ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ត្អូញត្អែរ​ពី​បញ្ហា​ដាច់​អគ្គិសនី និង​ទឹក​ស្អាត​ញឹកញាប់​នៅ​ក្នុង​រដូវ​ក្ដៅ

0:00 / 0:00

ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយប៉ែត រអ៊ូរទាំ​ពី​បញ្ហា​ដាច់​អគ្គិសនី និង​ទឹក​ស្អាត​ស្ទើរ​រាល់ថ្ងៃ នៅ​ក្នុង​រដូវ​ក្ដៅ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ និង​របរ​រកស៊ី​ចិញ្ចឹមជីវិត។ ពួកគាត់​ថា បញ្ហា​ដាច់​ភ្លើង​ដូច​សត្វ​អំពិលអំពែក​នេះ បាន​កើត​មាន​ឡើង​រាល់​ឆ្នាំ នៅ​ក្នុង​រដូវ​ក្ដៅ ដែល​ជា​ពេល​មាន​តម្រូវការ​ប្រើប្រាស់​អគ្គិសនី និង​ទឹក​ស្អាត​ច្រើន ក៏ប៉ុន្តែ​ក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់ មិន​បាន​ធ្វើការ​កែលំអ​ចំពោះ​បញ្ហា​នេះ​ឡើយ ខណៈ​ប្រជាពលរដ្ឋ​បាន​បង់ថ្លៃ​លើ​ការ​ចំណាយ​ពេញ​ថ្លៃ។

អាកាសធាតុ​ក្ដៅ​នៅ​ក្នុង​ខែផល្គុន​នេះ បាន​ធ្វើ​ឱ្យ​អារម្មណ៍​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ក្ដៅ​អាប់អួ​ទៅតាម​អាកាសធាតុ​ដែរ។ ភាព​ក្ដៅក្រហាយ​នេះ គឺ​មិនមែន​ដោយសារ​ពួកគាត់​ខឹង​នឹង​កម្ដៅ​ព្រះអាទិត្យ​នោះ​ទេ ក៏ប៉ុន្តែ គឺ​ដោយសារ​ការ​ដាច់​ចរន្ត​អគ្គិសនី និង​ទឹក​ស្អាត​ជា​ញឹកញាប់ ដែល​រំខាន​ដល់​ការ​រស់នៅ និង​អាជីវកម្ម​របស់​ពួកគាត់។

ដាច់អគ្គិសនីដាច់១ថ្ងៃជិត១០ដង

ពលរដ្ឋ​នៅ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត កញ្ញា គា ស៊ីវឡាង ប្រាប់​វិទ្យុ​អាស៊ីសេរី ថា គ្រាន់តែ​ចូល​ដល់​រដូវ​ក្ដៅ​ភ្លាម ការ​ផ្គត់ផ្គង់​ចរន្ត​អគ្គិសនី​នៅ​ផ្ទះ​របស់​កញ្ញា បាន​ចាប់ផ្ដើម​រអាក់រអួល​រាល់ថ្ងៃ ដោយ​ពេលខ្លះ​ដាច់​អគ្គិសនី​ជិត ១០ដង និង​ពេលខ្លះ​ទៀត​ដាច់​នៅ​ពាក់កណ្ដាល​យប់ រហូត​ទល់​ភ្លឺ​ក៏​មាន។ កញ្ញា​ត្អូញត្អែរ​ថា ការ​ដាច់​ភ្លើង​នេះ បាន​ធ្វើ​ឱ្យ​គ្រឿង​បរិក្ខារ​អេឡិចត្រូនិក​នៅ​ក្នុង​ផ្ទះ​របស់​កញ្ញា​ខូចខាត ហើយ​ស៊ីភ្លើង​ជាង​មុន និង​ប៉ះពាល់​ដល់​ការ​រស់នៅ ជាពិសេស​នៅ​ពេល​ទទួលទាន​ដំណេក។

