អគារមួយចំនួនស្ថិតនៅរមណីយដ្ឋាន ឋានសួគ៌បូកគោខេត្តកំពត កំពុងរងការចោទប្រកាន់ថា បង្ខាំងមនុស្សរាប់រយនាក់ធ្វើជាទាសករឆបោកតាមប្រព័ន្ធអ៊ីធឹណិត (Internet)។ អតីតបុគ្គលិកធ្វើការនៅក្នុងអគារ ៩ ជាប់នឹងសណ្ឋាគារឋានសួគ៌សុខា (Thansur Sokha Hotel) អះអាងថា ជនបរទេសច្រើនជាតិសាសនាត្រូវបានថៅកែជនជាតិចិនល្បួងពួកគេឱ្យមកធ្វើការងារជាអ្នកបោកប្រាស់ (Scammer) តាមប្រព័ន្ធអនឡាញ (Online) នៅអគារលើភ្នំបូកគោ និងមិនអនុញ្ញាតឱ្យពួកគេមានសេរីភាពឡើយ។ ទោះបីជាយ៉ាងណា អាជ្ញាធរទទួលស្គាល់ថា មានបណ្ដឹងប៉ុន្តែ មិនមែនជាការបង្ខាំងមនុស្សនោះទេ។
អ្នកធ្វើការនៅតំបន់រមណីយដ្ឋានភ្នំបូកគោអះអាងថា តំបន់អគារ ៩ និងសួនឧទ្យានកម្សាន្តក្បែរសណ្ឋាគារឋានសួគ៌សុខា (Thansur Sokha Hotel) ហាក់រងការរឹតត្បិត និងមិនអនុញ្ញាតឱ្យភ្ញៀវទេសចរ ចូលដើរលេងកម្សាន្ត និងថតរូបបានដោយសេរីនោះទេ ខណៈដែលអគារទាំងនេះកំពុងរងការចោទប្រកាន់ថា មានការបង្ខាំងមនុស្សរាប់រយនាក់ឱ្យធ្វើជាទាសករឆបោកតាមប្រព័ន្ធអ៊ីនធឹណែត (Internet) នៅក្នុងអគារទាំងនោះ។
អតីតបុគ្គលិកម្នាក់ធ្វើការងារនៅក្នុងអគារ ៩ ថ្លែងសុំមិនបញ្ចេញឈ្មោះ ព្រោះបារម្ភពីបញ្ហាសុវត្ថិភាព បានទម្លាយប្រាប់វិទ្យុអាស៊ីសេរីឱ្យដឹងថា នៅខាងក្នុងតំបន់អគារ៩ អាចមានបុគ្គលិកជាជនបរទេសប្រមាណជាង ៦រយនាក់ ដែលត្រូវថៅកែជនជាតិចិន បង្ខាំងឱ្យធ្វើការងារជាអ្នកឆបោក (Scammer) តាមប្រព័ន្ធអ៊ីនធឹណេត (Internet)។ លោកស្រីបញ្ជាក់ថា បុគ្គលិកឆបោកទាំងនោះភាគច្រើនមានជនជាតិ ឥណ្ឌូណេស៊ី (Indonesia) វៀតណាម (Vietnam) ថៃ (Thailand) ចិន (China) ភូមា ឬមីយ៉ាន់ម៉ា (Myanmar) និងជនជាតិទ្បាវ (Laos) ជាដើម។
អតីតបុគ្គលិកសុំលាក់ឈ្មោះ៖ « ខ្ញុំគិតថា លើបូកគោការងារអ៊ីចឹង វាមិនគួរឱ្យពួកគាត់ [ ជនជាតិចិន ] ធ្វើទៀតទេ ព្រោះប្រទេសយើងវាសេរីពេក។ អ៊ីចឹង ចង់ឱ្យពួកគាត់ [ អាជ្ញាធរ និងរដ្ឋាភិបាល ] លុបបំបាត់ចោលកុំឱ្យមានដោយសារតែប្រើប្រាស់លុយ និងដើម្បីកុំឱ្យពួកគាត់ [ ជនជាតិចិន ] ហ្នឹងធ្វើអ្វីស្រេចតែចិត្តនៅលើប្រទេសខ្មែរយើង » ។
