ក្រុមហ៊ុនសំអាតព្រលានយន្តហោះខេត្តសៀមរាប យល់ព្រមទូទាត់សំណងដល់កម្មករ ជាង ៨ម៉ឺនដុល្លារ ក្រោយវិវាទការងារបានអូសបន្លាយពេល៥ឆ្នាំ ។
ក្រុមហ៊ុន អេច ស៊ី ស៊ី គ្រុប (HCC Group)ដែលជាក្រុមហ៊ុនផ្តល់សេវាសំអាតព្រលានយន្តហោះខេត្តសៀមរាប បានចូលរួមដោះស្រាយវិវាទការងាររួមរវាងក្រុមហ៊ុន និងកម្មករ ជាង១រយនាក់ (១១២) នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី៤ ខែមីនា ពាក់ព័ន្ធនឹងការព្យួរកិច្ចសន្យាការងាររបស់កម្មករ ដោយមិនបានជូនដំណឹងទៅមន្ទីរ ឬក្រសួងការងារ កាលពីឆ្នាំ២០២០ ក្នុងអំឡុងពេល នៃការរាតត្បាតជំងឺកូវីឌ១៩ ។ ក្រុមហ៊ុនខាងលើ យល់ព្រមទូទាត់ប្រាក់សំណងជាង ៨ម៉ឺន (៨១.៨២៣) ដុល្លារ ជូនកម្មករ ខណៈមន្ត្រីសហជីពថា ចំនួននេះ គឺពុំត្រឹមត្រូវតាមច្បាប់ស្ដីពីការងារឡើយ។
ការដោះស្រាយបានអូសបន្លាយជាច្រើនឆ្នាំ
ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF) លោក ទូច កុសល ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១០ ខែមីនាថា លោកសោកស្ដាយ ចំពោះការអូសបន្លាយពេលជាច្រើនឆ្នាំ ក្នុងការបញ្ចប់វិវាទការងារ ដែលប្រការនេះ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់កម្មករ ។ លោកបន្តថា ទោះជាការបង់សងនៅពេលនេះ ពុំត្រឹមត្រូវតាមច្បាប់ស្ដីពីការងារក៏ដោយ ក៏កម្មករនៅតែទទួលយកនូវដំណោះស្រាយ ខណៈការគណនារបស់ក្រសួងការងារ និងសហព័ន្ធសហជីព បង្ហាញថា ក្រុមហ៊ុនខាងលើ ត្រូវបង់សងកម្មករជិត២០ម៉ឺនដុល្លារអាមេរិកឯណោះ។
លោក ទូច កុសល៖«ជាលើកទី១ ដែលខ្ញុំឃើញវិវាទដោះស្រាយអូសបន្លាយពេលរហូតដល់៥ឆ្នាំជាង និងជាលើកទី១ ដែលខ្ញុំបានដោះស្រាយរឿងជួបរឿងបែបហ្នឹង ។ ខ្ញុំមានការសោកស្ដាយដែរ ដែលការអូសបន្លាយពេលវេលាហ្នឹងធ្វើឲ្យកម្មករ គាត់ជួបការលំបាកកន្លងមក គឺគាត់អត់ការងារធ្វើ បាត់ចំណូលសម្រាប់ចិញ្ចឹមគ្រួសាររបស់គាត់»។
អត្ថបទដែលទាក់ទង៖
[ អ្នកគ្រប់គ្រងព្រលានយន្តហោះខេត្តសៀមរាបរងការចោទថារំលោភលក្ខខណ្ឌការងារOpens in new window ]
លោក ទូច កុសល បន្ថែមថា ប្រសិនបើក្រុមហ៊ុន ដែលកំពុងជួបវិបត្តិ ហើយមានឆន្ទៈក្នុងការដោះស្រាយវិវាទការងាររួមជាមួយកម្មករ គួរតែលើកយកបញ្ហានោះ ដាក់លើតុ ជជែកគ្នាជាមួយនឹងកម្មករ ហើយលោកជឿថា កម្មករក៏នឹងយល់ពីទុក្ខលំបាករបស់ក្រុមហ៊ុនដូចគ្នាដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។