កញ្ញា គា ស៊ីវឡាង៖«ក្ដៅ​ដូច​ស្រុះ និង​ដូច​នៅ​ក្នុង​ទូ​ស្ទីម​អ៊ីចឹង។ ខែ​នេះ​ភ្លើង​ដាច់​រហូត មួយភ្លែត​ដាច់ មួយភ្លែត​មកវិញ ក្នុង​មួយថ្ងៃ​ច្រើនដង ហើយ​មួយ​ព្រឹក​នេះ ចូល​ប្រាំ ប្រាំមួយ​ដង​ហើយ។ ឥឡូវនេះ ឧបមា​ថា​យើង​កំពុង​បើក​ម៉ាស៊ីន​ត្រជាក់ ហើយ​ទម្រាំតែ​ត្រជាក់​ក៏​ចំណាយ​ពេល​ពី១០​ទៅ​២០នាទី​ដែរ ហើយ​នៅ​ពេល​ដាច់​ភ្លើង​អ៊ីចឹង គឺ​វា​ចាប់ផ្ដើម​សាជាថ្មី​វិញ​ហើយ អ៊ីចឹង​ភ្លើង​ហ្នឹង វា​ត្រូវ​ទាញ​អស់​ច្រើន​ទៀត​ហើយ»។

ការ​ផ្គត់ផ្គង់​អគ្គិសនី និង​ទឹក​ស្អាត​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត គឺ​ស្ថិតនៅ​ក្រោម​ការ​វិនិយោគ និង​ចំណាយ​ផ្ដាច់មុខ​របស់ ​ក្រុមហ៊ុន អានកូ គ្រុប(ANCO GROUP) ដែល​ជា​កម្មសិទ្ធិ​របស់​លោក កុក អាន គឺជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា។ ក្រុមហ៊ុន​នេះ បាន​ទទួល​សិទ្ធិ​ពី​រដ្ឋាភិបាល ក្នុង​ការ​ផ្គត់ផ្គង់​អគ្គិសនី ទឹក​ស្អាត រីសត និង​កាស៊ីណូ នៅ​ក្នុង​តំបន់​ខេត្ត​ជាប់​ព្រំដែន​មួយ​ចំនួន ដូចជា ក្រុង​បាវិត ខេត្ត​ស្វាយរៀង និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ជាដើម។

យ៉ាងណា​ក៏ដោយ ក្រុមហ៊ុន អានកូ គ្រុប តែងតែ​ទទួលរង​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ថា ផ្គត់ផ្គង់​អគ្គិសនី​មិន​បាន​ល្អ និង​មិន​គ្រប់គ្រាន់ ខណៈ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​វិញ មាន​គុណភាព​អន់ កខ្វក់ មាន​ក្លិនស្អុយ និង​មាន​សត្វ​ដង្កូវ​ល្អិតៗ ដែល​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​ទឹក​របស់​ក្រុមហ៊ុន​នេះ​សម្រាប់​ងូត និង​បរិភោគ កើត​កន្ទួល​រមាស់​ពេញ​ខ្លួន និង​រាគរូស។

ដាច់ភ្លើងញឹកញាប់

អាជីវករ​លក់ដូរ​នៅ​ក្រុង​ប៉ោយប៉ែត លោក ផែង សុខ លើកឡើង​ថា នៅ​តំបន់​របស់​លោក អគ្គិសនី​ដាច់​មិនសូវ​យូរ​នោះ​ទេ ក៏ប៉ុន្តែ​ដាច់​ច្រើន​ដង ដែល​កត្តា​នេះ បាន​ធ្វើ​ឱ្យ​ទូទឹកកក និង​សម្ភារៈ​ដែល​ដោត​ជាប់​នឹង​បណ្ដាញ​អគ្គិសនី នៅ​ក្នុង​ហាង​របស់​លោក បាន​ឆេះ​ខូច និង​ស៊ី​ភ្លើង​ជាង​មុន។