អតីតបុគ្គលិកក្នុងអគារ ៩ រូបនេះ ឱ្យដឹងថា បុគ្គលិកមួយចំនួនប្រសិនបើពួកគេចង់ចេញពីបរិវេណអគារនៃកន្លែងការងារ គឺពួកគេត្រូវមានកាត វី អាយ ភី (V.I.P) និងសុំអនុញ្ញាតពីថៅកែជនជាតិចិនជាមុនសិន។ ចំណែក បុគ្គលិកមួយចំនួនទៀត ត្រូវបានថៅកែរឹតត្បិត ដោយមិនអនុញ្ញាតឱ្យពួកគេចេញពីបន្ទប់ ឬបរិវេណអគារនៃកន្លែងការងារនោះទេ។
ប្រភពដដែល បានទម្លាយទៀតថា បុគ្គលិកធ្វើការងារជាអ្នកបោកប្រាស់តាមប្រព័ន្ធអនឡាញ (Online) ទាំងនោះ ដោយថៅកែជាជនជាតិចិនបានបង្កើតគណនីបណ្ដាញសង្គមក្លែងក្លាយដូចជា ហ្វេសប៊ុក (Facebook) អ៊ីនស្តារក្រាម (Instagram) វ៉ត់សអែប (WhatsApp) ផ្ដល់ឱ្យពួកគេក្នុងម្នាក់ៗមិនក្រោម ៦០ គណនីឡើយ។ លោកស្រីពន្យល់ថា បុគ្គលិកឆបោកទាំងនោះ គឺពួកគេមានតួនាទីទាក់ទងទៅកាន់អតិថិជន ដើម្បីល្បួងឱ្យបញ្ជាទិញទំនិញតាមប្រព័ន្ធអនឡាញ (Online) និងបញ្ចុះបញ្ចូលអតិថិជនចូលរួមវិនិយោគជាមួយក្រុមហ៊ុនចិន។
បុគ្គលិកស្ត្រីម្នាក់៖ « គឺគាត់ [ បុគ្គលិកជនបរទេស ] ឆាត (Chat) ជាមួយភ្ញៀវទាក់ទង ដើម្បីភ្ញៀវនិយាយអំពីរឿងដកដាក់លុយ ឬក៏ទិញអីវ៉ាន់បោកប្រាស់ របៀបបោកបញ្ឆោត។ ប៉ុន្តែ អាហ្នឹងគាត់ [ បុគ្គលិកជនបរទេស ] ជាខ្សែរបស់គាត់ ដូចជា ក្រុមការងារ (Team Work) របស់គាត់ពីរបៀបធ្វើការបោកប្រាស់ របៀបធ្វើជាអ្នកជំនួយការទិញអីវ៉ាន់ខ្យល់ »។
តំបន់អគារ៩ គឺស្ថិតនៅភាគខាងក្រោយ ដែលនៅជាប់នឹងសណ្ឋាគារឋានសួគ៌សុខា (Thansur Sokha Hotel)។ ទោះយ៉ាងណាក្ដី នៅពីខាងមុខច្រកចូលនៃកន្លែងទទួលភ្ញៀវទេសចរសណ្ឋាគារឋានសួគ៌សុខា គឺមានកន្លែងបាផឹកស៊ី ព្រមទាំងមានកងសន្តិសុខជាច្រើននាក់ ដើរយាមកាមចល័តយ៉ាងប្រុងប្រយ័ត្ន។ ភ្ញៀវទេសចរដែលចូលទទួលទានកាហ្វេ ឬអាហារ និងទស្សនាបរិវេណសណ្ឋាគារនេះ ត្រូវបានកងសន្តិសុខកំណត់ទីតាំងឱ្យដើរកម្សាន្តរួចជាស្រេច។ ថ្វីបើបែបនេះក្ដី កាលពីអំឡុងឆ្នាំ២០១៨ នៅខាងក្នុងនៃសណ្ឋាគារឋានសួគ៌សុខានេះ ពុំមានកងសន្តិសុខរឹតត្បិតភ្ញៀវទេសចរទេ។ មិនតែប៉ុណ្ណោះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិតែងតែចូលទស្សនា និងលេងល្បែងក្នុងកាស៊ីណូនៃសណ្ឋាគារនេះបានដោយសេរី។ បច្ចុប្បន្ន សណ្ឋាគារឋានសួគ៌សុខាហាក់ពុំមានភ្ញៀវទេសចរច្រើនកុះករនោះទេ ក្រៅពីកងសន្តិសុខប្រមាណ ១០នាក់ រង់ចាំទទួល និងបើកទ្វារឡានឱ្យជនជាតិចិន ដែលចេញពីសណ្ឋាគារនេះ។

