។ របាយការណ៍នេះ ឱ្យដឹងដែរថា កម្ពុជាគ្រាន់បើជាងប្រទេស ដែលកំពុងតែច្របូក ច្របល់ដោយសង្គ្រាមផ្ទៃក្នុង គឺប្រទេស មីយ៉ាន់ម៉ា (Myanmar) ឬ ភូមាតែមួយ ប៉ុណ្ណោះ នៅក្នុងតំបន់អាស៊ាន។
របាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិកាលពីថ្ងៃទី១១ ខែកុម្ភៈ ឱ្យដឹងថា កម្ពុជាបន្តបោះជំហានយឺតយ៉ាវ ក្នុងការប្រឆាំងនឹងអំពើពុករលួយ ដែលបង្ហាញ ឱ្យឃើញនូវចំណុចខ្សោយ ដែលបន្តកើតមាន ដោយសារអភិបាលកិច្ច និងខ្វះសុចរិត ភាពស្ថាប័ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។