លោក ផែង សុខ៖«មួយ​រយៈ​នេះ​ដាច់​ញឹកញាប់។ នៅ​ពេល​ដាច់​ញឹកញាប់​អ៊ីចឹង​ទៅ អាច​ធ្វើ​ឱ្យ​ខូច​គ្រឿង​អំពូល និង​ខូច​ប្រព័ន្ធ​កុងទ័រ»។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​ត​បណ្ដាញ​អគ្គិសនី​ម្នាក់ នៅ​ក្រុង​ប៉ោយប៉ែត ថ្លែង​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ អះអាង​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​ក្រុង​ប៉ោយប៉ែត ដាច់​អគ្គិសនី​ញឹកញាប់ គឺ​បណ្ដាល​មកពី​ទំហំ​អគ្គិសនី ដែល​នាំចូល​មក​ពី​ប្រទេស​ថៃ មាន​កម្លាំង​មិន​គ្រប់គ្រាន់ ខណៈ​នៅ​តាម​អគារ​កាស៊ីណូ អគារ​ប្រតិបត្តិការ​តាម​អនឡាញ និង​រោងចក្រ មាន​តម្រូវការ​ប្រើប្រាស់​អគ្គិសនី​ច្រើន​ជាង​ពលរដ្ឋ​ទូទៅ។

អ្នក​ជំនាញ​អគ្គិសនី៖«មូលហេតុ​អ៊ីចឹង​ហើយ បាន​ថៅកែ​អនឡាញ​ហ្នឹង គេ​ជះ​លុយ​ទិញ​ម៉ាស៊ីន​ភ្លើង​ធំៗ សម្រាប់​ដាក់​នៅ​ពេល​ដាច់​ភ្លើង​ហ្នឹង។ ព្រោះ​បុគ្គលិក​អគារ​នីមួយៗ​ហ្នឹង ហើយ​កុំព្យូទ័រ​ហ្នឹង ស៊ី​ភ្លើង​ខ្លាំង​ណាស់»។

វិទ្យុ​អាស៊ីសេរីមិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន អានកូ គ្រុប និង​អភិបាល​ក្រុង​ប៉ោយប៉ែត លោក គាត ហ៊ុល ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី៣ ខែ​មីនា។

អត្ថបទដែលទាក់ទង៖

តើ​ឧកញ៉ា​សម្បូរ​​ដោយ​រឿងអាស្រូវ​ណាខ្លះ​អាច​បាន​តំណែង​សមាជិក​ព្រឹទ្ធសភា?Opens in new window ]

ក្រុម​ឥស្សរជន​​ជំនិត​​លោក ហ៊ុន សែន រង​ការ​ចោទប្រកាន់​ថា មាន​ទំនាក់ទំនង​ជាមួយ​ជនជាតិ​ចិន​ធ្វើ​ជំនួញ​បែប​ឧក្រិដ្ឋកម្មOpens in new window ]

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ចោទ​ក្រុមហ៊ុន​ឧកញ៉ា កុក អាន ថា ធ្វើ​ទំនប់​បិទ​ទឹក​ស្អុយ​បណ្ដាល​ឱ្យ​លិច​ភូមិឋានOpens in new window ]

តាម​ការ​ជូន​ដំណឹង​របស់​ក្រុមហ៊ុន អានកូ គ្រុប នៅ​ក្នុង​ក្រុម​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម ឱ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឱ្យ​ដាច់​ចរន្តអគ្គិសនី ជា​បន្តបន្ទាប់​បែបនេះ គឺ​បណ្ដាល​មក​ពី​ការ​ដំឡើង ខ្សែ​បណ្ដាញ​តង់ស្យុង​មធ្យម ការ​ប្រើប្រាស់​អគ្គិសនី​មាន​តម្រូវការ​ច្រើន និង​ការ​ប្ដូរ​ខ្សែ​បណ្ដាញ​ថ្មី​នៅ​ក្នុង​តំបន់​អគារ​កាស៊ីណូ​ជាដើម។