កម្មករម្នាក់ជាអ្នកជីកស្មៅក្នុងសួនសណ្ឋាគារឋានសួគ៌សុខាប្រាប់វិទ្យុអាស៊ីសេរីថា រមណីយដ្ឋានឋានសួគ៌បូកគោមានសភាពស្ងប់ស្ងាត់ ពុំសូវមានភ្ញៀវមកទស្សនាច្រើនដូចពេលកន្លងទៅនោះទេ។ កម្មករដដែលបញ្ជាក់ថា បុគ្គលិកសណ្ឋាគារឋានសួគ៌សុខានៅតែមានចំនួនច្រើន ហើយអគារ៩ ដែលនៅជាប់សណ្ឋាគារនេះ ក៏មានជនជាតិចិនជួលសម្រាប់ធ្វើការដែរ។
កម្មករម្នាក់ជាអ្នកជីកស្មៅក្នុងសួនសណ្ឋាគារឋានសួគ៌សុខា៖ « បុគ្គលិកនៅក្នុងហ្នឹង [ សណ្ឋាគារឋានសួគ៌សុខា និងអគារ៩ ] មានតែបុគ្គលិកចុងភៅ មើលនេះមើលនោះ។ បងឯងចង់យកព័ត៌មានមែន ? មិនងាយទេ មានសន្តិសុខយាមនៅហ្នឹងដែរ។ មានសន្តិសុខនៅទីហ្នឹង ហើយមានមេ តពីលើហ្នឹងទៀត។ មេច្រើនណាស់ ខ្ញុំមិនសូវស្គាល់អស់ទេ។ អគារ៩ នៅខាងក្រោយ [ សណ្ឋាគារឋានសួគ៌សុខា ] ហ្នឹង។ កន្លែងហ្នឹង មានចិននៅទីហ្នឹង។ កន្លែងហ្នឹងចិនជួលនៅទេតើ ចិនជួលដេកធ្វើការ »។
អតីតបុគ្គលិកធ្វើការក្នុងតំបន់អគារ៩ បញ្ជាក់ថា ដំបូងឡើយក្រុមហ៊ុនឆបោកជនជាតិចិននេះ គឺមានមូលដ្ឋាននៅខេត្តព្រះសីហនុ។ ប្រភពដដែលបញ្ជាក់ទៀតថា រហូតថ្ងៃទី២៣ ខែកញ្ញា កន្លងទៅក្រុមថៅកែជនជាតិចិនបានប្រមូលសម្ភារៈការងារ និងបញ្ជូនបុគ្គលិកឱ្យធ្វើការក្នុងអគារលើភ្នំបូកគោនេះ។
អតីតបុគ្គលិកធ្វើការក្នុងតំបន់អគារ៩៖ « បញ្ហាហ្នឹងប៉ូលិសក៏បានដឹងរឿង អ៊ីចឹងហើយគាត់ [ ថៅកែជនជាតិចិន ] ក៏បានផ្លាស់ទី ( Move ) មកលើបូកគោបណ្ដោះអាសន្នសិន »។
លោកស្រីនិយាយថា លោកស្រីបានចូលធ្វើការងារក្នុងក្រុមហ៊ុនឆបោកនេះបានត្រឹមតែជាង ៤ខែប៉ុណ្ណោះ។ លោកស្រីបញ្ជាក់ថា ពេលដែលកំពុងបម្រើការងារលោកស្រីមានតួនាទីស្វែងរកបុគ្គលិកពីប្រទេសឥណ្ឌូណេស៊ី (Indonesia) ក្នុងមួយខែ ៣ ទៅ ៥នាក់ ដើម្បីមកបម្រើការងារជាអ្នកឆបោកឱ្យក្រុមហ៊ុនចិន។ លោកស្រី ត្រូវបានថៅកែបញ្ឈប់ពីការងារកាលចុងខែតុលា កន្លងទៅ ដោយសារតែមិនអាចរកបុគ្គលិកធ្វើអ្នកឆបោកតាមតម្រូវការរបស់ក្រុមហ៊ុនបាន។
