ប្រពន្ធ​ជន​​អ្នក​ស្លាប់ដោយ​ការ​បាញ់​​នៅ​​ខេត្ត​ព្រះសីហនុ​ ទទូច​​ដល់​​អាជ្ញាធរ​ឱ្យ​ចាប់​​ជន​​ល្មើស​ និង​ផ្តល់​យុត្តិធម៌​ដល់​គ្រួសារ​

បុរស​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅ​លើ​រ៉ឺម៉ក​កង់​បី​របស់​ខ្លួន​ ដោយសារ​ត្រូវ​គ្រាប់​កាំភ្លើង​មួយ​គ្រាប់ ក្នុង​ហេតុការណ៍​បាញ់​បោះ​សេរី​មួយ ដែល​សង្ស័យ​ថា បង្ក​ឡើង​ដោយ​ជនជាតិ​ចិន កាល​ពី​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី២៧ ខែកញ្ញា ស្ថិត​នៅ​ក្រុង​ព្រះសីហុន។ ប្រពន្ធ​ជន​រងគ្រោះ​ ទាមទារ​យុត្តិធម៌ និង​សង្ឃឹម​ថា អាជ្ញាធរ​ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

ស្ត្រី​ជា​ប្រពន្ធ​រង​គ្រោះ ដែល​សុំ​មិន​ប្រាប់​ឈ្មោះ រៀបរាប់​ប្រាប់​អាស៊ី​សេរី​ថា ប្តី​របស់​លោក​ស្រី​ ឈ្មោះ​ ហែម រិទ្ធ អាយុ ៤៨ឆ្នាំ មាន​កូន ៤នាក់​ក្នុង​បន្ទុក​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ត្រូវ​មួយ​គ្រាប់​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​លើ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​របស់​ខ្លួន ក្នុង​ពេល​កំពុង​អង្គុយ​ចាំ​ដឹក​ភ្ញៀវ​ដូច​សព្វ​មួយ​ដង។ លោក​ស្រី​ បន្ត​ថា​ លោក​ស្រី​ មិន​បាន​ដឹង​ថា​មាន​រឿង​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ​ ដែល​បណ្ដាល​ឲ្យ​ប្ដី​លោក​ស្រី​ គ្រោះ​ថ្នាក់​ដល់​បាត់​បង់​ជីវិត​បែប​នេះ​។​ លោក​ស្រី​ បញ្ជាក់​ថា​ អាជ្ញាធរ​បាន​ប្រាប់​លោក​ស្រី ​ថា​ សមត្ថកិច្ច​ចាប់​បាន​ជនជាតិ​ចិន ២នាក់​ ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​ប្រាប់​លោកស្រី​ លម្អិត​នោះ​ទេ៖ «ចាស! ដូច​គ្នា​ដូច​យើង​អ៊ីចឹង​យើង​ក៏​ចេះ​ស្រឡាញ់​គ្រួសារ​យើង​ដែរ​ រឿង​ហ្នឹង​បើ​សិន​ជា​យ៉ាង​ណា​ខ្ញុំ​ក៏​ត្រូវ​សើ​រើ​ឲ្យ​ដឹង​ឲ្យ​ច្បាស់​ដែរ​ មិន​មែន​ឲ្យ​គ្នា​រក​ស៊ី​សុខៗ ឲ្យ​មក​ងាប់​ដូច​ខ្មោច​ឆ្កែ​ហើយ​ពួក​អស់​ហ្នឹង​ធ្វើ​មិន​ដឹង​វា​ពិបាក​ណាស់​បង។ អាក្រក់​ល្អ​ស​ខ្មៅ​អី​ត្រូវ​តែ​ចាប់​ឲ្យ​បាន​ឲ្យ​ដឹង​ថា​អ្នក​ណា​ជា​អ្នក​​ណា​ អា​ហ្នឹង​បាន​ហៅ​ថា​ប៉ូលិស​ត្រឹមត្រូវ​។​ ហើយ​បើ​ថា​ស្ងាត់​ឈឹង​ខ្ញុំ​អស់​សង្ឃឹម​ហ្មង​បើ​អ៊ីចឹង »