អគ្គិសនី​ដែល​ក្រុមហ៊ុន អានកូ គ្រុប ផ្គត់ផ្គង់​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត គឺ​នាំចូល​ពី​ប្រទេស​ថៃ ដោយ​ចែកចាយ​បន្ត​ទៅ​ឱ្យ​ប្រជាពលរដ្ឋ មាន​តម្លៃ​ជាង ៧រយរៀល​ក្នុង​មួយ​គីឡូវ៉ាត់ ចំណែក​ទឹក​ស្អាត មាន​តម្លៃ ១ពាន់ ៥រយរៀល ក្នុង​មួយ​ម៉ែត្រគីប។ ទោះ​យ៉ាងណា ពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន អានកូ គ្រុប ផ្គត់ផ្គង់​អគ្គិសនី ដោយ​ផ្ដោត​សំខាន់​តែ​ទៅ​លើ​អាគារ​កាស៊ីណូ និង​ទីតាំង​ប្រតិបត្តិការ​អនឡាញ ច្រើនជាង​ការ​ចែកចាយ​ទៅ​កាន់​ផ្ទះ​ប្រជាពលរដ្ឋ។

ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា (CIREA) លោក ឌិន ពុទ្ធី លើកឡើង​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ដាច់​អគ្គិសនី និង ​គុណភាព​ទឹក​ស្អាត​នៅ​ក្រុង​ប៉ោយប៉ែត រដ្ឋាភិបាល​គួរតែ​បើក​ឱ្យ ក្រុមហ៊ុន​ផ្សេងទៀត ចូល​មក​វិនិយោគ​ចំណាយ​ផ្គត់ផ្គង់​អគ្គិសនី និង​ទឹក​ស្អាត​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ដើម្បី​ឱ្យ​មាន​ការ​ប្រកួតប្រជែង​លើ​តម្លៃ និង​គុណភាព ដោយ​មិន​ត្រូវ​ឱ្យ​ក្រុម​ហ៊ុន​មួយ ផ្គត់ផ្គង់​ផ្ដាច់មុខ​ឡើយ។

លោក ឌិន ពុទ្ធី៖«វា​ជា​សេវា​សាធារណៈ ដែល​ទទួល​សិទ្ធិ​ពី​រដ្ឋ​មក​វិនិយោគ ហើយ​បាន​ប្រាក់ចំណេញ​ទៅ បង់ពន្ធ​ជួន​រដ្ឋ។ ប្រសិនបើ​ករណី​ក្រុមហ៊ុន​នៅតែ​បំពារបំពាន ធ្វើ​មិន​ស្អាត មិនល្អ មិន​គោរព​កាតព្វកិច្ច​របស់​ខ្លួន និង​បំពាន​សិទ្ធិ​ពលរដ្ឋ​ដដែលៗ​ហ្នឹង រដ្ឋ​មាន​សិទ្ធិ​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ហ្នឹង ហើយ​ផ្ដល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ផ្សេងទៀត ដើម្បី​វិនិយោគ ឬ​ក៏​ក្រុមហ៊ុន​ហ្នឹង ត្រូវ​មាន​ពីរ ឬ​បី ដើម្បី​ការ​ប្រកួតប្រជែង​គ្នា»។

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ស្នើ​ឱ្យ​រដ្ឋាភិបាល ផ្លាស់ប្ដូរ​ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី និង​ទឹក​ស្អាត នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ព្រោះ​ក្រុមហ៊ុន អានកូ គ្រុប របស់​លោក កុក អាន បាន​ផ្គត់ផ្គង់​សេវា​ទាំងនេះ គ្មាន​ស្ថិរភាព និង​គុណភាព​នោះ​ឡើយ ខណៈ​បញ្ហា​ទាំង​នេះ ក្រុមហ៊ុន​ក៏​មិន​បាន​កែលំអ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។