តំបន់ប្លុកអគារ៩ គឺមានការសាងសង់អគារចំនួន៩ ស្ថិតនៅក្បែរៗ គ្នា។ អគារនីមួយៗមានកម្ពស់ ៣ជាន់ និងមានបន្ទប់ចំនួន ៧៨បន្ទប់។ អគារមួយចំនួនដែលស្ថិតក្នុងតំបន់ប្លុកអគារ៩ នេះគឺមានការព័ទ្ធរបងខ្ពស់អមដោយបន្លាលួស និងមានការបំពាក់កាមេរ៉ាសុវត្ថិភាពលើរបងជាច្រើន។ ចំណែក ខាងក្រៅរបងនៃចំណុចច្រកចេញចូលពីអគារមានកងសន្តិសុខប្រមាណ ១០នាក់ យាមកាមតឹងរ៉ឹង ហើយពួកគេត្រៀមវិទ្យុទាក់ទង ឬអៃកូម (Icom) សម្រាប់ទាក់ទងគ្នារួចជាស្រេច នៅពេលដែលមានមនុស្សប្លែកមុខចូលទៅដល់ក្បែរអគារ។ តំបន់អគារ ៩ បើមើលមួយភ្លែត ហាក់គ្មានមនុស្សរស់នៅនោះទេ ហើយនៅតាមកញ្ចក់អគារនីមួយៗ ត្រូវបានគេបិទបាំងវាំងននពណ៌ស។ ប៉ុន្តែ អ្វីដែរគួរឱ្យកត់សម្គាល់នោះ ចាប់តាំងពីព្រឹកមកអគារនីមួយសុទ្ធសឹងតែបើកម៉ាស៊ីនត្រជាក់ចោល ហើយអ្នកដែលចេញចូលបរិវេណអគារ មានតែជនជាតិចិនតែប៉ុណ្ណោះ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងឧកញ៉ា សុខ គង់ ម្ចាស់សណ្ឋាគារឋានសួគ៌សុខា (Thansur Sokha Hotel) និងតំបន់អគារ៩ ដើម្បីសុំប្រតិកម្មឆ្លើយតបជុំវិញការចោទប្រកាន់ទាំងនេះបានទេ។ វិទ្យុអាស៊ីសេរី ក៏បានព្យាយាមទាក់ទង អភិបាលខេត្តកំពត លោក ម៉ៅ ធនិន ដើម្បីសាកសួរអំពីរឿងនេះដែរ ក៏ប៉ុន្តែទូរស័ព្ទហៅចូលតែពុំមានអ្នកទទួល។
ទោះជាយ៉ាងណាក្ដី ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ ប្រាប់វិទ្យុអាស៊ីសេរីថា កន្លងមកលោកធ្លាប់ទទួលបានពាក្យបណ្ដឹងពីអ្នកធ្វើការនៅលើភ្នំបូកគោនេះដែរ ក៏ប៉ុន្តែពេលលោកចាត់កម្លាំងជំនាញចុះស្រាវជ្រាវគឺពុំមានការបង្ខាំងមនុស្សធ្វើទារុណកម្មនោះទេ។ លោកបញ្ជាក់ថា មូលហេតុដែលបុគ្គលិកជា ជនបរទេសទាំងនោះប្ដឹងមកសមត្ថកិច្ចថា មានការបង្ខាំង និងធ្វើទារុណកម្មពួកគេ គឺដោយសារជនបរទេសទាំងនោះចង់ចាកចេញពីកន្លែងការងារលើខ្នងបូកគោ ដើម្បីធ្វើការនៅកន្លែងផ្សេងទៀត។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ៖ « ក្រោយពេលដែលយើងទទួលបានព័ត៌មាននូវបណ្ដឹងនៃជនបរទេសទាំងអស់ យើងចុះទៅដល់ទីតាំងកន្លែងកើតហេតុយើងអត់មានរកឃើញកន្លែងបង្ខាំងមនុស្សដោយខុសច្បាប់ មិនមាននូវការធ្វើទារុណកម្ម ខ្ញុំសូមបញ្ជាក់ជូនប៉ុណ្ណឹង។ ហេតុផលតែមួយគាត់ប្ដឹងគឺគាត់ [ ជនបរទេស ] ចង់ទៅធ្វើការនៅកន្លែងផ្សេង តែប៉ុណ្ណឹង »។
ថ្វីបើមេប៉ូលិសផ្កាយពីររូបនេះអះអាងបែបនេះក្ដី លោក ម៉ៅ ច័ន្ទមធុរិទ្ធ មិនបានបកស្រាយលម្អិតត្រង់ចំណុចថា តើមូលហេតុអ្វីបានជនបរទេសទាំងនោះគ្រាន់តែចង់ចាកចេញពីកន្លែងការងារលើភ្នំបូកគោ ហើយពួកគេបែរជាដាក់ពាក្យបណ្ដឹងមកកាន់សមត្ថកិច្ចថា ត្រូវបានគេបង្ខាំង និងធ្វើទារុណកម្មនេះទេ។
ទាក់ទងនឹងការបង្ខាំងមនុស្ស ធ្វើទារុណកម្ម និងជួញដូរមនុស្សពីក្រុមហ៊ុនចិន កន្លងទៅ មានការចោទប្រកាន់ថា ឧកញ៉ាគ្រាក់ៗ និងមនុស្សជំរិតរបស់លោក ហ៊ុន សែន ជាប់ពាក់ព័ន្ធនឹងអំពើបង្ខាំងមនុស្សដោយខុសច្បាប់នេះ។ ជាមួយគ្នានេះ ក៏មានការចោទប្រកាន់ដែរថា លោក ហ៊ុន សែន ធ្លាប់ទទួលបានផលប្រយោជន៍ពីអ្នកជំនួញជនជាតិចិនដែលមានអគារសម្រាប់បង្ខាំងមនុស្សនៅក្នុងខេត្តព្រះសីហនុ។
លោក ហ៊ុន សែន មិនដែលចេញមុខបដិសេធអំពីរឿងនេះទេ ហើយលោកក៏បានទទួលស្គាល់អំពីប៉ះពាល់សង្គមដោយសារតែឧក្រិដ្ឋកម្មជួញដូរមនុស្ស ខណៈកន្លងមករដ្ឋាភិបាលតែងតែបដិសេធរាល់របាយការណ៍នានា របស់អង្គការជាតិ និងអន្តរជាតិដែលរកឃើញថា កម្ពុជាគឺជាទីតាំងសម្រាប់ឧក្រិដ្ឋជនជួញដូរមនុស្ស និងបង្ខាំងមនុស្សដោយខុសច្បាប់។
អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ប្រាប់វិទ្យុអាស៊ីសេរីថា ការចោទប្រកាន់ថា មានក្រុមមន្ត្រីឧកញ៉ាដែលមានទំនាក់ទំនងជាមួយជនជាតិចិនចាប់បង្ខាំងមនុស្ស និងជួញដូរមនុស្សនៅកម្ពុជា គ្រាន់ជាការចោទប្រកាន់ដែលគ្មានភស្តុតាងច្បាស់លាស់តែប៉ុណ្ណោះ។ ត្រង់ចំណុចនេះ អ្នកស្រីបញ្ជាក់ថា អាជ្ញាធរកម្ពុជាមិនអាចបើកការស៊ើបអង្កេតលើអ្នកទាំងនោះ ទៅតាមតម្រូវការនៃមជ្ឈដ្ឋាននានាដែលចោទប្រកាន់នោះទេ ព្រោះអ្នកស្រីថា កម្ពុជាមានច្បាប់ត្រឹមត្រូវ ហើយតុលាការក៏កំពុងបន្តនីតិវិធីរកអ្នកដែលពាក់ព័ន្ធ។
