រយៈពេលប៉ុន្មានថ្ងៃនេះ មានមង្គលការកូនកំលោះកូនក្រមុំមួយគូថ្មីទៀត បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម។ នោះមិនមែនជាមង្គលការកូនរាស្ត្រសាមញ្ញទេ ប៉ុន្តែជាពិធីមង្គលការកូនស្រីម្នាក់ទៀតរបស់ឧបនាយករដ្ឋមន្ត្រីលោក នេត សាវឿន និងត្រូវជាចៅក្មួយរបស់លោក ហ៊ុន សែន។ អ្នកឃ្លាំមើលយល់ថា ករណី លោក នេត សាវឿន ចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់រៀបចំមង្គលការកូនស្រីក្នុងស្ថានភាពពលរដ្ឋកំពុងជួបការលំបាកក្នុងជីវភាពនេះ គឺជារឿងមិនសមរម្យផង និងឆ្លុះបញ្ចាំងពីអំពើពុករលួយនៅកម្ពុជាផង។
មង្គលការកូនស្រីទីពីររបស់ឧបនាយករដ្ឋមន្ត្រី និងជាអតីតអគ្គស្នងការនគរបាលជាតិលោក នេត សាវឿន កំពុងល្បីល្បាញខ្លាំងនៅលើបណ្ដាញសង្គម មិនចាញ់មង្គលការកូនចៅអ្នកមានអំណាចកំពូលៗផ្សេងទៀតឡើយ។ ភាពល្បីល្បាញ ព្រោះមង្គលការកូនចៅអ្នកធំទាំងនេះ មិនបានរៀបចំសាមញ្ញដូចកូនចៅអ្នកស្រុកធម្មតាទេ។ អ្នកធំទាំងនេះ រៀបចំមង្គលការកូនចៅប្រៀបដូចជាការប្រជែងគ្នាដើម្បីសម្ដែងឲ្យពលរដ្ឋក្នុងប្រទេសមើលតែម្តងដោយមិនខ្វល់ពីការចំណាយទេ។
ភាពប្រណីតនៃមង្គលការកូនស្រី នេត សាវឿន
ជាក់ស្តែង មង្គលការកូនស្រីរបស់លោក នេត សាវឿន ឈ្មោះ នេត ធីតាច័ន្ទធីម៉ា កាលពីថ្ងៃទី១៥-១៦ខែកុម្ភៈ បានរៀបចំទ្រង់ទ្រាយធំ និងតុបតែងអគារយ៉ាងប្រណិត ព្រមទាំងលម្អដោយផ្កាស្រស់ចម្រុះពណ៌ ជាពិសេសផ្កាកុលាបពណ៌ស្វាយរាប់សែនទងដែលនាំចូលពីបរទេសទៀតផង។ ក្រៅពីនេះ ឪពុកម្ដាយកូនក្រមុំគឺលោក នេត សាវឿន និងអ្នកស្រី ហ៊ុន គឹមឡេង ព្រមទាំងសាច់សាលោហិត មានក្រុមគ្រួសារលោក ហ៊ុន សែន ជាដើម ព្រមទាំងភ្ញៀវដែលសុទ្ធតែអ្នកកាន់អំណាចធំៗនិងអ្នកជំនួញ បានសម្ញែងគ្រឿងអលង្ការមាសពេជ្រ ស្បែកជើង កាបូប និងសំលៀកបំពាក់ម៉ាក់ល្បីៗនៅលើពិភពលោកដែលមានតម្លៃរាប់ពាន់រាប់សែនដុល្លារ។ មង្គលការដែលជះលុយរាប់សិបម៉ឺនដុល្លារនេះ ក៏ប្រើកងកម្លាំងជាតិជាច្រើននាក់ដែរ ដើម្បីការពារសន្តិសុខជូនមន្ត្រីធំៗដែលចូលរួមមង្គលការកូនស្រីលោក នេត សាវឿន។
នេះជាមង្គលការកូនស្រីទីពីរហើយរបស់លោក នេត សាវឿន។ កូនស្រីទីពីររបស់លោកនេះ មានឈ្មោះ នេត ធីតាច័ន្ទធីម៉ា រៀបការជាមួយកូនកំលោះជាជនជាតិអង់គ្លេសឈ្មោះ ដូមីនីក ភីអត ផូវាកា ។ អ្នកទាំងពីរប្រហែលជាមានទំនាក់ទំនងស្នេហាក្នុងពេលដែលកូនក្រមុំ ត្រូវបានឪពុកម្ដាយបញ្ជូនឲ្យទៅរស់នៅ និងរៀនសូត្រក្នុងប្រទេសអង់គ្លេស។ រីឯកូនស្រីទី១របស់លោកមានឈ្មោះ នេត ធីតាវិឈុណា។ នាងបានរៀបការជាមួយកូនប្រុសអតីតឯកអគ្គរាជទូតខ្មែរប្រចាំរដ្ឋធានីវ៉ាស៊ីនតោន លោក ហែម ហេង ឈ្មោះហែម សុវត្ថិ កាលពីខែមិថុនា ឆ្នាំ២០២៣។ ទំនងជាដោយសារឥទ្ធិពលឪពុកក្មេកនោះ ក្រោយរៀបការរួចបានជាង៣ខែ លោក ហែម សុវត្ថិ ត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ។ ទោះជាយ៉ាងណា ក្រោយការប្រើជីវិតឡូយឆាយ និងបញ្ចប់ការសិក្សានៅប្រទេសអង់គ្លេសរួច កូនស្រីទាំងពីររបស់លោក នេត សាវឿន ក៏បានវិលត្រឡប់មកកាន់តំណែងធំក្នុងជូររដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ដែលត្រូវជាពូជីដូនមួយរបស់ពួកនាង។ អ្នកស្រី នេត ធីតាវិឈុណា និងអ្នកស្រី នេត ធីតាច័ន្ទធីម៉ា ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដោយបងស្រីមានឋានៈស្មើរដ្ឋលេខាធិការ និងប្អូនស្រីមានឋានៈស្មើប្រធាននាយកដ្ឋាន។ បន្ថែមពីនេះ កាលពីខែឧសភា ឆ្នាំ២០២៤ កញ្ញា នេត ធីតាច័ន្ទធីម៉ា ត្រូវបានលោក ហ៊ុន ម៉ាណែត តែងតាំងជាទីប្រឹក្សាផ្ទាល់របស់លោកមានឋានៈស្មើរដ្ឋលេខាធិការ។
គ្រួសារ នេត សាវឿន ធ្វើកម្មវិធីញឹកញាប់
គ្រួសារលោក នេត សាវឿន តែងរៀបចំពិធីធំៗជាញឹកញាប់ដោយមិនខ្វល់ពីការចំណាយលុយនោះទេ ដូចជាកម្មវិធីខួបកំណើត និងកម្មវិធីខួបអាពាហ៍ពិពាហ៍ជាដើម។ ចំពោះមង្គលការកូនស្រីរបស់លោក នេត សាវឿន នេះវិញ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួននាំគ្នាស្ញប់ស្ញែងភាពអស្ចារ្យរបស់កូនក្រមុំ ខ្លះទៀត ក៏រិះគន់ដល់ឱពុកម្តាយរបស់ពួកគេថា ជាជនលួចជាតិ និងពុករលួយជាដើម។
ទាក់ទងរឿងនេះ សមាជិកសភាអូស្ត្រាលីដើមកំណើតខ្មែរ លោក តាក់ ម៉េងហ៊ាង មានប្រសាសន៍ថា ថ្វីដ្បិតមង្គលការនេះ ជារឿងឯកជនក្តី ប៉ុន្តែការរៀបចំមង្គលការ ដ៏អស្ចារ្យ និងចំណាយខ្ពស់កប់ពពកនេះ នាំឲ្យមានការសង្ស័យទៅលើប្រភពទ្រព្យសម្បត្តិហូរហៀររបស់គ្រួសារលោក នេត សាវឿន ព្រោះអតីតមេប៉ូលិសរូបនេះ និងកូនស្រីរបស់លោក គឺជាមន្ត្រីសាធារណៈដែលទទួលបានប្រាក់ខែតិចតួចពីការបង់ពន្ធរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសក្រីក្រមួយនេះ។ លោកយល់ថា មន្ត្រីកំពូលៗរបស់លោក ហ៊ុន សែន គួរតែព្យាយាមយកពេលវេលាដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងជីវភាព និងជំពាក់បំណុលវ័ណ្ឌក ឲ្យសមទៅនឹងញើសឈាមរបស់ប្រជាពលរដ្ឋដែលខំបង់ពន្ធ។ លោកបន្តថា ប្រសិនបើនៅប្រទេសអូស្ត្រាលីវិញ មន្ត្រីសាធារណៈដែលសម្ញែងទ្រព្យសម្បត្តិហួសពីប្រាក់ខែរបស់ពួកគេ គឺនឹងត្រូវប្រជាពលរដ្ឋស្តីបន្ទោសរហូតដល់មានការស៊ើបអង្កេតទៀតផង។
ភាពលេចធ្លោររបស់លោក នេត សាវឿន
