អនុរក្សពន្ធនាគារក្រសួងមហាផ្ទៃបានបញ្ជូនជនជាតិចិនតៃវ៉ាន់ចំនួន ៤នាក់ទៅឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ក្រោយពីតុលាការបានធ្វើការសាកសួរអស់រយៈពេលពេញមួយថ្ងៃពាក់ព័ន្ធនឹងការរត់ពន្ធថ្នាំញៀនខុសច្បាប់ពីប្រទេសឡាវ ចូលមកប្រទេសកម្ពុជាតាមព្រំដែនខេត្តព្រះវិហារ។
អ្នកនាំពាក្យសាលាដំបូងក្រុងភ្នំពេញលោក គុជ គឹមឡុង ប្រាប់អាស៊ីសេរីថា តុលាការ សម្រេចឃុំខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន ៤នាក់ ក្រោយពីសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៧ តុលាកន្លងទៅនេះពីបទជាប់ពាក់ព័ន្ធ រត់ពន្ធថ្នាំញៀនឆ្លងដែនទម្ងន់ជាង ២តោន៖ «សំណុំរឿងនេះក្រោយពីអយ្យការបញ្ជូនទៅចៅក្រៅស៊ើបសួរ លោកចៅក្រមស៊ើបសួរ សួន ហុកខេមរិន្ទ មានសម្រេចឃុំខ្លួនទាំងអស់នៅពន្ធនាគារម១»។
នាយកដ្ឋានប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបានចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន ៤នាក់ ជាមួយនឹងថ្នាំគ្រឿងញៀនជាង ២តោន (ទម្ងន់ ២១០៦គីឡូក្រាម) រួមនឹងសារធាតុផ្សំ ចំនួន ៦០០គីឡូក្រាម គិតជាទឹកប្រាក់ មានតម្លៃជាង ១០លានដុល្លារ។

នាយកដ្ឋានប្រឆាំងគ្រឿងញៀនបានផ្សាយនៅក្នុងគេហទំព័រហ្វេសប៊ុករបស់ខ្លួនថា កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយសមត្ថកិច្ចខេត្តព្រះសីហនុ និងខេត្តព្រះវិហារ បានចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ ចំនួន ៤នាក់នៅក្នុងទីតាំងផ្សេងៗ គ្នា ក្រោយពីជនសង្ស័យបាននាំយកគ្រឿងញៀនពីប្រទេសឡាវ ឆ្លងចូលមកប្រទេសកម្ពុជា តាមព្រំដែនខេត្តព្រះវិហារ។
បុរសជនជាតិចិនទាំង ៤នាក់នោះមានបំណងនាំយកគ្រឿងញៀនទាំងនោះមកលក់ដូរនៅក្នុងទៅក្រុងភ្នំពេញ និងខេត្តព្រះសីហនុ។
ក្នុងចំណោមគ្រឿងញៀនទាំងជាង២តោននេះ មានប្រភេទ ហេរ៉ូអ៊ីន (Heroin) ប្រភេទមេតំហ្វេតាមីនទឹកកក (ICE) ប្រភេទអ៊ិចស្តាស៊ី អឹមឌីម៉ា (MDMA) និងញៀនកេតាមីន (Ketamine) ក្រៅពីនោះសារធាតុផ្សំ អេតាណុល ចំនួន ៣៧ប៊ីដុង មានទម្ងន់ ៧០៣គីឡូក្រាម។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឺមឃឿន ប្រាប់អាស៊ីសេរីថា មូលហេតុដែលនាំទៅការចាប់ខ្លួននេះគឺផ្អែកទៅតាមការស៊ើបអង្កេត របស់មន្ត្រីជំនាញអស់រយៈពេលជាច្រើនថ្ងៃ ទើបឈានទៅការចាប់ឃាត់ខ្លួនជនជាតិចិនតៃវ៉ានទាំងបួននាក់ និងសារធាតុញៀនជាង ២តោន។
តាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២០ នេះ សមត្ថកិច្ចកម្ពុជាបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួនជាង៥ពាន់ករណី (៥.៤៦៣ករណី) គឺបានកើនឡើងចំនួនជាង ១ពាន់ករណី (១.២៨៨ករណី) ស្មើនឹងជាង ៣០ភាគរយ (៣០.៨ភាគរយ) បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។
អាជ្ញាធរក៏បានឃាត់ខ្លួនមនុស្សចំនួនជាង ១ម៉ឺននាក់ (១០.៨៧៧នាក់) គឺបានកើនឡើងចំនួនជាង ១ពាន់នាក់ (១.៩៦៦នាក់) ស្មើនឹងជាង ២២ភាគរយ (២២.០៦%) ក្នុងនោះមានជនជាតិខ្មែរ ប្រមាណជាង ១ម៉ឺននាក់ ១០.៧០០នាក់ និងជនបរទេសចំនួន ១៧៧នាក់ និងបានរឹបអូសគ្រឿងញៀន មានចំនួន ២៦១គីឡូក្រាម គឺបានថយចុះ ៨០គីឡូក្រាម ស្មើនឹងជាង ២៣ភាគរយ (២៣,៤៣%)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។