អ្នកស្រី ជូ ប៊ុនអេង៖« យើងចង់ផ្ដោតទៅលើអ្នកណាមួយនោះ ដល់គេមិនបានធ្វើដូចចិត្តយើងចេះតែគិតថា គេអត់ធ្វើ។ ប៉ុន្តែ ធម្មតាកាលគេចោទប្រកាន់គេត្រូវមានភស្តុតាង គេត្រូវមានព័ត៌មានពាក់ព័ន្ធ ហើយយើងគ្រាន់តែចោទ ហើយយើងទៅធ្វើតាមអំពើចិត្តយើងគឺអត់បានទេ ពីព្រោះប្រទេសមានច្បាប់។ ភាគច្រើនចង់ផ្ដោតថា ចុះម៉េចមិនយកអ្នកនេះ ម៉េចមិនចាប់អ្នកនោះ ធ្វើតាមយើងតាមអំពើចិត្តអ៊ីចឹងអត់បានទេ គឺយើងត្រូវតែអនុលោមទៅតាមច្បាប់ »។
ដោយឡែក ចំពោះភាពមិនប្រក្រតីក្នុងអគារមួយចំនួននៅឧទ្យានជាតិភ្នំបូកគោវិញ អ្នកស្រី ជូ ប៊ុនអេង ជំរុញឱ្យអតីតបុគ្គលិកធ្វើការក្នុងតំបន់អគារ ៩ និងអ្នកដែលរងគ្រោះគួរដាក់បណ្ដឹងតាមរយៈទំព័រហ្វេសប៊ុក លោក ស ខេង ដើម្បីឱ្យសមត្ថកិច្ចរៀបចំនីតិវិធីទៅតុលាការ និងចុះស្រាវជ្រាវអគារទាំងនោះ។
លោក ស ខេង៖ « អ៊ីចឹង បើក្នុងករណីមានបណ្ដឹងគឺយើងមានបង្អែក គឺយើងធ្វើ ពីព្រោះកាលណាដែលយើងចូលទៅរុករើកន្លែងណាមួយ គឺគេមានព្រះរាជអាជ្ញាទៅដោយមានសិទ្ធក្នុងការរុករកមើលកន្លែងសង្ស័យ ក្នុងទីតាំងកន្លែងឯកជនរបស់គេ។ ខ្ញុំគិតថា ច្បាប់ប្រទេសណាក៏អ៊ីចឹងដែរ យើងមិនចេះតែចូលៗ តាមអំពើចិត្តទេ »។
ក្រោយពីរដ្ឋាភិបាលឯកបក្សទទួលស្គាល់ឱ្យឧក្រិដ្ឋកម្មជួញដូរមនុស្សនេះ សមត្ថកិច្ចបានចុះស្រាវជ្រាវតាមតំបន់អគារដែលភាគច្រើនគ្រប់គ្រងជនជាតិចិន និងបានជួយសង្គ្រោះជនបរទេសត្រូវបានគេបង្ខាំងធ្វើទារុណកម្ម ហើយបញ្ជូនទៅប្រទេសកំណើតវិញជាបន្តបន្ទាប់។
របាយការណ៍របស់ក្រសួងមហាផ្ទៃ ឱ្យដឹងថា គិតត្រឹមពីពាក់កណ្ដាលខែសីហា ដល់ថ្ងៃទី២៧ ខែតុលា សមត្ថកិច្ចទទួលបានសំណើពីជនរងគ្រោះ ៥២៩ករណី និងបានជួយសង្គ្រោះមនុស្សជិត ១ពាន់ ៤រយនាក់ (១.៣៧០នាក់)។ សមត្ថកិច្ចស្រាវជ្រាវបឋមបាន ២៧៦សំណើ និងបិទសំណុំរឿង ១៣៧សំណុំរឿង ដោយរកឃើញមនុស្ស ៦៤៨នាក់ ឃាត់ខ្លួនជនសង្ស័យ ដែលភាគច្រើនជាជនជាតិចិន ខ្មែរ និងវៀតណាមសរុប ៨២នាក់ បញ្ជូនទៅតុលាការ និងបិទក្រុមហ៊ុនចំនួន ៥ទីតាំង និងផ្អាកអាជីវកម្ម ក្រុមហ៊ុន ៤ទីតាំង ដើម្បីបន្តស្រាវជ្រាវ។ អ្នកស្រី ជូ ប៊ុនអេង បញ្ជាក់ថា ក្រុមហ៊ុនចំនួន ៥ទីតាំងត្រូវបិទនោះ គឺស្ថិតនៅតំបន់អគារឆៃណា ថោន (China Town) ក្នុងខេត្តព្រះសីហនុ។