លោក នេត សាវឿន ជាជនម្នាក់ ក្នុងចំណោមមេទាហាន និងមេប៉ូលិសដទៃទៀតនៅកម្ពុជា ដែលត្រូវបានគេផ្តល់ងារថាជា ឧត្ដមសេនីយ៍ទុច្ចរិត១២រូប កាលពីឆ្នាំ២០១៨ ដោយអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch។ របាយការណ៍នោះ បានរៀបរាប់យ៉ាងលំអិតអំពីការប្រើអំពើហិង្សារំលោភបំពាន ក្រោមកណ្តាប់ដៃលោក នេត សាវឿន ផ្ទាល់ អស់រយៈពេលជិត៤០ឆ្នាំ គឺតាំងពីក្រោយការដួលរលំនៃរបបខ្មែរក្រហមម្ល៉េះ។ មន្ត្រីប៉ូលិសម្នាក់ដែលធ្លាប់ធ្វើការជាមួយលោក នេត សាវឿន បានរៀបរាប់ប្រាប់ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សកាលពីឆ្នាំ១៩៨៤ ថា "លោក នេត សាវឿន ដែលកាលនោះជាមន្ត្រីប៉ូលិសក្រុង បានឡើងធំយ៉ាងរហ័ស ដ្បិតគាត់មានចិត្តសាហាវឃោរឃៅ ក្នុងពេលសួរចម្លើយអ្នកទោស។ ប៉ូលិសនោះបន្តថា លោក នេត សាវឿន ហ៊ានរហូតដល់បាញ់មនុស្សចោល ក្នុងពេលសួរចម្លើយ’’។ ភាពសាហាវឃោរឃៅរបស់លោក នេត សាវឿន បានធ្វើឱ្យលោកក្លាយជាដៃជើង ដ៏គួរឱ្យទុកចិត្តមួយរូបរបស់លោក ហ៊ុន សែន។ នៅទីបំផុត លោក នេត សាវឿន ក៏បានភ្ជាប់សាច់ភ្ជាប់ឈាមជាមួយគ្រួសារត្រកូលហ៊ុនតែម្តង ដោយលោកបានរៀបការជាមួយក្មួយស្រីបង្កើតរបស់លោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន គឹមឡេង។ បច្ចុប្បន្ននេះ លោក នេត សាវឿន មានតួនាទីជាឧបនាយករដ្ឋមន្ត្រី និងជានាយករដ្ឋមន្ត្រីស្តីទី ទី១ នៅពេលអវត្តមានលោក ហ៊ុន ម៉ាណែត។
ត្រកូលសន្តតិវង្សរបស់លោក នេត សាវឿន
លោកមានកូនស្រីចំនួន៣នាក់។ ថ្វីដ្បិតលោក នេត សាវឿន ជាមន្ត្រីរាជការពេញមួយជីវិតរបស់លោកក្តី ក៏លោក នេត សាវឿន បង្កើតទ្រព្យសម្បត្តិដ៏មហាសាល យ៉ាងលឿន។ លោក និងភរិយា បានបញ្ចូនកូនស្រីទាំង៣នាក់ឲ្យទៅរស់នៅធំធាត់ និងរៀនសូត្រក្នុងប្រទេសអង់គ្លេស ហើយថែមទាំងចំណាយលុយរាប់លានដុល្លារ ទិញសញ្ជាតិស៊ីប (Cyprus) ដោយស្ងាត់ៗកាលពីឆ្នាំ២០១៧ ផងដែរ។ បន្ថែមពីនេះ លោក នេត សាវឿន និងលោកស្រី ហ៊ុន គឹមឡេង បានដើរទិញផ្ទះទូទាំងទ្វីបអ៊ឺរ៉ុប និងអាស៊ី។ លោកស្រី ហ៊ុន គឹមឡេង ទិញផ្ទះនៅប្រទេសសិង្ហបុរី ក្នុងតម្លៃ ៣លានដុល្លារកន្លះ និងផ្ទះក្នុងសង្កាត់ដ៏ថ្លៃមួយនៃទីក្រុងឡុងដ៏ ក្នុងតម្លៃ២លានដុល្លារកន្លះ។ ក្រៅពីនេះ នៅដើមឆ្នាំ២០២០ ភរិយារបស់លោក នេត សាវឿន ក៏បានទម្លាក់លុយជិត ៣លានដុល្លារសហរដ្ឋអាមេរិក ទិញវីឡាភ្លោះមួយទៀតដែលជាប់ឆ្នេរសមុទ្រមេឌីទែររ៉ាណេ ដែលមានទេសភាពដ៏ល្អអស្ចារ្យ ស្ថិតក្នុងប្រទេសស៊ីប។ ដោយឡែក នៅឆ្នាំ២០១៧ កូនស្រីច្បងរបស់លោក បានទិញផ្ទះពីរល្វែងទៀត នៅលើផ្លូវតែមួយនៅទីក្រុងឡុងដ៏ ក្នុងតម្លៃជិត ៧លានដុល្លារសហរដ្ឋអាមេរិក។ គិតមកទល់ពេលនេះ ទឹកប្រាក់សរុបដែលលោក នេត សាវឿន និងលោកស្រី ហ៊ុន គឹមឡេង ព្រមទាំងកូនៗ ចំណាយសំរាប់ទិញដីទិញផ្ទះនៅក្រៅប្រទេសដែលគេស៊ើបដឹងមក គឺមានតម្លៃជាង ១៥លានដុល្លាសហរដ្ឋអាមេរិក។
