អ្នកសារព័ត៌មាន​អនឡាញ CBN ម្នាក់​ ស្លាប់​នៅ​រាជធានី​ភ្នំពេញ​​

0:00 / 0:00

អ្នកសារព័ត៌មាន​អនឡាញ CBN ម្នាក់​នៅ​រាជធានី​ភ្នំពេញ​​ គឺ​​លោក គួយ ពិសិត អាយុ ២៤ឆ្នាំ បាន​ស្លាប់​ក្នុង​ពេល​ជិះ​ម៉ូត​​​នៅ​សង្កាត់ចោមចៅ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​កាល​ពី​ម៉ោង​ជាង​២​យប់​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ដែល​គេ​សង្ស័យ​ថា ជា​អំពើ​ឃាតកម្ម។

ប្រធាន​ផ្នែក​​សិទ្ធិមនុស្ស​​​​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) លោក​ នី សុខា ​មាន​ប្រសាសន៍​ថា ​លោក​មាន​មន្ទិល​​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​សារព័ត៌មាន​នេះ ​អាច​​​ជា​អំពើ​ឃាតកម្ម​ច្រើន​ជាង​គ្រោះថ្នាក់​ចរាចរណ៍។ លោក​​ស្នើ​ឱ្យ​អាជ្ញាធរ​ស៊ើបអង្កេត​រឿង​នេះ​ឱ្យ​បាន​ល្អិតល្អន់​ដើម្បី​ផ្ដល់​យុត្តិធម៌​ជនរងគ្រោះ ពីព្រោះ​​កន្លង​ទៅ​អ្នក​យក​ព័ត៌មាន​​តែង​ប្រឈម​​នឹង​​​​ការ​វាយ​ធ្វើ​បាប​​ពី​សំណាក់​អ្នក​មាន​លុយ​និង​មាន​អំណាច​ ដោយ​សារ​តែ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​​របស់​ពួកគេ៖ «អីចឹង​ដូច្នេះ​សម្រាប់​អ្នក​សារព័ត៌មាន​​​វា​ជា​រឿង​មួយ​មាន​ការ​សង្ស័យ​ច្រើន​​ក្នុង​ការ​ដែល​មាន​គ្រោះថ្នាក់​​​របស់​ពួកគាត់​។អីចឹង​ហើយ​បាន​ជា​​យើង​ស្នើ​ឱ្យ​សមត្ថកិច្ច​ហ្នឹង​មាន​ការ​ស្រាវជ្រាវ​ឱ្យ​មាន​មូលដ្ឋាន​ឱ្យ​ច្បាប់​លាស់​ មុន​ហ្នឹង​ធ្វើ​ការ​សន្និដ្ឋាន »

​​ទាក់​ទង​នឹង​បញ្ហា​នេះ​អ្នក​នាំ​​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​​លោក សាន សុខសីហា ប្រាប់​អាស៊ី​សេរី​​ថា ​ការ​ស្លាប់​របស់​​អ្នកសារព័ត៌មាន CBN ឈ្មោះ គួយ ពិសិត ​នេះ​ ពុំ​មាន​មែន​អំពើ​ឃាតកម្ម​ ឬ​ចោរ​​ប្លន់​នោះ​ឡើយ​ ​គឺ​​​​គ្រោះថ្នាក់​ចរាចរ​​ស្លាប់​ដោយ​ខ្លួន​ឯង​។ ​ទោះ​ជា​យ៉ាង​​លោក​មិន​បាន​បញ្ជាក់​ថា ​​គ្រោះថ្នាក់​ចរាចរ​នេះ​បណ្ដាល​មក​ពី​អ្វី​ឱ្យ​បាន​ជាក់លាក់​នោះ​ទេ។

​​​​​​ទោះ​ជា​យ៉ាងណា​ ការ​ស្លាប់​របស់​​អ្នកសារព័ត៌មាន​​នេះ​​ ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក ចុះ​ផ្សាយ​ដោយ​ស្រង់​សម្ដី​សមត្ថកិច្ច​មូលដ្ឋាន​ថា យោង​តាម​កាមេរ៉ា សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ គឺ​បង្ហាញ​ថា ​​ជន​រងគ្រោះ​​ត្រូវ​​ជន​មិន​ស្គាល់​មុខ​​លួច​វាយ​​​​ពី​ក្រោយ​ខ្នង​ចំ​ក្បាល​​បណ្ដាល​ឱ្យ​ដួល​ម៉ូតូ​ហើយ​បោក​ក្បាល​ស្លាប់​​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ កាល​ពី​​ប្រមាណ​ម៉ោង​​ជាង​២​រំលង​អាធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី២៩ កញ្ញា។ រីឯ​ជន​ដៃ​ដល់​បាន​គេច​ខ្លួន​បាត់​ភ្លាមៗ តែ​ម្ដង។ ចំណែក​ក្រុម​អ្នក​លេង​ហ្វេសប៊ុក​​ឱ្យ​ដឹង​ថា នៅ​​កន្លែង​កើត​ហេតុ​នោះ​ មាន​​មួក​ការពារ​សុវត្ថិភាព​ចំនួន ២មួក​ទៀត​ផង​ ដូច្នេះ​គេ​ជឿ​ជាក់​ថា ជា​អំពើ​ឃាតកម្ម​ក្នុង​ហេតុផល​ណា​មួយ។ បច្ចុប្បន្ន​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់​ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​​តាម​បែប​ព្រះពុទ្ធសាសនា​នៅ​​​ស្រុក​កំណើត​ ស្រុក​ចម្ការ​លើ​ខេត្ត​កំពង់ចាម ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។