ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នក​ស្រី អ៊ុក ឆាយាវី ជូប​គ្រោះថ្នាក់​ចរាចរណ៍​របួស​ធ្ងន់

0:00 / 0:00

ប្រធាន​សមាគម​គ្រូបង្រៀន​​ឯករាជ​កម្ពុជា អ្នក​ស្រី អ៊ុក ឆាយាវី ជួប​គ្រោះថ្នាក់​ចរាចរ​​​រង​របួស​​​ធ្ងន់​ក្នុង​ពេល​ដែល​អ្នក​ស្រី​ធ្វើ​ដំណើរ​ជា​មួយ​ប្ដី​របស់​គាត់​​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី១០ សីហា។

អ្នក​ស្រី​ អ៊ុក ឆាយាវី ប្រាប់​អាស៊ី​សេរី​នៅ​មុន​នេះ​បន្តិច​ថា ​​គ្រោះ​ថ្នាក់​ចរាចរ​នេះ​ជា​ការ​ប៉ុនប៉ង​ធ្វើ​បាប​អ្នក​ស្រី​ ពីព្រោះ​មាន​បុរស​ម្នាក់​ពាក់អាវ​បាន​ចាប់​ដៃ​ម៉ូតូ​របស់​អ្នក​ស្រី ​​បណ្ដាល​ឱ្យ​ដួល​​សន្លប់​ នៅ​ភូមិ​ចិន​កោះ​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល៖ «​​​របួស​ដែល​ធ្ងន់​ជាង​គេ​នៅ​បាតដៃ​ខាង​ឆ្វេង ដេរ​ច្រើន​ថ្នេរ​ ហើយ​មាត់​និង​ផ្ទៃ​មុខ​ខ្ញុំ​ប៉ោង​ខ្ញុំ​បុក​នឹង​ដៃ​ចង្កូត​ម៉ូតូ​ វា​កញ្ឆក់​ដៃ​ចង្កូត​ផ្ដួល​យើង​តែ​ម្ដង​។ខ្ញុំ​អំពាវនាវ​ឱ្យ​​ប្រជាពលរដ្ឋ​ទាំង​អស់​យើង​នាំ​គ្នា​ងើប​ឡើង​ កុំ​ខ្លាច​ទោះ​បី​ជា​ខ្ញុំ​​ប៉ះពាល់​ក្នុង​ការ​គេ​ធ្វើ​ស៊ី​មែន​ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​ជំហរ​រឹងមាំ​ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​អ្នក​ប្រជាធិបតេយ្យ​ពី​ក្នុង​ពន្ធនាគារ​ទាំង​អស់​វិញ​»។

ភ្លាមៗ​ក្រោយ​ពេល​គ្រោះ​ថ្នាក់​ចរាចរ​លោក​ស្រីអ៊ុក ឆាយាវី ​ត្រូវ​បាន​ប្ដី​របស់​គាត់​​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ឯកជន​មួយ​កន្លែង​នៅ​ស្រុក​កៀនស្វាយ ។​​ ​​បច្ចុប្បន្ន​លោក​ស្រី​​​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​ទៅ​​​សម្រាក​ព្យាបាល​ជំងឺ​នៅ​ផ្ទះ​សាច់​ញាតិ​វិញ​ហើយ​នៅ​​ខេត្ត​កណ្ដាល​ ដោយសារ​​​ចង់​រក្សា​ភាព​ស្ងប់ស្ងាត់។

ថ្មីៗ នេះ​អ្នកស្រី អ៊ុក ឆាយាវី ដែល​ជា​មនុស្ស​ស្និទ្ធ​នឹង​លោក រ៉ុង ឈុន នោះ តែង​តែ​ដឹក​នាំ​កម្មករ ​និង​ក្រុង​យុវជន​តវ៉ា​នៅ​មុខ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​​លោក រ៉ុង ឈុន ជា​បន្ត​បន្ទាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។