អត្ថបទដែលទាក់ទង៖
[ ការតែងតាំងកូនស្រី លោក នេត សាវឿន ជាទីប្រឹក្សាលោក ហ៊ុន ម៉ាណែត រងការរិះគន់Opens in new window ]
[ ក្មួយស្រីរបស់លោក ហ៊ុន សែន ទិញវីឡានៅប្រទេសស៊ីបតម្លៃ២លាន៧សែនដុល្លារOpens in new window ]
[ មេប៉ូលិសជាន់ខ្ពស់កម្ពុជា លោក នេត សាវឿន មិនហ៊ាននិយាយរឿងដកហូតសញ្ជាតិស៊ីបOpens in new window ]
ប្រធានអង្គការចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ លើកឡើងថា លោកស្រី មិនភ្ញាក់ផ្អើលនោះទេ ដែលលោក នេត សាវឿន ចំណាយលុយខ្ទង់លានដុល្លារដើម្បីការកូននេះ ព្រោះគ្រួសារលោក នេត សាវឿន មានទ្រព្យសម្បត្តិមហាសាលទាំងក្នុងប្រទេសនិងក្រៅប្រទេសដែលទ្រព្យសម្បត្តិទាំងនោះ អ្នកស្រី ជឿថា បានមកពីអំពើពុករលួយ។ អ្នកស្រីបន្តថា ការសម្ញែងទ្រព្យបែបនេះ ប្រសិន បើនៅក្នុងប្រទេសប្រជាធិបតេយ្យនិងមាននីតិរដ្ឋពិតប្រាកដវិញ គ្រួសារលោក នេត សាវឿន នឹងជៀសមិនផុតពីការស៊ើបអំពីប្រភពទ្រព្យសម្បត្តិដោយអាជ្ញាធរជំនាញ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយឡើយ។
អ្នកឃ្លាំមើលយល់ថា ក្រុមអ្នកកាន់អំណាចមួយក្តាប់តូចក្នុងពេលបច្ចុប្បន្ននេះ ហាក់កំពុងចាត់ចែងសេដ្ឋកិច្ចជាតិ និងការដឹកនាំប្រទេសសម្រាប់តែក្រុមគ្រួសារពួកគេប៉ុណ្ណោះ។ ពួកគេខំរៀបចំមង្គលការនិងបង្អួតសម្ញែងទ្រព្យសម្បត្តិនៅពេលនេះ ទំនងជាពួកគេចង់បង្ហាញទៅពលរដ្ឋថា ការដឹកនាំប្រទេសរបស់ពួកគេរីកចម្រើន និងមានសុខសន្តិភាព។ តែផ្ទុយទៅវិញ ពួកគេតែងបញ្ជូនកូនចៅទៅរស់នៅ និងរៀនសូត្រនៅបរទេស ព្រមទាំងយកទ្រព្យសម្បត្តិទៅលាក់នៅបរទេសថែមទៀត ខណៈស្ថានភាពពលរដ្ឋទូទៅវិញ កំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយខ្លះគ្មានលុយទិញអាហារបរិភោគ និងខ្លះគ្មានលុយសងបំណុលធនាគារដែលប្រឈមបាត់បង់ដីធ្លីផ្ទះសម្បែង និងកូនៗបាត់បង់ឱកាសសិក្សារៀនសូត្រ។ អ្នកឃ្លាំមើលយល់ថា មានតែក្រុមមេដឹកនាំផ្ដាច់ការ និងពុករលួយនៅក្នុងប្រទេសក្រីក្រប៉ុណ្ណោះ ដែលចូលចិត្តអួតសម្ញែងទ្រព្យសម្បត្តិនិងលើកតម្កើងកូនចៅរបស់ពួកគេឲ្យកាន់តំណែងធំៗក្នុងស្ថាប័នជាតិ ដើម្បីការពារ និងស្វែងរកផលប្រយោជន៍តទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។