តុលាការកំពុងសាកសួរជនជាតិចិនចំនួន ៤នាក់នៅក្នុងសំណុំរឿងដាច់ដោយឡែកៗពីគ្នា ពាក់ព័ន្ធនឹងការរត់ពន្ធថ្នាំញៀនជាង៥ គីឡូក្រាម នៅក្នុងទីក្រុងភ្នំពេញ។ មន្ត្រីតុលាការថា តុលាការត្រូវការពេលវេលាបន្ថែមទៀតដើម្បីសាកសួរជនជាតិចិនទាំង៤នាក់នោះមុននឹងសម្រេចបញ្ជូនខ្លួនទៅមន្ទីរឃុំឃាំងព្រៃស។
អ្នកនាំពាក្យតុលាការក្រុងភ្នំពេញលោក គុជ គឹមឡុង បញ្ជាក់ថា លោកព្រះរាជអាជ្ញារង ប្លង់ សុផល កំពុងសាកសួរ ជនជាតិចិនចំនួន ៤នាក់ដែលសមត្ថកិច្ចចាប់ខ្លួនដាច់ដោយឡែកៗ ពីគ្នាកាលពីពេលថ្មីៗ នេះ។ លោកបញ្ជាក់ថា លោកព្រះរាជអាជ្ញា មិនទាន់សម្រេចចោទប្រកាន់នៅឡើយទេ៖ « រឿងហ្នឹងលោកព្រះរាជអាជ្ញារង ប្លង់ សុផល កំពុងសាកសួរតាមនីតិវិធី ហើយបើមានការសម្រេចយ៉ាងណាខ្ញុំនឹងជូនព័ត៌មានបន្ថែមទៀត » ។
ក្រុមសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប៉ូលិសក្រុងភ្នំពេញកាលថ្ងៃទី២២ និងទី២៣ ខែកញ្ញា បានចាប់ខ្លួនជនជាតិចិនចំនួន ៤នាក់ ដាច់ដោយឡែកៗ ពីគ្នា នៅក្នុងសំណុំរឿងរត់ពន្ធថ្នាំញៀនចំនួនជាង ៥គីឡូក្រាម។
ក្រុមសមត្ថកិច្ចឲ្យដឹងថា ជនជាតិចិនចំនួន ៣នាក់ គឺស្រ្តីម្នាក់អាយុ ៣៦ឆ្នាំ និងបុរសពីនាក់អាយុ ពី ៣៧ ដល់ ៣៨ឆ្នាំ ត្រូវចាប់ខ្លួន កាលពីថ្ងៃទី២៣ កញ្ញា ដោយកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រោយពីរកឃើញថាពួកគេជាប់ពាក់ព័ន្ធនឹងការរត់ពន្ធថ្នាំញៀន ចំនួនជិត ១៥ក្រាម (១៤.៨៨ក្រាម)។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី មិនបានបញ្ជាក់ពីមូលហេតុដែលនាំទៅរកការចាប់ខ្លួនជនជាតិចិនទាំង៣នាក់នេះទេ។លោកគ្រាន់តែបានបញ្ជាក់ថា លោកបានបញ្ជូនសំណុំរឿងនេះទៅតុលាការហើយ៖ « ធម្មតា ការស៊ើបអង្កេតទាល់តែបងសាកសួរទៅអ្នកនាំពាក្យខាងអយ្យការល្អជាង។ យើងគ្រាន់តែផ្សាយព័ត៌មានចាប់បានប៉ុណ្ណឹងទេ តែចំពោះដំណាក់កាលផ្សេងៗ ឬក៏ចោទប្រកាន់អ្វីមួយខាងអយ្យការបានចោទបាន » ។
ចំណែកនៅក្នុងសំណុំរឿង ជនជាតិចិនម្នាក់ផ្សេងទៀតត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីយប់ថ្ងៃទី២២ កញ្ញា ខណៈកំពុងបើកបររថយន្តមួយគ្រឿង គេចចេញពីសមត្ថកិច្ចដែលកំពុងត្រួតពិនិត្យមើលអាវុធជាតិផ្ទុះ តំបន់រមណីយដ្ឋានកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា នៅពេលដែលឃាត់រថយន្តជនសង្ស័យ ក៏បានឆែកឆេរនៅក្នុងរថយន្ត មានថ្នាំញៀនចំនួនជិត ៥គីឡូក្រាម និងថ្នាំញៀនប្រភេទ ហេរ៉ូអ៊ីន ចំនួន ១៤ដុំផ្សេងទៀត។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន បញ្ជាក់ថា សមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនសង្ស័យ២នាក់ផ្សេងទៀត ដែលកំពុងរត់គេចខ្លួន ពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀនជាង ៥គីឡូក្រាមនេះ។
ជនជាតិចិនចាប់ពីខែមិថុនា រហូតដល់ចុងខែកញ្ញានេះ បានធ្វើសកម្មភាពល្មើសច្បាប់ជាច្រើនករណីនៅក្នុងប្រទេសកម្ពុជា ដូរជា ចាប់ជំរិតទារប្រាក់ និងរត់ពន្ធថ្នាំញៀនជាដើម។ ជនរងគ្រោះភាគច្រើនសុទ្ធសឹងជាជនជាតិចិនដូចគ្នា ត្រូវបានជនសង្ស័យគំរាមទារប្រាក់ពីក្រុមគ្រួសារជនរងគ្រោះនៅក្នុងប្រទេសចិន។
កាលពីឆ្នាំ២០១៩ សមត្ថកិច្ចខេត្តព្រះសីហនុក៏បានចាប់បញ្ជូនខ្លួនជនជាតិចិនចំនួន ១២៧នាក់ បញ្ជូនទៅកាន់ប្រទេសចិនវិញ ក្រោយពីបានចាប់ខ្លួនពាក់ព័ន្ធនឹងការចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឹណិត។
របាយការណ៍នៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនជាតិចិន ត្រូវបានចាត់ទុកថា ជាជនបរទេស ដែលបានចូលមកក្នុងប្រទេសកម្ពុជា ហើយបានប្រព្រឹត្តបទល្មើសច្រើនជាងគេ ក្នុងចំណោមជនបរទេសដទៃទៀត ដែលករណីបទល្មើសសរុបចំនួន ៣២៤ករណី នៅឆ្នាំ២០១៩។ ចំនួននេះ បានកើនឡើងជិត ៥០ករណី ធៀបទៅនឹងឆ្នាំ២០១៨៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។