អាជ្ញាធរ​ខេត្តជាប់​ព្រំដែន​ថៃ ទប់ស្កាត់​មិន​ឱ្យ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​វិល​ចូល​ភូមិ​ស្រុក​វិញ

0:00 / 0:00

អាជ្ញាធរ​ព្រំដែន​ខេត្តបន្ទាយមានជ័យ​ជាប់​ព្រំដែន​ថៃ​ទប់ស្កាត់​ពលករ​ចំណាក​ស្រុក​ខ្មែរ​ដែល​នៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃមិន​ឲ្យវិល​ចូល​ភូមិ​ស្រុក​របស់​ពួកគេ​វិញ​ឡើយ។

មន្រ្តី​សម្រប​សម្រួលនៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក ខេត្តបន្ទាយមានជ័យ​លោក ស៊ុម ចន្ទគា ឲ្យ​វិទ្យុ​អាស៊ីសេរីដឹង​នៅ​យប់​ថ្ងៃពុធ ទី៤ ខែសីហា ម្សិលមិញ​ថា​ពលករ​ទាំង​អស់​មាន​គ្នា​ប្រមាណ​ ២០០នាក់ ​បានស្នាក់នៅ​តាម​បណ្តោយ​ព្រំដែន​ខ្មែរ-ថៃដោយខ្លះ​នៅក្នុង​ទឹកដី​ថៃ​នៅ​ឡើយ​ហើយ​ខ្លះ​ទៀតបាន​ជ្រៀត​ចូល​មក​ខាង​ទឹក​ខ្មែរ​ជាប់​ព្រំដែន​ ប៉ុន្តែ​មិន​អាច​បន្តដំណើរ​មក​ផ្ទះបាន​ឡើយ​ដោយ​សារ​អាជ្ញាធរ​ដាក់​កម្លាំង​រារាំង​ពួកគេ។

លោក​បន្ត​ថាការរារាំង​នោះដោយសារ​តែ​អាជ្ញាធរ​អះអាង​ថាពលករ​ភាគច្រើន​មាន​ជំងឺកូវីដ១៩ហើយ​ខេត្ត​បន្ទាយមានជ័យនិង​ខេត្តជាប់ព្រំដែន​ដទៃ​ទៀត​កំពុង​​បិទ​ខ្ទប់​​មិន​ឲ្យ​មាន​ការ​ចេញ​ចូល​ឡើយដើម្បី​ការពារ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩​ក្នុង​សហគមន៍។

មន្រ្តី​សម្រប​សម្រួល​នៃ​សមាគម​សិទ្ធិមនុស្សអាដហុក​រូប​នេះឲ្យដឹង​ទៀត​ថាទោះបី​យ៉ាង​ណា​ក្រុម​សមត្ថកិច្ច​ការពារ​ព្រំដែន និង​អាជ្ញាធរខេត្ត​កំពុងមមា​ញឹកដឹក​ស្បៀង​អាហារ​ខ្លះៗ​ជូនពលករ​ដែល​កំពុង​ជាប់គាំង​នៅ​តាម​ព្រំដែន​នោះនិងនាំគ្នា​កាប់​កូន​ឈើ​ទៅសង់​ជា​ជម្រក​ឲ្យ​ពលករ​ស្នាក់​នៅ​បណ្តោះ​អាសន្ន៖ «បាទ ឃើញមាន​បោះតង់ក្បែរព្រំដែន ហើយ​ឃើញមាន​ជួយ​ចំណីអាហារ មាន​មី អង្ក ត្រីខ អីហ្នឹង ហើយ​ឃើញ​មាន​កាត់​ស្បូវ កាត់ស្មៅ ដើម អាកាស្យា​មក​ធ្វើជា​តង់ហាក់​ដូចជា​ជុំរុំ​ជន​ភៀស​ខ្លួន​តាម​ព្រំដែន មានន័យថា លើក​ទឹកចិត្ត​ពួកគាត់​កុំទាន់​វិល​ចូល​ភូមិ​ស្រុក​វិញ​ដោយ​រង់​ចាំ​មួយ​រយៈពេល​ទៀត​បន្តិ​ច​ទៀត​សិន»

លោក​បន្តថាការជួយ​នេះ​មិន​ទាន់ដឹង​ថាបាន​គ្រប់គ្រាន់ឬក៏យ៉ាង​ណា​នៅឡើយ​ទេដោយ​អង្គការ​លោក​កំពុង​តាម​ដាន​លើ​រឿង​នេះ។

ពលករ​ទាំនោះដាច់​ចិត្តវិល​មក​ស្រុក​វិញដោយ​សារ​ពួកគាត់​ឆ្លង​ជំងឺកូវីដ-១៩ ហើយ​កន្លែង​ពួកគេ​ធ្វើ​ការ​ងារ​នោះគ្មាន​កន្លែង​ស្នាក់​នៅពុំមាន​ថ្នាំ​ព្យាបាលនិង​គ្មាន​អាហារ​ហូប​ចុក​ឡើយ​ខណៈ​ប្រទេស​ថៃ​​កំពុង​ឆ្លង​ជំងឺកូវីដ-១៩​ខ្លាំង។

កាល​ពី​ទៀបភ្លឺ ថ្ងៃ​ទី២៩ ខែកក្កដា កម្លាំង​នគរបាល​ការពារ​ព្រំដែន​ ខេត្ត​បន្ទាយមានជ័យ បាន​ឃាត់​ខ្លួន​ពលរដ្ឋ​ចំនួន ៦នាក់ ដែល​បាន​ ហែល​ទឹក​អូរ ឆ្លងដែន ពី​ប្រទេស​ថៃ ចូល​មក​កម្ពុជា។ អាជ្ញាធរ​បាន​បញ្ជូន​ពលរដ្ឋទាំង៦នាក់​នោះ ទៅ​ធ្វើ​តេស្ដ​រក​មេរោគ​កូវីដ១៩​ នៅ​ចំណុច​សំចត ក្នុង​ភូមិ​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ។

រដ្ឋាភិបាល​បាន​សម្រេច​បិទ​ព្រំដែន​កម្ពុជា-ថៃ បណ្ដោះអាសន្ន និង​ហាម​ឃាត់​អ្នក​ធ្វើ​ដំណើរ​ចេញ-ចូល រយៈពេល​១៤​ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែ​កក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ខាងមុខ ប៉ុន្តែ​ប​ម្រាម​នេះ​លើកលែង​ការ​ដឹក​ជញ្ជូន​ទំនិញ និង​ករណី​ពិសេស​ដែល​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ ដូចជា​ករណី​ជំងឺ​សង្គ្រោះ​បន្ទាន់។ បន្ថែម​ពី​នេះ អាជ្ញាធរ​កម្ពុជា​នឹង​សម្រួល​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​ផ្តល់​ការ​គាំពារ​ដល់​ពលករ​ខ្មែរ នៅ​ប្រទេស​ថៃ ប៉ុន្តែ ពន្យារ​ពេល​ពលរដ្ឋ​ខ្មែរ ដែល​គ្រោង​វិល​មក​កម្ពុជា​វិញ រហូត​ដល់​ការ​បិទ​ខ្ទប់​នេះ​បញ្ចប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។