សមត្ថកិច្ច​ចាប់​ជនសង្ស័យ​ជនជាតិ​ចិន ២នាក់​ពាក់ព័ន្ធ​ករណី​សម្លាប់​ស្ត្រី​ខ្មែរ​ម្នាក់

0:00 / 0:00

[ អានអត្ថបទជា ភាសាអង់គ្លេស Cambodia arrests suspects in killing of teenage girl scam center victim]

កម្លាំង​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​បាន​ចាប់​ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន ២នាក់​សង្ស័យ​ពាក់ព័ន្ធ​ករណី​សម្លាប់​ស្ត្រី​ខ្មែរ​អាយុ ១៨ឆ្នាំ​ម្នាក់ យក​ទៅ​កប់​ចោល​ទាំង​អាក្រាត​កាយ។ មន្ត្រី​សិទ្ធិ​មនុស្ស​ថ្កោល​ទោស​ចំពោះ​ជន​ដៃ​ដល់ ហើយ​ចាត់​ទុក​ករណី​ឃាតកម្ម​នេះ​ថា ឃោរឃៅ អមនុស្សធម៌ និង​ទាមទារ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​លើ​ជន​ដៃដល់ រួម​ទាំង​អ្នក​ដែល​ពាក់ព័ន្ធ​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ផ្លូវ​ច្បាប់។

កម្លាំង​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​បាន​បង្ហាញ​មុខ​ ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន ២នាក់​ដែល​ជាប់​សង្ស័យ បាន​ចូល​រួម​ធ្វើ​សកម្មភាព​សម្លាប់​ស្ត្រី​ជនជាតិ​ខ្មែរ​ម្នាក់​រួច​យក​ទៅ​កប់​ចោល។ កម្លាំង​ជំនាញ​ឱ្យ​ក្រុម​អ្នក​កាសែត​ក្នុង​ស្រុក​ដឹង​នៅ​ថ្ងៃ​ទី៣ ខែមីនា​ថា ជន​សង្ស័យ​ទាំង ២នាក់​បាន​សារភាព​ចំពោះ​ការ​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​លើ​ស្ត្រី​ជនជាតិ​ខ្មែរ ហើយ​ពួកគេ​អះអាង​ថា អំពើ​ឃាតកម្ម​នេះ​ពួកគេ​បាន​ចូលរួម​ជាមួយ​ជនជាតិ​ចិន​ម្នាក់​ទៀត​មាន​ឈ្មោះ យ៉ាង ខៃស៊ីន (Yang Kaixin) ដែល​កំពុង​រត់​គេច​ខ្លួន។ សមត្ថកិច្ច​ជំនាញ​បញ្ជាក់​ថា មូលហេតុ​ដែល​ក្រុម​ជន​ដៃដល់​សម្លាប់​នារី​ជនជាតិ​ខ្មែរ គឺ​ដោយសារ​តែ​នារី​រងគ្រោះ​បម្រើ​ការងារ​ផ្នែក​អនឡាញ​បាន​ដឹង​រឿង​អាថ៌កំបាំង​ច្រើន​ពី​ក្រុម​ជនជាតិ​ចិន​ទាំង​នោះ។

​សមត្ថកិច្ច​មិន​ទាន់​ចាប់​បាន​មេខ្លោង​ធំ​ដែល​រៀបចំ​ផែនការ​សម្លាប់​ស្ត្រី​ជនជាតិ​ខ្មែរ​​ទេ

ទោះ​ជាយ៉ាងណាក្ដី ក្នុង​សំណុំ​រឿង​ឃាតកម្ម​នេះ​ សមត្ថកិច្ច​មិន​ទាន់​ចាប់​បាន​មេខ្លោង​ធំ ​ដែល​រៀបចំ​ផែនការ​សម្លាប់​ស្ត្រី​ជនជាតិ​ខ្មែរ​នោះ​ទេ។ ជន​សង្ស័យ​ចំនួន ២នាក់​ ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​ម្នាក់​មាន​ឈ្មោះ ចេន កុង (Chen Cong) គឺ​ជា​មិត្ត​ប្រុស​របស់​នារី​រងគ្រោះ និង​ម្នាក់​ទៀត​មាន​ឈ្មោះ លី ហាវហាវ (Li HaoHao) ដែល​ពួកគាត់​គឺ​ជា​ជនជាតិ​ចិន ហើយ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី២ ខែមីនា។

ចំណែក​នារី​រងគ្រោះ​មាន​ឈ្មោះ ហេង សៀវលី មាន​អាយុ ១៨ឆ្នាំ និង​មាន​ស្រុក​កំណើត​នៅ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត។ ប៉ូលិស​បាន​ប្រទះ​ឃើញ​សាកសព​នារី​រងគ្រោះ​នៅ​ជិត​បឹង​មួយ​កន្លែង​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី១ ខែមីនា ដោយ​សាកសព​ជនរងគ្រោះ​អាក្រាត​កាយ និង​មាន​ចង​ស្លាប​សេក​ដេក​ដួល​ផ្កាប់​មុខ និង​ស្នាម​ជាំ​លើ​ក្បាល​រួម​ទាំង​ដង​ខ្លួន​ជា​ច្រើន​កន្លែង។