អាស៊ី​សេរី​មិន​អាច​ទាក់ទង​ស្នង​ការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ករណី​បាន​នៅ​ឡើយ​ទេ​ ដោយ​ទូរស័ព្ទ​លោក​មិន​អាច​ទាក់​ទង​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី២៧​ កញ្ញា​នេះ។ ទោះ​យ៉ាង​ណា​ លោក​ស្នង​ការ​រូប​នេះ​បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា បុរស​អ្នក​រត់​កង់​បី​ជនជាតិ​ខ្មែរ​ស្លាប់​បាត់​បង់​ជីវិត​ ដែល​បង្ក​ដោយ​ការ​បាញ់​បោះ​សេរី​ក្នុង​ខេត្ត​ព្រះសីហនុ​ កាល​ពី​យប់​រំលង អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី២៧ កញ្ញា។ លោក​ស្នងការ​រូប​នេះ​ បន្ត​ថា​ សមត្ថកិច្ច​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ករណី​នេះ។ រីឯ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បង្ហោះ​សារ​នៅ​លើ ទំព័រ​ហ្វេសប៊ុក (Faceboook) របស់​លោក​ថា ករណី​ផ្ទះ​អាវុធ​នេះ បណ្ដាល​ស្លាប់​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់ និង​របួស​នគរបាល​ម្នាក់។ លោក​បន្ត​ថា សមត្ថកិច្ច បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន​ពីរ​នាក់​ដែល​នៅ​ជាមួយ​ខ្មាន់​កាំភ្លើង ដើម្បី​យក​ទៅ​សួរនាំ និង​កំណត់​អត្តសញ្ញាណ​អំពី​ជន​បង្ក​ដែល​កំពុង​រត់​គេច​ខ្លួន។

ហេតុការណ៍​ផ្ទុះ​អាវុធ​នេះ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​មូលហេតុ​នៅ​ឡើយ ប៉ុន្តែ​វីដេអូ​ឃ្លីប​ដែល​គេ​ថត​បាន និង​បង្ហោះ​ក្នុង​ហ្វេសប៊ុក​បង្ហាញ​ថា ក្នុង​ហេតុការណ៍​នោះ គឺ​មាន​ការ​ផ្ទុះ​អាវុធ​ជា​ច្រើន​គ្រាប់ ស្ថិត​នៅ​តាម​ផ្លូវ​ឯករាជ្យ ក្នុង​សង្កាត់​លេខ​២ ក្រុង​ព្រះសីហនុ ដែល​បង្ក​ឡើង​ដោយ​ជន​ជាតិ​ចិន​មួយ​ក្រុម។

ករណី​បាញ់​បោះ​សេរី​នេះ ​ក៏​ត្រូវ​បាន​អ្នក​ប្រើ​បណ្ដាញ​សង្គម​ចែក​ចាយ​រូបភាព ​និង​វីដេអូ​ជា​ច្រើន​ ហើយ​បាន​រិះគន់​ថា​ កម្ពុជា​នៅ​មិន​ទាន់​មាន​សន្តិភាព​ពិត​ប្រាកដ​នៅ​ឡើយ​ទេ​ ហើយ​ក៏​មាន​ការ​រិះគន់​ថា​ អាជ្ញាធរ​កម្ពុជា​មិន​គួរ​បណ្ដោយ​ឲ្យ​ជន​ជាតិ​ចិន​មក​បង្ក​ហិង្សា​ និង​អសន្តិសុខ​ក្នុង​ស្រុក​ទេស​បែប​នេះ​ដែរ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ លោក វន់ ពៅ ថ្លែង​ថា ករណី​បាញ់​បោះ​សេរី ដែល​កើត​ឡើង​នៅ​ខេត្ត​ព្រះសីហនុ គឺ​ជា​ការ​ធ្វេស​ប្រហែស​របស់​អាជ្ញាធរ​នៅ​ទី​នោះ។ លោក​បន្ត​ថា ករណី​នេះ​កើត​ឡើង​ជា​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​សុវត្ថិភាព​ពលរដ្ឋ​ដែល​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ និង​ខេត្ត​ដទៃ​ផ្សេង​ទៀត​ក្នុង​ប្រទេស​កម្ពុជា។ លោក វន់ ពៅ ស្នើ​ទៅ​រដ្ឋាភិបាល​ ត្រូវ​តែ​ចាត់​វិធាន​កុំ​ឲ្យ​មាន​អំពើ​ហិង្សា និង​ការ​បាញ់​បោះ​ដោយ​សេរី​បែប​នេះ​ទៀត​ ដើម្បី​ធានា​ថា​ ការ​អនុវត្ត​ គោលនយោបាយ​ភូមិ​ ឃុំ ​មាន​សុវត្ថិភាព​របស់​រដ្ឋាភិបាល​មាន​ប្រសិទ្ធភាព។ លោក​ ក៏​ទាមទារ​ឲ្យ​អាជ្ញាធរ​ ចាប់​ជន​ល្មើស​មក​ផ្ដន្ទាទោស​ និង​ត្រូវ​ផ្តល់​សំណង​ដល់​គ្រួសារ​ជនរងគ្រោះ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។