ជុំវិញរឿងនេះ អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) ប្រចាំខេត្តកំពត លោក ប៉ែន វុទ្ធា យល់ថា រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានគួរតែធ្វើអធិការកិច្ចចុះស្រាវជ្រាវ ដើម្បីរកឱ្យឃើញការពិតថាតំបន់អគារមួយចំនួននៅឧទ្យានជាតិភ្នំបូកគោពិតជាមានបុគ្គលិកកំពុងធ្វើការដោយខុសច្បាប់ ឬយ៉ាងណា។
លោក ប៉ែន វុទ្ធា៖ « យើងមិនទាន់និយាយចាំបាច់ថា ទីតាំងនេះជារបស់អ្នកណាទេ ឱ្យតែខុសច្បាប់គឺអាជ្ញាធរមានសមត្ថកិច្ចត្រូវតែចុះធ្វើការស៊ើបអង្កេត ចុះស្រាវជ្រាវចំពោះករណីហ្នឹងហើយធ្វើការបង្ក្រាបលើករណីហ្នឹង ហើយរកឱ្យឃើញនូវមេខ្លោងដាក់ទោសទៅតាមផ្លូវច្បាប់។ ប្រសិនបើយោគយល់ទៅលើទីតាំងជារបស់អ្នកនេះ ជារបស់អ្នកនោះ។ អ៊ីចឹង តើការអនុវត្តច្បាប់ និងការបង្ក្រាបលើបទល្មើសដែលខុសច្បាប់ហ្នឹងវាមិនអាចថមថយបានទេ។ វាក៏អាចជះឥទ្ធិពលទៅលើខេត្តកំពតផង ទៅលើព្រះរាជាណាចក្រកម្ពុជាផង ចំពោះករណីដែលកើតឡើងទៅលើបទល្មើសហ្នឹង »។
ថ្វីដ្បិតអាជ្ញាធរបានជួយសង្គ្រោះជនបរទេសរាប់រយនាក់បញ្ជូនទៅប្រទេសកំណើតពួកគេជាបន្តបន្ទាប់យ៉ាងណាក្ដី ក៏មកទល់នឹងពេលនេះ រដ្ឋាភិបាលនៅតែមិនទាន់រកឃើញមេខ្លោងធំៗ ជាប់ពាក់ព័ន្ធនឹងការបង្ខាំង និងជួញដូរមនុស្សនេះ ដើម្បីបង្ហាញឱ្យមហាជនបានដឹងនៅឡើយ ដ្បិតក្រុមមេខ្លោងទាំងនោះ អាចជាមនុស្សបម្រើផលប្រយោជន៍ដល់គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលលោក ហ៊ុន សែន។ ជាងនេះទៅទៀត ស្របពេលដែលកម្ពុជានៅតែជាប់ឈ្មោះជាប្រទេស ដែលមានអំពើពុករលួយជាប្រព័ន្ធ និងមានអំពើនិទណ្ឌភាពផងនោះ ឧក្រិដ្ឋកម្មជួញដូរមនុស្ស និងការបង្ខាំងមនុស្សដោយខុសច្បាប់នេះ ទំនងរដ្ឋាភិបាលលោក ហ៊ុន សែន នឹងមិនងាយដោះស្រាយឱ្យមានប្រសិទ្ធភាព និងលុបបំបាត់ឱ្យសាបរលាបចេញពីកម្ពុជាឡើយ៕
កំណត់ចំណាំ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។