ម្ដាយស្ត្រីជនរងគ្រោះ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្នុង​ស្រុក​កាល​ពី​ថ្ងៃ​ទី១ ខែមីនា​ថា លោកស្រី​មិន​អាច​ទាក់ទង​កូនស្រី​ចាប់​តាំង​ពី​ថ្ងៃ​ទី២៧ ខែកុម្ភៈ បន្ទាប់​ពី​កូនស្រី​បាន​ផ្ញើ​លុយ​ឱ្យ​ចំនួន ៥០ដុល្លារ។ ម្ដាយ​នារី​រងគ្រោះ​ឱ្យ​ដឹង​ទៀត​ថា ដំបូង​ឡើយ​កូនស្រី​ធ្វើ​ការ​នៅ​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ក្រោយ​មក​នាង​បាន​តាម​ក្រុម​ជនជាតិ​ចិន​ ដែល​បម្រើ​ការងារ​ផ្នែក​អនឡាញ​ មក​ក្រុង​ភ្នំពេញ​បាន​ប្រមាណ​ជាង​កន្លះ​ខែ​ប៉ុណ្ណោះ។

វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយតប​នោះ​ទេ នៅ​ថ្ងៃ​ទី៣ ខែមីនា។ ចំណែក​ម្ដាយ​ស្ត្រី​រងគ្រោះ​ ក៏​មិន​ទាន់​អាច​ទាក់ទង​បាន​នៅ​ឡើយ​ដែរ​ នៅ​ថ្ងៃ​ដដែល​នេះ។

អត្ថបទ​ដែល​ទាក់ទង៖

ការ​កាប់​សម្លាប់​គ្នា​រវាង​ជនជាតិ​ចិន​មួយ​ចំនួន «កំពុង​បង្ក​អសន្តិសុខ និង​សណ្ដាប់​ធ្នាប់​សង្គម»Opens in new window ]

ស្ត្រី​ខ្មែរ​ដែល​គេ​បោក​ទៅ​រៀបការ​នៅ​ចិន​រង​ការ​ធ្វើ​បាប​រហូត​ខ្លះ​វិកលចរិត និង​ខ្លះទៀត​សម្លាប់​ខ្លួនOpens in new window ]

អាដហុក​រក​ឃើញ​ថា ស្ត្រី​ខ្មែរ​ភាគច្រើន​ចាញ់​បោក​ទៅ​ចិន​រង​ការ​ធ្វើ​បាប​ផ្លូវចិត្ត​និង​រាងកាយ​រហូត​បាក់​ស្មារតីOpens in new window ]

មន្ត្រីសិទ្ធិមនុស្ស​ថា ឃាតកម្មនេះឃោរឃៅ អមនុស្សធម៌

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ករណី​ឃាតកម្ម​នេះ​គឺ​ឃោរឃៅ អមនុស្សធម៌ ហើយ​ក្រុម​ជន​ដៃដល់​គឺ​មាន​ផែនការ​ច្បាស់លាស់ និង​បាន​គិត​ទុក​ជា​មុន​ក្នុង​ការ​សម្លាប់​នារី​ខ្មែរ​វ័យ​ក្មេង។ លោក​ទាមទារ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​លើ​ជន​ដៃដល់ និង​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​ឃាតកម្ម​នេះ។

លោក អំ សំអាត៖«ជនជាតិ​ចិន​ដែល​គិត​ទុក​ជា​មុន​ក្នុង​ការ​សម្លាប់​ស្ត្រី​វ័យ​ក្មេង​នេះ គឺជា​រឿង​មួយ​សោកសៅ។ ករណី​នេះ​គួរណា​តែ​មាន​ការ​ផ្ដន្ទាទោស​ឱ្យ​ធ្ងន់ធ្ងរ​បើ​រក​ទៅ​ឃើញ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ទាំង​អស់​ហ្នឹង ត្រូវតែ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង និង​ធ្ងន់ធ្ងរ មិន​ត្រូវ​មាន​ការ​បន្ធូរបន្ថយ ឬ​លើកលែង​ទេ»។

លោក អំ សំអាត ពិនិត្យ​ឃើញ​ថា ក្នុង​សំណុំ​រឿង​នេះ​ក្រៅ​ពី​មាន​អំពើ​ឃាតកម្ម​លើ​នារី​ខ្មែរ សមត្ថកិច្ច​គប្បី​បើក​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ស្វែងរក​បទល្មើស​ដែល​ក្រុម​ជន​ដៃដល់​ប្រព្រឹត្ត ព្រោះ​លោក​ថា ការ​សម្លាប់​នារី​រងគ្រោះ​នោះ​គឺ​ជា​ការ​សម្លាប់​បំបិទ​មាត់ បំបិទ​ភស្តុតាង ដែល​ជនរងគ្រោះ​អាច​បាន​ដឹង​រឿងរ៉ាវ​នៃ​ការ​ប្រព្រឹត្ត​បទល្មើស​របស់​ក្រុម​ជនជាតិ​ចិន​ដែល​ជា​ក្រុម​ឃាត​ករ​សម្លាប់​នាង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។